ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ឥណ្ឌា​ក្នុង​ភូមិ​កំណើត​ជីដូន​ជីតា​របស់​អ្នក​ស្រី Kamala Harris អបអរ​សាទរ​ជ័យ​ជម្នះ​របស់​អ្នកស្រី


ស្ត្រីៗ​​នៅ​ក្នុងភូមិ Painganadu រដ្ឋ Tamil Nadu ប្រទេស​ឥណ្ឌា នាំ​គ្នា​សាទរ​ជ័យជម្នះ​របស់​អ្នកស្រី Kamala Harris សម្រាប់​តំណែង​អនុប្រធាធិបតីសហរដ្ឋអាមេរិក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅ​ក្នុងប្រទេស​ឥណ្ឌា​ ពលរដ្ឋ​ក្នុងភូមិ​កំណើតជីដូន​ជីតារបស់​អ្នក​ស្រី Kamala Harris ដែល​ទើប​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ឈ្នះឆ្នោត​ក្លាយ​ជា​អនុប្រធានាធិបតី​របស់​សហរដ្ឋ​អាមេរិក​នោះ​ បាន​ដុត​កាំជ្រួចដើម្បី​អប​អរ​ដល់​ជ័យ​ជម្នះ​របស់អ្នក​ស្រី​ ហើយពូ​ខាង​ម្តាយ​របស់​អ្នក​ស្រីដែល​មាន​ទី​លំនៅ​ក្នុងទី​ក្រុង​ New Delhi ប្រទេស​ឥណ្ឌា​នោះ​ បាន​ទទួល​ទូរស័ព្ទ​ហៅ​ចូលគ្មានលោះ​ពេល ​ពី​ក្រុម​អ្នក​យក​ព័ត៌មាន​ ​ខណៈ​ពេល​ដែល​ពលរដ្ឋ​សាមញ្ញ​ឥណ្ឌា​ មាន​មោទនភាពដែល​អ្នក​ស្រី Kamala Harris ដែល​មានដើម​កំណើតមួយ​ផ្នែក​មក​ពី​ប្រទេស​ឥណ្ឌា​នោះ​ បាន​បង្កើត​នូវ​ប្រវត្តិសាស្ត្រ​ក្នុង​សហរដ្ឋ​អាមេរិកក្រោយ​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ក្លាយ​ជា​អនុប្រធានាធិបតីស្រី្ត​ដំបូង​បំផុត​ក្នុងសហរដ្ឋអាមេរិក​។​

ប្រទេស​ឥណ្ឌា​ធ្លាប់​មាន​មេដឹកនាំ​ជា​ស្ត្រីកាល​ពី​ជាង​៥០​ឆ្នាំ​មុន​ នៅ​ពេល​ដែល​អ្នកស្រី ​Indira Gandhi (អ៊ីនដ្រា ហ្កាន់ធី) បាន​ក្លាយជានាយក​រដ្ឋមន្ត្រីស្រ្តី​ជា​លើក​ដំបូង​របស់​ឥណ្ឌា​ ក្នុង​ឆ្នាំ​១៩៦៦ នោះ​។

ក្នុង​ភូមិ Thulasendirapuram (ធូឡាសិនឌីរ៉ាភូរ៉ាម) ក្នុង​រដ្ឋ​ Tamil Nadu ​ភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌា ដែល​ជា​ភូមិកំណើត​របស់​ជីតា​អ្នកស្រី Kamala Harris នោះ​ ពលរដ្ឋ​បាន​បង្ហាញ​ពី​អារម្មណ៍​សប្បាយ​រីក​រាយនិងអប​អរ​សារទរ ដោយ​ស្រ្តី​មួយ​ចំនួន​ បាន​គូរ​រូបភាពនៅ​លើ​ជញ្ជាំង ហើយ​ក្មេង​ៗ​បាន​នាំ​គ្នា​លើកផ្ទាំង​រូបភាព​អ្នក​ស្រី Harris ហើយ​ពលរដ្ឋ​ផ្សេង​ៗ​មួយ​ចំនួន​ទៀតបាន​អរគុណ​ដល់​ព្រះវិហារ​សាសនា​ក្នុងភូមិ​របស់​គេ​ ដែល​បាន​ជួយ​ឲ្យ​អ្នកស្រី​ឈ្នះ​ការ​បោះ​ឆ្នោត​នោះ ដោយ​ពួក​គេ​ហៅ​អ្នកស្រី​Kamala Harris ​ថា​ជា«កូនស្រី​នៃ​ភូមិ​របស់​គេ»ផ​ង​ដែរ។

លោក Gopalan Balachandran ពូ​ខាង​ម្ដាយ​របស់​អ្នកស្រី Kamala Harris។
លោក Gopalan Balachandran ពូ​ខាង​ម្ដាយ​របស់​អ្នកស្រី Kamala Harris។

ដោយ​ឡែ​កនៅ​ផ្ទះ​ពូ​ខាង​ម្តាយ​របស់​អ្នក​ស្រី​ក្នុង​ក្រុង New Delhi នោះ​វិញ​ ការ​អបអរ​សាទរ​ដល់​អ្នក​ស្រី Kamala Harris មាន​ភាព​ចម្រុះ​ជាមួយ​នឹង​ជ័យ​ជម្នះរបស់​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​ការ​បោះ​ឆ្នោត​សហរដ្ឋ​អាមេរិក​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៣ ​វិច្ឆិកា​ កន្លង​ទៅ​នេះ។​

គ្រូបង្រៀន​ចូល​និវត្តន៍​ម្នាក់អាយុ​៧៩​ឆ្នាំ លោក Balachandran បា្រប់​វីអូអេ​ថា​ «ខ្ញុំ​ចូលរួម​សាទរ​ជា​មួយ​អ្នកស្រី Kamala Harris តែ​ខ្ញុំ​ក៏​សប្បាយ​រីករាយ​សម្រាប់​ពួក​យើង​ទាំង​អស់​គ្នា​ផង​ដែរ។​ ខ្ញុំ​មាន​ការ​បារម្ភ​ពី​ទិស​ដៅ​នៃ​បរិយាកាសសន្តិសុខ​អន្តរជាតិ​ទាំង​មូល»។​

សម្រាប់​ជន​ជាតិ​ឥណ្ឌា​ភាគ​ច្រើន​ ផ្លូវ​ឆ្ពោះ​ទៅ​រក​ភាព​ជោគ​ជ័យ​ជា​អនុប្រធានាធិបតី​ស្ត្រី​ដំបូង​របស់សហរដ្ឋអាមេរិក​ ដែល​ជា​បេក្ខជន​ស្ត្រី​ស្បែក​ខ្មៅ​ និង​ជា​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​ឥណ្ឌា​ដំបូង​គេ នោះ បាន​បង្ហាញ​ពី​សមិទ្ធផល​នៃ​សហគមន៍​ឥណ្ឌា​ក្នុង​សហរដ្ឋ​អាមេរិក​៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG