បញ្ញវន្ត​ខ្មែរ​ទទូច​រដ្ឋាភិបាល​បង្កើន​អាហារូបករណ៍​ទៅ​សិក្សា​ក្រៅ​ប្រទេស​ដើម្បី​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ជំនួយ​បរទេស​​​​

រូប​​ឯកសារ៖ និស្សិត​កម្ពុជា​នៃ​សាកលវិទ្យាល័យ​​មួយ​ចូល​រួម​នៅ​​ក្នុង​ពិធី​​ប្រគល់​សញ្ញាបត្រ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​​ពី​​ឆ្នាំ​២០១៩។ (ហ្វេសប៊ុក​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន)

ការ​សម្រេចចិត្ត​របស់​សហរដ្ឋ​អាមេរិក​ដែល​ផ្តាច់​ដង្ហើម​អាហារូបករណ៍​និស្សិត​យោធា​កម្ពុជា​ប្រាំមួយ​រូប​ផ្តើម​ឲ្យ​មាន​ការ​ពិភាក្សា​លើ​ការ​បង្កើត​កម្មវិធី​អាហារូបករណ៍​របស់​រដ្ឋាភិបាល​ខ្មែរសម្រាប់​ការ​បញ្ជូន​និស្សិត​របស់​ខ្លួន​ទៅ​សិក្សានៅ​ក្រៅ​ប្រទេស។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ផ្តាច់​អាហារូបករណ៍​ដោយសារ​តែ​កម្ពុជា​បាត់បង់​ភាព​ស្រប​ច្បាប់​ក្នុង​ការ​ទទួល​ជំនួយ​ពី​សហរដ្ឋ​អាមេរិក​បន្ទាប់​ពី​កម្ពុជា​កាត់បន្ថយ​កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក​ជាច្រើន​នៃ​ទំនាក់ទំនង​ទ្វេភាគី​ជា​ប្រពៃណី​ក្នុង​វិស័យ​កងទ័ព។

ប៉ុន្តែ​សហរដ្ឋ​អាមេរិក​នៅ​តែ​អនុញ្ញាត​ឲ្យ​និស្សិត​ទាំងនោះ​បន្ត​ការ​សិក្សា​បាន​បើ​សិន​ជា​ពួកគេ​អាច​រក​ថវិកា​បង់​ថ្លៃ​សិក្សា​បាន​ឬ​រដ្ឋាភិបាល​កម្ពុជា​បង់ថ្លៃ​សិក្សា​ដោយសារ​តែ​ពួកគេ​បាន​ខិតខំ​សិក្សា​និង​មាន​លទ្ធផល​ល្អ។

និស្សិត​និង​គ្រូបង្រៀន​មួយ​ចំនួន​នៅ​កម្ពុជានិយាយ​ថា​ពួកគេ​ចង់​ឃើញ​រដ្ឋាភិបាល​ខ្មែរ​រៀបចំ​បង្កើត​ឲ្យ​មាន​កញ្ចប់​ថវិកាជាតិ​ដើម្បី​បង្កើត​កម្មវិធី​អាហារូបករណ៍​ដែល​បើក​ផ្លូវដល់​និស្សិតឲ្យ​បាន​ចេញ​ទៅ​រៀន​ជំនាញ​ចាំបាច់​ដែល​ពួកគេ​ជ្រើស​រើស​នៅ​ក្រៅ​ប្រទស​កម្ពុជា​ជំនួស​ឲ្យ​អាហារូបករណ៍​ដែលផ្តល់​ដោយ​រដ្ឋាភិបាល​ឬ​អង្គការ​បរទេស។ ការណ៍​នេះ​ដោយសារ​តែ​ពួកគេ​មើល​ឃើញ​ថា​រដ្ឋាភិបាល​អាច​ធ្វើ​ការងារ​នេះ​ដោយ​ខ្លួន​ឯង​បាន​ដើម្បី​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​និង​បំពេញ​តាម​តម្រូវ​ការ​ទីផ្សារ​ការងារ។

និស្សិត​អន្តរជាតិក្នុង​ពិធី​ទទួល​សញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ Columbia ក្នុង​ក្រុង New York សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ​ឆ្នាំ​២០១៩។ (AP)

