មេដឹកនាំ​នានា​បន្ថែម​ទៀត​លើ​ពិភពលោក​អបអរសាទរ​លោក Joe Biden

ពលរដ្ឋអាមេរិកាំងកាន់បដារូបលោក Joe Biden និងអ្នកស្រី Kamala Harris បន្ទាប់ពីបណ្តាញផ្សាយព័ត៌មាន បានព្យាករណ៍ថាឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្បែរសេតវិមាន ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០។

ព្រះ​មហាក្សត្រ Salman bin Abdulaziz និង​ព្រះ​អង្គម្ចាស់​រជ្ជទាយាទ Mohammed bin Salman ដែល​ជា​ព្រះរាជ​បុត្រ​របស់​ព្រះ​អង្គ កាលពី​ថ្ងៃ​អាទិត្យ​ បាន​ចូលរួម​ជាមួយ​បណ្តា​ប្រទេស​អារ៉ាប់​ផ្សេង​ទៀត នៅ​ក្នុង​ការ​អបអរសាទរ​ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​អនុ​ប្រធានាធិបតី​ជាប់​ឆ្នោត​អ្នកស្រី Kamala Harris។

ទីភ្នាក់ងារ​ព័ត៌មាន SPA បាន​បញ្ជាក់​ថា៖ «ព្រះ​មហាក្សត្រ Salman បាន​សរសើរ​ទំនាក់​ទំនង​ដ៏​អស្ចារ្យ​ជា​ប្រវត្តិសាស្ត្រ​និង​ជិតស្និទ្ធ​រវាង​ប្រទេស​ជា​មិត្ត​និង​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ ដែល​មនុស្ស​គ្រប់​គ្នា​ចង់​ពង្រឹង​និង​អភិវឌ្ឍ​នៅ​គ្រប់​កម្រិត​ទាំង​អស់»។

កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ផង​ដែរ នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​អបអរសាទរ​លោក Biden និង​អ្នកស្រី Harris ដោយ​បាន​បញ្ជាក់​តាម Twitter ថា៖ «លោក Joe យើង​មាន​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​ជា​យូរ​អង្វែង​និង​កក់ក្តៅ​អស់​រយៈពេល​ជិត ៤០ ឆ្នាំ មក​ហើយ ហើយ​ខ្ញុំ​ដឹង​ថា លោក​ជា​មិត្ត​ដ៏​អស្ចារ្យ​របស់​ប្រទេស​អ៊ីស្រាអែល។ ខ្ញុំ​ទន្ទឹង​រង់ចាំ​ធ្វើការ​ជាមួយ​អ្នក​ទាំង​ពីរ ដើម្បី​ពង្រឹង​បន្ថែម​ទៀត​នូវ​សម្ព័ន្ធភាព​ពិសេស​រវាង​សហរដ្ឋ​អាមេរិក​និង​អ៊ីស្រាអែល។

រី​ឯ​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​លោក Ashraf Ghani វិញ បាន​ផ្ញើ​សារ​អបអរសាទរ​តាម Twitter ដូច្នេះ​ថា៖ «ប្រទេស​អាហ្វហ្គានីស្ថាន​ទន្ទឹង​រង់ចាំ​បន្ត​ពង្រឹង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ពហុ​កម្រិត​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ដែល​ជា​ដៃគូ​ដ៏​សំខាន់​របស់​យើង លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម និង​ការ​នាំ​សន្តិភាព​មក​កាន់​ប្រទេស​អាហ្វហ្គានីស្ថាន​ជាដើម»។

ចំណែក​ឯ​សម្ដេច​សង្ឃ Dalai Lama នៃ​តំបន់​ទីបេ​វិញ ក៏​បាន​អបអរសាទរ​លោក Biden ផង​ដែរ ដោយ​មាន​សង្ឃដីកា​ថា៖ «មនុស្ស​ជាតិ​ដាក់​ក្ដី​សង្ឃឹម​ខ្ពស់​លើ​ចក្ខុវិស័យ​ប្រជាធិបតេយ្យ និង​ភាព​ជា​អ្នក​ដឹកនាំ​របស់​សហរដ្ឋ​អាមេរិក ក្នុង​នាម​ជា​មេដឹកនាំ​លើ​ពិភពលោក​បែប​សេរី។ ជា​ពិសេស​នៅ​ក្នុង​ពេល​ដែល​មាន​ការ​ប្រឈម​ទាំង​នេះ ខ្ញុំ​សង្ឃឹម​ថា អ្នក​នឹង​អាច​រួម​ចំណែក​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ពិភពលោក​មាន​សន្តិភាព​ជាង​មុន ដែល​មនុស្ស​ដែល​រងគ្រោះ​ដោយសារ​ភាព​ក្រីក្រ និង​ភាព​អយុត្តិធម៌​អាច​ធូរស្រាល​បាន។ ភាព​ចាំបាច់​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំង​នេះ ក៏ដូចជា​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ផងដែរ គឺ​សំខាន់​ណាស់»៕