អង្គការ Save the Mekong​ ​អំពាវនាវ​ឲ្យ​ផ្អាក​ការ​សាង​សង់​ទំនប់ ក្រោយ​ការ​បាក់​ទំនប់​វារីអគ្គិសនី​នៅ​ឡាវ

រូបឯកសារ៖ គំរូ​ទំនប់​វារី​អគ្គីសនី Xepian-Xenamnoi ក្នុង​ប្រទេស​ឡាវ។​ (រូប​ផ្តល់ឲ្យ)

ក្រោយ​ទំនប់​វារីអគ្គិសនី​មួយ​ក្នុង​ប្រទេស​ឡាវ ​បាន​បាក់​កាលពី​សប្ដាហ៍​មុន​ ​​ដោយ​បណ្ដាល​ឲ្យ​មនុស្ស​ជិត​៣០​នាក់​បាត់​បង់​ជីវិត​និង​ប៉ះពាល់​ដល់​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​រស់​នៅ​ខេត្ត​ស្ទឹងត្រែង​​ផង​នោះ​ ​នៅ​សប្ដាហ៍​នេះ​ ​អង្គការ​Save the Mekong​​ ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ទាម​ទារ​ឲ្យ​អ្នក​ពាក់​ព័ន្ធ​នឹង​ទំនប់​ទឹក​នោះ​ទទួល​ខុស​ត្រូវ​រាល់​ការ​បាត់​បង់​ ​និង​ការ​ខូចខាត​ទាំង​នៅ​ប្រទេស​ឡាវ​និង​កម្ពុជា ព្រម​ទាំង​អំពាវនាវ​ឱ្យ​ ផ្អាក​ការ​សាង​សង់​ទំនប់​វារីអគ្គិសនី​លើ​ដង​ទន្លេ​មេគង្គ​ជាបន្ទាន់។

អង្គការ​ដែល​ធ្វើ​ការ​ងារ​ការ​ពារ​ទន្លេមួយ​ឈ្មោះ​Save the Mekong​ ​នៅ​ថ្ងៃសុក្រ​នេះ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ផ្អាក​គម្រោង​សាង​សង់​ទំនប់​នា​នា​លើ​ដង​ទន្លេ​មេគង្គ​ ក្រោយ​ការ​បាក់​ទំនប់​វារីអគ្គិសនី​នៅ​ប្រទេស​ឡាវ​ ​ដ៏​គួរ​ឱ្យ​បារម្ភ។​

​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ អង្គការ​ ​Save the Mekong​ ​ដែល​ជា​សម្ព័ន្ធ​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល ក្រុម​សហគមន៍ និង​ប្រជា​ពលរដ្ឋដែល​បារម្ភ​អំពីទន្លេ​មេគង្គ​ក្នុង​តំបន់​ ​បាន​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«ការ​បាក់​ទំនប់​ ​Xe-Pian Xe-Namnoy​ ​គឺជា​គ្រោះ​មហន្តរាយ​មួយ​ ​ប៉ុន្តែ​មិន​មែន​ជា​គ្រោះ​មហន្តរាយ​ធម្ម​ជាតិ​ទេ។​ ​វា​គឺជា​គ្រោះ​មហន្តរាយ ដែល​បណ្ដាល​មកពី​កំហុស​ឆ្គង​របស់​មនុស្ស​ ​ដែល​កំហុស​ឆ្គង​នេះ ​ជា​ចំណែក​របស់​អ្នកសាង​សង់​ទំនប់»។​

អង្គការ​ ​Save The Mekong​ ​ក៏​បាន​បញ្ជាក់​ថា​ ​គម្រោង​ទំនប់​វារីអគ្គិសនី​Xe-Pian Xe-Namnoy​ ​ធ្វើ​ឡើង​ដោយ​ខ្វះ​ការ​ពិគ្រោះ​យោបល់ ខ្វះ​ការ​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​បរិស្ថាន​ ​និង​បាន​ផ្លាស់ប្ដូរ​ចរន្ត​ខ្សែ​ទឹក​ហូរ និង​គុណ​ភាព​ទឹក​ ​ព្រម​ទាំង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលិត​ភាព​ជលផល​ក្នុង​ស្រុក ដោយ​អ្នក​ភូមិ​មិន​ទទួល​បាន​សំណង​ចំពោះ​ការ​ខូចខាត​នោះ​ទេ។​

