លោក Bernie Sanders សមាជិកព្រឹទ្ធសភាស.រ.អាប្រចាំរដ្ឋ Vermont ដែលបានប្រកួតប្រជែងច្រើនខែមកហើយ ជាមួយលោកស្រី Hillary Clinton ដែលត្រូវបានសន្មតថា ជាអ្នកទទួលការតែងតាំង ជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ បានមានប្រសាសន៍ថា លោកនឹងជួបជាមួយលោកស្រី បន្ទាប់ពីការបោះឆ្នោតបឋមរបស់គណបក្សនៅថ្ងៃអង្គារ នៅក្នុងរដ្ឋធានី វ៉ាស៊ីនតោន ដើម្បីពិភាក្សាគ្នាអំពីរបៀបវារៈនយោបាយរបស់លោក និងលោកស្រី នៅមុនពេលលោកនឹងសម្រេចចិត្តថាតើនឹងបញ្ឈប់ការប្រកួតប្រជែងឬបែបណា។
កាលពីសប្តាហ៍មុន លោក Sanders បានបង្ហាញសញ្ញាថា ការឃោសនាបោះឆ្នោតរបស់លោកជិតចប់ហើយ ក៏ប៉ុន្តែលោកបានប្រកែកមិនព្រមបញ្ឈប់ការប្រកួតប្រជែងនេះទេ រហូតបន្ទាប់ពីក្រុមអ្នកបោះឆ្នោតនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដែលមានសមាជិកគណបក្សប្រជាធិបតេយ្យច្រើននាក់ មានឱកាសបោះឆ្នោតនៅថ្ងៃអង្គារ ដែលជាការបោះឆ្នោតចុងក្រោយបង្អស់របស់គណបក្សនេះនៅក្នុងការប្រកួតប្រជែងតាមរដ្ឋនីមួយៗ ដើម្បីតែងតាំងបេក្ខជនប្រធានាធិបតីរបស់គណបក្ស ដែលបានចាប់ផ្តើមធ្វើកាលពីខែកុម្ភៈ។
កាលពីសប្តាហ៍មុនលោកស្រី Clinton ដែលជាអតីតរដ្ឋមន្ត្រីការបរទេសស.រ.អាមានការគាំទ្រពីចំនួនប្រតិភូគ្រប់គ្រាន់នៅក្នុងមហាសន្និបាតគណបក្សក្នុងខែកក្កដា ដើម្បីក្លាយទៅជាស្ត្រីទីមួយ ដែលទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីនៃគណបក្សធំមួយរបស់ប្រទេសអាមេរិក។ លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាបានប្រញាប់ប្រញាល់គាំទ្រលោកស្រី ក៏ប៉ុន្តែលោកស្រី Clinton ប្រឈមមុខនឹងការធ្វើឲ្យមានការគាំទ្រពីសំណាក់អ្នកគាំទ្រលោក Sanders នៅក្នុងការបោះឆ្នោតជាតិក្នុងខែវិច្ឆិកា ជាពិសេសពីក្រុមអ្នកបោះឆ្នោតវ័យក្មេងដែលទ្រទ្រង់បេក្ខភាពលោកយ៉ាងខ្លាំង។
លោក Sanders បានមានប្រសាសន៍ប្រាប់កម្មវិធី Meet the Press នៃបណ្តាញទូរទស្សន៍អាមេរិកាំង NBC ថា ការយកជ័យជំម្នះលើលោក Donald Trump មហាសេដ្ឋីមានប្រាក់រាប់ពាន់លានដុល្លារ ដែលបានត្រូវសន្មតថា ជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋជាអាទិភាពទីមួយរបស់លោក។
ក៏ប៉ុន្តែលោកបាននិយាយថា លោកចង់ធ្វើឲ្យប្រាកដប្រជាថា លោកស្រី Clinton គាំទ្រអាទិភាពរបស់លោកក្នុងការប្រយុទ្ធប្រឆាំងនឹងឥទ្ធិពលរបស់ពួកមេកន្ទ្រាញហិរញ្ញវត្ថុនៅ Wall Street និងការប្រយុទ្ធប្រឆាំងនឹងភាពមិនស្មើគ្នាខាងប្រាក់ចំណូលនៅក្នុងស.រ.អា នៅមុនពេលលោកសម្រេចចិត្តអំពីទំហំនៃការគាំទ្ររបស់លោកដល់បេក្ខភាពប្រធានាធិបតីរបស់លោកស្រី៕