អ្នកស្រាវជ្រាវ​ស្នើ​ឱ្យ​អ.ស.ប​ចាកចេញ​ពី​សាលាក្តី​ខ្មែរ​ក្រហម

រូបឯកសារ៖ លោក​ Peter Maguire ​អ្នកឯកទេស​ខាង​ច្បាប់​អន្តរជាតិ ​និង​ជា​អ្នកនិពន្ធ​សៀវភៅ​ «ប្រឈមមុខ​នឹង​មរណភាព​នៅ​កម្ពុជា‍» (រូបទាញចេញ​ពី​បទសម្ភាសន៍​ជាវីដេអូ​របស់ VOA)

លោកភីធឺ ម៉ាក់ខ្វៃ​ យល់​ថា​តុលាការ​គួរ​តែ​ផ្តល់​យុត្តិធម៌​​ដល់​ពលរដ្ឋ​កម្ពុជា​ឱ្យ​បាន​ឆាប់​ជាង​នេះ។ ​លោក​បាន​ចាត់​ទុក​ថា​តុលាការ​នេះ​គឺមាន​ការបញ្ចូលគ្នា​រវាង​ចំណុចល្អ ចំណុច​អាក្រក់​និង​ចំណុច​អាក្រក់បំផុត។

អ្នកស្រាវជ្រាវ​អំ​ពីរបបខ្មែរ​ក្រហម​បាន​ស្នើជាថ្មី​ឱ្យ​អង្គការ​សហ​ប្រជា​ជាតិបិទ​បញ្ចប់​ការងារនៅសាលា​ក្តី​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហមហើយ​ចាកចេញ​ក្រោយពី​អតីត​មេដឹកនាំ​ជាន់ខ្ពស់​មួយ​រូបនៃ​របប​វាល​ពិឃាត​បាន​ស្លាប់​បាត់​បង់​ជីវិត។

លោក​ភីធឺ ម៉ាក់ខ្វៃ ​អ្នកស្រាវជ្រាវ​អំពី​របបខ្មែរ​ក្រហម​និង​ជាសាស្រ្តាចារ្យ​ទ្រឹស្តី​ច្បាប់​និង​សង្គ្រាមបាន​បញ្ជាក់​ប្រាប់​វីអូអេក្រោយពី​មរណភាព​របស់​នួន ជាមេ​មនោគម​វិជ្ជា​ខ្មែរ​ក្រហម​ថា៖

«ខ្ញុំ​គិតថា​មរណភាព​របស់​នួនជា​ផ្តល់ហេតុផលមួយ​ទៀត​សម្រាប់​សាលាក្តី​បិទទ្វារ។ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បានបញ្ជាក់​យ៉ាងច្បាស់​ហើយ​ថា​នឹង​គ្មាន​ការកាត់​ទោស​ថែម​ទៀត​ទេ​ដូច្នេះការងារ​របស់​ពួកគេ​ចប់​ហើយ‍។ មានអ្នកទោស​តែពីរ​នាក់​នៅ​រស់ហើយ​ការងារ​សេស​សល់គឺ​ការបំពេញ​ឯកសារ​ច្បាប់សេសសល់ប៉ុណ្ណោះ។ ការកាត់ទោស​ត្រូវ​បាន​ប្តឹង​ឧទ្ធរណ៍​ដូច្នេះ​គ្មានហេតុផល​អ្វី​ដែល​បុគ្គលិក​នៅ​ភ្នំពេញ​មិន​អាច​ធ្វើ​កិច្ចការដូច​នេះ​បាន​ឡើយ‍»។​

អតីត​មេខ្មែរ​ក្រហម នួន ជា មានឈ្មោះដើម​ថា​ឡុង ប៊ុនរួតបានស្លាប់​កាលពីថ្ងៃអាទិត្យ​ទី​៤​ខែ​សីហា​ នៅ​អាយុ​៩៣ឆ្នាំដោយ​រោគាពាធ​និង​វ័យចាស់ជរា​នៅ​មន្ទីរពេទ្យមួយក្នុងរាជធានី​ភ្នំពេញ។