​អង្គការ​នេះ​ ក៏​បាន​ទាមទារ​ឲ្យ​អ្នក​អភិវឌ្ឍន៍​គម្រោង និង​អ្នក​ផ្ដល់​ហិរញ្ញ​វត្ថុ ត្រូវ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​ការ​បាត់​បង់ និង​ខូចខាត​ទាំង​អស់ ទាំង​នៅ​ក្នុង​ប្រទេស​ឡាវ និង​កម្ពុជា។

អង្គការ​នេះ​ ក៏​បាន​អំពាវនាវ​ដល់រដ្ឋាភិបាល​តាម​ដង​ទន្លេ​មេគង្គ​ក្រោម ឱ្យ​ផ្អាក​គម្រោង​ទំនប់​វារីអគ្គិសនី​ដែល​គ្រោង​សាង​សង់​ក្នុង​អាង​ទន្លេ​មេគង្គ ដោយ​ត្រូវ​រង់ចាំ​ការ​ពិនិត្យ​ឡើង​វិញ​គ្រប់​ជ្រុងជ្រោយ​ជា​ដើម។

​កាល​ពី​ថ្ងៃ​ទី២៤​ ​ខែ​កក្កដា​ ​ទំនប់​វារីអគ្គិសនី​ ​Xe-Pian Xe-Namnoy​ ​របស់​ប្រទេស​ឡាវ​បាន​បាក់​ ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សហគមន៍​នៅ​ភាគ​ខាង​ត្បូង​ ​និង​នៅ​តាម​តំបន់​ខ្សែ​ទឹក​ខាង​ក្រោម​នៃ​ប្រទេស​កម្ពុជា។​ ​មនុស្ស​ក្នុង​ប្រទេស​ឡាវ​យ៉ាង​ហោច​ណាស់​២៧​នាក់​បាន​ស្លាប់​ ជាង​១៣០​នាក់បាត់​ខ្លួន​ ​និង​ជាង​៣​ពាន់​នាក់​ផ្សេង​ទៀត​គ្មាន​ទី​ជម្រក។​ ​ចំណែក​ពលរដ្ឋ​កម្ពុជា​ដែល​កំពុង​រស់​នៅ​ខេត្ត​ស្ទឹងត្រែង​ជិត​៦​ពាន់​នាក់​ ​ក៏ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​ដោយ​សារ​ទឹក​ជំនន់​ពី​ការ​បាក់​ទំនប់​នោះ។

សេចក្ដី​ថ្លែង​ការណ៍​របស់​អង្គការ​ ​Save the Mekong​ ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ ​ក៏​បាន​បន្ថែម​ថា​ ​ប្រជាជន​ភាគ​ច្រើន​នៅ​ប្រទេស​ឡាវ​ ​និង​នៅ​តាម​ដង​ទន្លេ​មេគង្គ​ ​ងាយ​នឹង​រង​គ្រោះ​ដោយ​សារ​មហន្តរាយ​បែប​នេះ ក៏​ដូចជា​រង​គ្រោះ​ពី​ហានិភ័យ​ផ្សេងៗ​ដែល​ចេញ​ពី​ការ​បំផ្លាញ​បរិស្ថាន​ដ៏​សម្បើម ដោយ​សារ​ទំនប់​វារីអគ្គិសនី​ធំៗ​ចំនួន​១១​នៅ​តាម​តួ​ទន្លេ​មេគង្គ​ក្រោម​ ​និង​ទំនប់​ចំនួន​១២០​ទៀត​ដែល​គ្រោង​សាង​សង់​តាម​ដៃ​ទន្លេ​នា​នា​ ​ដែល​គម្រោង​ទាំង​នេះ​ គ្រោង​នឹង​ធ្វើ​ឲ្យ​រួច​រាល់​នៅ​ឆ្នាំ​២០៤០។​

