ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​តវ៉ា​រឿង​ការ​ស្លាប់​របស់​លោក Floyd អាច​ធ្វើ​ឲ្យ​ផ្ទុះ​រាលដាល​ជំងឺ​កូវីដ១៩ បន្ថែម​ទៀត


មនុស្ស​ម្នានាំគ្នា​ដើរ​​តវ៉ា​នៅ​តាម​ដង​វិថី Pennsylvania ក្បែរ​សេតវិមាន ដើម្បី​ប្រឆាំង​នឹង​ការ​ស្លាប់​របស់​លោក George Floyd ដែល​ជា​បុរស​ជនជាតិ​ស្បែកខ្មៅ ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២០។

បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នានា​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​តាម​បណ្ដា​ទីក្រុង​នៅ​សហរដ្ឋអាមេរិក បន្ទាប់​ពី​ប៉ូលិស​បាន​សម្លាប់​បុរស​ស្បែក​ខ្មៅ​ម្នាក់​ក្នុង​រដ្ឋ Minnesota។ ការ​ធ្វើ​បាតុកម្ម​នេះ​បង្ក​ឲ្យ​មាន​ការ​ព្រួយបារម្ភ​រឿង​សុខភាព​របស់​ពលរដ្ឋ​ក្នុង​សហគមន៍ និង​បង្កឲ្យ​មាន​ការ​ភ័យខ្លាច​កាន់​តែ​ខ្លាំង​ថា ហ្វូង​បាតុករ​ធំៗ​នឹង​ធ្វើ​ឲ្យ​មាន​ការ​ផ្ទុះ​ឡើង​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ថ្មីទៀត។

មេដឹកនាំ​មួយ​ចំនួន​បាន​អំពាវនាវ​ឲ្យ​ក្រុមបាតុករ​ស្ងប់អារម្មណ៍ នៅ​តាម​កន្លែង​មួយ​ចំនួន​ដែល​អ្នក​តវ៉ា​បាន​កម្ទេច​ហាង​ទំនិញ​នានា និង​បំផ្លាញ​រថយន្ត​របស់​ប៉ូលិស​ក្នុង​រយៈពេល​ប៉ុន្មាន​យប់​ចុង​ក្រោយ​នេះ។ ក្រុម​មេដឹកនាំ​ទាំង​នោះ​ក៏​បាន​ចែក​ម៉ាស់​ដល់​ហ្វូង​បាតុករ​និង​ព្រមាន​ពួកគេ​អំពី​ហានិភ័យ​ផ្នែក​សុខភាព​ទាក់ទិន​នឹង​ជំងឺ​កូវីដ១៩ ដែល​ពួកគេ​កំពុង​ប្រឈម​ផង​ដែរ។

អ្នកស្រី Keisha Lance Bottoms អភិបាល​ក្រុង Atlanta រដ្ឋ Georgia បាន​ថ្លែង​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ថា៖ «ប្រសិន​បើ​អ្នក​បាន​ទៅ​ធ្វើ​បាតុកម្ម​កាល​ពី​យប់មិញ អ្នក​ប្រហែល​ជា​ត្រូវ​ទៅ​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា​ក្នុង​សប្ដាហ៍​នេះ។ ជំងឺ​រាតត្បាត​ជា​សកល​កូវីដ១៩ នៅ​តែ​បន្ដ​កើត​មាន​ក្នុង​សហរដ្ឋអាមេរិក ដែល​បាន​សម្លាប់​ពលរដ្ឋ​ស្បែកខ្មៅ និង​ជាតិ​សាសន៍ Hispanic ក្នុង​ចំនួន​ដ៏​ច្រើន»។

អភិបាល​រដ្ឋ Minnesota បាន​និយាយ​ថា បាតុករ​ជាច្រើន​នាក់​មិន​បាន​រក្សា​គម្លាត​ពី​គ្នា​ ឬ​ពាក់​ម៉ាស​ទេ បន្ទាប់​ពី​បាន​ស្ដាប់​តាមការណែនាំ​កាល​ពី​ដើម​សប្ដាហ៍​នេះ។

ប៉ុន្តែ​បាតុករ​ជាច្រើន​នាក់​ហាក់ដូចជា​មិន​ស្ដាប់​តាម​ការណែនាំ​ទេ។

បាតុករ​នាំ​គ្នា​ដើរ​តវ៉ា​ដើម្បី​ប្រឆាំង​នឹង​ការ​ស្លាប់​របស់​លោក George Floyd ដែល​ជា​បុរស​ជនជាតិ​ស្បែកខ្មៅ ដែល​បាន​ស្លាប់​ក្នុង​ពេល​ប៉ូលិស​ចាប់​ នៅ​ក្រុង Minneapolis សហរដ្ឋអាមេរិក ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២០។
បាតុករ​នាំ​គ្នា​ដើរ​តវ៉ា​ដើម្បី​ប្រឆាំង​នឹង​ការ​ស្លាប់​របស់​លោក George Floyd ដែល​ជា​បុរស​ជនជាតិ​ស្បែកខ្មៅ ដែល​បាន​ស្លាប់​ក្នុង​ពេល​ប៉ូលិស​ចាប់​ នៅ​ក្រុង Minneapolis សហរដ្ឋអាមេរិក ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២០។

