សិស្សសាលា​នៅវិទ្យាល័យ Santa Fe ជំនះ​នឹង​អារម្មណ៍​តក់ស្លុត​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​នៅក្នុង​វិទ្យាល័យ

  • Elizabeth Lee

មនុស្ស​ម្នា​ប្រមូល​ផ្តុំ​គ្នា​នៅ​កន្លែង​គោរព​វិញ្ញាណក្ខន្ធ​មួយ​សម្រាប់​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​បាញ់​ប្រហារ​នៅ​វិទ្យាល័យ Santa Fe ក្នុង​ក្រុង Santa Fe រដ្ឋ Texas សហរដ្ឋអាមេរិក​ កាលពី​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨។

មួយ​ថ្ងៃ​បន្ទាប់​ពី​ហេតុការណ៍​បាញ់​ប្រហារ​នៅ​វិទ្យាល័យ​មួយ​ក្នុង​ទីក្រុង Santa Fe​ ​ដែល​ជា​ទីក្រុង​តូច​មួយ​ក្នុង​រដ្ឋតិចសាស​ សហរដ្ឋអាមេរិក​សិស្ស​សាលា​ដែល​បាន​រស់រាន​មាន​ជីវិត​កំពុងរស់​នៅ​ជាមួយ​នឹង​ការ​ឈឺចាប់​បន្ទាប់​ពី​ហេតុការណ៍​នេះ​បាន​កើត​ឡើង។ អ្នកស្រី Elizabeth Leeបាន​និយាយ​ជាមួយ​សិស្សសាលា​ពីរបីនាក់​ដែល​យល់​ថា​ការ​ចេញ​ទៅ​ធ្វើ​ការ​គឺ​ជា​វិធីសាស្ត្រ​ល្អបំផុត​ជួយ​ឲ្យ​ពួកគេ​ឈប់​គិត​ពី​រឿង​នេះ។

Brandy Kraft និងDylan Mittelsted មាន​អាយុ១៧​ឆ្នាំ​ដូចគ្នា​ និង​ធ្វើការ​នៅក្នុង​ផ្សារ Arlan ដូចគ្នា​ ហើយ​ឥឡូវ​នេះ​ពួកគេ​ទាំងពីរ​បាន​ជួបប្រទះ​នឹង​រឿង​រន្ធត់​ដែល​យុវវ័យ​មិន​គួរ​ជួបប្រទះ។ Dylan Mittelsted បាន​និយាយ​ថា៖ «ពេលខ្ញុំ​មក​ដល់​កន្លែង​ធ្វើ​ការ​ភ្លាម ខ្ញុំ​ត្រូវ​ទៅ​ស្រែកយំ​ក្នុង​បន្ទប់ទឹក​មួយ​សន្ទុះ​រហូត​ទាល់​តែ​ខ្ញុំ​មាន​អារម្មណ៍​ថា​អាច​ធ្វើការ​បាន​ និង​អាច​ញញឹម​ដាក់​ភ្ញៀវ​បាន»។

Mittelsted ​និយាយ​ថា​គាត់​ចាំបាច់​ត្រូវ​មក​ធ្វើការ​នៅ​ថ្ងៃ​នេះ។ MITTELSTED បាន​និយាយ​បន្តថា៖ «មក​ដល់​ពេលនេះ​ ខ្ញុំ​ចាំបាច់​ត្រូវ​ធ្វើ​ឲ្យ​ខ្លួនឯង​រវល់​កុំ​គិត​ពី​ហេតុការណ៍​នៅ​ថ្ងៃនោះ​ ពីព្រោះ​ថា​មាន​មនុស្ស​ច្រើន​ណាស់​ដែល​បាន​រងរបួស​ និង​បាន​ស្លាប់។ ខ្ញុំ​មិនមែន​ជា​ជនរងគ្រោះ​នោះ​ទេ​ ដូច្នេះ​ខ្ញុំ​គួរ​តែ​អគុណ​ដែល​ខ្ញុំ​នៅ​រស់រាន​មាន​ជីវិត​ និង​មិន​គួរ​ត្រូវ​ដេក​ពួនសម្ងំ​នៅក្នុង​បន្ទប់​និង​គិត​អំពី​ហេតុការណ៍​នេះ​ទៀតទេ»។

អ្នក​ធ្វើ​ការ​នៅ​ក្បែរ​នោះ​គឺ Brandy Kraft កំពុង​ព្យាយាម​ញញឹម​ដាក់​ភ្ញៀវ​ដែល​មក​ទិញ​ឥវ៉ាន់​នៅក្នុង​ផ្សារ​នេះ​ ប៉ុន្តែ​វា​មិន​ងាយស្រួល​ទេ​សម្រាប់​នាង។ BRANDY KRAFT បាន​និយាយ​ថា៖ ​«វា​ពិត​ជា​គួរ​ឲ្យ​ខ្លាច​ដែល​ត្រូវ​រស់នៅ​ក្នុង​សហគមន៍​ដែល​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ ប៉ុន្តែ​ត្រូវ​បាន​ផ្លាស់ប្តូរ​គ្រាន់​តែ​មួយ​ប៉ព្រិច​ភ្នែក​ប៉ុណ្ណោះ។ មិត្តភក្តិ​ជិតស្និទ​របស់​ខ្ញុំ​ជាច្រើន និងមិត្តភក្តិ​ស្រីៗ​របស់​ខ្ញុំ​នៅក្នុង​ក្រុម​កាយរឹទ្ធិ​នារី​ត្រូវ​បាន​សម្លាប់»។

