អ្នកវិទ្យាសាស្ត្រ​រក​ឃើញ​ថា ថ្នាំ​ប៉ារ៉ាសេតាម៉ុល​អាច​ការពារ​តម្រង់​នោមនៃ​អ្នកមាន​ជំងឺ​គ្រុនចាញ់​ធ្ងន់ធ្ងរ

ប្រអប់​ថ្នាំបារ៉ាសេតាមុល

ជាការ​ភ្ញាក់​ផ្អើល​មួយ ដែល​ថ្នាំប៉ារ៉ាសេតាម៉ុល​សាមញ្ញ​ និង​មាន​តម្លៃ​ថោក​ អាច​ការ​ពារ​តម្រង់​នោម​របស់​អ្នកមាន​ជំងឺគ្រុនចាញ់​ធ្ងន់​ធ្ងរ​។ ហេតុដូចនេះ​ វា​មាន​សក្តានុពល​ក្នុង​ការ​បន្ថយ​ការស្លាប់​បង្កដោយ​ជំងឺ​គ្រុនចាញ់។

ក្រុមអ្នកជំនាញ​ធ្វើកិច្ចការ​ប្រឆាំងនឹង​ជំងឺ​គ្រុនចាញ់​ បាន​រកឃើញ​ ដោយ​ភ្ញាក់ផ្អើល​ថា​ ថ្នាំ​ប៉ារ៉ា​សេតា​ម៉ុល​សាមញ្ញ​ ជួយ​ការពារ​តម្រង់​នោម​នៃអ្នកមាន​ជំងឺគ្រុនចាញ់​ធ្ងន់​ធ្ងរបាន។​ នេះបើ​យោងតាម​សេចក្តី​ប្រកាសមួយចេញ​ផ្សាយ​ដោយ​អង្គភាព​ស្រាវជ្រាវ​ឱសថ​ក្នុង​តំបន់​ត្រូពិក​នៃ​សាកល​វិទ្យាល័យ​ Mahidol Oxford (Mahidol Oxford Tropical Medicine Research Unit) ​ហៅកាត់​ ​ MORU​ ដែលបាន​ចេញ​ផ្សាយ​កាលពី​សបា្តហ៍មុន។

អ្នកសិក្សា​ស្រាវជ្រាវជាច្រើននាក់​បាន​រក​ឃើញ​តាម​ការសិក្សា​ថ្មីមួយ​ថា​ ការ​ឲ្យ​ថ្នាំ​ប៉ារ៉ា​សេតា​ម៉ុល​ ដល់​អ្នកមានជំងឺគ្រុនចាញ់​ធ្ងន់​ធ្ងរ​ អាចធ្វើ​ឲ្យ​អ្នកជំងឺ​ទាំងនោះ ការពារ​ដល់ការ​ខូច​ខាត​តម្រង់​នោម​បាន។ ​នេះបើយោងតាម​សេចក្តី​ប្រកាស​មួយចេញ​ផ្សាយ​ដោយ​អង្គភាព​ស្រាវជ្រាវ​ឱសថ​ក្នុង​តំបន់​ត្រូពិក​នៃ​សាកល​វិទ្យាល័យ​ Mahidol ​Oxford ​(Mahidol Oxford ​Tropical​ Medicine ​Research ​Unit) ​ហៅកាត់​ ​ MORU​ កាលពី​សបា្តហ៍មុន។

លោក​ Arjen Dondorp​ សាស្រ្តាចារ្យ​នៃ​សាកល​វិទ្យាល័យ​ ​Oxford និង​ជា​ប្រធាន​អង្គភាព​ស្រាវជ្រាវ​ឱសថ​ក្នុង​តំបន់​ត្រូពិក​នៃ​សាកល​វិទ្យាល័យ​ Mahidol ​Oxford ត្រូវបានស្រង់​ប្រសាសន៍ក្នុង​សេចក្តី​ប្រកាស​នោះ​ តាមន័យ​ដើមថា៖

«នេះ​ជាការ​រកឃើញ​ដែលមាន​សារសំខាន់​មួយ​ ពីព្រោះ​ការខូច​តម្រង់​នោម​ធ្ងន់ធ្ងរ​ គឺ​កើត​មានជា​ទូទៅ​ ពោល​គឺថាជារឿយៗ​ វាមាន​ភាព​ស្មុគស្មាញ​នៅក្នុង​អ្នកជំងឺ​ដែលជា​មនុស្ស​ពេញវ័យ​ និង​មាន​ជំងឺ​គ្រុនចាញ់​ធ្ងន់​ធ្ងរ»។

