ការ​ដាក់​ទណ្ឌកម្ម​ជាសញ្ញា​បង្ហាញ​ពីជំហរ​ដ៏ម៉ឺងម៉ាត់​របស់​ស.រ.អា. ចំពោះ​ចិន​លើ​ករណី​សមុទ្រ​ចិន​ខាងត្បូង

  • Ralph Jennings

ផែនទី​ប្រជុំកោះ​ Paracel ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង

ក្រុម​អ្នក​វិភាគ​បាន​និយាយ​ថា ការដាក់​ទណ្ឌកម្ម​ជា​លើក​ទី១​របស់​ស.រ.អា​ ទៅ​លើ​ក្រុមហ៊ុន​មួយ​ចំនួន​របស់​ចិន ត្រូវ​បាន​គេ​ជឿ​ថា អាច​នឹង​ធ្វើ​ឱ្យ​ចិន​កាន់តែ​បង្កើន​ជម្លោះ​តាម​ប្រជុំ​កូន​កោះ​ក្នុង​សមុទ្រ​អាស៊ី និង​ជា​សញ្ញា​បង្ហាញ​ពី​គោល​នយោបាយ​ម៉ឺងម៉ាត់​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ទៅ​លើ​ការពង្រីក​ដែនទឹក​របស់​ប្រទេស​មហា​អំណាច​ដែល​ជា​គូប្រជែង​របស់​ខ្លួន។

ការិយាល័យ​ឧស្សាហ​កម្ម​និងសន្តិ​សុខ​នៃ​ក្រសួង​ពាណិជ្ជ​កម្ម​ស.រ.អា. បាន​ដាក់​បញ្ចូល​ឈ្មោះ​ក្រុមហ៊ុន​ចិន​ចំនួន២៤​បន្ថែម​ទៀត​ក្នុងបញ្ជី​រឹតត្បិត​ការនាំ​ទំនិញ​ចេញ​ និង​ការនាំ​ទំនិញ​ចេញ​ទៅ​វិញ និង​ការដឹក​ផ្ទេរ​ទំនិញ​ក្នុង​ប្រទេស​លើ​មុខ​ទំនិញ​ដែល​ធ្វើឱ្យ​ប៉ះពាល់​សន្តិសុខ​ជាតិ ឬ ខូច​ខាត​ផលប្រយោជន៍​គោល​នយោបាយ​អន្តរ​ជាតិ។

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ស.រ.អា. លោក​ Mike Pompeo បាន​និយាយ​កាលពី​ថ្ងៃព្រហស្បតិ៍​ទី៣ ខែកញ្ញា​កន្លង​ទៅ​នេះ ក្នុង​សន្និសីទ​ប្រចាំ​ឆ្នាំ​របស់​រដ្ឋ​មន្រ្តី​ការបរទេស​អាស៊ាន​តាមវីដេ​អូ​ថា បណ្តា​ប្រទេស​ក្នុងតំបន់​អាស៊ី​អាគ្នេយ៍ គួរ​សិក្សា​ និង​ពិនិត្យ​ពិច័យ​ឱ្យជាក់​លាក់​រាល់​សកម្មភាព​របស់​ក្រុមហ៊ុន​ចិន​ដែល​ប្រតិបត្តិ​ការក្នុង​តំបន់​នេះ។

ក្រុមហ៊ុន​ចិន​ដែល​ត្រូវបាន​ស.រ.អា. ដាក់​ចូល​ក្នុងបញ្ជី​ថ្មី​របស់​ខ្លួន គឺ​ដោយ​សារតែ​ក្រុមហ៊ុន​ទាំងនោះ​ជួយ​ទំនុក​បំរុង​ដល់​កងទ័ព​ចិន​ «សាងសង់​ទីតាំង​យោធា​ និងធ្វើ​យោធូប​នីយកម្ម​លើ​កោះ​សប្បនិម្មិត​ក្នុង​ដែន​សមុទ្រ​ចិន​ដែល​មានជម្លោះ និង​ដែល​បាន​រង​ការថ្កោល​ទោស​ពី​អន្តរ​ជាតិ» នេះ​បើ​តាម​ក្រសួង​ការបរទេស​ស.រ.អា. បញ្ជាក់​ក្នុង​សេចក្តីថ្លែង​ការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី២៦​ ខែសីហា​កន្លង​ទៅ​នេះ។ ភាគ​ច្រើន​នៃ​ប្រជុំ​កូន​កោះ​ទាំងនោះ​ សាងសង់​លើ​ដែន​ដី​ជម្លោះ​ ដែល​ដែនដី​ទាំងនោះ​អាច​ត្រូវបាន​ប្រើប្រាស់​ជា​ឃ្លាំង​ផ្ទុកយន្ត​ហោះ សម្ភារៈ​ដំឡើង​ប្រព័ន្ធ​រ៉ាដា​ និង​ជា​ទីសម្រាប់​ប្រជាជន​ស៊ីវិល​មួយ​ចំនួន​រស់​នៅផង​ដែរ។