ប្រទេស​ឡាវ​ កំពុង​សាង​សង់​ទំនប់​វារីអគ្គិសនី​មួយ​ចំនួន​នៅ​លើ​តួ​មេ​ទន្លេ​មេគង្គ​ក្រោម​ ​ក្នុង​នោះ​មាន​ទំនប់​សាយ៉ាប៊ូរី (Xayaburi)​ ​និង​ដន​ ​សាហុង​ ​(Don Sahong)​ ​ដែល​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះពាល់​លើ​ធនធាន​ទឹក​ ​និង​ត្រី។​

​ប្រទេស​ឡាវ ​ក៏​មាន​គម្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី​មួយ​ទៀត​ឈ្មោះ​ ​ប៉ាក់ បេង (Pak Beng)​ ​ដែល​ផ្ដល់​ថាមពល​៩១២​មេហ្គាវ៉ាត់​ ​និង​មាន​តម្លៃ​ប្រមាណ​២,៣៧២​លាន​ដុល្លារ​អាមេរិក។​ ​បច្ចុប្បន្ន​គម្រោង​មួយ​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ពិគ្រោះ​យោបល់​តាម​យន្តការ​របស់​គណៈ​កម្មការទន្លេ​មេគង្គ​ ​ខណៈ​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ដែល​ធ្វើ​ការងារ​លើ​បរិស្ថាន​នៅ​កម្ពុជា ​បារម្ភ​ថា​ ​ទំនប់​នេះ​នឹង​ប៉ះពាល់​លំហូរ​ទឹក​ ​និង​ធនធាន​ជលផល​នៅ​កម្ពុជា។

VOA​ ​មិន​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​តាម​ទូរស័ព្ទ​ពី​លោក​ ​Daovong Phonekeo​ ​រដ្ឋ​លេខាធិការ​អចិន្ត្រៃយ៍​នៃ​ក្រសួង​ថាមពល​ ​និង​រ៉ែ​ប្រទេស​ឡាវ​បាន​ទេ។​ ​ចំណែក​សារ​អេឡិចត្រូនិក​ ​ឬ​អ៊ីមែល​ ​មិន​មាន​ការ​ឆ្លើយតប​ ​រហូត​ដល់​ល្ងាច​ថ្ងៃ​សុក្រ​នេះ។ ​

លោក ចាន់ យុត្ថា អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុ​និយម ប្រាប់​ ​VOA​ ​ថា​កម្ពុជា​បាន​រង​ផល​ប៉ះពាល់​ដោយ​សារ​ការ​បាក់​ទំនប់​សេ​ពាន​ក្នុង​ប្រទេស​ឡាវ​ ​កាលពី​សប្ដាហ៍​មុន​ ​ដោយ​បាន​បណ្ដាល​ឲ្យ​ឃុំ​ចំនួន​៤ នៃ​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង ត្រូវ​លិចលង់ តែ​មិន​មាន​ប៉ះពាល់​ដល់​ជីវិត​មនុស្ស​សត្វ​នោះ​ទេ។ ទោះ​យ៉ាង​ណា​លោក​ថា រហូត​មក​ដល់​ពេល​នេះ ទឹក​ដែល​ជន់​ដោយ​សារ​ការ​បាក់​ទំនប់​សេពាន បាន​ស្រក​ទៅ​វិញ ប៉ុន្តែ​លោក​ថា មិន​ទាន់​អាច​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​បាន​នៅ​ឡើយ។

លោក​ ​ចាន់ យុត្ថា​ ​បន្ថែម​ថា ទាំង​កម្ពុជា និង​ឡាវ តែង​មាន​ការ​ប្រឈម​ស្រដៀង​គ្នា​ពាក់​ព័ន្ធ​នឹង​ទំនប់​ទឹក ​ ​ប៉ុន្តែ​លោក​ថា កម្ពុជា​មាន​ការ​គ្រប់​គ្រង និង​ទប់ស្កាត់យ៉ាង​ហ្មត់ចត់ ដែល​អាច​ការពារ​មិន​ឲ្យ​ការ​បាក់​ទំនប់​កើត​ឡើង។​

