លោក ស​ ខេង​ថា ​ទណ្ឌកម្ម​ EBA​ មិន​មែន​ជា​កត្តា​ជំរុញ​ការកែប្រែ​ស្ថានការណ៍

  • នៅ វណ្ណារិន

រូបឯកសារ៖ លោក​ស​ ខេង រដ្ឋមន្រ្តី​នៃ​ក្រសួង​មហាផ្ទៃ​ ថ្លែង​ទៅមន្រ្តី​ប៉ូលិស​និង​អភិបាល​នានា​ក្នុង​ការ​ប្រជុំ​នៃ​របាយការណ៍​បូកសរុបចំនួន​​ជន​​​អន្តោប្រវេសន៍​នៅ​ថ្ងៃ​សុក្រ​ ទី​១៩ សីហា ឆ្នាំ​២០១៦ នៅ​រាជធានី ភ្នំពេញ។​(ឡេង ឡែន/VOA)

នៅថ្ងៃ​អង្គារ​នេះ​ ​លោក​ ​ស ខេង​ ​រដ្ឋមន្ត្រី​នៃ​ក្រសួង​មហាផ្ទៃ​និង​ជា​អនុ​ប្រធាន​បក្សកាន់​អំណាច​បាន​ថ្លែង​ថា ​ការ​ព្យាយាមរបស់រដ្ឋាភិបាល​ក្នុង​ធ្វើ​ឱ្យ​មន្ត្រី​បក្ស​ជំទាស់​ ​១១៨រូប​អាច​វិលចូល​នយោបាយ​ ​និង​ការ​ព្យាយាម​ស្ដារ​ស្ថាន​ការណ៍​ឱ្យ​បានល្អ​ប្រសើរ​ឡើង​វិញ​ ថា​មិន​បាន​ទាក់ទិន​និង​សម្ពាធឬ​គម្រោងដក​កម្ពុជា​ចេញ​ពីប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ ​EBA​ ​នោះ​ទេ។​

ថ្លែង​ទៅ​កាន់​អ្នក​ចូល​រួម​ ក្នុង​សិក្ខា​សាលា​ផ្សព្វផ្សាយ​អំពី​តួនាទីភារ​កិច្ច​របស់​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​ ​និង​ការ​អនុវត្តបទ​ដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ ​លោក​ ​ស ខេង​ ​បាន​មាន​ប្រសាសន៍​ថា៖

«នេះ​គឺថាក្នុងន័យដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ​ ​មិនមែន​ដោយ​សារ​មក​ពី​ហេតុផល​នេះ​ ​ហេតុផល​នោះ​ ​ក្រៅ​ពីនេះ​ទេ។​ ​ប៉ុន្តែ​ការ​បកស្រាយ​វាធម្មតា​ហ្អេ! ​គេអាច​ថា​មក​ពី​ ​EBA​ ​មកពីហ្អី​អីច៊ឹង​ ក៏ប៉ុន្តែ​ ​យើង​មិន​ដែលបាន​បោះបង់​ចោល​លទ្ធិ​ប្រជាធិបតេយ្យម្តងណា​ទេ​ សម្រាប់កម្ពុជា! មិនដែល​បាន​បោះ​បង់​នោះ​ទេ។​ ​ការ​បោះឆ្នោត​ ​យើង​មើលទៅគឺថា​ប្រហែលជា​របប​បោះឆ្នោតការបោះឆ្នោត​នៅ​កម្ពុជា​យើង​គឺ​ច្រើន​ជាង​បណ្តា​ប្រទេស​នា​នា​ ​ក្នុង​រយៈ​ពេល​ដូចគ្នា»។​

កាល​ពីថ្ងៃ​ច័ន្ទ​កន្លង​ទៅរាជ​រដ្ឋា​ភិបាល​កម្ពុជា​ ​ប្រកាស​ពី​វិធានការ​ពង្រឹង​លទ្ធិ​ប្រជាធិប​តេយ្យ​ ​ដោយ​មាន​ទាំង​ការស្វែង​រក​វិធាន​ផ្លូវច្បាប់​ ​ដើម្បី​លើកលែង​ការ​ព្យួរ​សិទ្ធិ​នយោបាយ​របស់​មន្រ្តី​ជាន់ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ទាំង​១១៨នាក់។

រដ្ឋា​ភិបាល​កម្ពុជា​បាន​បញ្ជាក់​ផង​ដែរ​ថា​ ​រដ្ឋសភា​ជាតិ​កំពុង​ពិនិត្យ​លើ​បទបញ្ញត្តិ​ច្បាប់​ផ្សេង​ៗ​ ​ដើម្បី​អនុ​ញ្ញាត​ឲ្យ​បុគ្គល​ដែល​ជាប់​បំរាម​នយោបាយ​ ​អាច​ចាប់ផ្តើម​ធ្វើ​នយោបាយ​ឡើងវិញ​ ​ការ​បើក​ទូ​លាយ​នូវ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ ​សហជីព​ ​និង​ការ​អនុញ្ញាត​ឲ្យ​ស្ថាប័ន​ព័ត៌មាន​ដែល​បាន​បិទ​ ​ដូចជា​វិទ្យុ​អាស៊ី​សេរី​ ​និង​កា​សែ​ត​ឌឹ ​ខេម​បូឌា​ដេលី​ជាដើម​ ​អាច​បើក​ការិយាល័យ​នៅ​កម្ពុជា​ឡើង​វិញ​ផង​ដែរ។​

សហភាព​អឺរ៉ុប​នៅដើម​ខែ​តុលា​ ​បាន​ជូន​ដំណឹង​ទៅ​រដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​ដឹកនាំ​ប្រទេស​ដោយ​ឯក​បក្ស​ថា​ ​ប្រទេស​កម្ពុជា​នឹង​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ​សម្រាប់​នាំ​ទំនិញ​ចូល​ទីផ្សារ​របស់​សហ​ភាព​អឺរ៉ុប​ ​ដោយ​សារតែ​ការរំលោភ​សិទ្ធិ​មនុស្ស​ និងការធ្លាក់ចុះ​នៃ​លទ្ធិ​ប្រជាធិប​តេយ្យ។​ ​សហ​ភាព​អឺរ៉ុប​ក៏បាន​ទុក​ពេល​ឲ្យ​កម្ពុជា​រយៈពេល​១២ខែ​ ​ដើម្បី​ស្តារ​ស្ថានភាព​ប្រជាធិប​តេយ្យ​ឡើងវិញ​ ​មុន​នឹង​សម្រេច​ដក​ពន្ធ​អនុគ្រោះ​ដែល​ផ្ដល់​ផល​ចំណេញ​ដល់​កម្ពុជា​ប្រមាណ​ ​៧០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ។​

ការ​ព្រមាន​ដក​កិច្ច​អនុ​គ្រោះ​ពន្ធ​ដូច្នេះ​ ​គឺ​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​របស់​ ​លោក​ ​ហ៊ុន សែន​ ​ធ្វើ​ការបង្រ្កាប​ដ៏​ចាស់​ដៃ​មួយកាលពីឆ្នាំ​២០១៧​ ​លើ​អ្នក​រិះគន់​រដ្ឋាភិបាល​ ​អង្គការ​សង្គម​ស៊ិវិល​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យនិង​ការ​រំលាយ​បក្ស​សង្គ្រោះជាតិ​ ​ដែល​ជា​គូ​ប្រជែង​ដ៏​ធំ​របស់​គណ​បក្ស​ប្រជាជន​របស់​លោក​ ​ហ៊ុន សែន។​

យ៉ាង​ណា​ក៏​ដោយ​ ​លោក​ ​ស ខេង​ ​បាន​ពន្យល់​ពី​ជំហរ​របស់​រដ្ឋា​ភិបាល​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ​រដ្ឋា​ភិបាល​កំពុង​ព្យាយាម​ធ្វើ​ឱ្យ​មាន​ភាព​ជា​ដៃ​គូ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ ​និង​ការ​ចូលរួម​បន្ថែម​ទៀត​ ​ហើយ​កន្លង​មក​ក្រសួង​មហាផ្ទៃ​បាន​ដក​បម្រាម​មួយ​ចំនួន​ដើម្បី​សម្រួល​ ​ដល់​ការ​ជួបជុំ​និង​ការ​ធ្វើ​ការ​ងារ​តាមមូល​ដ្ឋាន​របស់​អង្គការ​សង្គម​ស៊ីវិល​ឡើងវិញ​ផង​ដែរ​ ​ខណៈ​ស្ថាប័ន​ព័ត៌មាន​មួយ​ចំនួន​ដែល​បាន​បិទទ្វារ​ ​ដូចជា​កា​សែ​ត​ឌឹ ​ខេម​បូឌា​ដេលី​ ​នឹង​ត្រូវ​បាន​អនុញ្ញត​ឱ្យ​បើក​ដំណើរ​ការ​របស់​ខ្លួន​ឡើង​វិញ​ ​ក្រោយ​ការ​ដោះស្រាយ​បញ្ហា​ពន្ធ​ជាមួយ​រដ្ឋ។​