លោក​បាន​បន្ថែមថា៖​

«​ជាការ​ភ្ញាក់​ផ្អើល​មួយ ដែល​ថ្នាំប៉ារ៉ាសេតាម៉ុល​សាមញ្ញ​ និង​មាន​តម្លៃ​ថោក​ អាច​ការ​ពារ​តម្រង់​នោម​របស់​អ្នកមាន​ជំងឺគ្រុនចាញ់​ធ្ងន់​ធ្ងរ​។ ហេតុដូចនេះ​ វា​មានសក្តានុពល​ក្នុង​ការ​បន្ថយ​ការស្លាប់​បង្កដោយ​ជំងឺគ្រុនចាញ់»។

ការសិក្សា​ស្រាវជ្រាវ​ធ្វើ​ឡើង​កាលពី​ពេលថ្មីៗមួយ​នេះ​ បាន​រាយការណ៍​ឲ្យដឹងថា​ ការ​ផ្តល់​កម្រិត​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​ទៀង​ទាត់​មួយ​ អាច​ការពារ​តម្រង់​នោម​របស់​អ្នកជំងឺជាមនុស្ស​ពេញវ័យ​ ដែល​មានជំងឺ​គ្រុនចាញ់​មួយ​ប្រភេទ​ ជាប្រភេទ​ជំងឺ​គ្រុនចាញ់​ធ្ងន់​ធ្ងរបំផុត​ឬហៅថា​ falciparum malaria។

ជារៀងរាល់​ឆ្នាំ​ ជំងឺ​គ្រុនចាញ់​ធ្ងន់​ធ្ងរ​ បាន​បង្កឲ្យ​មនុស្ស​ជិត​កន្លះលាន​នាក់​ស្លាប់​នៅទូទាំង​សាកល​លោក។ ​ការ​ខូចតម្រង់នោម​ខ្លាំងបាន​បង្កភាព​ស្មុគស្មាញកាន់​តែ​ខ្លាំងឡើង​ ដល់អ្នកមាន​ជំងឺ​គ្រុន ចាញ់ធ្ងន់​ធ្ងរ​ ដែល​ជាហេតុផល​សំខាន់​មួយនៃការ​ស្លាប់។

ការ​ខូចតម្រង់​នោម​ខ្លាំង​នេះ​ បាន​កើតឡើង​៤០​ភាគរយ​ លើ​មនុស្ស​ពេញ​វ័យ និង​យ៉ាង​ហោចណាស់​១០​ភាគរយ​ទៅលើកុមារ ​ដែលមាន​ជំងឺគ្រុនចាញ់​ធ្ងន់​ធ្ងរ ​ដោយវាបាន​សម្លាប់​៤០ភាគរយ​នៃមនុស្ស​ពេញ​វ័យ​ទាំង​នេះ​ និង​ពី​១២​ ទៅ​២៤​ភាគរយ​ទៀត​សម្រាប់​កុមារ។

ការ​សិក្សា​ដែល​បាន​រកឃើញ​ពី​សារសំខាន់​នៃថ្នាំ​ប៉ារ៉ាសេតាម៉ុល​ ដែល​អាច​ការពារ​តម្រង់​នោម​អ្នក​មាន​ជំងឺ​គ្រុនចាញ់​ធ្ងន់ធ្ងរនេះ ​ត្រូវបាន​ធ្វើឡើង​នៅ​ក្នុង​ប្រទេស​ បង់ក្លាដេស​ (Bangladesh)។

លោក​ Arjen Dondorp​ សាស្រ្តាចារ្យ​នៃ​សាកលវិទ្យាល័យ​ ​Oxford ការរក​ឃើញថ្មីនេះ​ នឹងត្រូវ​យក​ទៅ​សាកល្បង​ទៅ​លើ​ក្មេងៗ​ជនជាតិ​អាហ្រ្វិក​ ដែល​មាន​ជំងឺគ្រុនចាញ់​ធ្ងន់ធ្ងរនេះ។

VOA ​ មិន​ទាន់​អាច​សុំការ​អធិប្បាយ​ពី​ លោក​វេជ្ជបណ្ឌិត​ ​ហ៊ុយ រ៉េកូល​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​ប៉ារ៉ាស៊ីតសាស្ត្រ​-បាណក​សា​ស្រ្ត (National Center for Parasitology, Entomology and Malaria Control) ​ហៅកាត់​ថា​ CNM​ នៅថ្ងៃ​អង្គារនេះ​បាន​ទេ​៕