លោក​មាន​ប្រសាសន៍​ថា៖​

«ក្នុង​ការ​សាង​សង់​ទៀត​សោត​ ​គឺ​ធានា​នូវ​គុណភាព ក៏​ដូចជា​យើង​គិត​អំពី​បរិមាណ​ធារ​ទឹក​ដែល​ចូល និង​ចេញ​ច្បាស់​លាស់​ណាស់។​ ​ដូច​ខ្ញុំ​បាន​បញ្ជាក់​អញ្ចឹង យើង​មាន​សំណង់​បង្ហៀរ កាលណា​យើង​ចង់​ស្តុក​ទុក​ប៉ុណ្ណា​ហើយ​បើសិនជា​លើស​វា​ហូរ​តាម​សំណង់​បង្ហៀរ តាម​លើ​ទំនប់​បង្ហៀរ។​ ​ហើយ​បើ​បរិមាណ​ភ្លៀង​ធ្លាក់​ច្រើន​ ​វា​កើន​លើស​ទំនប់​បង្ហៀរ​ហ្នឹង ​យើង​មាន​ទ្វារ​ទឹក​សម្រាប់​ជួយ​ដោះ​បន្ថែម​ទៀត»។

លោក​បញ្ជាក់​បន្ថែម​ថា៖​

«ដូច្នេះ​ការ​គ្រប់​គ្រង​របៀប​នេះ​ ​ហើយ​មក​ដល់​ឥលូវ​នេះ​ ​ប្រព័ន្ធ​គ្រប់​គ្រង​របស់​យើង​បើ​ទោះ​បី​ថា​កន្លែង​ខ្លះ​នៅ​តំបន់​ព្រៃ​ភ្នំ នៅ​ចង្កេះភ្នំ ឧទាហរណ៍​ដូច​ទំនប់​តាសាល ដែល​នៅ​លើ​ចង្កេះ​ជួរ​ភ្នំ​ឱរ៉ាល់ ក៏​ប៉ុន្តែ​យើង​នៅ​មាន​សមត្ថភាព​គ្រប់​គ្រង យើង​មាន​កម្លាំង​ប្រចាំ​ការ អញ្ចឹង​យើង​មិន​ងាយ​នឹង​ភ្លាំងភ្លាត់​នោះ​ទេ សំខាន់​ការ​គ្រប់​គ្រង​របស់​យើង​ហ្មត់ចត់»។

យ៉ាង​ណា​ក៏​ដោយ​ ​លោក​ ​ចាន់ យុត្ថា​ ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ពាក់​ព័ន្ធ​នឹង​សេចក្ដី​ថ្លែង​ការណ៍​របស់​ ​Save the Mekong​ ​ដោយ​លោក​បង្វែរ​សំនួរទៅ​សួរ​ខាង​គណៈកម្មាធិការ​ជាតិទន្លេ​មេគង្គ​ ​និង​ថា​គណៈកម្មាធិការ​នេះ​ ជា​អ្នក​មាន​សមត្ថកិច្ច​ពាក់​ព័ន្ធ​នឹង​ទំនប់​នៅ​កម្ពុជា។​

​ប៉ុន្តែ​លោក​ ​តែ ណាវុធ​ ​អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិទន្លេ​មេគង្គ​កម្ពុជា​ ​និង​ជា​ប្រធាន​គណៈកម្មាធិការ​រួម​នៃ​គណៈ​កម្មការទន្លេ​មេគង្គ​ មិន​ទទួល​ទូរស័ព្ទ។

ថ្មីៗ​នេះ​ ​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ដែល​ធ្វើ​ការ​ផ្នែក​បរិស្ថាន​ ​និង​ប្រជា​សហគមន៍​នេសាទ​ បាន​បង្ហាញ​ការ​បារម្ភ​អំពី​ការ​បាត់​បង់​មច្ឆា​ជាតិ​ទឹក​ ​និង​ជីវចម្រុះ​ ​ពិសេស​ធ្វើ​ឲ្យ​របប​ទឹក​ភ្លៀង​ ​និង​ការ​នេសាទ​លែង​ទៀង​ទាត់​ ​ដោយ​សារ​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​នៅ​លើ​តួ​មេ​នៃទន្លេ​មេគង្គ​ ​ក៏​ដូចជា​ផ្នែក​ខ្លះ​នៃ​ដៃ​ទន្លេ​នេះ ​ចេះ​តែ​រីក​ធំ៕