លោក ស ខេង៖ អ្នក​ជំទាស់​ទាញ​ផល​ចំណេញ​ពី​ហិង្សា​របស់​អាជ្ញាធរ

លោកឧបនាយករដ្ឋមន្ត្រី ស ខេង ឡើងថ្លែងសុន្ទរកថានៅសាលាខេត្តប៉ៃលិន កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។ (រូបថត៖ ទំព័រហ្វេសប៊ុកលោក ស ខេង)

ឧប​នាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ច័ន្ទ​នេះ បាន​ក្រើន​រំឭក​អាជ្ញាធរ​ក្រោម​បង្គាប់​ថា​ ការ​បង្ក្រាប​ដោយ​ហិង្សាពី​រដ្ឋ​អំណាច​លើ​អ្នក​តវ៉ា​រិះគន់​រដ្ឋា​ភិបាល នឹង​ជួយ​ផ្ដល់​ផល​ចំណេញ​ឱ្យ​ក្រុម​ជំទាស់។

លោក ស ខេង ថ្លែង​ដូច្នេះ​ក្នុង​ពិធី​ប្រកាស​ផ្លាស់ប្តូរ​អភិបាល​ខេត្ត​ប៉ៃលិន​ថ្មី ដោយ​ដាក់​លោកស្រី បាន ស្រីមុំ ភរិយា​អតីត​មេ​បញ្ជាការ​ខ្មែរ​ក្រហម លោក អ៊ី ឈាន ជា​អភិបាល​ខេត្ត។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ដ៏​មាន​ឥទ្ធិពល​រូប​នេះ​ លើក​ឡើង​ថា​ក្រុមជំទាស់រដ្ឋាភិបាលតែង«សាកល្បង»ភាព​អត់ធ្មត់របស់អាជ្ញាធរ តាម​រយៈ​ការ​ធ្វើ​សកម្មភាព​តវ៉ា​នានា។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​មាន​ប្រសាសន៍​ថា៖

«បើ​យើង​យក​វិធាន​ការ​ទប​ទល់​ដោយ​អំពើ​ហិង្សា បាន​ដៃ​គេ​បណ្ដោយ ព្រោះ​ពួក​ហ្នឹងចង់បាន​អ៊ីចឹង។ អ្នក​ដែល​គេ​ធ្វើ គេ​ចង់​បាន គេ​យក​ទៅ​ពង្រីក​លេស ហេតុ​ផល​ឬ​ក៏​ទឡ្ហីករណ៍​ក្នុងការ​ប្រឆាំង។ អ៊ីចឹង​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​ដោយ​សន្តិវិធី»។

ការ​ថ្លែង​របស់​លោក ស ខេង កើត​មាន​ខណៈមាន​កំណើន​នៃ​ការ​ចាប់​ចង ចាត់​វិធាន​ការ​ច្បាប់​និង​ពេល​ខ្លះ​មាន​ដល់​អំពើ​ហិង្សា​លើ​បណ្ដា​សកម្មជន​បក្ស​ជំទាស់និង​អ្នក​តវ៉ា ជា​ពិសេស​ទៅ​លើ​ក្រុម​គ្រួសារ​ដែល​ជា​ស្ត្រី​តវ៉ា​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​ស្វាមី​របស់​ពួកគេ ដែល​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ​ដាក់​ពន្ធនាគារ។

បើ​យោង​តាម​គណបក្ស​សង្គ្រោះ​ជាតិ សកម្មជន​បក្ស និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​យ៉ាង​តិច​២០​នាក់ បាន​រង​គ្រោះ​ពី​អំពើ​ហិង្សា​វាយ​ដំ​ ដោយ​ជន​មិន​ស្គាល់​មុខ​នានា តាំង​ពី​ដើម​ឆ្នាំ​២០២០​មក។

រូបឯកសារ៖ អ្នកស្រី ​សេង ចាន់ថន អាយុ៤៩ឆ្នាំ ​ត្រូវបាន​ចាប់បោកផ្ទប់​ទៅនឹង​ថ្នល់ដោយ​កម្លាំង​សន្ដិសុខខណ្ឌ ​ខណៈដែល​កំពុងតវ៉ា​ដោយសន្តិវិធី​ប្រឆាំងនឹង​ការចាប់ខ្លួន​ស្វាមី​របស់អ្នកស្រី នៅរាជធានីភ្នំពេញ ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២០។ (រូបថតដោយលីកាដូ)