Kraft ស្គាល់​ខ្មាន់កាំភ្លើង​ដែល​មាន​ឈ្មោះ​ថា Dimitrios Pagourtzis មាន​អាយុ១៧ឆ្នាំ​ដែល​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​នេះ។ នាង​បាន​និយាយ​បន្ត​ថា៖

«អ្វី​ដែល Dimitri បាន​ធ្វើ​គឺ​មិន​ត្រឹមត្រូវ​ទេ។ ខ្ញុំ​នៅ​តែ​មិន​អាច​ស្មាន​ថា​គាត់​អាច​ធ្វើ​រឿង​នេះ​កើត​ បើទោះបី​ជា​គាត់​បាន​ធ្វើ​រួច​ហើយ​ក៏​ដោយ។ ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​ថា​វា​ដូច​ជា​ការ​យល់​សប្តិ​អាក្រក់​អ៊ីចឹង។ គាត់​ជា​មនុស្ស​ស្ងៀមស្ងាត់​ និង​តែងតែ​ចូលចិត្ត​នៅ​ម្នាក់​ឯង។ គាត់​មិន​ដែល​លើក​ដៃ​សួរ​សំណួរ​ឬ​ឆ្លើយ​អ្វី​ទេ។ គាត់​ធ្វើ​តែ​ការងារ​របស់​គាត់។ គាត់​ដោះស្រាយ​ការងារ​បាន​ ប៉ុន្តែ​មិន​ចូលចិត្ត​និយាយ​អ្វី​ច្រើន​ទេ»។

Kraft ចង់​កែប្រែ​ស្ថានការ​នេះ​ និង​ចង់​បង្កើន​ការ​យល់ដឹង​អំពី​ការ​បាញ់​នៅ​តាម​សាលារៀន។ នាង​បាន​និយាយ​បន្ត​ថា៖ «ខ្ញុំ​គិតថា​គេ​គួរ​តែ​ពង្រឹង​ច្បាប់​ប្រើប្រាស់​កាំភ្លើង។ ខ្ញុំ​មិនមែន​អ្នកស្រុក​តិចសាស​ទេ។ ខ្ញុំ​មក​ពី​រដ្ឋ North Dakota។ នៅពេល​ដែល​ខ្ញុំ​មក​ដល់​ទីនេះ​កាល​ពី៩ឆ្នាំមុន​ ខ្ញុំ​មើល​ឃើញ​ថា​មនុស្ស​រាល់គ្នា​ស្រឡាញ់​កាំភ្លើង​ ហើយ​ខ្ញុំ​គ្មាន​អ្វី​ត្រូវ​ជំទាស់​នោះ​ទេ។ វា​ទុក​សម្រាប់​ការពារ​សុវត្ថិភាព​ពួកគេ។ ប៉ុន្តែ​នៅពេល​ដែល​អ្នកណា​ម្នាក់​យក​វា​ទៅ​ប្រើប្រាស់​ដោយ​បំពាន​ នោះ​ខ្ញុំ​មាន​អារម្មណ៍​ថា​គ្មាន​សុវត្ថិភាព​ទេ​ដោយ​សារ​តែយើង​មើល​មិន​ឃើញ​ពី​គ្រោះថ្នាក់​ឡើយ។ ភ្ញៀវ​អាច​ដើរ​ចូល​ក្នុង​ផ្សារ​ដោយ​មាន​លាក់​កាំភ្លើង​ខ្លី​មក​ជាមួយ។ អ្នក​មើល​មិន​ដឹង​ទេ។ ខ្ញុំ​មក​ធ្វើការ​នៅថ្ងៃនេះ​ដោយសារ​តែ​ខ្ញុំ​ដឹង​ថា​វាពិបាក​និយាយ​រឿង​នេះ​ណាស់​ ប៉ុន្តែ​យើង​ត្រូវ​តែរស់​នៅ​បន្ត​ទៀត»។ ​

Kraft និង Mittelsted ព្យាយាម​ជំនះ​ស្ថានភាព​នេះ​តាម​វិធីសាស្ត្រ​ផ្សេងៗ​គ្នា។

សម្រាប់ BRANDY KRAFT បាន​និយាយ​ថា៖ «នៅពេល​ដែល​ខ្ញុំ​ដើរ​ចូល​មក​ ខ្ញុំ​ព្យាយាម​ញញឹម។ ខ្ញុំ​ព្យាយាម​និយាយ​ថា​ សួស្តី​ សុខសប្បាយ​ជា​ទេ?»។

ចំណែក DYLANMITTELSTED វិញ​បាន​និយាយ​ថា៖ «មាន​តែ​ពេលវេលាទេ​ដែល​អាច​ជួយ​ខ្ញុំ​បាន​នៅ​ពេល​នេះ»។

ខណៈ​ដែល​ពួកគេ​កំពុង​ធ្វើការ​ ពួកគេ​សង្ឃឹម​ថា​ពេលវេលា​អាច​ជួយ​ព្យាបាល​អារម្មណ៍​ភ័យខ្លាច​ទាំងនេះ​បាន៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា