ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​បារាំង ​អាល្លឺម៉ង់រួប​រួម​គ្នា​រិះគន់​ប្រទេស​អារ៉ាប់ប៊ី សាអូឌីត ​ចំពោះ​ការ​ស្លាប់​អ្នកកាសែត​ជាតិ​សាអូឌីត


សន្តិសុខ​ម្នាក់​ឈរ​នៅ​ខាងក្រៅស្ថានកុងស៊ុល សាអូឌី អារ៉ាប៊ី ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល កាលពី​ថ្ងៃសៅរ៍ ទី​២០ ខែ តុលា ឆ្នាំ ២០១៨។
សន្តិសុខ​ម្នាក់​ឈរ​នៅ​ខាងក្រៅស្ថានកុងស៊ុល សាអូឌី អារ៉ាប៊ី ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល កាលពី​ថ្ងៃសៅរ៍ ទី​២០ ខែ តុលា ឆ្នាំ ២០១៨។

ប្រទេស​បារាំង​និង​អាល្លឺម៉ង់​កំពុង​ធ្វើ​ការ​ថ្កោលទោស​ការ​សម្លាប់​លោក Jamal Khashoggi អ្នកកាសែត​ជាតិ​ អារ៉ាប់ប៊ី សាអូឌីត​ នៅ​ខាង​ក្នុង​ស្ថាន​កុង​ស៊ុល​របស់​ប្រ ទេស​លោក​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល។

​លោក Jean-Yves Le Drian រដ្ឋ​មន្រ្តីការ​បរទេស​បារាំង​បាន​អំពាវនាវ​កាល​ពី​ថ្ងៃ​សៅរ៍ឲ្យ​មានការស៊ើបអង្កេតប្រកប​ដោយ​ការ​យក​ចិត្ត​ទុកដាក់​ដើម្បី​ឲ្យ​ដឹងថា​តើ​នរណា​ជា​ អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការ​ស្លាប់​លោក Khashoggi នេះ។ លោក​រដ្ឋ​មន្រ្តី​ការបរទេស Le Drian ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា «អ្នក​ដែល​មាន​ទោស​ពី​ការ​ធ្វើ​ឃាត​នេះ​ត្រូវ​តែ​ទទួល​ខុសត្រូវ​ចំពោះ​សកម្មភាព​របស់​ខ្លួន»។

​ក្នុង​ខណៈ​នោះ​ដែរ ​លោកស្រី Angela Merkel ​អធិការបរតី​នៃ​ប្រទេស​អាល្លឺម៉ង់​ហើយ​នឹង​លោកHeiko Mass ​រដ្ឋ​មន្រ្តី​ការ​បរទេស​របស់​លោកស្រី ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ​ពួក​អស់​លោក ​ថ្កោល​ទោស​ការ​ស្លាប់​នេះ។​ ពួក​អស់​លោក​បាន​និយាយ​បន្ត​ទៀត​ថា «យើង​រំពឹងនឹង​បាន​ឃើញ​តម្លា​ភាព​ពី​ប្រទេសអារ៉ាប់ប៊ី សាអូឌីត​ចំពោះ​សេចក្តី​លម្អិត​នៃការ​ស្លាប់​របស់​លោក​ Khashoggi ​នេះ ​ហើយ​អំពាវនាវ​ឲ្យ​មាន​ព័ត៌មាន​គ្រប់​គ្រាន់ស្តី​ពី​ឧបទ្ទវហេតុ​នេះ»។

​លោក​ស្រី​អធិការបរតីMerkel ​បាន​មាន​ប្រសាសន៍​ទៀត​ថា «រហូត​មក​ទល់​ពេលនេះ​មិន​ទាន់​អ្វី​ត្រូវ​បាន​គេ​ពន្យល់​ប្រាប់​ទេ​ហើយ​យើង​ត្រូវការសេចក្តី​ពន្យល់នេះ»។

លោកស្រី Federica Mogherini ប្រធាន​គោលនយោបាយ​ការបរទេស​សហភាព​អឺរ៉ុប ​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សៅរ៍ថា ​ក្នុង​កាលៈ​ទេសៈ​ជុំ​វិញ​នៃ​ការ​ស្លាប់​របស់​លោក​ Khashoggi ​ជាការ​រំខាន​យ៉ាង​ខ្លាំង​មួយ ​ហើយ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ល្អិតល្អន់ ​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​និង​ប្រកប​ដោយ​តម្លា​ភាព៕

XS
SM
MD
LG