ប្រទេស​អារ៉ាប៊ី​សាអូឌីត អេហ្ស៊ីប អេមីរ៉ាត​អារ៉ាប់​រួម និង​បារ៉ែន ផ្ដាច់​ទំនាក់ទំនង​ការទូត​ជាមួយ​នឹង​ប្រទេស​កាតា

នេះ​ជា​ផែនទី​នៃ​ប្រទេស​កាតា អារ៉ាប៊ី​សាអូឌីត អេហ្ស៊ីប បារ៉ែន និង​អេមីរ៉ាត​អារ៉ាប់​រួម។

ប្រទេស​អារ៉ាប៊ីសាអូឌីត ប្រទេស​បារ៉ែន អេមីរ៉ាត​អារ៉ាប់​រួម និង​ប្រទេស​អេហ្ស៊ីប បាន​ប្រកាស​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ខ្លួន​នឹង​កាត់​ផ្ដាច់​ចំណង​ទាក់ទង​ការ​ទូត​ជាមួយ​នឹង​ប្រទេស​កាតា ដោយ​ចោទ​ប្រកាន់​ប្រទេស​កាតា​ថា បាន​គាំទ្រ​អំពើ​ភេរវកម្ម។

ប្រទេស​ទាំង ៤ នេះ បាន​សម្រេច​ធ្វើ​ដូច្នេះ​ផ្សេងៗ​គ្នា​ជា​បន្ត​បន្ទាប់ ដោយ​បញ្ជាក់​ថា ពួកគេ​នឹង​ដក​បុគ្គលិក​ការទូត​របស់​ពួកគេ​ចេញ​ពី​ប្រទេស​កាតា និង​កាត់​ផ្ដាច់​ការ​ធ្វើ​ចរាចរ​តាម​ផ្លូវ​អាកាស និង​ផ្លូវ​ទឹក​ជាមួយ​នឹង​ប្រទេស​កាតា។

ជើង​ហោះហើរ​នៅ​ក្នុង​តំបន់ ដែល​មាន​ដូចជា Saudi ជើង​ហោះ​ហើរ Emirates និង Etihad បាន​បញ្ជាក់​ថា ពួកគេ​នឹង​បញ្ឈប់​ការ​ហោះហើរ​ទៅ​កាន់​ប្រទេស​កាតា។ ចំណែក​ឯ​ជើង​ហោះហើរ Qatar Airways វិញ បាន​ប្រកាស​ថា ខ្លួន​នឹង​ឈប់​ហោះហើរ​ទៅ​កាន់​ប្រទេស​អារ៉ាប៊ី​សាអូឌីត។

ក្រោយ​មក ប្រទេស​យេម៉ែន​បាន​សម្រេច​កាត់​ផ្ដាច់​ចំណង​ទាក់ទង​ការទូត​ជាមួយ​នឹង​ប្រទេស​កាតា​ដែរ។

ប្រទេស​អារ៉ាប៊ី​សាអូឌីត ដែល​ដឹកនាំ​សម្ព័ន្ធមិត្ត​វាយ​ប្រយុទ្ធ​ដើម្បី​គាំទ្រ​រដ្ឋាភិបាល​ប្រទេស​យេម៉ែន ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា កង​កម្លាំង​ប្រទេស​កាតា ក៏​នឹង​ត្រូវ​ដក​ចេញ​ពី​សម្ព័ន្ធមិត្ត​នេះ​ដែរ។

ទីភ្នាក់ងារ​ព័ត៌មាន SPA ដែល​ជា​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​របស់​ប្រទេស​អារ៉ាប៊ី​សាអូឌីត បាន​រាយការណ៍​ថា ប្រទេស​កាតា «មាន​ក្រុម​ភេរវករ និង​ក្រុម​ដែល​មាន​គំនិត​ចង្អៀតចង្អល់​ជា​ច្រើន ដូចជា​ក្រុម ISIS និង​ក្រុម al-Qaida ដែល​មាន​គោល​បំណង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​នៅ​ក្នុង​តំបន់»។

រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក Rex Tillerson បាន​និយាយ​ថា លោក​មិន​រំពឹង​ថា ការ​សម្រេចចិត្ត​របស់​ប្រទេស​ទាំង​នេះ អាច​ប៉ះពាល់​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​នៅ​ក្នុង​តំបន់ ឬ​នៅ​ក្នុង​ពិភពលោក​នោះ​ទេ៕