លោកស ខេង​ ប្រាប់​ឲ្យ​សង្គម​ស៊ីវិល​រាយការណ៍ ​បើ​មាន​ការ​រឹតត្បិត​សកម្មភាព​នៅ​មូលដ្ឋាន

រូបឯកសារ៖ លោក​ស​ ខេង រដ្ឋមន្រ្តី​នៃ​ក្រសួង​មហាផ្ទៃ​ ថ្លែង​ទៅមន្រ្តី​ប៉ូលិស​និង​អភិបាល​នានា​ក្នុង​ការ​ប្រជុំ​នៃ​របាយការណ៍​បូកសរុបចំនួន​​ជន​​​អន្តោប្រវេសន៍​នៅ​ថ្ងៃ​សុក្រ​ ទី​១៩ សីហា ឆ្នាំ​២០១៦ នៅ​រាជធានី ភ្នំពេញ។​(ឡេង ឡែន/VOA)

ថ្លែង​ក្នុង​វេទិកា​ស្ដីពី​ភាពជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល កាលពី​ខែ​មិថុនា​កន្លងទៅ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោកស ខេង លើក​ឡើង​ថា​ អង្គការ​សង្គម​ស៊ីវិល គឺជា​ដៃគូ​ដ៏​ល្អ​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​រួមចំណែក​អភិឌ្ឍ​ប្រទេស និង​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ លោក​ស ខេង​ នៅ​ថ្ងៃពុធ បាន​ណែនាំ​ឲ្យ​សមាគម ​អង្គការ​មិនមែន​រដ្ឋាភិបាល ​និង​សហគមន៍​មូលដ្ឋាន ​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ សូម​រាយការណ៍​ទៅ​អភិបាល​រាជធានី​ខេត្ត ​ឬ​ក្រសួង​មហាផ្ទៃ​ ដើម្បី​សម្រប​សម្រួល​និង​ដោះស្រាយ​ ក្នុង​ករណី​ដែល​មាន​ការ​រារាំង ឬ​រឹតត្បិត​ពី​អាជ្ញាធរ​មូលដ្ឋាន។

បើ​តាម​សេចក្តី​ជូនដំណឹង​ចេញ​ដោយ​លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃទី៣១ ខែតុលា ឆ្នាំ​២០១៨​នេះ បញ្ជាក់​ថា សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហគមន៍​មូលដ្ឋាន ដែល​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការអនុវត្តន៍សកម្មភាព​នៅ​កម្ពុជា ស្របតាម​ច្បាប់ និង​លក្ខន្តិកៈ​របស់​ខ្លួន ដោយ​មិន​មានការ​រារាំង និង​ការរំលោភ​បំពាន។

លោក ស ខេង បន្ថែម​ក្នុង​សេចក្តី​ណែនាំ​នោះ​ថា ដើម្បី​ធានា​ឲ្យ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ធ្វើសកម្មភាព​ក្នុង​ការចូលរួម​អភិវឌ្ឍ​ប្រទេស​លើ​គ្រប់​វិស័យ​នោះ​ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ទាំងអស់ ត្រូវ​សហការ​សម្រប​សម្រួល​រៀបចំ​វេទិកា​ពិគ្រោះ​យោបល់​ជាមួយ​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហគមន៍​នានា​ដែល​ធ្វើ​សកម្ម​ភាព​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ឲ្យបាន​ទៀង​ទាត់។

លោក ស ខេង ក៏បាន​ណែនាំ​ឲ្យ​អង្គការ និង​សមាគម​ទាំងអស់ ត្រូវ​ជូនដំណឹង​ទៅ​អាជ្ញាធរ ដើម្បី​សម្រប​សម្រួល នៅ​ពេល​មាន​ការ​រារាំង​ណាមួយ។

លោក ស ខេង បញ្ជាក់​ក្នុង​សេចក្តី​ណែនាំ​នោះ​ថា៖ «សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ ស្របតាម​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ព្រមទាំង​សហគមន៍​នានា​នៅ​មូលដ្ឋាន នៅ​ពេល​ធ្វើ​សកម្មភាព​នៅ​តាម​មូលដ្ឋាន ហើយ​មាន​ការ​រារាំង ឬ​រឹត​ត្បិត​ពី​អាជ្ញាធរ​មូលដ្ឋាន សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហគមន៍​មូលដ្ឋាន​នោះ ត្រូវ​រាយការណ៍​អំពី​ករណី​នេះ​ជូន​អភិបាល​នៃ​អភិបាល​រាជធានី​ខេត្ត ឬ​ក្រសួង​មហាផ្ទៃ ដើម្បី​ជួយ​សម្រប​សម្រួល និង​ដោះស្រាយ»។​

នាយ​ឧត្តម​សេនីយ៍ ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ប្រាប់ VOA នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា អង្គការ​សង្គម​ស៊ីវិល​ទាំងអស់ គួរតែ​ជូន​ដំណឹង​មក​អាជ្ញាធរ​ពាក់ព័ន្ធ​ និង​ក្រសួង​មាន​សមត្ថកិច្ចរបស់​រដ្ឋាភិបាល​ ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ ជាជាង​ស្រែក​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ។

លោក​មាន​ប្រសាសន៍​ថា៖ «សមាគម​អី​ផ្សេងៗ​ដែល​ចុះបញ្ជី​ផ្លូវការ​នៅ​ក្រសួង​មហាផ្ទៃ ជួប​ពិភាក្សា​ជជែក​គ្នា​ក្នុង​វេទិកា​សាធារណៈ ដើម្បី​រក​បញ្ហា​ដោះស្រាយ​ទៅមុខ​ទៀត ទាស់អី បញ្ហា​អី ថ្នាំងថ្នាក់​រឿង​អី ជជែក​គ្នា​ជាមួយគ្នា»។

ការ​ចេញ​សេចក្តី​ណែនាំ​របស់​លោក​ស ខេង​ ដែល​ជា​អនុប្រធាន​គណបក្ស​គ្រប់គ្រង​ប្រទេស​ផងនោះ​ ធ្វើឡើង​ស្រប​ពេល​ដែល​ស្ថាប័ន​អន្តរជាតិ​ធំៗ​មួយ​ចំនួន​ដូចជា​សហរដ្ឋ​អាមេរិក សភាសហភាព​អឺរ៉ុប អង្គការសហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស អង្គការ​ការពារ​សិទ្ធិមនុស្ស (Human Rights Watch) ជាដើម បាន​រិះគន់​ជា​បន្តបន្ទាប់​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​ធ្វើឲ្យ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​មាន​ភាព​ខ្ទេចខ្ទី តាមរយៈ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការ​ចាប់ខ្លួន​ប្រធាន​គណបក្ស​នេះ​ដាក់​ពន្ធនាគារ ការ​បង្ក្រាប​លើ​សង្គម​ស៊ីវិល និង​ការ​រឹតត្បិត​លើ​សារព័ត៌មាន​ឯករាជ្យ​ជាដើម។

សហភាព​អឺរ៉ុប​នៅដើម​ខែតុលា​នេះ បាន​ជូនដំណឹង​ទៅ​រដ្ឋាភិបាល​កម្ពុជា​ថា ប្រទេស​កម្ពុជា​នឹង​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ​សម្រាប់​នាំ​ទំនិញ​ចូល​ទីផ្សារ​របស់​សហគមន៍​អឺរ៉ុប ដោយសារតែ​ការ​រំលោភ​សិទ្ធិមនុស្ស។ សហភាព​អឺរ៉ុប​ក៏បាន​ទុក​ពេល​ឲ្យ​កម្ពុជា​រយៈពេល១២ខែ ដើម្បី​ស្តារ​ស្ថានភាព​ប្រជាធិបតេយ្យ​ឡើងវិញ មុននឹង​សម្រេច​ដក​ពន្ធ​អនុគ្រោះ ដែល​ផ្តល់​ផល​ចំណេញ​ឲ្យ​កម្ពុជា​ប្រមាណ​ជា​៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

លោក សឿង សា​រឿន នាយក​ប្រតិបត្តិ​អង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា (CCC) ដែល​ជា​អង្គការ​សមាជិកភាព​ធំជាង​គេ​នៅ​កម្ពុជា និង​មាន​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ​ជាង​១៧០​ជា​សមាជិក ប្រាប់ VOA ថា ការ​ចេញ​សេចក្តី​ណែនាំ​របស់​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ បាន​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​សម្រាប់​ការអនុវត្ត​ការងារ​របស់​សង្គម​ស៊ីវិល។ លោក​បន្ថែម​ថា ការសម្រេច​នេះ​អាច​បណ្តាល​មក​ពី​លទ្ធផល​នៃ​ការ​ជជែក​គ្នា​ក្នុង​វេទិកា​រវាង​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល ព្រម​ជាមួយ​នឹង​ការ​អំពាវនាវ​របស់​អន្តរជាតិ​ឲ្យ​មានការ​បើក​លំហរ​សេរីភាព​សម្រាប់​សង្គម​ស៊ីវិល​ឲ្យ​កាន់តែ​ទូលាយ។