លោកនួន ជា​បាន​ជាប់​គុក​អស់​មួយ​ជីវិត​ក្រោយពី​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការកម្ពុជា​រក​ឃើញ​ថា​លោក​មាន​ទោស​កំហុស​ក្នុង​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ក្នុងអំឡុងពេល​កាន់​អំណាចពីខែមេសាឆ្នាំ​១៩៧៥ដល់​ខែ​មករា​ឆ្នាំ​១៩៧៩។

ក្រុមអ្នកស្រាវជ្រាវ​ជឿ​ថា​នួន ជា​ ក្នុងនាម​ជា​បងធំទីពីរ ជាដៃស្តាំ​របស់​ប៉ុលពត​និង​ជាមេមនោ​គម​វិជ្ជា​គឺ​បាន​ទទួល​ខុស​ត្រូវ​ចំពោះ​គោល​នយោបាយ​ដ៏ប្រល័យ​នៃ​របប​ខ្មែរ​ក្រហម និង​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​នឹង​ការបោស​សម្អាត​ផ្ទៃក្នុង​បក្សនិង​ការកាប់សម្លាប់​។​

ប៉ុន្តែ​នួន ជា​ បន្ត​បដិសេធ​ថា​លោក​មិន​ទទួល​ខុសត្រូវ​ចំពោះ​ការស្លាប់​និងកាប់សម្លាប់​នោះ​ទេ​គឺ​លោក​គ្រាន់តែ​មានការទទួល​ខុសត្រូវ​ផ្នែក​មនោសញ្ចេតនា​ក្នុង​នាម​ជាអ្នក​ដឹកនាំប៉ុណ្ណោះ។

តុលាការ​កូនកាត់ខ្មែរ​និង​អន្តរជាតិ​បាន​ចាប់ដំណើរការជាផ្លូវការពីខែ​កក្កដាឆ្នាំ​២០០៦​បន្ទាប់ពីការ ចរចា​អស់​ជាច្រើន​ឆ្នាំ​រវាង​រដ្ឋាភិបាល​កម្ពុជា​និង​អង្គការ​សហ​ប្រជា​ជាតិ។

តុលាការ​នេះ​បាន​កាត់ក្តី​មេខ្មែរក្រហម​ថ្នាក់​កណ្តាល​ម្នាក់​ឈ្មោះកាំង ហ្កេកអ៊ាវ​ហៅឌុច​មេគុក​ទួលស្លែង​ឱ្យ​ជាប់គុក​មួយ​ជីវិត​។ រឿងក្តី​នេះ​ត្រូ​វបាន​គេមើលឃើញ​ថា​ជារឿង​ក្តីសាមញ្ញ។

សំណុំរឿង​ទីពីរ​ដែលមានលក្ខណៈស្មុគស្មាញ​ផ្តោត​លើ​អតីតមេខ្មែរ​ក្រហមជាន់ខ្ពស់​ចំនួន​៤រូប​ប៉ុន្តែ​ពីររូប​បាន​ស្លាប់​ក្នុងពេល​ដំណើរការក្តី​គឺ​លោក​អៀង សារី អតីត​រដ្ឋមន្ត្រី​ការបរទេស​និង​ភរិយា​របស់​គាត់​គឺ​លោកស្រី​អៀង​ ធីរិទ្ធ អតី​ត​រដ្ឋ​មន្ត្រី​សង្គមកិច្ច។ ​ក្រោយពីនួន ជា​បាន​ស្លាប់​គឺ​នៅ​សល់តែ​ខៀវ សំផន​អតីត​មេដឹកនាំគ្មានអំណាច​នៃ​របបវាលពិឃាត​ម្នាក់ប៉ុណ្ណោះ​ត្រូវ​បន្ត​រង់ចាំ​ការសម្រេច​ទោស​លើ​បទចោទ​ពី​បទប្រល័យ​ពូជសាសន៍។​