បាតុករ​ឈ្មោះ Spence Ingram បាន​ថ្លែង​កាល​ពី​ថ្ងៃ​សុក្រ បន្ទាប់​ពី​ដើរ​ដង្ហែ​ក្បួន​ជាមួយ​នឹង​បាតុករ​ដទៃទៀត​ទៅ​កាន់​ស្នាក់ការ​កណ្ដាល​រដ្ឋាភិបាល​រដ្ឋ Atlanta ថា៖ «វា​មិន​ល្អ​ទេ​ដែល​ក្នុង​អំឡុងពេល​មាន​ជំងឺ​រាតត្បាត​សកល​កូវីដ១៩ យើង​ត្រូវ​ចេញ​ក្រៅ​ប្រថុយប្រថាន​ជីវិត​នោះ។ ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​ធ្វើ​បាតុកម្ម​ដើម្បី​ជីវិត​ខ្ញុំ និង​ត្រូវ​ប្រយុទ្ធ​ដើម្បី​ជីវិត​ខ្ញុំ​គ្រប់​ពេល​ទាំងអស់»។

អ្នកស្រី Ingram វ័យ ២៥ ឆ្នាំ ដែល​បាន​ពាក់ម៉ាស់ ថ្លែង​ថា អ្នកស្រី​មាន​ជំងឺ​ហឺត និង​បារម្ភ​អំពី​ការ​ឆ្លង​ជំងឺកូវីដ១៩។ ប៉ុន្តែ​អ្នកស្រី​បាន​និយាយ​ថា ក្នុង​នាម​ជា​ស្ត្រី​ស្បែក​ខ្មៅ​ម្នាក់ អ្នកស្រី​តែងតែង​មាន​អារម្មណ៍​ថា ជីវិត​របស់​អ្នកស្រី​រង​ការ​គំរាមកំហែង​ពី​ប៉ូលិស ហើយ​អ្នកស្រី​ត្រូវ​តែ​តវ៉ា​នឹង​រឿង​នេះ។

បាតុកម្ម​ជុំវិញ​ការ​ស្លាប់​របស់​លោក George Floyd ដែល​ជា​បុរស​ស្បែក​ខ្មៅ​ម្នាក់ ដែល​បាន​ស្លាប់​បន្ទាប់​ពី​ប៉ូលិស​ស្បែក​ស​ម្នាក់​នៅ​ទីក្រុង Minneapolis បាន​យក​ជង្គង់​សង្កត់​ក​របស់​លោក បាន​កើតឡើង​ក្នុង​អំឡុងពេល​ដែល​បណ្ដា​ទីក្រុង​នានា​ចាប់​ផ្ដើម​បន្ធូរបន្ថយ​បទ​បញ្ជា​ឲ្យ​ស្នាក់នៅ​ក្នុង​ផ្ទះ។

នេះ​គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​បារម្ភ​សម្រាប់​អ្នក​ជំនាញ​ខាង​សុខភាព ដែល​ភ័យខ្លាច​ថា អ្នក​មាន​ជំងឺ​កូវីដ១៩​ដែល​មិន​ចេញ​រោគសញ្ញា អាច​នឹង​ចម្លង​ជំងឺ​នេះ​ដល់​អ្នក​ផ្សេងទៀត​នៅ​ពេល​ប្រមូលផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​ ដែល​ឈរ​កៀកៗ​គ្នា​ដោយ​មិន​មាន​ពាក់ម៉ាស់។

លោក Bradley Pollock ប្រធាន​ដេប៉ាតឺម៉ង់​វិទ្យាសាស្ត្រ​សុខភាព​សាធារណៈ​នៃ​សាកលវិទ្យាល័យ University of California ក្នុង​ក្រុង Davis បាន​និយាយ​ថា៖ «ទោះ​ពួកគេ​ពាក់ម៉ាស់​ឬ​ក៏​អត់ នៅ​តែ​មិន​អាច​ទប់ស្កាត់​មិន​ឲ្យ​ពួកគេ​ឆ្លង​ជំងឺ​កូវីដ១៩​បាន​ទេ»។

