ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានលើកឡើងថា ការកែរដ្ឋធម្មនុញ្ញដើម្បីអនុញ្ញាតឲ្យមានការកែប្រែខ្នាតផែនទី១លើ១០០ពាន់របស់ប្រទេសកម្ពុជាមិនចាំបាច់ឡើយ។ នេះបើយោងតាមសារអេឡិចត្រូនិកមួយរបស់ប្រធានគណបក្សប្រឆាំងរូបនេះដែល VOAទទួលបានកាលពីថ្ងៃចន្ទ។
ការលើកឡើងរបស់លោក សម រង្ស៊ី បែបនេះធ្វើឡើង ក្រោយពីមានភាពចម្រូង ចម្រាសលើសំណើមួយរបស់រដ្ឋាភិបាលកម្ពុជា ដែលចង់កែប្រែខ្នាតផែនទីបច្ចុប្បន្នពី១លើ១០០ពាន់ ទៅខ្នាត១លើ៥០ពាន់វិញ។
រដ្ឋាភិបាលកម្ពុជាអះអាងថា ការកែប្រែខ្នាតផែនទីនេះនឹងជួយដល់កិច្ចការកំណត់ព្រំដែនជាមួយប្រទេសជិតខាងឲ្យកាន់តែច្បាស់លាស់ ដោយសារខ្នាតផែនទីបច្ចុប្បន្នដែលកំណត់ដោយរដ្ឋធម្មនុញ្ញកម្ពុជា ពិបាកក្នុងការកំណត់លើផែនដីជាក់ស្ដែង។ រដ្ឋាភិបាលអះអាងថា ការកំណត់ព្រំដែនឲ្យបានច្បាស់លាស់នេះគឺដើម្បីជៀសវាងការចោទប្រកាន់ពីការបាត់បង់ទឹកដីទៅប្រទេសជិតខាង។
លោក សម រង្ស៊ី បានសរសេរនៅក្នុងសាររបស់លោកថា ការពង្រីកខ្នាតផែនទីខ្នាត១លើ៥០ពាន់នេះ គឺពិតជាលម្អិតនិងច្បាស់ជាងខ្នាត១លើ១០០ពាន់ ២ដង ប៉ុន្តែលោកថា វាគ្មានប្រែប្រួលអ្វីជាលក្ខណៈមូលដ្ឋានឡើយ។
លោកបន្ថែមថា ការកែរដ្ឋធម្មនុញ្ញសម្រាប់តែការពង្រីកផែនទីនេះ មិនចាំបាច់ឡើយ។
រដ្ឋធម្មនុញ្ញកម្ពុជាកំណត់ថា បូរណភាពទឹកដីរបស់ប្រទេសកម្ពុជាមិនអាចរំលោភបំពានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលកំណត់ក្នុងផែនទីខ្នាត១លើ១០០ពាន់ ដែលធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ១៩៣៦-១៩៦៩៕