ប្រទេស​អារ៉ាប៊ី​សាអូឌីត​ព្យាយាម​ផលិត​ប្រេង​​ឡើង​វិញ​បន្ទាប់​ពីការ​វាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក (ដ្រូន)

ភ្លើង​ឆាបឆេះ បន្ទាប់​ពី​មាន​ការ​វាយប្រហារ​ដោយ​ដ្រូន ទៅ​លើ​កន្លែង​ចម្រាញ់​ប្រេង​របស់​ក្រុមហ៊ុន​អារ៉ាប៊ី​សាអូឌីត​ឈ្មោះ Aramco នៅ​ក្នុង​ក្រុង Buqayq ប្រទេស​អារ៉ាប៊ី​សាអូឌីត កាលពី​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩។

ប្រទេស​អារ៉ាប៊ី​សាអូឌីត កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលម្សិញ បាន​ព្យាយាម​ធ្វើ​ឲ្យ​មាន​ដំណើរការ​ឡើង​វិញ​នៅ​ឯ​វាល​អណ្តូង​ប្រេង​ដ៏​សំខាន់​មួយ​របស់​ខ្លួន​បន្ទាប់​ពី​ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក (ដ្រូន)​ ដែល​បាន​កាត់​បន្ថយ​ផលិត​ផល​ចំនួន​ពាក់​កណ្តាល​របស់​ព្រះ​រាជាណាចក្រ​នេះ ​ខណៈដែល​បាន​និយាយ​ដែរថា ​ខ្លួន​នឹងជីក​អណ្តូង​ប្រេងបម្រុង​របស់​ខ្លួន​ដើម្បី​បង្កើន​ការនាំប្រេងចេញ​ទៅ​កាន់​ទីផ្សារ​ពិភពលោក។

ក្នុង​ខណៈ​នោះ​ដែរ ​មាន​ភាព​មិន​ប្រាកដប្រជា​កាន់​តែ​ខ្លាំង​ឡើង​អំពីការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​ដែល​បាន​កាត់បន្ថយ​ផលិត​ប្រេង​អារ៉ា​ប៊ី​សាអូឌីត ​ប្រហែល​៥លាន​៧សែន​ធុង​ក្នុង​មួយ​ថ្ងៃ ​ជិត៦ភាគរយ​នៃ​ការ​ផ្គត់ផ្គង់​ប្រេងឆៅ​របស់​ពិភពលោក​ហើយ​ដែល​ទីកន្លែង​នៃការវាយ​ប្រហារ​កាំជ្រួច​មីស៊ីល​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ​បាន​ចាប់​ផ្តើម។

​កង​ជីវពលនៃ​ប្រទេស​យេម៉ែន​ដែល​គាំទ្រ​ដោយប្រទេស​អ៊ីរ៉ង់ ​បាន​អះអាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នេះ ​ក៏ប៉ុន្តែ រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក​ Mike Pompeo ​បាន​ស្តី​បន្ទោស​អ៊ីរ៉ង់​ហើយ​បាន​ច្រាន​ចោល​ពីការ​ទាក់​ទិន​របស់​ក្រុមឧទ្ទាម Houthis។

រដ្ឋមន្ត្រី​ការបរទេសអាមេរិក​លោក Pompeo បាន​និយាយ​នៅ​លើ​បណ្តាញ​ព័ត៌មាន​សង្គម​ដោយ​និយាយ​យោង​ដល់​ប្រធានា​ធិបតី Hassan Rouhani និង​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​លោក Mohammed Javad Zarif ថា «រដ្ឋាភិបាល​ក្រុង Tehran ​បាន​ស្ថិត​នៅ​ពី​ក្រោយ​នៃ​ការ​វាយ​ប្រហារ​នេះ​មួយ​រយ​ភាគរយ​លើ​ប្រទេស​អារ៉ាប៊ី ​សាអូឌីត ​ខណៈ​ដែលប្រធានាធិបតី Rouhani និង​រដ្ឋ​មន្ត្រី​ការបរ​ទេស​អ៊ីរ៉ង់ Zarif ធ្វើ​ពុត​ជា​ខិត​ខំ​ក្នុង​វិស័យការ​ទូត»។

រដ្ឋាភិបាល​អ៊ីរ៉ង់ បាន​ច្រាន​ចោល​ការ​អះអាង​របស់​លោករដ្ឋ​មន្ត្រី​ការ​បរទេស​អា​មេរិក ​ដោយ​រដ្ឋ​មន្ត្រី​ការបរទេស​អ៊ីរ៉ង់​លោក Zarif បាន​និយាយថា «ការ​បរាជ័យ​ក្នុង​ការ​ដាក់​គំនាប​ជា​អតិបរមា» របស់​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក ​បាន​ក្លាយ​ជា​ការ​បោក​ប្រាស់​ជា​អតិបរមា៕