អ្នក​វិទ្យាសាស្ត្រ​ស្វែងរក​កន្លែង​មាន​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ច្រើន ដើម្បី​សាកល្បង​វ៉ាក់សាំង

  • Reuters

បុគ្គលិក​សុខាភិបាល​យក​សំណាក​​ពី​ពលរដ្ឋ​ដើម្បី​ធ្វើ​តេស្ត​រក​វីរុសកូរ៉ូណា នៅ​មជ្ឈមណ្ឌល​ធ្វើ​តេស្ត​បណ្ដោះអាសន្ន​មួយ​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២០។

រលក​ទី​មួយ​នៃ​ការ​ឆ្លង​រាលដាល​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ប្រហែលជា​បាន​ថយចុះ។ សម្រាប់​អ្នក​បង្កើត​វ៉ាក់សាំង ករណី​នេះ​អាច​ជា​បញ្ហា។

អ្នក​វិទ្យាសាស្ត្រ​នៅ​ទ្វីប​អឺរ៉ុប និង​នៅ​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា ជោគជ័យ​នៃ​ការ​ប្រើ​វិធានការ​តឹងតែង​ក្នុង​ការ​រឹតត្បិត​លើ​សកម្មភាព​សង្គម និង​វិធានការ​រក្សា​គម្លាត​ពី​គ្នា​នៅ​ក្នុង​សង្គម នៅ​តាម​តំបន់ និង​ប្រទេស​មួយ​ចំនួន មាន​ន័យ​ថា អត្រា​នៃ​ការ​ឆ្លង​ជំងឺ​នេះ​អាច​មាន​កម្រិត​ទាប ដែល​ធ្វើ​ឲ្យ​ពិបាក​នៅ​ក្នុង​ការ​ពិសោធន៍​វ៉ាក់សាំង​ដែល​អាច​ទៅ​រួច​ណា​មួយ​បាន។

វ៉ាក់សាំង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​សារៈសំខាន់​ដើម្បី​បញ្ឈប់​ការ​ឆ្លង​ជំងឺ​កូវីដ១៩។ កន្លង​មក ជំងឺ​នេះ​បាន​សម្លាប់​មនុស្ស​ជិត ៣ សែន ៧ ម៉ឺន​នាក់ និង​បាន​ចម្លង​ដល់​មនុស្ស​ជាង ៦ លាន​នាក់ នៅ​លើ​ពិភពលោក។

ការ​ពិសោធន៍​វ៉ាក់សាំង​ធ្វើ​ឡើង​ដោយ​ការ​បែងចែក​មនុស្ស​ដោយ​ស្មានៗ​ជា​ពីរ​ក្រុម គឺ​ក្រុម​ព្យាបាល និង​ក្រុម​ត្រួត​ពិនិត្យ ដោយ​ប្រើ​វ៉ាក់សាំង​សាកល្បង​លើ​ក្រុម​ព្យាបាល និង​ថ្នាំពេទ្យ​សាកល្បង​លើ​ក្រុម​ត្រួត​ពិនិត្យ។

អ្នក​ចូលរួម​ទាំង​នេះ​ត្រឡប់​ទៅ​ក្នុង​សហគមន៍​រស់នៅ​ណា​ដែល​កំពុង​មាន​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ហើយ​បន្ទាប់​មក គេ​នឹង​ប្រៀបធៀប​អត្រា​នៃ​ការ​ឆ្លង​ជំងឺ​នេះ។ ក្ដី​សង្ឃឹម​នៃ​ការ​ធ្វើ​ដូច្នេះ​គឺ​ថា ការ​ឆ្លង​នៅ​ក្នុង​រង្វង់​ក្រុម​ត្រួត​ពិនិត្យ​នឹង​ខ្ពស់​ជាង​ក្រុម​ព្យាបាល ដែល​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា វ៉ាក់សាំង​សាកល្បង​គឺ​អាច​ការពារ​ក្រុម​ព្យាបាល​បាន​មិន​ឲ្យ​ឆ្លង​ជំងឺ​កូវីដ១៩៕