នៅក្នុងប៉ុន្មានខែខាងមុខនេះ អង្គការសហប្រជាជាតិនិងរដ្ឋាភិបាល អូស្រ្តាលីនឹងពិភាក្សាគ្នាថាតើគួរតែដាក់តំបន់ផ្កាថ្មទឹករបស់អូស្រា្តលីដែលមានឈ្មោះថា Great Barrier Reef ក្នុងភាពជិតផុតពូជឬយ៉ាងណា។ ក្រុមអ្នកបរិស្ថាននិយាយថាឧទ្យានក្នុងសមុទ្រដ៏អស្ចារ្យតែមួយនេះត្រូវគំរាមកំហែងដោយការអភិវឌ្ឍនិងទាមទារការការពារខ្លាំងជាងមុន។ រដ្ឋាភិបាលអូស្រា្តលីនៅតែទទូចថាខ្លួនជាអ្នកថែទាំដែលមានការទទួលខុសត្រូវលើឧទ្យាននេះរួចទៅហើយ។
ប្រព័ន្ធខ្យល់ព្យុះដែលមិនធ្លាប់មានពីមុនមកបានបោកបក់ទៅលើផ្នែកខាងចុងនៃភាគខាងត្បូងរបស់ឧទ្យានផ្កាថ្មប៉ប្រះទឹក Great Barrier Reef ក្នុងទសវត្សរ៍ទីមួយនៃសតវត្សនេះ។
គម្របផ្កាថ្មប្រមាណជា៥០ភាគរយបានបាត់បង់។ អ្នកវិទ្យាសាស្រ្តនិយាយថាឧទ្យានដែលមានទំហំប៉ុនប្រទេសអ៊ីតាលីនេះ ស្មើនឹងផ្ទៃទំហំ ៣៤ ម៉ឺន ៤ ពាន់ ៤រយ គ.ម. ការ៉េ ត្រូវការរយៈពេល២ទសវត្សរ៍នៃធាតុអាកាសធម្មតាដើម្បីដុះគម្របផ្កាថ្មទាំងនោះឡើងវិញ។
អាហារបំប៉នច្រើនហួសហេតុដែលបណ្តាលមកពីទឹកជំនន់ ការបូមដីពីបាតសមុទ្រ របៀបធ្វើកសិកម្មដែលមានគ្រោះថ្នាក់ បានធ្វើឲ្យផ្កាថ្មទាំងនោះបាត់បង់ពណ៌ និងជំរុញឲ្យការគំរាមកំហែងដ៏ធំរបស់ផ្កាថ្ម គឺត្រីសមុទ្រដែលមានរាងដូចផ្កាយ ដែលល្បីខាងស៊ីផ្កាថ្មទឹក ដុះកាន់តែច្រើនឡើងដែលមិនអាចគ្រប់គ្រងបាន។
អាជ្ញាធរអូស្រា្តលីក៏បានធ្វើផែនការសម្រាប់ការពង្រីកកំពង់ផែ Gladstone ដែលនៅជិតនេះ ឲ្យធំជាងមុនច្រើនដែរ ដើម្បីគ្រប់គ្រងការនាំចេញធ្យូងថ្ម ដែលធ្វើឲ្យក្រុមអ្នកបរិស្ថានមិនសប្បាយចិត្ត។
ជាការឆ្លើយតបនឹងការគំរាមកំហែងនេះ អង្គការ Greenpeace និងអង្គការ World Wildlife Fund ហៅកាត់ WWF បានចាប់ផ្តើមយុទ្ធនាការមួយដើម្បីធ្វើឲ្យឧទ្យានមួយនេះត្រូវបានចុះក្នុងបញ្ជីដែលមានគ្រោះថ្នាក់ដោយអង្គការ អ៊ុយណេះស្កូ (UNESCO)។
ការខឹងសម្បារបស់សាធារណជនដែលកើតឡើងបន្ទាប់ពីមានបញ្ហានេះ បានធ្វើឲ្យរដ្ឋាភិបាល អូស្រា្តលី ផ្តួចផ្តើមផែនការនិរន្តរភាពសម្រាប់រយៈពេលយូរ ដែលមានឈ្មោះថា The Reef 2050 Long Term Sustainability Plan ជាមួយនឹងថវិកា ១ពាន់៥រយលានដុល្លារក្នុងរយៈពេល១០ឆ្នាំខាងមុខ។