ទោះ​ជា​បាតុករ​ជាច្រើន​ពាក់ម៉ាស់​ក៏​ដោយ ក៏​មិន​ធានា​ថា វា​អាច​ការពារ​ពួកគេ​មិន​ឲ្យ​ឆ្លង​ជំងឺកូវីដ១៩​នោះ​ដែរ។ មជ្ឈមណ្ឌល​សម្រាប់​គ្រប់គ្រង​និង​បង្ការ​ជំងឺបាន​ផ្ដល់​អនុសាសន៍​ឲ្យ​ពាក់ម៉ាស់ ព្រោះ​វា​អាច​ជួយ​ការពារ​កុំ​ឲ្យ​អ្នក​មាន​ជំងឺ​កូវីដ១៩ ចម្លង​ជំងឺ​នេះ​ដល់​អ្នក​ដទៃ ប៉ុន្តែ​ម៉ាស់​នេះ​មិនមែន​ប្រើប្រាស់​សម្រាប់​ការពារ​អ្នក​ពាក់​វា​មិន​ឲ្យ​ឆ្លង​ជំងឺ​នេះ​នោះ​ទេ។

សហរដ្ឋអាមេរិក​បាន​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​ដោយ​សារ​ការ​ផ្ទុះ​រាលដាល​នូវ​ជំងឺ​កូវីដ១៩ ដែល​មាន​ករណី​ឆ្លង​ជាង ១ លាន ៧ សែន ករណី​ និង​ករណី​ស្លាប់​ជាង ១ សែន ៣ ពាន់ ករណី។ នេះ​បើ​យោង​តាម​ស្ថិតិ​របស់​សាកលវិទ្យាល័យ Johns Hopkins University ក្នុង​សហរដ្ឋអាមេរិក។

នៅ​ក្នុង​ទីក្រុង New York ដែល​មាន​ករណី​ស្លាប់​ចំនួន​ជាង ២ ម៉ឺន ១ ពាន់ នាក់ ក្នុង​អំឡុងពេល​ផ្ទុះ​រាតត្បាត​ជំងឺ​កូវីដ១៩ មនុស្ស​មួយ​ហ្វូង​ធំ​នៅ​សង្កាត់ Brooklyn បាន​គប់​ដប​ទឹក​សុទ្ធ​ដាក់​ប៉ូលិស​និង​បាន​ដុត​រថយន្ដ​វ៉ែន​របស់​ប៉ូលិស​កាល​ពី​ថ្ងៃ​សុក្រ នៅ​ខាង​ក្រៅ​មជ្ឈមណ្ឌល​កីឡា Barclays។ ប៉ូលិស​បាន​បំបែក​ហ្វូង​បាតុករ​ដោយ​ប្រើ​ទឹក​បាញ់​ឲ្យ​ក្រហាយ​ភ្នែក។

លោក Tim Walz អភិបាល​រដ្ឋ Minnesota បាន​ថ្លែង​បន្ទាប់​ពី​មាន​ភាព​ចលាចល​មួយ​យប់​ទៀត​ក្នុង​ទីក្រុង Minneapolis ថា បាតុករ​ជាច្រើន​ពាក់​ម៉ាស់​គឺ​ដើម្បី​ព្យាយាម​លាក់​អត្តសញ្ញាណ​របស់​ពួកគេ និង «បង្ក​ឲ្យ​មាន​ការ​យល់​ច្រលំ​និង​កេងចំណេញ​ពី​ស្ថានភាព​នេះ»។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​នឹង​បន្ដ​និយាយ​សង្កត់​ធ្ងន់​លើ​បញ្ហា​នេះ ព្រោះ​កាល​ពី​មុន​នេះ យើង​កំពុង​រង​ផល​ប៉ះពាល់​ខ្លាំង​ដោយសារ​ជំងឺ​រាតត្បាត​ជា​សកល​កូវីដ១៩ និង​មាន​ចំនួន​អ្នក​ស្លាប់​ដល់​ជាង ១.០០០ នាក់ កាល​ពី​ម្សិលមិញ។ មន្ទីរពេទ្យ​របស់​យើង​នៅតែ​មាន​អ្នក​ជំងឺ​កូវីដ១៩ សម្រាក​ព្យាបាល​ពេញ​ដដែល»។

លោក Jacob Frey អភិបាល​ក្រុង Minneapolis ក៏​បាន​លើកឡើង​ពី​ក្ដី​បារម្ភ​ដូចគ្នា​នេះ​ដែរ។ លោក​ថ្លែង​ថា៖ «យើង​មាន​វិបត្តិ​ចំនួន​ពីរ ដែល​កើត​ឡើង​ជាន់គ្នា»៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG