ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកនិពន្ធតន្ត្រីល្បី បណ្ឌិត អ៊ុង ជិនណារី ជំរុញសិល្បករឲ្យស្តាប់អារម្មណ៍ក្នុងខ្លួន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក បណ្ឌិត អ៊ុង ជិនណារី គឺជាអ្នក​និពន្ធ​តន្ត្រី​ខ្មែរ​អាមេរិកាំង​ល្បី​ល្បាញ​ជា​អន្តរជាតិម្នាក់ ដែលទើបតែទទួល​ពាន​រង្វាន់​កិត្តិយស​ខ្ពស់​បំផុត​មួយ​នៅ​សហរដ្ឋ​អាមេរិក គឺ​សមាជិកភាព​ពេញ​មួយ​ជីវិត​នៅ​បណ្ឌិត្យ​សភា​អាមេរិកាំង​សម្រាប់​សិល្បៈ​និង​អក្សរ ​ឬ American Academy of Arts and Letters។ តន្ត្រីករ និងសាស្ត្រាចារ្យតន្ត្រី វ័យ៧៧ឆ្នាំរូបនេះ បានចូលបំពេញការងារក្នុង​ស្ថាប័ន​ដែល​ជា​បណ្តុំ​​ស្ថាបត្យករ សិល្បករ អ្នកនិពន្ធ​តន្ត្រី និង​អ្នក​និពន្ធ​សៀវភៅ ឈាន​មុខ​គេ ២៥០នាក់នេះ កាល​ពី​ខែ​ឧសភា។ សមាជិក​របស់​បណ្ឌិត្យ​សភាទាំងអស់នេះ ធ្វើការ​គ្រប់​គ្រង​និង​ផ្តល់​​ពាន​រង្វាន់​សិល្បៈ​ជាច្រើន ដើម្បី «ជំរុញ ជួយ និង​ទ្រទ្រង់​ឧត្ដមភាព» ក្នុងវិស័យ​អក្សរ​សាស្ត្រ តន្ត្រី និង​សិល្បៈ​របស់​សហរដ្ឋ​អាមេរិក។ នៅ​ឆ្នាំ១៩៦៤ លោក​បណ្ឌិត អ៊ុង ជិនណារី គឺ​ជា​សិស្ស​វិទ្យាល័យ​ម្នាក់​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ពេល​ដែល​លោក​បាន​ទទូល​អាហារូបករណ៍​ទៅ​សិក្សា​ឧបករណ៍​ត្រែ Clarinet នៅ​សាលាតន្ត្រី Manhattan ក្នុង​ទីក្រុង​ញូវយ៉ក។ ចាប់​តាំង​ពី​ពេល​នោះ​មក លោក​បាន​រក​ឃើញ​ភាព​ជោគជ័យ​នៅ​ក្នុង​ទឹកដី​នៃ​សេរីភាព​និង​ភាពច្នៃប្រឌិត​របស់​សហរដ្ឋ​អាមេរិក។ លោកបណ្ឌិត អ៊ុង ជិនណារី និយាយ​ថា ភាពជោគជ័យ​របស់​លោក គឺ​បាន​មក​ពី​អត្តសញ្ញាណ​ខ្មែរ​និង​កុមារភាព​នៅ​តាម​វាល​ស្រែ​របស់​លោក។ លោកថ្លែងថា៖ «គឺ​ដោយ​សារ​វប្បធម៌​ខ្មែរ។ អ្វី​ដែល​ខ្ញុំ​បាន​រៀន​ពី​វាលស្រែ។ អ្វី​ដែល​ផ្ដិត​ក្នុង​អារម្មណ៍​ខ្ញុំ​បំផុត។ ហើយ​ខ្ញុំ​មាន​មោទនភាព​ពេល​និយាយ​ថា​ខ្ញុំ​ជា​ជនជាតិ​ខ្មែរ»។ ពិធី​តែង​តាំង​សមាជិក​ជា​ផ្លូវ​ការ​របស់​បណ្ឌិត្យ​សភា​អាមេរិកាំង​សម្រាប់​សិល្បៈ​និង​អក្សរ ត្រូវ​បាន​ផ្អាក​ដោយ​សារ​ការ​រាតត្បាត​ជា​សកល​នៃ​វីរ៉ុស​កូរ៉ូណា ហើយ​នឹង​ត្រូវ​បាន​លើក​ទៅ​ប្រារព្ធ​នៅខែ​ឧសភា​ឆ្នាំ២០២១​ នៅក្នុងទីក្រុង​ New York។ ថ្មីៗនេះ VOA បាន​ទៅ​ជួបលោក​បណ្ឌិត អ៊ុង ជិនណារី នៅគេហដ្ឋានក្នុងទីក្រុង​ San Diego រដ្ឋ California របស់​លោក ដើម្បី​ជជែកអំពី បណ្តា​ស្នាដែ​និពន្ធ​តន្ត្រី​ឈ្នះ​ពានរង្វាន់​ដែល​លោក​បាន​បង្កើត​ឡើង ​ការវិវត្ត​នៃ​អត្តសញ្ញាណ​និង​វប្បធម៌ខ្មែរ និង​ដំណើរ​ស្វែងរក​ភាពជោគជ័យ​ក្នុងវិស័យ​សិល្បៈ។

XS
SM
MD
LG