កញ្ញា ម៉ៅ ដាណែត ​អាយុ​២១ ឆ្នាំ​ជា​និស្សិត​ឆ្នាំ​ទី៤​ផ្នែក​ច្បាប់​នៃ​សាកលវិទ្យាល័យ​មួយក្នុង​រាជធានី​ភ្នំពេញ​បាន​និយាយ​ថា៖​«ខ្ញុំគិត​ថា​បើ​សិន​ជា​យើង​អាច​រៀបចំ​ថវិកា​ខ្លះ​ដើម្បី​គាំទ្រ​គាត់​អាច​ធ្វើ​បាន​ព្រោះ​អី​ទៅ​រៀន​នៅ​ស្រុក​គេ​ហ្នឹង​មិនមែន​បាន​ន័យ​ថា​យើង​ទាល់​តែ​បញ្ជូន​សិស្ស​មួយ​រយ​មួយពាន់​នាក់​ទៅ​ទេ​បើ​សិន​យើង​មាន​សិស្ស​ដែល​មាន​សមត្ថភាព​ពិត​ប្រាកដ​បើ​សិន​ជា​គាត់​ចង់​បណ្តុះបណ្តាល​ឲ្យ​គាត់​អាច​រៀបចំ​បាន។​ខ្ញុំគិត​ថា​អីចឹង»។

​កញ្ញា​ដាណែត​ធា្លប់​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​តាម​កម្មវិធី​ផ្លាស់​ប្តូរ​ការសិក្សា Fulbright​ ក្នុង​ឆ្នាំ​២០២០។ កញ្ញា​ដាណែត​លើក​ឡើង​ថាការ​កាត់​ផ្តាច់​ភ្លាមៗ​នៃ​អាហារូបករណ៍​សហរដ្ឋ​អាមេរិក​សម្រាប់​និសិ្សត​យោធា​កម្ពុជា​កាល​ពី​ខែ​មិថុនាកន្លងមក​បង្ក​ឲ្យ​មាន​ការ​បារម្ភ​ថា​វិធានការ​ស្រដៀង​គ្នានេះ​អាច​កើតឡើង​លើ​កម្មវិធី​ជំនួយ​អប់រំ​របស់​សហរដ្ឋ​អាមេរិក​ដូចជា​កម្មវិធី Fulbright​នោះ​ដែរ ដោយ​សារ​បញ្ហា​នយោបាយ​របស់​រដ្ឋាភិបាល​ដែល​រកាំ​រកូស​ជាមួយ​នឹង​រដ្ឋាភិបាល​អាមេរិក។

​និស្សិត​កម្ពុជា​ដែលសិក្សា​នៅ​សាកលវិទ្យាល័យ​នានា​ក្នុង​សហរដ្ឋ​អាមេរិក​មាន​ចំនួន​៧៤២​នាក់​ក្នុង​ឆ្នាំ​សិក្សា​២០១៩-២០២០​ដែល​ជា​ការ​កើនឡើង​ចំនួន​៨,៣%​ធៀប​នឹង​ឆ្នាំ​សិក្សា​២០១៨-២០១៩​ដែល​មាន​ចំនួន​៦៨៥​នាក់។ នេះ​បើតាម​ស្ថិតិ​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។

ស្ថានទូត​សហរដ្ឋ​អាមេរិក​បាន​ឲ្យដឹង​ទៀត​ថា​គិត​ចាប់តាំង​ពីឆ្នាំ​១៩៩៣​មក​មាន​និស្សិត​កម្ពុជា​ចំនួន​ជាង​៩០០​នាក់​ទទួល​អាហារូបករណ៍​ដែល​មាន​ប្រភព​ចេញ​ពី​សហរដ្ឋ​អាមេរិក​ដើម្បី​ទៅ​សិក្សា​ក្នុងកម្មវិធី​មាន​សញ្ញាបត្រ​និង​គ្មាន​សញ្ញាបត្រ។

អាហារូបករណ៍​ទាំង​នោះ​បាន​មក​ពី​ប្រភព​ជាច្រើន​ក្នុង​នោះ​ក៏បាន​ដោយ​ផ្ទាល់​ពី​សាកលវិទ្យាល័យ​សហរដ្ឋ​អាមេរិក​និង​ពី​អង្គការក្រៅ​រដ្ឋាភិបាល​តួយ៉ាង​មាន​ស្ត្រីវ័យក្មេង​កម្ពុជា​៣៥នាក់​បាន​អាហា​រូបករណ៍​ពី​អង្គការ​ SHE-CAN។ ចំណែក​កម្មវិធី Fulbright របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​មូលនិធិ​ដល់​និស្សិត​កម្ពុជា​ចំនួន​បួន​នាក់​ហើយ​កំពុង​សិក្សា​នៅ​សាកល​វិទ្យាល័យ​សហរដ្ឋ​អាមេរិក​និង៩នាក់​ទៀត​នឹង​ត្រូវ​ចេញ​ទៅ​សិក្សា​សម្រាប់​ឆ្នាំ​សិក្សា​២០២១-២០២២។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក។​

