ការដាក់ទណ្ឌកម្មរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក និងក្រសួងការបរទេសសហរដ្ឋអាមេរិកមកលើនាយឧត្តមសេនីយ៍កំពូលៗ២រូបរបស់កម្ពុជា មានទំនាក់ទំនងនឹងការវិវឌ្ឍថ្មីៗរបស់កម្ពុជា ដែលមិនអាចធ្វើឲ្យប្រសើរឡើងនៃសិទ្ធិសេរីភាពរបស់ពលរដ្ឋកម្ពុជា។ នេះ ជាការបញ្ជាក់ពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា។
កាលពីថ្ងៃពុធ ក្រសួងរតនាគារសហរដ្ឋអាមេរិក និងក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបញ្ចូលឈ្មោះចំៗរបស់ឧត្តមសេនីយ៍២រូបបន្ថែម គឺនាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស និងនាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក ឲ្យស្ថិតនៅក្នុងបញ្ជីខ្មៅនៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងអំពើពុករលួយ។
ចំណាត់ការរបស់សហរដ្ឋអាមេរិកលើឧត្តមសេនីយ៍យោធាទាំងពីររូបនេះ គឺយោងទៅលើការអភិវឌ្ឃតំបន់កងទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ ដែលសហរដ្ឋអាមេរិកមិនសប្បាយចិត្តនឹងការវាយបំផ្លាញចោលអគារជំនួយរបស់សហរដ្ឋអាមេរិកដល់យោធាកម្ពុជា។ ហើយសហរដ្ឋអាមេរិកធ្លាប់បានចោទប្រកាន់កម្ពុជាថា នឹងអនុញ្ញាតឲ្យមានមូលដ្ឋានយោធាចិន ខណៈកម្ពុជាប្រកែកដាច់អហង្ការថា មិនមានទៅវិញនោះ។
អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ លោក Chad Roedemeier បានអត្ថាធិប្បាយតាមសារអ៊ីមែលមួយនៅថ្ងៃព្រហស្បតិ៍នេះថា ការវិវឌ្ឍនាពេលថ្មីៗនេះ នៅក្នុងប្រទេសកម្ពុជា ដូចជាការប្រព្រឹត្តអំពើពុករលួយជាលក្ខណៈប្រព័ន្ធ ឧក្រិដ្ឋកម្មឆ្លងដែន ការរំលោភសិទ្ធិមនុស្ស បានគំរាមកំហែងដល់ទាំងផលប្រយោជន៍សន្តិសុខរបស់សហរដ្ឋអាមេរិក និងសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាជនក្នុងប្រទេសកម្ពុជា។
លោកអធិប្បាយជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាខេមរភាសាតាមន័យដើមថា៖ «មន្ត្រីអាមេរិក បានលើកក្តីបារម្ភអំពីរឿងទាំងអស់នេះជាទៀងទាត់ជាមួយមេដឹកនាំកម្ពុជា ប៉ុន្តែជាការគួរឲ្យសោកស្តាយ ដែលគ្មានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេ»។
លោកបន្ថែមថា៖ «សហរដ្ឋអាមេរិកនៅមានការប្តេជ្ញាចិត្តចំពោះប្រជាជនកម្ពុជា និងក្តីប្រាថ្នារបស់ពួកគេដែលចង់បានអនាគតពោរពេញដោយសន្តិភាព រុងរឿង មានប្រជាធិបតេយ្យ និងសមធម៌»។
បើតាមសេចក្តីប្រកាសរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន(Washington) នឹងមិនអនុញ្ញាតឲ្យឧត្តមសេនីយ៍កម្ពុជាទាំងពីរ ក្រុមគ្រួសារសាច់ញាតិ ទទួលបានទិដ្ឋាការចូលទឹកដីសហរដ្ឋអាមរិក ហើយទ្រព្យសម្បត្តិដែលមាននៅក្នុងសហរដ្ឋអាមេរិក ឬគ្រប់គ្រងដោយបុគ្គលទាំងពីររូបនោះ នៅសហរដ្ឋអាមេរិក នឹងត្រូវបង្កក និងត្រូវរាយការណ៍ជូនមកការិយាល័យគ្រប់គ្រងអចលនទ្រព្យបរទេសនៃក្រសួងរតនាគារសហរដ្ឋអាមរិកផងដែរ។ បន្ថែមលើនោះ ជំនួញនានាដែលនាយឧត្តមសេនីយ៍ទាំងពីរមានកម្មសិទ្ធដោយផ្ទាល់ ឬដោយប្រយោលចាប់ពី ៥០% ឡើងទៅ នឹងត្រូវបង្កកផងដែរ។
