ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ីលោក Roscosmos បានព្រមានកាលពីថ្ងៃសៅរ៍ថាការដាក់ទណ្ឌកម្មរបស់ពួកបស្ចឹមប្រទេសប្រឆាំងនឹងរុស្ស៊ីអាចបណ្តាលឱ្យស្ថានីយ៍អវកាសអន្តរជាតិធ្លាក់ ហើយលោកបានអំពាវនាវឱ្យលុបចោលការដាក់ទណ្ឌកម្មទាំងនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
បើតាមលោក Dmitry Rogozin ថា ការដាក់ទណ្ឌកម្មទាំងនេះដែលខ្លះមាននៅមុនការ ឈ្លានពានរបស់រដ្ឋាភិបាលក្រុងម៉ូស្គូលើប្រទេសអ៊ុយក្រែន អាចបង្អាក់កិច្ចប្រតិបត្តិការរបស់យានអវកាសរុស្ស៊ីបម្រើការឱ្យស្ថានីយ៍អវកាសអន្តរជាតិ។
ប្រធានទីភ្នាក់ងារអវកាស Roscosmos បានសរសេរតាមបណ្តាញTelegram ថា ជាលទ្ធផលផ្នែករុស្ស៊ីនៃស្ថានីយ៍នេះដែលជួយតម្រែតម្រង់តារាវិថីរបស់វាអាចរងផល ប៉ះពាល់ បណ្តាលឱ្យស្ថានីយ៍មានទម្ងន់៥០០តោននេះ«ធ្លាក់ចូលក្នុងសមុទ្រឬលើដី»។
លោក Rogozin បាននិយាយថា៖«ផ្នែករបស់រុស្ស៊ីធ្វើឱ្យប្រាកដថា ផ្លូវហោះហើររបស់ស្ថានីយ៍នេះត្រូវកែតម្រូវជាមធ្យមភាគ១១ដងក្នុងមួយឆ្នាំដោយមានរួមបញ្ចូលទាំងការបញ្ចៀសកុំឱ្យប៉ះទង្គិចជាមួយកម្ទិចក្នុងអវកាសផងដែរ»។ លោកបានសម្តែងការ គាំទ្ររបស់លោកដល់កងទ័ពរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនតាមបណ្តាញសង្គម។
ដោយផ្សព្វផ្សាយផែនទីមួយអំពីកន្លែងដែលស្ថានីយ៍អវកាសអន្តរជាតិអាចធ្លាក់នោះ លោក Rogozin បានចង្អុលបង្ហាញថា វាមិនទំនងថា ស្ថានីយ៍នោះធ្លាក់ក្នុងប្រទេសរុស្ស៊ីនោះទេ។
លោកបានបន្តថា«តែប្រជាពលរដ្ឋនៃប្រទេសឯទៀតៗ ជាពិសេសប្រទេសដែលដឹកនាំដោយ«ឆ្កែសង្គ្រាម» អាចគិតគូរអំពីការខាតបង់ដោយសារការដាក់ទណ្ឌកម្មប្រឆាំង Roscosmos» ដោយលោកបានពណ៌នាក្រុមប្រទេសដែលបានដាក់ទណ្ឌកម្មថា«ឆ្កួតលីលា»។
លោក Rogozin ក៏បានលើកឡើងកាលពីខែមុនអំពីការធ្លាក់នៃស្ថានីយ៍អវកាសមកផែនដីនៅពេលលោករិះគន់ខ្លាំងៗដល់ការដាក់ទណ្ឌកម្មបស្ចឹមប្រទេសតាមបណ្តាញ Twitter។
កាលពីថ្ងៃទី១មីនា ទីភ្នាក់ងារអវកាសរបស់សហរដ្ឋអាមេរិក NASAបានថ្លែងថា ខ្លួនកំពុងស្វែងរកដំណោះស្រាយមួយដើម្បីឱ្យស្ថានីយ៍អវកាសអន្តរជាតិស្ថិតក្នុងតារាវិថីដោយមិនចាំបាច់មានជំនួយពីរុស្ស៊ី៕