និស្សិត​កម្ពុជាដែល​ទើប​ត្រូវ​បាន​ជ្រើសរើសថ្មី​ក្នុង​កម្មវិធី​អាហារូបករណ៍​ Fulbright ដើម្បី​ទៅ​សិក្សា​ក្រោយ​បរិញ្ញាបត្រ​នៅ​តាម​សាកលវិទ្យាល័យ​នៅ​សហរដ្ឋ​អាមេរិក ថត​រូប​ជាមួយ​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ នៅ​ក្នុង​រូបថត​មួយ​ដែល​ត្រូវ​បាន​ផ្សាយ​ដោយស្ថានទូត​អាមេរិក​កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០២១។ (ហ្វេសប៊ុក​ស្ថានទូត​អាមេរិក)

លោក Chad Roedemeier ​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​មិន​ផ្តល់​កា​រអធិប្បាយ​លើ​សំណួរ​ថា​តើ​សហរដ្ឋអាមេរិក​អាច​នឹង​មាន​វិធានការ​លើ​កម្មវិធី Fulbright ដូច​ដែល​អាមេរិក​បាន​ធ្វើ​ទៅលើ​និស្សិត​យោធា​កម្ពុជា​នោះ​ទេ​បើ​សិន​ជា​កម្ពុជា​ខកខាន​មិន​បាន​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ។​

ប៉ុន្តែ​លោក​ថ្លែង​ក្នុងអ៊ីម៉េលមួយ​ថា៖ «យើង​ទន្ទឹង​ស្វាគមន៍​ទទួល​និសិ្សត​កម្ពុជា​ឲ្យ​បាន​ច្រើន​ទៅ​ថ្ងៃ​អនាគត»។

ក្រៅ​ពី​កម្មវិធី​អាហារូបករណ៍ Fulbright​ របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​និស្សិត​កម្ពុជា​បាន​ប្រកួត​ប្រជែង​គ្នា​យក​អាហារូបករណ៍​ពី​ប្រទេស​ជាច្រើន​ទៀត​ក្នុង​នោះ​មាន​អាហារូបករណ៍​ Chevening​របស់​ចក្រភព​អង់គ្លេស​ Civil Society Award របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ Open Society ​នៅ​សហរដ្ឋ​អាមេរិក​និង ​Australia Award របស់​ប្រទេស​អូស្ត្រាលី។

និស្សិត​កម្ពុជា​ដែល​ធ្លាប់​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​ក្នុង​កម្មវិធី​អាហារូបករណ៍​ Australia Awards ថត​រូប​ជាមួយ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​លោក Pablo Kang នៅ​ក្នុង​រូបថត​មួយ​ផ្សាយ​តាម​ទំព័រ​ហ្វេសប៊ុក​ស្ថានទូត​អូស្ត្រាលី​កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២០។ (ហ្វេសប៊ុក​ស្ថានទូត​អូស្ត្រាលី)

និស្សិត​កម្ពុជា​ដែល​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​ក្នុង​កម្មវិធី​អាហារូបករណ៍​ Australia Awards របស់​រដ្ឋាភិបាល​អូស្ត្នៅ​ក្នុងរូបថត​មួយ​ផ្សាយ​តាម​ទំព័រ​ហ្វេសប៊ុក​ស្ថានទូត​អូស្ត្រាលី​កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២០។ (ហ្វេសប៊ុក​ស្ថានទូត​អូស្ត្រាលី)

យោង​តាម​ស្ថិតិ​របស់​ក្រសួង​អប់រំ​ដែល​វីអូអេ​ទទួល​បាន​កាល​ពី​ដើម​ខែកក្កដា​នេះ​និស្សិត​កម្ពុជា​ចំនួន​១៩.៥៤៦​នាក់​ក្នុងនោះមានស្ត្រី៤.២២៨​នាក់​បាន​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ចំនួន​៣២​នៅ​តំបន់​អាស៊ី​អឺរ៉ុប​និង​អាមេរិក​គិត​ចាប់​តាំងពី​ឆ្នាំ​១៩៨០​មក​ក្រោម​ក្របខណ្ឌ​ក្រសួង​អប់រំ​យុវជន​ និងកីឡា​ដែល​បាន​សហការ​សម្របសម្រួល​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​នានា។ ពួក​គេ​បាន​សិក្សា​ជំនាញ​តាំងពី​កម្មករ​ជំនាញ​ជាង​អគ្គិសនី​ ​សំណង់​សុខាភិបាល​រហូត​ដល់​ជំនាញ​ហិរញ្ញវត្ថុ​វិទ្យាសាស្ត្រ​នយោបាយ​យោធា​និង​គ្រប់​គ្រង​ជាដើម។