វីអូអេ មិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយ ពីនាយឧត្តមសេនីយ៍ ចៅ ភិរុណ និងនាយឧត្តមសេនីយ៍ ទៀ វិញ បានទេ ដោយលោកទាំងពីរ មិនទទួលទូរស័ព្ទ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា មិនឆ្លើយសំណួរដែលបានផ្ញើតាមប្រព័ន្ធទំនាក់ទំនង WhatsApp នៅថ្ងៃព្រហស្បតិ៍នេះ។
ចំណែកកូនប្រុសមួយរូបរបស់លោក ទៀ វិញ គឺលោក ទៀ វិចិត្រ បានទទួលទូរសព្ទ័រួចផ្តាច់ចោលវិញ។ វីអូអេ ក៏មិនអាចសុំការអធិប្បាយពីអ្នកនាំពាក្យក្រសួងការពារជាតិនាយឧត្តមសេនីយ៍ ឈុំ សុជាត បានដែរ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន ចោទសហរដ្ឋអាមេរិកថា កំពុងមានវិធានការជាឯកតោភាគីមកលើកម្ពុជា តាមការដាក់ទណ្ឌកម្មមន្ត្រីយោធាជាន់ខ្ពស់ទាំងពីររូបនោះ ហើយថា អាមេរិកកំពុងបង្ក«អំពើអនាធិបតេយ្យ» ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងនយោបាយអន្តរជាតិ។
លោកប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា៖ «ទង្វើរបស់គាត់នេះ វានាំឲ្យខូចសណ្តាប់ធ្នាប់អន្តរជាតិ ជាពិសេស គឺច្បាប់អន្តរជាតិ និងនយោបាយអន្តរជាតិដែលរដ្ឋមួយ អាចរៀបចំធ្វើច្បាប់ក្នុងការដាក់ទណ្ឌកម្មដល់រដ្ឋ និងថ្នាក់ដឹកនាំ ដល់ពលរដ្ឋដទៃទៀតជាឯកតោភាគី។ អាហ្នឹងគឺថា វាខុសពីគោលការណ៍ច្បាប់អន្តរជាតិ ខុសពីគោលការណ៍របស់អង្គការសហប្រជាជាតិ ហើយវានាំឲ្យខូចទម្លាប់ ឬមួយក៏សណ្តាប់ធ្នាប់អន្តរជាតិ និងនយោបាយអន្តរជាតិ ដែលបង្កើតឲ្យមានភាពអនាធិបតេយ្យ»។
លោកជឿថា ប្រទេសចិន និងប្រទេសជាច្រើនទៀត នឹងមានវិធានការស្រដៀងគ្នាឆ្លើយតបទៅសហរដ្ឋអាមេរិកវិញ ដូចអ្វីដែលអាមេរិក បានធ្វើមកលើកម្ពុជានោះ។
លោកថ្លែងថា៖ «ភាពអនាធិបតេយ្យដែលគាត់បង្កើតហ្នឹង វាបានចាប់ផ្តើមហើយ ប្រទេសចិនក៏គេធ្វើដូចគាត់អីចឹងដែរ។ គេមានការចេញរបាយការណ៍រិះគន់សិទ្ធិមនុស្សនៅគាត់ហ្នឹងក៏មិនតិចដែរ មានការដាក់ទណ្ឌកម្មទៅលើថ្នាក់ដឹកនាំគាត់ និងពលរដ្ឋរបស់គាត់ ដូចតែគ្នា ដូចអ្វីដែលគាត់ធ្វើទៅលើគេអីចឹង។ អាហ្នឹងវាជាភាពអនាធិបតេយ្យនៃនយោបាយអន្តរជាតិដែលផ្តើមឡើងដោយប្រទេសមហាអំណាច»។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ដែលជាសមាជិកព្រឹទ្ធសភាមួយរូបផងនោះយល់ឃើញថា វិធានការរបស់សហរដ្ឋអាមេរិកចុងក្រោយនេះ មិនបង្កើនសម្ពាធណាមួយមកលើកម្ពុជាទេ ហើយវិធានការស្រដៀងគ្នា ក៏អាមេរិកបានដាក់ទៅលើប្រទេសផ្សេងទៀតតាមសិទ្ធិអំណាចរបស់ខ្លួនដែរ។
លោកលើកឡើងទៀតថា ក្រុមមន្ត្រីយោធាកម្ពុជា ក៏គ្មានបំណងទៅសហរដ្ឋអាមេរិក ដូច្នេះការសុំទិដ្ឋាការមិនមែនជារឿងចាំបាច់ទេ ហើយអាមេរិកក៏មិនដឹងថា នឹងរឹបអូសលុយបណ្តាក់ទុនរបស់មន្ត្រីយោធាទាំងនោះយ៉ាងណាដែរ ដោយលើកហេតុផលថា មន្ត្រីយោធាទាំងនោះ មិនមានការរកស៊ីនៅអាមេរិក ដែលត្រូវឲ្យអាមេរិករឹបអូសយកបានទេ។