លោកភីធឺ ម៉ាក់ខ្វៃ​ យល់​ថា​តុលាការ​គួរ​តែ​ផ្តល់​យុត្តិធម៌ដល់​ពលរដ្ឋ​កម្ពុជា​ឱ្យ​បាន​ឆាប់​ជាង​នេះ។ ​លោក​បាន​ចាត់​ទុក​ថា​តុលាការ​នេះ​គឺមាន​ការបញ្ចូលគ្នា​រវាង​ចំណុចល្អ ចំណុច​អាក្រក់​និង​ចំណុច​អាក្រក់បំផុត។ លោក​បាន​ឱ្យតម្លៃ​ទៅ​ក្រុមអ្នកស្រាវជ្រាវ​ដែល​បាន​ចងក្រង​ឯក​សារ​ប្រវត្តិ​សាស្រ្ត​ថា​ជា​ចំណុច​ល្អ​និង​រិះគន់​លើអង្គភាព​គាំពារ​ជនរងគ្រោះ​ថា​មិន​បាន​ធ្វើការ​ល្អ​ទេ។ ​

លោកភីធឺ ​ម៉ាកខ្វៃ​យល់​ថា​តុលាការ​កូនកាត់នេះ​គឺ​មាន​ការពិបាក​រៀបចំ​ជាពិសេស​ដោយសារ​តែ លោក​នាយករដ្ឋ​មន្ត្រីហ៊ុន សែន​បាន​ស្ទាក់ស្ទើរ​មិន​ចង់​សហការ​តាំងពី​ដំបូងទី។

«ខ្ញុំ​គិត​ថា​ក្រុមអង្គការ​សិទ្ធិ​មនុស្ស​និង​អង្គការ​សហប្រជាជាតិ​បាន​ជឿជាក់​ថា​ពួកគេ​អាច​កែប្រែ​បញ្ហា​ដែល​តែងកើតមានឡើង​ពាក់ព័ន្ធ​នឹង​យុត្តិធម៌​នយោបាយ​តាម​រយៈ​ការ​ធ្វើ​ឱ្យ​ដំណើរការ​នីតិវិធី​ប្រព្រឹត្ត​ទៅ​ល្អ​អត់ខ្ចោះ​។ ពួកគេ​បាន​បដិសេធ​ចោល​ចំណុច​សំខាន់​ដែល​ថា​នយោបាយ​ដើរ​តួនាទី​សំខាន់​នៅ​គ្រប់​តុលាការ​ឧក្រិដ្ឋកម្មសង្គ្រាម​ទាំងអស់‍​ហើយ​ជាលទ្ធផល​មក​វិញ​គឺ​យើង​ទទួលបាន​ភាពរញ៉េរញ៉ៃ​ដូចនេះ»។​

លោកស្រី នូ លក្ខិណា​ ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​អនុវត្តន៍​សង្គមកម្ពុជា (​ASRIC) ​ដែល​តំណាង​ឱ្យ​ដើមបណ្តឹង​រដ្ឋប្បវេណី​ពី​សហរដ្ឋ​អាមេរិកនៅក្នុងសំណុំ​រឿង​០០២​ បានរិះគន់​ចំពោះ​ការងារ​របស់តុលាការ​ដែរ​ដោយសារតែ​តុលាការ​នេះ​បានប្រឡាក់​ប្រឡូស​ដោយ​អំពើ​ពុករលួយការលូក​ដៃពីអ្នកនយោបាយ​និង​មិនបាន​ជួយ​ផ្សះផ្សារ​ការឈឺចាប់​របស់​ជនរងគ្រោះទេ។

លោកស្រី​លក្ខិណា​បន្ថែម​ថា៖

«តុលាការ​ហ្នឹង​គាត់​ហៅខ្លួនឯង​ថា​ជាវិសាមញ្ញ​ប៉ុន្តែ​ខ្ញុំ​សូមទោស​ហើយ​គាត់​អត់​បាន​ឱ្យ​ប្រយោជន៍វិសាមញ្ញ​ទៅ​ប្រជាជន​ខ្មែរ​នៅក្នុងស្រុក​ខ្មែរ​ហើយ​នឹង​ទូទៅ​ព្រោះ​អី​ប្រជាជន​យើង​គាត់​នៅ​តែ ​ឈឺចាប់​ហើយ​គាត់​នៅ​តែ​អត់មាន​ការទុកចិត្ត​ជាមួយ​នឹង​តុលាការ​ហ្នឹង‍។ ដូច្នេះ​ខ្ញុំ​សូមទោស​តុលាការ​អត់បាន​ពិន្ទុ​ល្អ​អស្ចារ្​យទេ»។​