ប៉ុន្តែ​រដ្ឋាភិបាល​ហាក់​ដូចជា​មិន​ទាន់​រៀប​ចំ​ឲ្យ​មាន​កញ្ចប់​អាហារូបករណ៍​ជាក់លាក់​សម្រាប់​បញ្ជូន​និស្សិត​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​ដូច​អ្វី​ដែល​កម្ពុជា​ធ្លាប់​បាន​ធ្វើ​កាល​ពីសម័យ​សង្គម​រាស្ត្រនិយម​ឬ​សម័យ​រដ្ឋកម្ពុជា​នោះ​ឡើយ​ដោយ​ទុក​លទ្ធភាព​ឲ្យ​គ្រួសារ​ដែល​មាន​ធនធាន​ធូរធា​ប៉ុណ្ណោះ។ នេះ​បើតាម​ការលើកឡើង​របស់​អ្នកជំនាញ​ការសិក្សា​អប់រំ។

លោក ​ឯម សុវណ្ណារ៉ា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រនយោបាយ​នៅ​កម្ពុជា​បាន​ថ្លែង​ថា៖​ «ខ្ញុំគិត​ថា​ជា ផល​លំបាក​មួយដែរ​នៅពេល​ដែល​រដ្ឋ​បើក​វិស័យឯក​ជន​ហើយ​ឲ្យ​ពលរដ្ឋ​ទទួល​ខុស​ត្រូវ​ខ្លួន​ឯង​សម្រាប់​ពលរដ្ឋ​ដែល​មាន​លទ្ធភាព​គេអាច​បញ្ជូន​កូន​ទៅ​សិក្សា​នៅ​ក្រៅប្រទេស​បាន​តែ​ពលរដ្ឋ​មាន​លទ្ធភាព​មាន​ភាគ​រយ​តិចណាស់​ពលរដ្ឋ​ភាគច្រើន​ពុំមាន​លទ្ធភាព​បញ្ជូន​កូន​ទៅ​សិក្សានៅ​ក្រៅ​ប្រទេស​បាន​ទេ»។

លោក​សង្កេត​ឃើញ​ថា​ប្រទេស​ជិត​ខាង​កម្ពុជា​មួយ​ចំនួន​ដែល​មាន​ថៃ​និង​វៀតណាម​បាន​រៀប​ចំ​ឲ្យ​មាន​អាហារូបករណ៍​រដ្ឋ​ដើម្បី​ផ្តល់​ការ​គាំ​ទ្រ​ខាង​ហិរញ្ញវត្ថុ​ឲ្យ​មន្ត្រី​ឬនិស្សិត​អាច​ចេញ​ក្រៅ​ប្រទេស​ដើម្បី​ទទួល​បាន​ការបំប៉ន​ជំនាញ​និង​បន្ត​យកមុខ​វិជ្ជាសិក្សា​ដែល​ជា​សេចក្តី​ត្រូវការ​របស់​និស្សិត​និង​មន្ត្រី​ទាំងនោះ។

លោក ​យង់ គិមអេង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​បាន​ប្រាប់​វីអូអេ​កាល​ពី​ដើម​ខែ​កក្កដា​នេះ​ថា ផ្តើម​ចេញ​ពី​ស្ថានភាព​ល្អក់​កករ​នៃ​ការកាត់​ផ្តាច់​អាហារូបករណ៍​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​និស្សិត​កម្ពុជា​រដ្ឋាភិបាល​ខ្មែរ​គួរ​ពិចារណា​លើ​ការបង្កើត​កញ្ចប់​ថវិកា​ជាតិ​សម្រាប់​បញ្ជូន​និស្សិត​ឬមន្ត្រី​រាជការ​ខ្មែរ​ទៅសិក្សា​ជំនាញ​ជាក់លាក់​មួយ​នៅ​ក្រៅ​ប្រទេស។

លោក យង់ គិមអេង​ បាន​បន្ថែម​ថា៖​ «ជាធម្មតា​គឺ​បើ​យើង​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ហ្នឹង​គឺ​ពេល​ដែលមានការ​អភិវឌ្ឍ​តិច​ជាដើម​ហ្នឹង​គឺ​ត្រូវ​តែ​មាន​ការ​រៀបចំ​តម្រែតម្រង់​ធនធាន​មនុស្ស​ហើយ​ដើម្បើ​ឲ្យ​យើង​រុញ​ការ​អភិវឌ្ឍ​ជាតិ​របស់​យើង​រុញ​សេដ្ឋ​កិច្ច​របស់​យើង​ឲ្យ​វា​ដើរ​លឿន​មុន​គេ​ហ្នឹង​គឺ​ចាំបាច់​ណាស់​ត្រូវ​តែ​ត្រូវតែ​យើង​បណ្តុះបណ្តាល​ធនធាន​មនុស្សរបស់​យើង​ហើយ​ត្រូវ​មាន​កញ្ចប់​ថវិកា​របស់​យើង​ផ្ទាល់​ដែរ​បាទ»។