ជាមួយគ្នា​នោះ​ដែរ​ ​លោក​ ​ស ខេង​ ​បញ្ជាក់ថា​ ​រដ្ឋ​សភា​កម្ពុជា​កំពុងធ្វើ​ការ​លើ​សេចក្តី​ស្នើ​ច្បាប់​វិសោធន​កម្ម​មួយ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​ចូល​ធ្វើ​នយោបាយ​វិញ​ ​ដោយ​មាន​ផ្តល់​នីតិ​សម្បទា​ពី​ព្រះ​មហាក្សត្រ​ខ្មែរ​ ​បើ​ទោះ​ជា​អតីត​មន្ត្រី​បក្ស​សង្គ្រោះជាតិ​មួយ​ចំនួន​ក្នុង​ចំណោម​ ​១១៨រូប ​នោះ​មិន​បាន​គោរព​តាម​សាលដីកា​របស់​តុលាការ​កំពូល​ក៏​ដោយ។​

​លោក​ ស ខេង បាន​បន្ថែម​ថា៖

«សាល​ក្រម​តុលាការ​កំពូល​ហ្នឹង​ ​ហាម​! ​ដាក់​បម្រាម​១១៨​នាក់​ហ្នឹង​គឺ​បិទ​ផ្លូវ​តវ៉ា​ ​ឃើញ​ហ្អេ​ ​បិទ​ផ្លូវតវ៉ា​គឺ​អត់មាន​ទុក​ច្រក​ចេញ​បាន​ហ្អេ​ ​ទាល់​តែ៥ឆ្នាំ​ឯនោះ!​ ​៥ឆ្នាំ​នោះ​បានផុត!​ អីច៊ឹង​ដើម្បី​ដោះស្រាយ​បញ្ហា​ហ្នឹង​ ​វាមាន​តែ​ធ្វើ​វិសោធនកម្ម​ច្បាប់​ ​ដើម្បី​បើក​ច្រក»។​

រដ្ឋសភា​ជាតិ​ក៏បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ​ ថា​តំណាងរាស្ត្រ​របស់​បក្សកាន់​អំណាចបាន​ធ្វើ​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៤៥ថ្មី​ ​(ស្ទួន)​ ​នៃ​ច្បាប់​ស្តី​ពី​គណ​បក្ស​នយោ​បាយ​ដើម្បី​ផ្តល់​សិទ្ធិ​ដល់​នាយក​រដ្ឋមន្រ្តី​ ​ឬ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ​ស្នើ​ព្រះ​មហា​ក្សត្រ​ ​ផ្តល់​នីតិសម្បទា​ដល់​ថ្នាក់​ដឹកនាំ​គណ​បក្ស​សង្រ្គោះជាតិ​ឲ្យ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។​

អគ្គ​លេខា​ធិការ​នៃ​រដ្ឋសភា​ ​លោក​ ​ឡេង ប៉េងឡុង​ ​សរសេរ​បន្ថែម​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា៖​

​«វិសោធនកម្ម​នេះ​ក៏​មាន​គោលបំណង​ពង្រឹង​លទ្ធិប្រជាធិបេត្យ​សេរីពហុបក្ស​ នីតិរដ្ឋ​ព្រមទាំង​លើក​កម្ពស់​ស្មារតី​បង្រួប​បង្រួមជាតិ​ផង​ដែរ»។​

​លោក​ ​George Edgar​ ​ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​ប្រាប់​ ​VOA​ ​នៅ​ល្ងាច​ថ្ងៃ​អង្គារអំឡុង​ដំណើរ​ទស្សនកិច្ច​មួយ​ក្នុង​ខេត្ត​សៀមរាបថា ​លោក​និង​សហភាព​អឺរ៉ុប​បាន​ឃើញ​ពី​សេចក្តី​ថ្លែង​ការណ៍​ស្តីពី​ការ​ពី​វិធាន​នៃ​ការ​ពង្រឹង​លទ្ធិ​ប្រជាធិប​តេយ្យ​ឡើង​របស់​រដ្ឋាភិបាល​កម្ពុជា​ ​ហើយ​លោក​យល់ថា​នេះ​គឺ​ជា​ជំហាន​ដ៏​វិជ្ជមាន​មួយ។

«សេចក្តី​ថ្លែង​ការណ៍​ ​និង​វិធានការឆ្ពោះ​ទៅ​រក​ការ​បង្កើត​យន្តការ​ ​ដើម្បី​ឲ្យ​អ្នក​នយោបាយ​ចូលរួម​ក្នុង​ឆាក​នយោបាយ​វិញ​គឺ​ជា​ ​រឿងវិជ្ជ​មាន​មួយ។​ ​ខ្ញុំនឹង​ពិនិត្យ​យ៉ាង​ដិត​ដល់​ទៅ​លើ​អ្វី​ដែល​នឹង​កើត​មាន​ពិត​ប្រាកដ។​ ​ខ្ញុំគិត​ថា​ ​ការឆ្លើយ​តប​របស់​យើង​ទៅ​នឹង​សេចក្តី​ថ្លែង​ការណ៍​របស់​ ​រដ្ឋាភិបាល​ ​គឺ​មាន​លក្ខណៈ​វិជ្ជ​មាន»។​

