ប្រទេសអារ៉ាប៊ីសាអូឌីតបានឲ្យដឹងថា ខ្លួនបានសាង «កំហុសដ៏ធំមួយ» នៅក្នុងករណីឃាតកម្មលោក Jamal Khashoggi នៅក្នុងស្ថានកុងស៊ុលរបស់ខ្លួនក្នុងទីក្រុង អ៊ីស្តង់ប៊ុល ប្រទេស តួកគី និងបានប្តេជ្ញាថាអ្នកដែលបានធ្វើរឿងនេះនឹងត្រូវទទួលខុសត្រូវ។
រដ្ឋមន្ត្រីការបរទេសអារ៉ាប់ប៊ីសាអូឌីត លោក Adel al-Jubeir បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fox News កាលពីថ្ងៃអាទិត្យថា ភ្នាក់ងារអារ៉ាប៊ីសាអូឌីត «បានធ្វើរឿងដែលលើសពីសមត្ថកិច្ចរបស់ពួកគេ» ដោយហៅប្រតិបត្តិការនេះថាជា «ប្រតិបត្តិការទុច្ចរិត»។
មន្ត្រីការទូតកំពូលនៃប្រទេសអារ៉ាប៊ីសាអូឌីតរូបនេះបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់លោក Khashoggi ប៉ុន្តែលោកមិនបានបញ្ចេញព័ត៌មានអ្វីថ្មីទៀតអំពីថាតើលោក Khashoggi ត្រូវបានសម្លាប់ដោយរបៀបណា សាកសពរបស់លោកនៅឯណា ឬថាតើព្រះរាជបុត្រ Mohammed bin Salman ដែលឡើងគ្រងរាជសម្បត្តិ មានជាប់ពាក់ព័ន្ធដែរឬយ៉ាងណានោះទេ។
លោក al-Jubeir បានមានប្រសាសន៍ថា «មានកំហុសដ៏ធំមួយដែលបានធ្វើឡើង ហើយអ្វីដែលធ្វើឲ្យកំហុសនោះកាន់តែធំគឺការព្យាយាមបិទបាំងកំហុសនោះ។ នេះគឺជាអ្វីដែលមិនអាចទទួលយកបាននៅក្នុងជួររដ្ឋាភិបាលណាៗទាំងអស់»។
អ្នករិះគន់កំពុងតែចោទជាសំណួរអំពីថាតើភ្នាក់ងារអារ៉ាប៊ីសាអូឌីតដែលមានគ្នា១៥នាក់អាចជិះយន្តហោះទៅទីក្រុង អ៊ីស្តង់ប៊ុល ដើម្បីជួបលោក Khashoggi ហើយក្រោយមកបានសម្លាប់លោក ដោយព្រះរាជបុត្រគ្រងរាជសម្បត្តិមិនដឹងនិងផ្តល់ការអនុញ្ញាតយ៉ាងដូចម្តេច។ ប៉ុន្តែលោក al-Jubeir បាននិយាយថា «ពួកគេទាំងនោះមិនមែនជាអ្នកជំនិតរបស់ព្រះអង្គនោះទេ» បើទោះបីជាបណ្តាញសារព័ត៌មានមួយចំនួននិយាយថា មន្ត្រីសន្តិសុខអារ៉ាប៊ីសាអូឌីតមួយចំនួនដែលជិតស្និទ្ធនឹងព្រះរាជបុត្រ Mohammed ជាប់ពាក់ព័ន្ធក៏ដោយ៕