និស្សិតខ្មែរទាំង​៦​រូបដែល​បាត់​បង់​អាហារូបករណ៍​របស់​សហរដ្ឋ​អាមេរិកនោះ​កំពុង​សិក្សា​នៅ​បណ្ឌិត​សភា​យោធា​ជើងគោក​ West Point ចំនួន​២​រូប​បណ្ឌិត​សភា​ទ័ព​អាកាស​ចំនួន​២​រូប​កងទ័ព​ជើង​ទឹក​ចំនួន​១​រូប​និង​ឆ្មាំ​សមុទ្រ​ចំនួន​១​រូប។ នេះ​បើតាម​ការបញ្ជាក់​របស់​និស្សិត​និង​មន្ត្រី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រាប់​វីអូអេ​ខេមរភាសា​ក្នុង​ពេល​កន្លង​មក។ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ទទួល​ចេញថ្លៃ​ការសិក្សា​របស់​ពួកគេ​រហូត​ដល់​ចប់។

និស្សិត​ នូ ច័ន្ទ​យុទ្ធា​ ដែល​កំពុង​សិក្សា​ដល់​ឆ្នាំ​ទី​៣ ​ខាង​ជំនាញ​វិស្វកម្ម​កងទ័ព​អាកាស​នៃ​សាលា​បណ្ឌិត​សភា​កងទ័ព​អាកាស​សហរដ្ឋ​អាមេរិក បញ្ជាក់​ប្រាប់​វីអូអេថា​លោក​ត្រេកអរដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ចេញ​ថ្លៃសិក្សា​។ (រូប​ផ្តល់​ឱ្យ​ដោយ នូ ច័ន្ទ​យុទ្ធា)

លោក​បណ្ឌិត ​អ៊ា សុផល​ សាស្ត្រាចារ្យ​ផ្នែក​ការទូត​និង​កិច្ច​ការ​អន្តរជាតិ​នៅមហាវិទ្យាល័យ​Occidental​ ទីក្រុង​ Los Angeles នៅ​សហរដ្ឋ​អាមេរិក​ប្រាប់​វីអូអេ​ តាម​សារ​អ៊ីមែល​មួយ​ថា៖ «វា​អាច​ជា​លើក​ដំបូង​ហើយ​ដែល​រដ្ឋាភិបាល​កម្ពុជា​ដែល​មិន​ចង់​ចេញ​លុយ​ច្រើន​នោះបាន​ចំណាយ​លើ​ថ្លៃ​សិក្សា​នៅសាលា​យោធា​សហរដ្ឋ​អាមរិក»។

លោក ​អ៊ា សុផល​ យល់​ស្រប​ថា​ដល់​ពេល​ដែល​រដ្ឋាភិបាល​ត្រូវ​ចេញ​ថ្លៃ​អាហារូបករណ៍​សម្រាប់​និស្សិត​កម្ពុជា​ប៉ុន្តែ​លោក​បាន​បន្ថែម​ថា៖​«អ្វី​ដែល​ខ្ញុំ​ភ័យព្រួយ​នោះ​គឺ​ អាហារូបករណ៍​នោះ​អាច​ត្រូវ​គេ​គៃបន្លំ​ដើម្បី​គាំទ្រ​កូនចៅ​នៃ​អ្នក​មាន​អំណាច និង​លុយ​កាក់​ដើម្បី​ជា​ការ​បញ្ជាក់​បន្ថែម​នៃ​គុណសម្បត្តិ​របស់​ពួកគេ»។

នៅ​ដើម​សម័យ​សង្គម​រាស្ត្រនិយម​របស់​អតីត​ព្រះមហាក្សត្រខ្មែរ​សម្តេច​ព្រះបាទ​នរោត្តម​ សីហនុ​ក្នុង​ទសវត្សរ៍​១៩៥០​និង​១៩៦០​រដ្ឋាភិបាល​ខ្មែរ​មាន​កញ្ចប់​អាហារូបករណ៍ដើម្បី​បញ្ជូន​និស្សិត​ខ្មែរ​ឲ្យ​ទៅ​សិក្សា​នៅ​ប្រទេស​បារាំងនិង​ប្រទេស​ផ្សេង​ទៀត​ដូច​ជា​សហរដ្ឋ​អាមេរិក​ដោយ​ផ្តោត​លើ​ជំនាញ​ដែល​កម្ពុជា​ត្រូវការ​ចាំបាច់។ ព្រះបាទ​នរោត្តម​ សីហនុ​បាន​សាងសង់​និវេសនដ្ឋាន​សម្រាប់​និស្សិត​កម្ពុជា​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ផងដែរ។