របប​ខ្មែរក្រហមបាន​កាន់​អំណាចពីខែ​មេសា​ឆ្នាំ​១៩៧៥ដល់​ខែ​មករា​១៩៧៩ ហើយ​បាន​បណ្តាល​ឱ្យស្លាប់​មនុស្សប្រមាណ១,៧​លាន​នាក់​ដោយសារ​តែ​ការបង្អត់អាហារ ជំងឺ​ដម្កាត់ ​ការងារ​បាក់​កម្លាំង​និង​ការកាប់សម្លាប់ក្នុង​គោល​បំណង​កសាង​សង្គម​កសិកម្ម​ដ៏មហា​លោត​ផ្លោះ​មហាអស្ចារ្យរបស់​ពួកគេ។​

លោកអៀ សុផល​ សាស្ត្រាចារ្យ​នៃ​មហាវិទ្យាល័យ​អុកស៊ីដឹនថល​ នៅ​សហរដ្ឋ​អាមេរិក​ដែល​ ​ឪពុក​បាន​ស្លាប់ក្នុង​របប​ខ្មែរ​ក្រហម​បាន​បញ្ជាក់​ប្រាប់វីអូអេ​ថា​កេរ​ដំណែល​របស់​នួន ជា​ និង​របប​របស់​គាត់​គឺ​គ្មានអ្វី​ក្រៅពីឧក្រិដ្ឋកម្មប្រល័យ​ពូជសាសន៍ ការសម្លាប់​រង្គាល និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។

លោក​បាន​បន្ថែម​ថា៖

«វា​គឺជា​កេរដំណែល​ដ៏​អាក្រក់។ (មរណភាព​របស់​នួនជា) នេះគឺ​ជា​ការកម្ចាត់​មនុស្ស​អាក្រក់​ចេញ។ នួន ជា​មិន​បាន​ស្តាយ​ក្រោយ​រហូត​ដល់​ទីបញ្ចប់​ដ៏​ជូចត់។ ប៉ុន្តែ​ខ្ញុំ​មានសេចក្តី​ស្ងប់​ដោយ​ដឹង​ថា​យើង​មិន​អាច​ជួយ​កែ​ប្រែ​ឃាតករ​ឆ្កួតៗ​បាន​ទេ។ គាត់​យកលេស​ថា​គាត់​ជា​អ្នក​ជួយសង្គ្រោះ​ប្រទេស​ដូច្នេះ​ហើយ​អ្នក​ផ្សេង​ត្រូវតែ​ស្លាប់‍»។​

សាលាក្តីខ្មែរ​ក្រហម​បាន​បញ្ជាក់​ថា​ខ្លួន​បាន​បិទ​បញ្ចប់ការស៊ើបអង្កេត​សំណុំរឿង​ចំនួន​ពីរ​ចុង​ក្រោយគឺ​សំណុំរឿង​លេខ​០០៣​និង​០០៤​កាលពី​ចុងខែមិថុនា។ សំណុំរឿង​ទាំងពីរ​នេះ​មាន​ជន​សង្ស័យសរុប​ចំនួន​៥នាក់​ប៉ុន្តែ​ក្នុង​នោះ​មានជនសង្ស័យម្នាក់​បាន​ស្លាប់​បាត់​បង់​ជីវិតនិង​ម្នាក់​ទៀត​ត្រូវបាន​លើក​លែង​ការចោទ​ប្រកាន់។ នេះ​បើតាម​លោក​នេត្រ ភក្ត្រា ​អ្នកនាំពាក្យ​សាលា​ក្តីខ្មែរ​ក្រហម។

លោកនេត្រ ភក្ត្រា ​បាន​បន្ថែម​ថា​តុលាការ​នេះ​នៅ​មាន​ការខ្វែង​គំនិត​គ្នា​រវាង​សហព្រះរាជអាជ្ញា​ជាតិ​និង​អន្តរជាតិ​ថា​ត្រូវ​បញ្ជូន​ជនសង្ស័យ​ទាំង​បីគឺ​មាសមុត​ អោអាន ​និង​យឹមទិត្យ ​ទៅកាត់ក្តី​ឬ​យ៉ាង​ណា។ ដូច្នេះ​ការសម្រេច​ចុងក្រោយ​នឹង​ចេញនៅ​ចុងឆ្នាំ​២០១៩នេះ៕