លោក Sanders និង​លោកស្រី Clinton ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ក្នុង​វេទិកា​ពិភាក្សា​ជជែក​ដេញ​ដោល

លោក Bernie Sanders និង​លោកស្រី Hillary Clinton ជជែក​ដេញ​ដោល​នៅ​ក្នុង​ក្រុង Brooklyn រដ្ឋ​ញូវយ៉ក កាលពី​ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦។

បេក្ខជន​ឈរ​ឈ្មោះ​ប្រធានាធិបតី​ខាង​គណបក្សប្រជាធិបតេយ្យ​ គឺ​លោក Bernie Sanders សមាជិក​ព្រឹទ្ធ​សភា​រដ្ឋ​ Vermont និង​លោកស្រី Hillary Clinton អតីត​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​ បាន​ធ្វើ​ការ​ពិភាក្សា​ដេញដោល​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​នៅ Brooklyn ក្នុង​ទីក្រុង​ញូវយ៉ក មុន​ពេល​នៃ​ការ​បោះឆ្នោត​បឋមដ៏​សំខាន់​ក្នុង​រដ្ឋ​ញូវយ៉ក ​នៅថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​នេះ។ ​

បេក្ខជន​ទាំង​២​រូប​នេះ​បាន​ជជែក​ដេញដោល​គ្នា​យ៉ាង​ខ្លាំង ដោយ​សួរ​នាំ​អំពី​ការ​វិនិច្ឆ័យ​របស់​ខ្លួន​ទៅ​វិញ​ទៅ​មក។ ​លោក Sanders ដែល​បាន​និយាយ​ក្នុង​ពេល​ថ្មីៗ​នេះ​ថា ​លោក​មិន​ជឿ​ថា​លោកស្រី Clinton មានគុណសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ជា​ប្រធានាធិបតី​នោះ​ បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​ទទួល​ស្គាល់​ថា​លោកស្រី Clinton ​មាន​គុណសម្បត្តិ​ធ្វើ​ជា​ប្រធានាធិបតី​បាន ប៉ុន្តែ​លោក​បាន​ជជីក​សួរ​អំពី​ការ​វិនិច្ឆ័យ​របស់​លោកស្រី។ លោក​បាន​លើក​ឡើង​អំពី​ការ​គាំទ្រ​របស់​លោកស្រី Clinton នៅ​ក្នុង​សង្គ្រាម​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ និង​ការទទួល​យកថវិកា​សម្រាប់​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ពីបណ្តា​ធនាគារ​ និង​ក្រុមហ៊ុន​នៅ Wall Street។

លោកស្រី Clinton ​បាន​ចោទ​ប្រកាន់​លោក Sanders ​ថាបាននិយាយ​រឿង​មិន​ពិតអំពី​លោកស្រី។ ​លោកស្រី Clinton ​បាន​មាន​ប្រសាសន៍​ថា ប្រជាជន​នៅ​ក្នុង​រដ្ឋ​ញូវយ៉ក​បាន​បោះឆ្នោត​ឲ្យ​លោកស្រី​ធ្វើ​ជា​សមាជិក​ព្រឹទ្ធសភា២​លើក​ ហើយ​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា បាន​តែងតាំង​លោកស្រី​ឲ្យ​ធ្វើ​ជា​រដ្ឋ​មន្រ្តី​ការបរទេស​ទៀត​ផង។ លោកស្រី​បាន​មាន​ប្រសាសន៍បន្ត​ថា លោកស្រី​មាន​ការ​វិនិច្ឆ័យ​ ប៉ុន្តែ​លោកស្រី​ក៏​បាន​សង្កត់​ធ្ងន់​ថា ​ចំណុច​ខ្សោយ​របស់​លោក Sanders គឺ​គោលនយោបាយ​ការបរទេស។ ​

លោកស្រី​បាន​ហៅ​ការ​ផ្តោត​របស់​លោក Sanders ទៅ​លើ​ការ​ទទួល​យក​ថវិកា​ឧបត្ថម្ភ​ដ៏​ច្រើន​របស់​លោកស្រី​ពី Wall Street ថា​ជា​ការ​វាយប្រហារ​មិន​ពិត។

បេក្ខជន​ទាំង​២​រូប​បាន​យល់​ដូច​គ្នា​ថា ​ធនាគារ​ដែល​ធំ​ពេក​មិនងាយ​នឹង​ដួល​រលំ​នោះ​ទេ ហើយ​វា​ផ្តល់​ហានិភ័យ​ដល់​សេដ្ឋកិច្ច ដូច្នេះ​គេ​គួរ​តែ​បំបែក​ធនាគារ​ឲ្យ​ទៅ​ជា​តូចៗ។ ​ពួកគេ​ទាំង​២​នាក់ជជែក​គ្នា​ដោយ​ខឹង​សម្បារ​ចំពោះ​ការ​តំឡើង​ប្រាក់​កម្រៃ​ទាប​បំផុត​ថ្នាក់​សហព័ន្ធ ដោយ​ពួកគេ​ទាំង​២​បាន​ស្រែក​គំហក​ដាក់​គ្នា៕