​លោក ​ឡៅ ម៉ុងហៃ​ អ្នកវិភាគនយោបាយ​កម្ពុជា​បាន​បញ្ជាក់​ថា​បច្ចុប្បន្ន​ស្ថានភាព​ខុស​ពីមុន៖ «ខ្ញុំលើក​ឡើង​អំពី​ការ​ចាំបាច់​បញ្ជូន​និស្សិត​ទៅ​រៀន​បរទេស​ជាមួយ​រដ្ឋ​លេខធិការ​ក្រសួង​អប់រំ​មួយរូប​សុំ​ឲ្យ​រដ្ឋាភិបាល​ខ្ចី​លុយ​អត់​ការ​ប្រាក់​ពី​ធនាគារ​ពិភពលោក​១០០លាន​ដុល្លារ​ដើម្បី​បញ្ជូន​និសិ្សត​ចំណានៗ​ឲ្យ​ទៅ​រៀន​មុខវិជ្ជា​វិទ្យាសាស្ត្រ​និង​បច្ចេកវិជ្ជា​ព្រោះ​បរទេស​គេ​មិន​[សូវ]​ឲ្យ​អាហារូបករណ៍​ឲ្យ​ទៅ​រៀន​មុខ​វិជ្ជា​ទាំងពីរ​នេះ​ទេ។ ចម្លើយ​គាត់​អត់​ចាប់​អារម្មណ៍»។​

គណបក្ស​កាន់​អំណាច​ថ្លែង​ថា​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​បាន​បញ្ជូន​និសិ្សត​ទៅ​សិក្សា​ក្រៅ​ប្រទេស​ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​ប្រទេស​ជាមិត្ត​ហើយ​ពេល​ខ្លះ​រដ្ឋាភិ​បាល​ត្រូវ​សម្រេច​បញ្ជូន​និស្សិតជា​ឯកតោភាគី​ប្រសិន​បើ​ប្រទេស​សាមី​ព្រម​ទទួល។

លោក សុខ ឥសាន្ត​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖​«រាជរដ្ឋាភិបាល​លោក​គិត​ហើយ​ប៉ុន្តែ​យើង​ដឹង​ថា​យើង​វាមាន​ការ​ខ្វះខាត​ថវិកា​អីចឹង​ទេ​ បាន​ថា ចំនួន​ណា​អាហ្នឹង​យើង​បញ្ជូន​ទៅ​ដោយ​ឯកតោ​ភាគី​របស់​យើង​ឲ្យ​តែ​ភាគី​មិត្តហ្នឹងគេទទួល។​ហើយ​មួយចំនួន​ទៀត​គឺ​យើង​សុំ​អាហារូបករណ៍​ពី​ប្រទេស​ជាដៃគូ​ជាមិត្ត ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ហើយ​វា​ស្រប​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​ប៉ារីស​ដែល​បណ្តា​ប្រទេស​ហត្ថលេខី​ទាំង​១៨​ហ្នឹង​គេ​យល់​ព្រម​ស្របទៅ​តាម​កិច្ចព្រមព្រៀង​ហ្នឹង»។

និស្សិត​ដែល​បាន​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​បាន​ធ្វើការងារ​ខ្ពង់ខ្ពស់​ជាច្រើន​នៅ​ពេល​វិល​ត្រឡប់​មក​កម្ពុជា​វិញ។ ក្នុងនោះ​មាន​ដូច​ជា​លោក ហ៊ុន ម៉ាណែត​កូនប្រុស​ច្បង​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ លោក​ហ៊ុន ម៉ាណែត​មាន​តួនាទី​ជា​អគ្គមេបញ្ជាការ​រង​និង​ជា​មេបញ្ជាការ​កងទ័ព​ជើង​គោក​នៃ​កងយោធពល​ខេមរភូមិន្ទ។អ្នកស្រី​ឱ វណ្ណឌីន​ជារដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​និង​លោក​កែវ រតនៈ​ប្រធាន​អគ្គិសនី​កម្ពុជា​ជាដើម។

ក៏មាន​អ្នកខ្លះ​បន្ត​ស្នាក់នៅ​សហរដ្ឋ​អាមេរិក​ហើយ​បានចូលរួម​ចំណែក​យ៉ាងខ្លាំង​ដល់​ប្រទេស​ទី២​របស់​ពួកគេ។ ក្នុងនោះ​មាន​លោក អ៊ុង ​ជិនណារី​ ជាអ្នក​និពន្ធ​តន្ត្រី​ខ្មែរ​អាមេរិកាំង​ល្បី​ល្បាញ​ជា​អន្តរជាតិ​ម្នាក់​ដែល​ទទួល​ពាន​រង្វាន់​កិត្តិយស​ខ្ពស់​បំផុត​មួយ​នៅ​សហរដ្ឋ​អាមេរិក គឺ​សមាជិកភាព​ពេញ​មួយ​ជីវិត​នៅ​បណ្ឌិត្យ​សភា​អាមេរិកាំង​សម្រាប់​សិល្បៈ​និង​អក្សរ​ (American Academy of Arts and Letters)។