លោកប្រាប់វីអូអេថា៖ «ខ្ញុំយល់ថា ការដាក់យ៉ាងណាក៏ដោយ វាអត់មានប្រសិទ្ធភាពអីទេ។ ហើយមូលហេតុដែលថា អត់ប្រសិទ្ធភាពពីព្រោះថា [វា]មិនឲ្យផ្តល់ទិដ្ឋាការទៅអាមេរិក ចុះបើគេអត់ចង់ទៅអាមេរិកផងហ្នឹង ឃើញនែ៎! បានស្អីមានប្រសិទ្ធភាព»។
អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនោះបន្ថែមថា អាមេរិកមិនបានចាត់វិធានការណាទៀត ឬធ្វើឲ្យល្អក់កករដល់ទំនាក់ទំនងនៃប្រទេសទាំងពីររួមទាំងពាណិជ្ជកម្មកម្ពុជាអាមេរិកនោះទេ។
លោកថ្លែងថា៖ «ខ្ញុំយល់ថា តាំងពីដើមមកដូច GSP អីអាមេរិក គឺតែអ្នកនយោបាយឯកជន ជាឯកជនរបស់អាមេរិកទេ តែរដ្ឋាភិបាលអាមេរិកលោកមានកាត់ លោកមានកងឯណា! លោកនៅតែមានទំនាក់ទំនងល្អពាណិជ្ជកម្មសេដ្ឋកិច្ចអីជាមួយកម្ពុជាដដែលហ្នឹង។ អ៊ីចឹងអ្នកនិយាយ វាមានតែអ្នកមានសតិអារម្មណ៍មិនល្អជាមួយនឹងកម្ពុជាហ្នឹង អ្នកនិយាយ»។
ប៉ុន្តែនាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា សហរដ្ឋអាមេរិក មិនចង់បានអ្វីក្រៅតែពីការចង់ឃើញ ស្ថានភាពប្រសើរឡើងនៃការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ អ្នកតាមដាននយោបាយកម្ពុជា និងជាព្រឹទ្ធបុរសរងទទួលបន្ទុកផ្នែកអភិវឌ្ឍន៍នៅសាកលវិទ្យាល័យ Arizona State លោកបណ្ឌិត អៀ សុផល បានថ្លែងថា វិធានការខាងលើ អាចនឹងបង្កផលវិបាកច្រើនដល់កម្ពុជា ហើយអាចមានឈ្មោះមន្ត្រីកម្ពុជាជាច្រើននាក់ទៀត ដែលនឹងរងវិធានការស្រដៀងគ្នានេះ។ លោកថាការដាក់ទណ្ឌកម្មបន្ថែមលើមន្ត្រីយោធាកំពូលៗ២រូបនោះ ជានិម្មិតរូបដែលមានសារៈសំខាន់។ លោកថ្លែងក្នុងន័យដើមថា៖
«ប្រជាជនកម្ពុជា មិនត្រូវបានគេបំភ្លេចចោលទេ។ រដ្ឋធានីវ៉ាស៊ីនតោន និងក្រសួងរតនាគារជាតិអាមេរិក ខ្វល់ខ្វាយពីយុត្តិធម៌នៅកម្ពុជា»។
លោកបន្ថែមថា បុគ្គលទាំងឡាយណាដែលនាំឲ្យមានការបំផ្លាញអគាររបស់អាមេរិកនៅមូលដ្ឋានកងទ័ពជើងទឹករាម កំពុងត្រូវបានយកមកឲ្យមានការទទួលខុសត្រូវចំពោះទង្វើរបស់ពួកគេ។
ដោយឡែកលោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាស្ថាបនិកគណបក្សកែទម្រង់កម្ពុជា ថ្លែងថា អ្វីដែលសហរដ្ឋអាមេរិកកំពុងធ្វើនេះ គឺមិនមែនសំដៅតែទៅលើកម្ពុជាទេ តែទៅលើប្រទេសទូទៅក្នុងសាកលលោកចំពោះបុគ្គលណាដែលគេរកឃើញថា បានបង្កការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងការធ្វើទុក្ខបុកម្នេញលើការរស់នៅរបស់ប្រជាជន។ ក៏ប៉ុន្តែលោកជឿថា ទណ្ឌកម្មនេះ នឹងមិនធ្វើឲ្យខូចទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិកទេ ព្រោះកន្លងមក មានការដាក់ទណ្ឌកម្មប្រហាក់ប្រហែលគ្នានេះ ទៅលើមន្ត្រី និងអ្នកជំនួញកម្ពុជាមួយចំនួនរួចដែរ ហើយមិនបានបង្កភាពរកាំរកូសនៃចំណងមិត្តភាពអាមរិក និងកម្ពុជានោះដែរ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក បានបន្ថែមថា នាយឧត្តមសេនីយ៍ទាំងពីរ គឺស្ថិតក្នុងបញ្ជីឈ្មោះដែលត្រូវអនុវត្តតាមបទបញ្ជាប្រធានាធិបតីសហរដ្ឋអាមេរិកលេខ ១៣៨១៣ ដែលបន្ថែមទៅលើការអនុវត្តច្បាប់ Global Magnitsky ដែលផ្តន្ទាទោសលើជនរំលោភសិទ្ធិមនុស្ស និងប្រព្រឹត្តអំពីពុករលួយធ្ងន់ធ្ងរក្នុងពិភពលោក៕