មន្ត្រី​អាមេរិក​ធ្វើ​​ទស្សន​កិច្ច​នៅ​កម្ពុជា​​​ដើម្បី​ពិភាក្សា​អំពី​​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​អង្គការ

  • នៅ វណ្ណារិន

លោក​ ស្គុត បើសប៊ី​ (Scott Busby)​ (ឆ្វេង) ឧបការី​រង​នៃ​ក្រសួង​ការបរទេស​សហ​រដ្ឋ​អាមេរិក​ទទួល​បន្ទុក​ផ្នែក​លទ្ធិ​ប្រជា​ធិបតេយ្យ​ សិទ្ធិ​មនុស្ស​ និង​ការងារ​ ប្រចាំ​បណ្តា​ប្រទេស​តំបន់​អាស៊ី​ខាង​កើត​ និង​ប៉ាស៊ីហ្វិក។

មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​កំពុង​បំពេញទស្សន​កិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​នៅប្រទេស​កម្ពុជា ​ចាប់ពី​ថ្ងៃ​ច័ន្ទ​នេះ​ ដោយ​ផ្តោត​ជា​សំខាន់​លើ​សេចក្តី​ព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ​ដែល​ជា​ច្បាប់ដ៏​ចម្រូង​ចម្រាស​ ហើយនឹង​ពិភាក្សាបញ្ហា​សិទ្ធិ​មនុស្ស​ សិទ្ធិ​ការងារ​និង​បញ្ហាផ្សេងទៀត។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា​ លោក​ ស្គុត បើសប៊ី​ (Scott Busby)​ ឧបការី​រង​នៃ​ក្រសួង​ការបរទេស​សហ​រដ្ឋ​អាមេរិក​ទទួល​បន្ទុក​ផ្នែក​លទ្ធិ​ប្រជា​ធិបតេយ្យ​ សិទ្ធិ​មនុស្ស​ និង​ការងារ​ ប្រចាំ​បណ្តា​ប្រទេស​តំបន់​អាស៊ី​ខាង​កើត​ និង​ប៉ាស៊ីហ្វិក​នឹង​ជួប​ជា​មួយ ​«មន្ត្រីរាជ​រដ្ឋាភិបាល​កម្ពុជា​ និង​មន្ត្រី​សង្គម​ស៊ីវិល» ​ដើម្បី​ពិភាក្សា​លើ​បញ្ហា​នានាដែល​សង្គម​ស៊ីវិល​យល់​ថា​ អាច​នឹង​រឹតត្បិត​លំហ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ តឹក វណ្ណារ៉ា​ នាយក​ប្រតិបត្តិ​នៃវេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​ហៅ​កាត់​ថា​ NGO Forum​ ដែល​នឹង​ជួប​ពិភាក្សា​ជា​មួយ​លោក​ស្គុត បើសប៊ី​ (Scott Busby)​នោះ​ ​បាន​អមអរ​សាទរ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​អាមេរិក​រូប​នេះ​ ហើយ​លោក​បាន​លើក​ឡើង​ពី​ក្តី​កង្វល់​របស់​អង្គការ​សង្គម​ស៊ីវិល​ ដែល​កំពុង​ធ្វើ​ប្រតិបត្តិ​ការ​នៅក្នុង​ប្រទេស​កម្ពុជា។​

«យើង​នឹង​រីករាយ​ក្នុង​ការ​ជួប​លោក​ ក្នុង​ការ​ពិភាក្សា​ដោយ​បើក​ចំហ​ ត្រង់​ទៅ​ត្រង់​មក​ ជាពិសេស​ទាក់​ទិន​នឹង​គោល​ជំហរ​ដែល​អង្គការ​សង្គម​ស៊ីវិល​យើង​ចង់​បាន។​ ទី១​គឺ​យើង​ចង់​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​បញ្ចេញ​សេចក្តី​ព្រាងច្បាប់​ចុង​ក្រោយ​ឆ្នាំ​២០១៥​ និង​បើក​ឲ្យ​មាន​កិច្ច​ពិភាក្សា​ជា​មួយ​អង្គការ​សង្គម​ស៊ីវិល​ផ្សេង​ទៀត»។