លោក អ៊ុង ជិនណារី​ ធ្លាប់​ទទួលបាន​អាហា​រូប​ករណ៍​ពី​មូលនិធិ Asia Foundation និង​អាហារូបករណ៍​ពី​រដ្ឋាភិបាល​ខ្មែរ​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម ដើម្បី​បន្ត​ការសិក្សា​ផ្នែក​សិល្បៈ​តន្ត្រី​នៅ​ទីក្រុង​ New York។

លោក អ៊ុង ជិនណារី ​ធ្លាប់​ទទួលបាន​អាហា​រូប​ករណ៍​ពី​មូលនិធិ Asia Foundation និង​អាហារូបករណ៍​ពី​រដ្ឋាភិបាល​ខ្មែរ​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយមដើម្បី​បន្ត​ការសិក្សា​ផ្នែក​សិល្បៈ​តន្ត្រី​នៅ​ទីក្រុង​ញូវយ៉ក។ លោក​យល់​ថា​រដ្ឋាភិបាល​ខ្មែរ​គួរ​តែ​ពិចារណា​បន្ត​ឲ្យ​មាន​អាហារូបករណ៍​របស់​រដ្ឋ​សម្រាប់​បញ្ជូន​និស្សិត​ទៅសិក្សា​ក្រៅ​ប្រទេស។

លោក ជិនណារី បញ្ជាក់​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​ថា គួរដែរ... ខ្ញុំអត់​ហ៊ាន​និយាយ​ចំ​ទេ​ព្រោះ​ខ្ញុំ​មិនដឹង​ ខាង​ក្នុង​ធ្វើ​របៀបម៉េច​ក៏ប៉ុន្តែ​បើ​ បើ​មិន​ទាន់​មាន​ទេ​គួរ​ដែរ គួរ​រៀបចំ​ដែរ​ឲ្យ​មាន​ទៅ​តាម​សាខា​គ្រប់​អីចឹង​ទៅណ៎ា! ដើម្បី​ដូច​ថា​ស្រុក​យើង​ខ្វះ​អី​ ខ្វះ​អី​យើង​ចង់ ​développer [អភិវឌ្ឍ]​ទៅថ្ងៃ​ក្រោយ​ត្រូវ​មាន​ស្អីៗ។ រួច​មួយ​ទៀត​ខ្មែរ​យើង​មក​បង្រៀន​ទៅ​រៀន​ស្រុក​គេ​ហើយ​ចូល​មក​ស្រុក​ខ្មែរ​យើង​ប្រហែល​ជា​មាន​របៀប​បច្ចេក​ទេស​ផ្សេង​...ខ្ញុំថា​ល្អដែរ​ ពីព្រោះ​ថា​ស្រុក​ឥឡូវ​យើង​មិនមែន​រស់​តែ​ម្នាក់​ឯង​ណ៎ា!​យើង​ត្រូវ​មាន​ការ​friendship​[មិត្តភាព] មាន​exchange [ការ​ផ្លាស់​ប្តូរ​គ្នា​ទៅវិញ​ទៅមក] គ្រប់​សាខា​ទាំងអស់​បាទ»។​

គណបក្ស​សង្គ្រោះជាតិ​បង្ហាញ​ការ​បារម្ភ​ពី​ការ​កាត់​ផ្តាច់​ជំនួយ​អាហារូបករណ៍​បន្ថែម​ពី​សំណាក់​រដ្ឋាភិបាល​សហអាមេរិក​តាម​កម្មវិធី Fulbright​ ឬកម្មវិធី​ជំនួយ​អប់រំ​ផ្សេងទៀត​ប្រសិនបើ​ស្ថាន ភាព​គោរព​សិទ្ធិមនុស្ស​និង​ការ​អនុវត្តន៍​ប្រព័ន្ធ​ប្រជាធិបតេយ្យ​មិន​មាន​ភាពប្រសើរ​ឡើង​នោះ។ អតីត​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ថ្លែង​ថា​ប្រទេស​នៅ​លោក​សេរី​ផ្សេង​ទៀត​អាច​នឹង​យក​លំនាំ​តាម​សហរដ្ឋ​អាមេរិក​ក្នុង​វិស័យ​អប់រំ​នេះ​ដែល​ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​និស្សិត​កម្ពុជា​ដែល​ខ្សត់​ធនធាន​បាត់បង់​ស្ពាន​ឈាន​ទៅសិក្សា​នៅ​ក្រៅប្រទេស។

