អាជ្ញាធរ ដែលដឹកនាំក្រុមស្វែងរកចម្រុះជាតិនៃយន្តហោះ ម៉ាឡេស៊ី ដែលបាត់ខ្លួនបាននិយាយថា ពួកគេបានរៀបចំខ្លួនដើម្បីពង្រីកកន្លែងស្វែងរកឲ្យធំជាងមុនពីរដង នៅក្នុងមហាសមុទ្រឥណ្ឌា បើសិនជាគេមិនបានរកឃើញវត្ថុអ្វីនៅទីនោះក្នុងពេលឆាប់ៗនេះទេ។
នៅក្នុងសន្និសីទសារព័ត៌មានមួយនៅក្រុង Kuala Lumpur នៅថ្ងៃព្រហស្បតិ៍នេះ មន្រ្តីចិន អូស្រ្តាលី និងម៉ាឡេស៊ី បានថ្លែងថា គេបានធ្វើការពិនិត្យមើលតំបន់ស្វែងរកពីដំបូងដែលមានទំហំ ៦ ម៉ឺន គីឡូម៉ែត្រការ៉េនោះ បាន ៦១%ហើយ តែមិនបានឃើញវត្ថុបំណែកអ្វីសោះពីយន្តហោះនោះ។
លោកឧបនាយករដ្ឋមន្រ្តីអូស្រ្តាលី Warren Truss បានថ្លែងថា បើគេរកមិនឃើញអ្វីទេនៅខែឧសភានេះ តំបន់ដែលត្រូវស្វែងរកនឹងពង្រីក«ទៅគ្រប់ទិស» ហើយនឹងត្រូវប្រើពេលរហូតទៅដល់ចុងឆ្នាំនេះដើម្បីបញ្ចប់។
ជើងយន្តហោះ ម៉ាឡេស៊ី MH370 មានដឹកអ្នកដំណើរនិងយានិក ២៣៩ នាក់ នៅពេលបាត់សញ្ញាពីក្នុងរ៉ាដា កាលពីខែមិនាឆ្នាំមុនក្នុងដំណើរពីក្រុង Kuala Lumpur ទៅក្រុង ប៉េកាំង។
ទោះជាប្រព័ន្ធគមនាគមន៍ធម្មតារបស់យន្តហោះនេះត្រូវគេបិទក៏ដោយ ក៏ការបញ្ជូនសារតាមផ្កាយរណបរបស់យន្តហោះនេះ បានបង្ហាញថាយន្តហោះ MH370 បានធ្លាក់នៅតំបន់ដាច់ស្រយាលមួយនៃមហាសមុទ្រឥណ្ឌាភាគខាងត្បូងនៅចម្ងាយប្រហែល ១៨០០ គីឡូម៉ែត្រនៅខាងលិចប្រទេសអូស្រ្តាលី៕