យ៉ាង​ណា​ក៏​ដោយ​ ​ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​រូបនេះ​បញ្ជាក់​ថា លោក​ មិនអាច​ទាយ​ដឹង​បាន​ទេថា​ តើ​ចំណាត់​ការ​របស់​រដ្ឋា​ភិបាល​កម្ពុជា​នេះ​នឹង​អាច​ឈាន​ដល់​ការ​បញ្ចប់​ដំណើរ​ការ​ដក​កម្ពុជា​ចេញពី​កិច្ច​អនុ​គ្រោះពន្ធ​អឺរ៉ុប EBA​ ​ឬ​យ៉ាង​ណា​នោះ​ទេ​ ​ដោយ​ដំណើរ​ការ​នៃ​កិច្ច​ពិភាក្សា​លើ​បញ្ហា​នេះ​កំពុង​តែ​ដំណើរ​ការ​នៅ​ឡើយ។​

គណ​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​កាលពី​ថ្ងៃទី១៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២០១៧​ ​ដោយ​ចោទ​ថា​បាន​ឃុបឃិត​ជាមួយ​បរទេស​ ​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន។​ ​តុលាការ​កំពូល​ក៏បាន​ព្យួរ​សិទ្ធិ​របស់​មន្រ្តី​គណ​បក្ស​ប្រឆាំង​ចំនួន​១១៨​នាក់​ ​ទាំង​អ្នក​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ ​និង​ក្រៅ​ប្រទេស​ ​មិន​ឲ្យ​ធ្វើ​នយោបាយ​ម្នាក់ៗ​ចំនួន​៥ឆ្នាំ។​

​ចំណែក​ប្រធាន​គណ​បក្ស​នេះ​ ​គឺ​លោក​ ​កឹម សុខា​ ​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ដោយ​រង​ពី​បទ​ចោទ​ដូចគ្នា។​ ​បច្ចុប្បន្ន​ ​លោក​ ​កឹម សុខា​ ​កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង​នៅក្នុង​ផ្ទះ​ ​ដោយ​មាន​ការ​ឃ្លាំមើល​ពី​តុលាការ​ ​ក្រោយ​លោក​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជាង១ឆ្នាំ។​

លោក​ ​ចាន់ ចេន​ ​មេធាវី​មួយ​រូប​ក្នុង​ចំណោម​ការពារ​ក្តី​ឲ្យ​លោក​ ​កឹម សុខា​ ​ដែល​បាន​ជួប​លោក​ ​កឹម សុខា​ ​នា​ពេល​ថ្មីៗ​នេះ​បញ្ជាក់​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​អង្គារ​ថា​កូនក្តី​របស់​លោក​ ​កឹម សុខា​ ​បាន​សារទ​ចំពោះ​សេចក្តី​ស្នើ​ច្បាប់​ដើម្បី​អុញ្ញតិ​ឱ្យ​មន្ត្រី​នៃ​គណបក្ស​សង្គ្រោះជាតិ ​ទាំង​១១៨​រូប​បាន​ចូលរួម​ក្នុង​ឆាក​នយោបាយ​ឡើង​វិញ។​

លោក​ ​ចាន់ ចេន បញ្ជាក់​ថា៖

​«ខ្ញុំបានជួប​ជាមួយ​កូន​ក្តី​របស់​ខ្ញុំ​បាទ​ ​ឯកឧត្តម​ ​ កឹម សុខា​ ​គឺ​គាត់សម្តែងការស្វាគមន៍នូវការធ្វើ​វិសោធន​កម្ម​នេះ។​ អ្វីក៏ដោយ​ដែលជាដំណោះស្រាយ​ដើម្បី​ផលប្រយោជន៍ជាតិ​ ដើម្បី​ផល​ប្រយោជន៍​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​និងការ​គោរពសិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជាគឺ​កូន​ក្តី​ខ្ញុំបាទ​គាត់​គាំទ្រ​បាទ!»។​

ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​ពាក់ព័ន្ធ​នឹង​ការ​បើក​លំ​ហរ​សេរីភាព​សង្គម​ស៊ីវិល​ ​សារព័ត៌មាន​ ​និង​គណ​បក្ស​ប្រឆាំង​ជាបន្តបន្ទាប់​នេះ​ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​កំពុង​ព្យាយាម​បន្ធូរបន្ថយ​កម្ដៅ​នយោ​បាយ​ ​ខណៈ​កម្ពុជា​កំពុង​រង​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ស្ថាប័ន​ ​និង​ប្រទេស​លទ្ធិ​ប្រជា​ធិប​តេយ្យ​ធំៗ​មួយ​ចំនួន៕