ក្នុងស្ថានភាពដែលអាចបាត់បង់ដោយសារផែនការនេះគឺ វិស័យទេសចរដែលរកចំណូលបាន ៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលផ្តល់ការងារដល់មនុស្ស ៧ ម៉ឺននាក់ ការចូលចតក្នុងកំពង់ផែដោយនាវាដឹកទំនិញនាំចេញដែលមានប្រាក់ចំណូលដល់ទៅជាង ២៦ ពាន់លានដុលា្លរ ហើយនិងអ្វីដែលសំខាន់ជាងនេះទៅទៀតគឺ ផ្កាថ្មទឹកសមុទ្រផ្ទាល់តែម្តង ដែលជាជម្រកសម្រាប់ត្រីជាង ១៥០០ប្រភេទ សិប្បិសត្វចំនួន ៥០០ប្រភេទ ផ្កាថ្មទឹករឹងនិងទន់ចំនួន៤០០ប្រភេទ និងបក្សីចំនួន ២៥០ប្រភេទ។
ផែនការរបស់ អូស្រ្តាលី គឺមានបំណងធ្វើឲ្យគុណភាពទឹកប្រសើរឡើងយ៉ាងច្រើន ដោយកាត់បន្ថយការបញ្ចេញជាតិនីដ្រូសែនដែលមានជាតិគីមីដែលកសិករប្រើ ឲ្យបាន៨០ភាគរយនៅឆ្នាំ២០២៥។ ផែនការនេះក៏អំពាវនាវឲ្យមានការធ្វើឲ្យដីភក់ធម្មជាតិមានការលូតលាស់ឡើងវិញ ដោយកាត់បន្ថយការបូមដីពីបាតសមុទ្រតាមផ្លូវនាវាចរណ៍ក្នុងសមុទ្រ និងហាមឃាត់មិនឲ្យចាក់ដីដែលបូមទៅក្នុងឧទ្យាននោះដែរ។
លោក Steven Miles ដែលជារដ្ឋមន្រ្តីក្រសួងបរិស្ថានរបស់រដ្ឋ Queensland និយាយថាផែនការរបស់រដ្ឋាភិបាលទទួលបានការគាំទ្រពីពលរដ្ឋពីគ្រប់និន្នាការនយោបាយ រួមមានទាំងក្រុមជនជាតិដើម កសិករ អ្នកវិទ្យាសាស្រ្ត និងអាជ្ញាធរកំពង់ផែ។
«នៅពេលខ្ញុំអង្គុយចុះពិភាក្សាជាមួយអង្គការ WWF ហើយនិយាយថា តើយើងត្រូវធ្វើអ្វីខ្លះដើម្បីជួយសង្រ្គោះផ្កាថ្មទឹកសមុទ្រទាំងនោះ។ ពួកគេនិយាយថា ជាការពិតណាស់ ក្នុងរយៈពេលវែង យើងត្រូវតែក្រឡេកមើលការប្រែប្រួលអាកាសធាតុ ប៉ុន្តែនិយាយដោយស្មោះត្រង់ ប្រសិនបើយើងមិនដោះស្រាយការចាក់ចោលដីដែលបូម និងគុណភាពទឹកមុននោះទេ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនឹងមិនបានលទ្ធផលអ្វីទេ»។
ការប្រែប្រួលអាកាសធាតុជាកត្តាសង្ស័យចម្បងដែលធ្វើឲ្យខូចផ្កាថ្មទឹកសមុទ្រ ជាមួយនឹងសីតុណ្ហភាពដែលគេគិតទុកថានឹងកើនឡើងពី ២ទៅ៤អង្សាសេ នៅត្រឹមឆ្នាំ២០៥០។ ប៉ុន្តែ លោក Russell Reitchelt ដែលជាប្រធាននៃអាជ្ញាធរឧទ្យាន Great Barrier Reef Marine Park ក្នុងទឹកសមុទ្រ និយាយថា ការពិភាក្សាអំពីការកើនឡើងនៃសីតុណ្ហភាពគួរតែទុកជាបញ្ហាដាច់ដោយឡែកមួយ។
«ក្តីបារម្ភដ៏ធំបំផុតសម្រាប់ផ្កាថ្មទឹកសមុទ្រ ក្នុងរយៈពេលវែង គឺការប្រែប្រួលអាកាសធាតុ គ្រោះថ្នាក់នៃការកើនឡើងនៃសីតុណ្ហភាពដែលប៉ះពាល់ដល់ផ្កាថ្មទឹក ទឹកសមុទ្រ ដែលមានជាតិអាស៊ីដកាន់តែច្រើន ហើយប៉ះពាល់ទៅលើកំណើនផ្កាថ្មនិងការធា្លក់ចុះនៃភាពរឹងមាំរបស់វា។ នេះជាបញ្ហាទី១។ បញ្ហាទី២ គឺការបង្ហូរជាតិកខ្វក់ពីលើដី ដូចជាជី និងថ្នាំសម្លាប់សត្វល្អិតចូលទៅក្នុងសមុទ្រ និងការច្រោះដីហួសហេតុ បន្ទាប់ពី១៥០ឆ្នាំនៃការធ្វើកសិកម្ម»។
