ភាពចម្រូងចម្រាសបន្តិចបន្តួចនៅក្នុងប្រទេសកូរ៉េខាងត្បូងជុំវិញការអនុញ្ញាតឲ្យក្រុមសិល្បៈកូរ៉េខាងជើងជិះសាឡាងឆ្លងចូលទៅចូលរួមកីឡាអូឡាំពិករដូវរងានៅកូរ៉េខាងត្បូងបានបង្ហាញពីភាពស្មុគស្មាញនៃការជួយសម្រួលដល់ការចូលរួមរបស់កូរ៉េខាងជើងនៅក្នុងការប្រកួតនេះ ដោយគ្មានការរំលោភបំពានដល់លក្ខខណ្ឌនៃការដាក់ទណ្ឌកម្មរបស់អន្តរជាតិ និងទ្វេភាគីនោះឡើយ។
ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃអង្គារបានបញ្ជូនក្រុមតន្ត្រី Samjiyon Band ដែលមានសមាជិកចំនួន១៤០នាក់ រួមទាំងអ្នកលេងភ្លេង អ្នករាំ និងអ្នកចម្រៀងទៅកូរ៉េខាងត្បូង តាមរយៈកប៉ាល់ Mangyongbong-92 របស់ខ្លួន ដើម្បីទៅសម្តែងនៅអំឡុងពេលការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០១៨នៅក្នុងទីក្រុងព្យូងឆាងប្រទេសកូរ៉េខាងត្បូង។
សាឡាងនេះនឹងចតទុកនៅឆ្នេរក្នុងទីក្រុង Gangneung ជាកន្លែងដែលគេរៀបចំការប្រកួតកីឡាជិះស្គីលើទឹកកក។
កប៉ាល់ Mangyongbong-92 មិនស្ថិតនៅក្នុងបញ្ជីខ្មៅនៃបញ្ជីកប៉ាល់ដែលត្រូវបានដាក់ទណ្ឌកម្មដោយអង្គការសហប្រជាជាតិ ដោយដឹកសម្ភារៈសម្រាប់បម្រើឲ្យកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងនោះទេ។ ប៉ុន្តែការដាក់ទណ្ឌកម្មទ្វេភាគីរបស់រដ្ឋាភិបាលទីក្រុងសេអ៊ូលដែលមានឈ្មោះថា «May 24 Measures» ត្រូវបានធ្វើឡើងកាលពីឆ្នាំ២០១០ បន្ទាប់ពីរដ្ឋាភិបាលក្រុងព្យុងយ៉ាង ត្រូវបានចោទប្រកាន់ថាបានវាយប្រហារទៅលើនាវាចម្បាំង Cheonan របស់កូរ៉េខាងត្បូង និងបានសម្លាប់នាវិកចំនួន៤៦នាក់នោះ មានគោលបំណងដាក់បម្រាមមិនអនុញ្ញាតឲ្យនាវារបស់កូរ៉េខាងជើងទាំងអស់បើកឆ្លងចូលដែនអធិបតេយ្យរបស់កូរ៉េខាងត្បូងជាដាច់ខាត។
ក្រសួងបង្រួបបង្រួមកូរ៉េទាំងពីរកាលពីថ្ងៃចន្ទបានប្រកាសថា ខ្លួននឹងលើកលែងការដាក់ទណ្ឌកម្មនៅក្នុងករណីនេះ ដោយសារតែកូរ៉េខាងជើងត្រូវមកចូលរួមកីឡាអូឡាំពិករដូវរងានាពេលខាងមុខនេះ៕