អាជ្ញាធរកូរ៉េខាងត្បូងបានចាប់ខ្លួនប្រធានក្រុមហ៊ុន Samsung នៅក្នុងករណីជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ទៅលើតួនាទីរបស់លោក ក្នុងរឿងអាស្រូវពុករលួយដ៏ធំមួយដែលនាំឲ្យឈានទៅដល់ការបោះឆ្នោតទម្លាក់លោកស្រីប្រធានាធិបតី Park Geun-hye។
អ្នកជំនួញជាមហាសេដ្ឋី លោក Lee Jae-yong ឬដែលគេស្គាល់នៅបស្ចឹមប្រទេសថា Jay Y. Lee ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃសុក្រនេះ។
អ្នកស្នងមត៌កក្រុមហ៊ុន Samsung រូបនេះ ត្រូវបានសង្ស័យថាបានផ្តល់ប្រាក់ចំនួន៣៥លានដុល្លារទៅឲ្យលោកស្រី Choi Soon-sill ដែលជាមិត្តភក្តិដ៏មានឥទ្ធិពលរបស់លោកស្រី Park ដើម្បីជាថ្នូរទៅនឹងការជួយពីប្រធានាធិបតី ក្នុងការធានាដល់ការអនុម័តទៅលើមូលនិធិប្រាក់ចូលនិវត្តន៍មួយរបស់រដ្ឋសម្រាប់ការរួមបញ្ចូលសាខាក្រុមហ៊ុនពីររបស់ Samsung កាលពីឆ្នាំ២០១៥។ ការផ្តល់ប្រាក់នេះបានកើតឡើងក្នុងទម្រង់ជាការបរិច្ចាគដើម្បីឧបត្ថម្ភដល់ហ្វឹកហ្វឺនជិះសេះរបស់នាង Chung Yoo-ra ដែលជាកូនស្រីរបស់លោកស្រី Choi និងឧបត្ថម្ភដល់មូលនិធិពីរដែលមិនមានលក្ខណៈពិតប្រាកដដែលគ្រប់គ្រងដោយលោកស្រី Choi។
កាលពីខែធ្នូ សភាជាតិកូរ៉េខាងត្បូងបានបោះឆ្នោតសំឡេងភាគច្រើនដើម្បីទម្លាក់លោកស្រី Park ដោយផ្អែកទៅលើការចោទប្រកាន់ថា រំលោភអំណាច សូកប៉ាន់ និងការមិនគោរពសេរីភាពសារព័ត៌មាន ដែលមានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវតាមរយៈការប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនទៅលើទឹកប្រាក់រាប់លានដុល្លារ។
លោកស្រី Park បានច្រានចោលការចោទប្រកាន់ទាំងនោះ។ លោកស្រីត្រូវបានគេព្យួរពីតំណែង ប៉ុន្តែលោកស្រីនៅតែបន្តរស់នៅក្នុងវិមានពណ៌ខៀវរបស់ប្រធានាធិបតីដដែល។ តុលាការធម្មនុញ្ញកំពុងតែពិនិត្យមើលលើសេចក្តីសម្រេចក្នុងការទម្លាក់លោកស្រី Park ចេញពីតំណែង៕