ក្រុមអ្នកជួយសង្គ្រោះហ្វីលីពីនដែលត្រូវបានរារាំងដោយសារតែភក់និងភ្លៀងនៅថ្ងៃអង្គារនេះ បានរុករកអ្នកនៅរស់រានមានជីវិតដោយសារតែការបាក់ដីដែលបានបំផ្លាញភូមិជាច្រើននៅក្នុងតំបន់ភាគកណ្តាលនៃប្រទេសហ្វីលីពីន ស្របពេលដែលចំនួនអ្នកស្លាប់សរុបដោយសារព្យុះត្រូពិកMegi បានឡើងដល់ចំនួន២៨នាក់ហើយ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ពលរដ្ឋហ្វីលីពីនប្រមាណជាង១ម៉ឺន៧ពាន់នាក់បានរត់គេចចេញពីផ្ទះសម្បែងរបស់ពួកគេ ខណៈដែលខ្យល់ព្យុះត្រូពិក បានវាយប្រហារនិងបង្កឲ្យមានគ្រោះមហន្តរាយទៅលើតំបន់ក្នុងប្រទេសហ្វីលីពីននាពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយធ្វើឲ្យមានទឹកជំនន់លិចផ្ទះសម្បែង កាត់ផ្តាច់ផ្លូវធ្វើដំណើរនិងកាត់ផ្តាច់ចរន្តអគ្គិសនីផងដែរ។
យ៉ាងហោចណាស់មានមនុស្សចំនួន២២នាក់បានស្លាប់ និង២៧នាក់ផ្សេងទៀតបានបាត់ខ្លួន ក្រោយមានការបាក់ដីទៅលើភូមិនៅក្នុងខេត្ត Leyte ដែលជាខេត្តមួយដែលទទួលរងគ្រោះធ្ងន់ជាងគេដោយសារខ្យល់ព្យុះនេះ។ នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់អាជ្ញាធរមូលដ្ឋាន។ មានមនុស្សប្រមាណជាង១០០នាក់បានរងរបួស។
ទន្ទឹមនឹងនេះផងដែរក៏មានមនុស្ស៣នាក់ផ្សេងទៀត បានស្លាប់នៅក្នុងខេត្ត Negros Oriental ភាគកណ្តាលហ្វីលីពីន ហើយ៣នាក់ទៀតបានស្លាប់នៅលើកោះ Mindanaoដែលស្ថិតនៅភាគខាងត្បូងហ្វីលីពីន។ នេះបើតាមការបញ្ជាក់របស់ទីភ្នាក់ងារគ្រោះមហន្តរាយជាតិហ្វីលីពីន។
លោកស្រី Marissa Miguel Cano ដែលជាមន្ត្រីព័ត៌មានសាធារណៈនៃទីក្រុង Baybay របស់ខេត្តLeyte ដែលជាកន្លែងដែលមានភូមិដ្ឋានរបស់អ្នកស្រុកជាច្រើនត្រូវទទួលរងការបំផ្លាញដោយសារខ្យល់ព្យុះនេះ បាននិយាយថា៖ «នេះជារដូវប្រាំង ប៉ុន្តែប្រហែលដោយសារកត្តាបម្រែបម្រួលអាកាសធាតុនោះហើយ ទើបបណ្តាលឲ្យមានគ្រោះមហន្តរាយនេះកើតឡើង»។
អ្នកភូមិមួយចំនួន បានរត់គេចខ្លួនឬត្រូវបានគេជួយទាញចេញពីគំនរភក់ទាំងរស់ ប៉ុន្តែមនុស្សជាច្រើននាក់ផ្សេងទៀត ត្រូវគេសង្ស័យថាកំពុងជាប់នៅក្នុងគំនរភក់នោះ។
ទន្ទឹមនឹងនេះដែរ អ្នកភូមិ Kantagnos ចំនួន៥នាក់ត្រូវបានគេបញ្ជាក់ថា ស្លាប់ ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា មានមនុស្សប៉ុន្មាននាក់កំពុងបាត់ខ្លួននៅក្នុងភូមិនេះ៕
អ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នករស់រានមានជីវិតពីការហូរបាក់ដីនៅក្នុងភូមិជាច្រើននៅហ្វីលីពីន
ម៉ានីល —