លោក សឿង សារឿន បន្ថែម​ដោយ​រំពឹង​ថា អាជ្ញាធរ​ថ្នាក់​ក្រោម​នឹង​អនុវត្ត​បាន​ត្រឹមត្រូវ និង​រំពឹង​ថា​ សញ្ញា​វិជ្ជមាន​នៃ​ការ​សហការ​រវាង​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​នេះ នឹង​ប្រព្រឹត្តទៅ​ដោយ​រលូន មិន​មាន​ការ​ប្រែប្រួល។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​នៅតែ​សង្ឃឹមថា​ យើង​ជាខ្មែរ​ដូចគ្នា​ទេ។ ហើយ​ការ​ធ្វើការ​របស់​អង្គការ​សង្គម​ស៊ីវិល​រយៈពេល​ជាង៣០ឆ្នាំ​មកនេះ​ហ្នឹង​គឺ ចេតនា​សំខាន់​គឺ​ដើម្បី​ចូលរួម​ការ​អភិវឌ្ឍ​ប្រទេស​ហ្នឹង​ប្រកប​ដោយ​ប្រជាធិបតេយ្យ និង​និរន្តរភាព។ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅទៀត​ហ្នឹង​គឺ មន្រ្តី ឬក៏​អាជ្ញាធរ​មូលដ្ឋាន​ហ្នឹង លោក​ត្រូវតែ​បំពេញ​កាតព្វកិច្ច និង​តួនាទី​របស់​ខ្លួន ឲ្យ​ដែល​ជា​អ្នកបម្រើ​រាស្រ្ត​ហ្នឹង ត្រូវតែ​ជា​អ្នកបម្រើ​ពិតប្រាកដ»។

បើ​តាម​បាយ​ការណ៍​របស់ក្រ​សួង​មហាផ្ទៃ អង្គការ សមាគម ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​រហូតមកដល់​ពេលនេះ​មាន​ចំនួន ៥.៣៦៣ អង្គការ ក្នុង​នោះ សមាគម​មាន​ចំនួន ២.១៧៩ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន ៣.១៤៩។

ថ្លែង​ក្នុង​វេទិកា​ស្ដីពី​ភាពជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល កាលពី​ខែ​មិថុនា​កន្លងទៅ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោកស ខេង លើក​ឡើង​ថា​ អង្គការ​សង្គម​ស៊ីវិល គឺជា​ដៃគូ​ដ៏​ល្អ​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​រួមចំណែក​អភិឌ្ឍ​ប្រទេស និង​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក​ក៏បាន​បន្ថែម​ថា បើ​តាម​ការសិក្សា​រួម មួយ​ក្នុង​ចំណោម​សង្គម​ស៊ីវិល​ប្រមាណ​ជា​២.០០០ កាលពី​ឆ្នាំ២០១២ កន្លងទៅ ពួកគេ​បាន​ចំណាយ​ទឹកប្រាក់​សរុប​ប្រមាណ​ពី ៦០០ ទៅ៧០០លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំៗ ដើម្បី​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ ក្នុង​នោះ​អ្នកទទួល​ផល​ដោយ​ផ្ទាល់ និង​ប្រយោល មាន​ជិត១២លាន​នាក់។

នៅមុន និង​ក្រោយ​ការបោះឆ្នោត​ជាតិ​ឆ្នាំ២០១៨ នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ ក្រុម​សមាគម អង្គការ​សង្គម​ស៊ី​វិល​សកម្មៗ​មួយ​ចំនួន បាន​បន្ថយ​សកម្មភាព​ការងារ​របស់​ខ្លួន ដោយ​ពួកគេ​បាន​អះអាង​ថា បាន​ទទួលរង​សម្ពាធ និង​ការ​រឹត​ត្បិត​ពី​រដ្ឋាភិបាល៕