អ្នកស្រី ​មូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​យល់​ថា​ការ​រៀបចំ​ឲ្យ​មាន​កម្មវិធី​អាហារូបករណ៍​សម្រាប់​និស្សិត​ខ្មែរ​បាន​ទៅ​សិក្សា​ជាការចាំបាច់​និង​ត្រូវ​ធានា​តម្លាភាព​និង​ការប្រកួត​ប្រជែង។

អ្នកស្រី​មូរ សុខហួរ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំយល់​ឃើញ​ថា​ថវិកា​ជា​កញ្ចប់​នេះ​ហើយ​ក៏ប៉ុន្តែត្រូវ​តែ​កម្មវិធី​អាហារូបករណ៍​នេះ​ឲ្យ​មាន​តម្លាភាព​ពិត​ប្រាកដ​អត់​មាន​អំពើពុក​រលួយ​អត់​មាន​បក្ខពួក​ហើយ​មិនមែន​សម្រាប់​តែ​ឲ្យ​កូន​អ្នក​ដែល​មាន​មធ្យោបាយ​ទៅ​ហើយ​ទេ»។

រូប​ឯកសារ៖ សិស្សានុសិស្សអង្គុយក្នុងថ្នាក់រៀនដោយពាក់ម៉ាស់ដើម្បីការពារការរាតត្បាតនៃជំងឺកូវីដ១៩ នៅវិទ្យាល័យសុន្ធរម៉ុក នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០។

អ្នក​នាំពាក្យ​ក្រសួង​អប់រំ លោក​ រស់ សុវាចា​ ថ្លែងតាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​មួយ​ថា​ជាទូទៅ​ ក្រសួង​អប់រំ​ យុវជន​និង​កីឡា​ បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​និង​លើក​ទឹក​ចិត្ត​សិស្ស​និស្សិត​ស្តីពី​ឱកាស​អាហារូបករណ៍​ជាតិ​តំបន់​ និង​អន្តរជាតិ​តាម​យន្តការ​ដែលមាន​ស្រាប់​ របស់​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ទន្ទឹម​នឹង​កិច្ច​សហការ​ជា​មួយ​ក្រសួង​ស្ថាប័ន​គ្រិះស្ថាន​សិក្សា​ពាក់​ព័ន្ធ​ជា​ពិសេស​គ្រឹះស្ថាន​ឧត្តមសិក្សា​ក្នុង​ប្រទេស​កម្ពុជា​និង​ប្រទេស​ជា​មិត្ត។​

លោក​បាន​អធិប្បាយ​តាម​ន័យ​ដើម​ថា​៖ «ឱកាស​អាហារូបករណ៍​ទាំង​អស់​ដែល​សិស្ស​ និស្សិត​កម្ពុជា​ទទួល​បាន​មាន​តួនាទី​សំខាន់​មួយ​ក្នុង​ការ​ចូល​រួម​លើក​កម្ពស់​គុណភាព​មូលធន​មនុស្ស​ដែល​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​លើ​គ្រប់​វិស័យ​នាពេល​បច្ចុប្បន្ន និង​អនាគត»។

យ៉ាងណាក៏ដោយ​ក្នុង​រយៈពេល​ជាង​២ទសវត្សរ៍​មក​នេះ​រដ្ឋាភិបាល​ចិន​បាន​បង្កើន​អាហារូបករណ៍​ដល់​និស្សិត​និង​មន្ត្រី​រាជការ​កម្ពុជា​ឲ្យ​ទៅ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់​និង​បណ្ឌិត​ជាដើម។ ក្នុង​ឆ្នាំ​សិក្សា​២០១៩-២០២០​ចិន​បាន​ផ្តល់​អាហារូបករណ៍​ចំនួន​១៨៥នាក់។ រហូត​មក​ដល់​ពេល​នេះ​ចិន​បាន​ផ្តល់​អាហារូបករណ៍​ជាង​៣.០០០​នាក់។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​ចិន​ស៊ីនហួរ។

ប៉ុន្តែ​និស្សិត​កម្ពុជា​ដូចជា​កញ្ញា ​ម៉ៅ ដាណែត​ មើលឃើញ​ថា​ឱកាស​សិក្សា​នៅ​បស្ចិម​ប្រទេស​អាច​ជួយ​បើក​ចំហ​គំនិត​និង​ឱកាស​ច្រើន​ជាង។ កញ្ញា​កំពុង​សំឡឹង​រក​មើល​អាហារូបករណ៍​ទៅ​សិក្សា​ថ្នាក់​បញ្ញាបត្រ​ជាន់​ខ្ពស់​នៅ​សហរដ្ឋ​អាមេរិក​ឬ​ប្រទេស​អង់គ្លេស៕