ក្រុម«ស្ត្រី​ថ្ងៃ​សុក្រ»​ដែល​តែង​ចេញ​ទាម​ទារ​ឱ្យ​មាន​ការ​ដោះលែ​ង​សមាជិក​ក្រុម​គ្រួសារ​ដែល​មាន​អតីតភាពជាមួយ​បក្ស​សង្គ្រោះ​ជាតិកំពុងជាប់ពន្ធនាគារ ក៏​បាន​លើក​ឡើង​អំពី​ហិង្សា​ដែល​បង្ក​លើ​ពួកគេ​ពី​សំណាក់​កង​កម្លាំង​សន្ដិសុខ​តាម​បណ្ដា​ខណ្ឌ​នានា​នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ។

អ្នកស្រី សេង ចាន់ថន ភរិយា​លោក ស៊ុន ធន់ អតីត​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ធំ មក​ពី​គណបក្ស​សង្គ្រោះជាតិ តែង​ចេញ​តវ៉ា​ឱ្យ​ដោះ​លែង​ស្វាមី​ដែល​ជាប់​ឃុំឃាំង​តាំង​ពី​ខែ​មិថុនា​មក។

កាល​ពី​ខែ​កញ្ញា អ្នកស្រី​ត្រូវ​កង​កម្លាំង​សន្ដិសុខ​ខណ្ឌ​៧​មករា ចាប់​បោក​ផ្ទប់​នឹង​ថ្នល់ ក្រៅរបងផ្ទះ​លោក​អគ្គស្នងការ​នគរបាល​ជាតិ នេត សាវឿន ហើយ​រង​របួស​យ៉ាង​ដំណំ អំឡុង​ពេល​ដើរ​តវ៉ា។

មេផ្ទះ​វ័យ​៤៨​ឆ្នាំ​រូប​នេះ​ថ្លែង​ថា អ្នកស្រី​និង​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ប្រកាន់​គោលការណ៍«សន្ដិវិធី»​មិនដែល​មាន​ចេតនា​អ្វី​ទាញ​យក​ផល​ចំណេញ ឬ​សាក​ល្បង​ឱ្យ​អាជ្ញាធរ​ប្រើអំពើ​ហិង្សា​មក​លើ​ខ្លួន​ឡើយ។

«គ្រាន់​តែ​សុំ​ធ្វើ​ជា​ធម្មតាៗ​ហើយ​ស្រែក​ឱ្យ​ដោះលែងៗ​ទាមទារប៉ុណ្ណឹង​ទេ។ អត់​មាន​ចង់​ឈ្លោះ​ជាមួយ​ប្រជា​ការពារ ឬ​តុលាការ​ឬ​រាជរដ្ឋាភិបាល​ ឬ​នរណា​ម្នាក់ទេ។ ពួក​ខ្ញុំ​សន្ដិវិធី ពួក​គេ​ទេ ដែល​ធ្វើ​អំពើ​ទាំង​នោះ​មក​លើ​ពួក​ខ្ញុំ»។

អ្នកស្រី​ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​រាជធានី​ភ្នំពេញ​ផង​ដែរ​ក្នុង​ករណី​ដែល​កង​សន្តិសុខ​ម្នាក់​ចាប់​ទាញ​បោក​អ្នក​ស្រី​ទៅ​នឹង​ថ្នល់។

បើ​តាម​អង្គការ​លីកាដូ​ ចាប់​តាំង​ពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២០ ​គ្រួសារ​របស់​អតីត​សមាជិក​គណ​បក្ស​ជំទាស់​ត្រូវ​បាន​អូស​ទាញ​ទាត់​ធាក់ និង​វាយដំ ​អំឡុង​ពេល​ដែល​ពួក​គាត់​តវ៉ា​ដើម្បី​អំពាវ​នាវ​ឲ្យ​ដោះលែង​សមាជិក​គ្រួសារ​របស់​ពួក​គាត់។

គួរ​បញ្ជាក់​ថា​នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​លោក ស ខេង ថ្លែង​សារ​ស្រដៀង​គ្នា​នេះ។ លោក​ធ្លាប់​អំពាវ​នាវកាល​ពី​ខែ​សីហា​ឲ្យ​អាជ្ញាធរ​កុំ​ប្រើហិង្សា​លើ​ពលរដ្ឋ​ដើម្បី​បញ្ចៀស«បដិវត្តន៍​ពណ៌»៕