រដ្ឋាភិបាលរបស់រដ្ឋ Queensland បានដាក់ប្រាក់ស្មើនឹងការសន្យារបស់រដ្ឋាភិបាលសហព័ន្ធ ដើម្បីបន្ថែមថវិកាចំនួន៧៥លានដុល្លារសម្រាប់ចំណាយក្នុងរយៈពេល៥ឆ្នាំដើម្បីប្រយុទ្ធប្រឆាំងការធ្វើឲ្យកខ្វក់ទៅលើផ្កាថ្មទឹក ខណៈពេលដែលធ្វើការសុំជំនួយពីសហគមន៍ជនជាតិដើមក្នុងតំបន់នោះដែរ។
ក្នុងចំណោមមនុស្ស១លាននាក់ដែលរស់នៅតាមបណ្តោយឆ្នេរសមុទ្រដែលមានឧទ្យាន Great Barrier Reef នេះ មានជនជាតិដើមចំនួន ២ម៉ឺននាក់ មកពី៧២កុលសម្ព័ន្ធ ដែលបុព្វបុរសរបស់ពួកគេបានរស់នៅតាមឆ្នេរសមុទ្រផ្កាថ្មនេះ អស់រយៈពេល ៨ពាន់ឆ្នាំមកហើយ។
លោក Duane Fraser បុគ្គលជាន់ខ្ពស់ម្នាក់ក្នុងចំណោមពួកគេទាំងនោះបានកត់សម្គាល់ថា មានមនុស្សវ័យចំណាស់ក្នុងកុលសម្ព័ន្ធបានចូលរួមក្នុងការពិភាក្សា ច្រើនជាងសមាជិកសភារបស់អូស្រា្តលី។
«សម្រាប់ម្ចាស់ប្រពៃណីនិងសម្រាប់ផ្កាថ្មទឹកសមុទ្រ វាមានសារៈសំខាន់ណាស់ដែលតួនាទីរបស់ពួកយើងនៅក្នុងការគ្រប់គ្រងប្រទេសប្រពៃណីរបស់យើង ត្រូវបានគេសំគាល់និងការពារ ហើយថាយើងនឹងបន្តមានកន្លែងមួយនៅក្នុងតំបន់នេះមិនត្រឹមតែដើម្បីចូលរួមចំណែកប៉ុន្តែនាំមុខក្នុងការគ្រប់គ្រងរួមគ្នាទៅលើសម្បត្តិបុរាណរបស់យើង»។
ផ្នែកពាក់កណ្តាលខាងជើងនៃផ្កាថ្មទឹកសមុទ្រនេះនៅតែស្ថិតក្នុងស្ថានភាពល្អ ហើយអង្គការ WWF ផ្តល់ការគាំទ្រគ្រប់គ្រាន់សម្រាប់ផែនការនិងការយកចិត្តទុកដាក់របស់ខ្លួនទៅលើផ្នែកខាងចុងនៃភាគខាងត្បូង ប៉ុន្តែអង្គការអភិរក្សមួយនេះនិយាយថា ការផ្តល់មូលនិធិមិនបានឈានដល់ចំនួនដែលគេបានរំពឹងទុកទេ ដោយសារតែគេរំពឹងថាផ្កាថ្មទឹកនេះអាចរកចំណូលបាន ២៥ ពាន់លានដុលា្លរសម្រាប់សេដ្ឋកិច្ចអូស្រា្តលីនៅរយៈពេល៥ឆ្នាំខាងមុខ។
អង្គការ Greenpeace និយាយថា ផែនការនោះនឹងមិនគ្រប់គ្រាន់ទេ ហើយវានៅតែអនុញ្ញាតឲ្យមានការពង្រីកផែពាណិជ្ជកម្ម ហើយនិងអនុញ្ញាតឲ្យមានអណ្តូងរ៉ែធ្យូងកាន់តែច្រើន។
គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលមានប្រទេសចំនួន២១ជាសមាជិក ហើយមានប្រទេសអាឡឺម៉ង់ជាប្រធាននោះ នឹងធ្វើការសម្រេចចិត្តជាបឋមទៅលើស្ថានភាពរបស់ផ្កាថ្មទឹកសមុទ្រនៅខែក្រោយ មុនសន្និសីទចុងក្រោយដែលនឹងត្រូវធ្វើនៅក្រុង Bonn ក្នុងខែមិថុនា៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