លោក​បាន​បន្ថែម​ថា​ រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ធ្វើ​តាម​សំណើ​របស់អង្គការ​សង្គម​ស៊ីវិល​ និង​ប្រទេស​ផ្តល់​ជំនួយ​ផ្សេង​ទៀត ​ដែល​បាន​រិះគន់​ និង​ផ្តល់​អនុសាសន៍​ទៅ​រាជ​រដ្ឋាភិបាល​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ។​

កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​ ទីភ្នាក់ងារ​អភិវឌ្ឍន៍​ចំនួន​៤​របស់​អង្គការ​សហ​ប្រជាជាតិ​ និង​ឯក​អគ្គ​រដ្ឋ​ទូត​សហ​រដ្ឋ​អាមេរិកប្រចាំ​នៅ​កម្ពុជា​ រួម​ទាំង​មន្ត្រី​ ជាន់ខ្ពស់​ផ្នែក​សិទ្ធិ​មនុស្ស​ និង​ប្រជា​ធិបតេយ្យ​របស់​សហគមន៍​អឺរ៉ុប​ បាន​ធ្វើ​ការ​រិះគន់​ចំពោះ​ដំណើរការតាក់​តែង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម​ ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ដោយស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ចេញ​សេចក្តី​ព្រាង​ច្បាប់​នេះ​ និងបើក​ឲ្យ​មាន​កិច្ច​ពិភាក្សា​ផ្តល់​យោបល់​ជាសាធារណៈ​ផង​ដែរ ​ក៏ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ការ​ព្រមាន​ដល់​ពួក​គេ ​ដោយចោទ​ថា ​ពួក​គេ​ធ្វើ​ការ​ហួស​ដែន​កំណត់​ និង​លូក​ដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ។

អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​បាន​ដាក់​សំណើ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ ហើយ​បាន​រួមគ្នា​ធ្វើ​យុទ្ធនា​ការ ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ដំណើរ​ការ​បង្កើត​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ និង​សុំឱ្យ​បើក​កិច្ច​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស​មួយ​នេះ។​ ​សូម​បញ្ជាក់​ថា​ ​មាន​អង្គការ​សង្គម​ស៊ីវិល​យ៉ាង​ហោច​ណាស់​៤០០​កំពុង​ធ្វើ​សកម្មភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ចូល​រួម​ក្នុង​យុទ្ធនាការ។​

កាលពី​សប្តាហ៍​មុន ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​ទៅ​សហ​រដ្ឋ​អាមេរិក​ដើម្បី​បង្ហាញ​កង្វល់​របស់​ពួកគេ​ដល់​សភា​ និង​រដ្ឋាភិបាលស.រ.អា.​ ហើយ​និង​សហគមន៍​ខ្មែរ​នៅ​ទីនោះ។​

អង្គការ​សង្គម​ស៊ីវិលទាំង​នោះ​បាន​លើក​ឡើង​ថា​ ច្បាប់​នេះ​នឹង​ប៉ះពាល់​ដល់​គម្រោង​ជាង​៤.០០០​របស់​អង្គការ​សង្គម​ស៊ីវិល​នានា​ ដែល​កំពុង​អនុវត្ត​គម្រោងរបស់​ខ្លួន​នា​ពេល​បច្ចុប្បន្ន។​ ​ មនុស្ស​ជាង​១​លាន​នាក់​អាច​ប្រឈម​នឹង​ការ​បាត់​បង់​ការងារ​ធ្វើ​ ប្រសិន​បើ​រដ្ឋាភិបាល​អនុម័ត​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាលថ្មី​នេះ​ ដែល​កំពុង​ឋិត​នៅ​ក្នុង​ដំណើរ​ការ​តាក់​តែង​ និង​កែ​លម្អនៅ​ក្រសួង​មហា​ផ្ទៃ​នៅឡើយ។

តាម​ប្រភពនានា​បាន​ឲ្យ​ដឹង​ថា ​លោកស្គុត បើសប៊ី​ (Scott Busby) នឹង​ធ្វើការ​ជួប​ចរចា​ជា​មួយ​លោកហោ ​ណាំហុង​ ​រដ្ឋមន្ត្រី​ការ​បរទេស​ នា​ព្រឹក​ថ្ងៃ​អង្គារ​ខាង​មុខ​ ដែល​ជា​ថ្ងៃ​បញ្ចប់នៃ​ដំណើរ​ទស្សន​កិច្ច​របស់​លោក៕