ការដាក់​ទណ្ឌកម្ម​នេះ​ នឹង​មិនប៉ះពាល់​ដល់ក្រុម​ហ៊ុនទាំង​នោះ​ទេ​ ប៉ុន្តែ​ជាសញ្ញា​បង្ហាញ​ថា ស.រ.អា.​ កំពុង​បង្ហាញ​ជំហរ​ម៉ឺងម៉ាត់​រយៈពេល​យូរ​របស់​ខ្លួន​លើ​ការពង្រីក​ដែនទឹក​របស់​ចិន​ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង​ នេះ​បើតាម​លោក​ Andrew Yang អគ្គលេខា​ធិការ​នៃ​ក្រុមប្រឹក្សា​ចិន​សម្រាប់​ការផ្តល់​ប្រឹក្សា​យោបល់​ផ្នែកសិក្សា​គោល​នយោបាយ​ជាន់ខ្ពស់​នៅ​កោះ​តៃវ៉ាន់។

រដ្ឋា​ភិបាល​ក្រុង​វ៉ាស៊ីនតោន មិន​បាន​ទាមទារ​ដែន​ទឹកដែល​មាន​ទំហំ​៣លាន ៥សែន​គីឡូម៉ែត្រ​ការ៉េ​នោះ​ទេ​ ប៉ុន្តែ​ខ្លួន​ចង់រក្សា​ដែនទឹក​នោះ​ឱ្យ​បើក​ទូលាយ​សម្រាប់​ការប្រើប្រាស់​ជា​អន្តរ​ជាតិ។ ប្រទេស​ព្រុយណេ​ ម៉ាឡេ​ស៊ី ហ្វីលី​ពីន កោះ​តៃវ៉ាន់​ និង​វៀត​ណាម​ សុទ្ធតែ​មាន​ជម្លោះ​លើ​ដែនទឹក​នេះ​ទាំងអស់ ឬ លើ​ចំណែក​ខ្លះ​ដែល​ប្រទេស​ចិន​បាន​ទាមទារ​ចំណែក​៩០ភាគរយ​នៃដែន​ទឹក​ដែល​សម្បូរ​ដោយ​មច្ឆាជាតិ និង​ប្រេងឥន្ធនៈ​មួយ​នេះ ថា​ជា​របស់​ខ្លួន។ ការ​ពង្រីក​ផ្ទៃដី​ប្រជុំ​កោះ​នេះ​ នឹង​អំណោយ​ផល​ដល់​កម្លាំង​យោធា​ចិន​ឱ្យ​នាំមុខ​រដ្ឋាភិបាល​ប្រទេស​ផ្សេងៗ​ទៀត។ លោក​ Andrew Yang បាន​ពន្យល់​យ៉ាងដូច្នេះ​ថា៖

«វាជា​និមិត្តរូប​មួយ​យ៉ាង​ច្បាស់​។ បើតាម​ខ្ញុំគិត​ ខ្ញុំយល់​ថា វា​មិនមាន​ផល​ប៉ះពាល់​ខ្លាំង​ទៅ​លើ​ការធ្វើ​ពាណិជ្ជម្ម​ទេ។ វា​ជា​និមិត្តរូប​យ៉ាងច្បាស់​ថា សហរដ្ឋ​អាមេរិក កំពុង​ប្តូរគោល​នយោបាយ​របស់​ខ្លួន​ទាក់ទងនឹង​រឿង​សមុទ្រ​ចិន​ខាងត្បូង»។

ការ​ដាក់​ទណ្ឌកម្ម​នេះ បាន​កើតចេញ​មកពី​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋ​មន្រ្តីក្រសួង​ការបរទេស​ស.រ.អា. លោក​ Michael Pompeo កាលពី​ខែកក្កដា នេះ​បើតាម​លោក​ Oh Ei Sun អ្នកសិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​សិង្ហបុរី​សម្រាប់​កិច្ចការ​អន្តរជាតិ។ លោក​ Pompeo ធ្លាប់​បាន​និយាយ​ថា ការទាមទារ​របស់​ចិន​ ភាគច្រើន​ជា​រឿង​ខុសច្បាប់​ ហើយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន នឹង​គាំទ្រ​បណ្តា​ប្រទេស​ណា​ដែល​មាន​ជម្លោះ​ជាមួយ​ប្រទេស​ចិន​លើ​ករណី​នេះ។

ក្រសួង​ការបរ​ទេសចិន​ បាន​ថ្កោលទោស​ការដាក់​ទណ្ឌកម្ម​ដែល​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី២៧​ ខែសីហា​នេះ​ និង​ «ទទូច​ឱ្យ​សហរដ្ឋ​អាមេរិក​កែតម្រូវ​កំហុស​ និង​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន» នេះ​បើតាម​ទីភ្នាក់ងារ​សារព័ត៌​មានផ្លូវការ​ Xinhua ស្រង់​សំដី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​មក​ចុះ​ផ្សាយ។

ទោះជា​យ៉ាងនេះ​ក៏ដោយ​ ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​ មើល​ឃើញ​ថា រឿង​នេះ​ទំនង​ជា​គ្មាន​ផល​ប៉ះ​ពាល់​ទៅលើ​ការធ្វើ​ពាណិជ្ជកម្ម​ឡើយ។ ក្នុងចំណោម​ក្រុមហ៊ុន​ដែល​រង​ការដាក់​ទណ្ឌកម្ម ក៏​មាន​ក្រុមហ៊ុន​សំណង់​ប្រព័ន្ធ​ទំនាក់ទំនង​ដ៏ធំ ដែលគ្រប់​គ្រង​ដោយ​រដ្ឋ​ចិន​ និង​ក្រុមហ៊ុន​សាជីវកម្ម​បច្ចេកវិទ្យា​គ្រឿង​អេឡិចត្រូនិក​ចិន​ផងដែរ ដែល​ធ្វើ​ពាណិជ្ជកម្ម​តិចតួច​នៅ​សហរដ្ឋ​អាមេរិក។ ក្រុមហ៊ុន​ទាំងនោះ​ មាន​ប្រជាប្រិយភាព​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ សូម្បីតែ​នៅក្នុង​បណ្តា​ប្រទេស​ដែល​ជា​គូប្រជែង​ទាមទារ​ដែន​សមុទ្រ​របស់​ចិន​នោះផងដែរ។ លោក​ Oh បាន​និយាយ​បន្ត​ទៀត​ថា៖

«ខ្ញុំ​គិត​ថា ក្រុម​ហ៊ុន​ទាំងអស់​នេះ​ នៅតែ​រីករាយ​ក្នុងការ​បន្ត​ជា​ក្រុមហ៊ុន​ដៃគូ​កិច្ចសន្យា​លើ​គម្រោង​សាង​សង់នា​នា​ដដែល​ តួយ៉ាង​នៅ​ប្រទេស​ម៉ាឡេ​ស៊ី និង​ហ្វីលីពីន​ជា​ដើម។ ហេតុផល​នោះ​គឺថា​ ក្រុមហ៊ុន​ទាំងនោះ​យក​កម្រៃ​ថោក​ និង​រហ័ស​ ហេតុ​ដូច្នេះ​ហើយ​ ក្រុមហ៊ុន​ទាំងនេះ​ សម្បូរ​គម្រោង​ណាស់»។

ប្រទេស​ចិន បាន​វិនិយោគ​យ៉ាងសម្បើម​ក្នុងតំបន់​អាស៊ី​អាគ្នេយ៍​ ក្នុង​ហេតុផល​ខ្លះ គឺ​ដើម្បី​បន្ថយ​ភ្លើង​ជម្លោះ​ដែន​សមុទ្រ៕

ប្រែ​សម្រួល​ដោយ​ កោះ​ សុគន្ធី