នៅថ្ងៃច័ន្ទនេះ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដែលរស់នៅនិរទេសខ្លួន បានព្រមានដល់អ្នកវិនិយោគទុននិងជនជាតិចិនក្នុងប្រទេសកម្ពុជា ឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញដល់ពលរដ្ឋខ្មែរម្ចាស់ស្រុក មុនពេលស្ថានការណ៍នយោបាយថ្មីអាចកើតមានក្នុងឆ្នាំ២០១៩នេះ។
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងមួយរូបដែលកំពុងស្ថិតនៅក្រៅប្រទេស បានបង្ហោះសារជាអក្សរលើទំព័រហ្វេសប៊ុករបស់ដោយព្រមានដល់អ្នកវិយោគទុននិងជនជាតិចិនដែលកំពុងស្ថិតនៅកម្ពុជា ឲ្យមានការគោរពជនជាតិខ្មែរដែលជាម្ចាស់ស្រុក។ ក្នុងសារដែលមានជាភាសាខ្មែរ និងអង់គ្លេសនោះ លោក សម រង្ស៊ី បន្ថែមថា ស្ថានការណ៍នយោបាយនៅកម្ពុជា នឹងកាន់តែតានតឹងឡើងចាប់ពីពេលនេះទៅនិងថាព្រឹត្តិការណ៍ថ្មីដ៏សំខាន់ អាចកើតមានឡើងគ្រប់ពេល ក្នុងឆ្នាំ២០១៩នេះ ដោយសារតែប្រជារាស្ត្រខ្មែរមានបំណងចង់ប្តូររដ្ឋាភិបាលរបស់លោក ហ៊ុន សែន។
លោក សម រង្ស៊ី បញ្ជាក់ថា៖
«ជនជាតិចិនទាំងនោះត្រូវដឹងថា ពួកគេបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរទាំងមូល មានការ ក្តៅក្រហាយចំពោះពួកគេ។ ដូច្នេះជាការប្រុងប្រយ័ត្នដ៏ត្រឹមត្រូវ បើពួកគេឈប់បំពានមកលើជនជាតិខ្មែរ ឈប់ព្រហើន ហើយចេះសម្តែងការគោរពខ្លះ ចំពោះជនជាតិខ្មែរ ដែលជាម្ចាស់ស្រុក។ បើមិនយ៉ាងដូច្នោះទេពួកជនជាតិចិនទាំងនោះ អាចប្រឈមមុខពីការផ្ទុះកំហឹងពីសំណាក់ជនជាតិខ្មែរជាម្ចាស់ស្រុក នៅពេលដែលព្រឹត្តិការណ៍នយោបាយថ្មីនឹងកើតមានឡើងក្នុងឆ្នាំ២០១៩នេះ»។
លោក សម រង្ស៊ី សរសេរបន្ថែមថា អ្នកវិនិយោគនិងជនជាតិចិនត្រូវពិនិត្យឡើងវិញ រាល់សកម្មភាព និងគម្រោងទាំងឡាយរបស់ពួកគេ ហើយក៏តម្រូវឲ្យពួកគេដោះស្រាយបញ្ហាទាំងឡាយ ដែលពួកគេបានបង្កឲ្យពលរដ្ឋខ្មែររងគ្រោះ។
លោក សម រង្ស៊ី សរសេរអំពីផលវិបាកដែលលោកថានឹងអាចកើតមានចំពោះជនជាតិចិននៅកម្ពុជាថា៖
«ពួកគេត្រូវតែប្រគល់សងឲ្យម្ចាស់ដើមវិញ នូវដីធ្លី ដែលពួកគេបានឃុបឃិតជាមួយអាជ្ញាធរផ្តាច់ការ និងពុករលួយ នៅពេលមករឹបអូសដីធ្លីទាំងនោះពីពលរដ្ឋខ្មែរ។ ពួកគេត្រូវតែបិទបនល្បែងស៊ីសង (កាស៊ីណូ) ដែលពួកគេបានបើកព្រោងព្រាតនៅស្រុកយើង ហើយពួកគេត្រូវតែយកចេញពីស្រុកខ្មែរនូវក្រុមចោរម៉ាហ្វៀរ (Mafia) និងបនជនពាលកាប់ចាក់ ដែលពួកគេបាននាំមកជាមួយវិនិយោគ និងសកម្មភាពផ្សេងៗរបស់ពួកគេ»។
ថ្មីៗនេះ លោក សម រង្ស៊ី បានប្រកាសគម្រោងចូលមកកម្ពុជាវិញដើម្បីដណ្តើមអំណាចពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក្នុងឆ្នាំ២០១៩នេះ ដោយមានទាំងការអំពាវនាវឲ្យពលរដ្ឋខ្មែរដែលកំពុងរស់នៅក្រៅប្រទេស ចូលមកកម្ពុជាវិញជាមួយលោកទៀតផង។ ខណៈលោក សម រង្ស៊ី ប្រកាសគម្រោងចូលស្រុកជាច្រើនដងនោះ គេឃើញមេដឹកនាំទាំងនគរបាល និងកងទ័ពបានប្រកាសត្រៀមកម្លាំងដើម្បីចាប់ខ្លួនលោកសម រង្ស៊ី ពេលដែលលោកចូលមកកម្ពុជាវិញ។
VOA បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយពីស្ថានទូតចិនប្រចាំកម្ពុជាតែរហូតមកដល់ល្ងាចថ្ងៃច័ន្ទនេះ មិនមានការឆ្លើយតបនៅឡើយ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យគណៈរដ្ឋមន្រ្តីប្រាប់ VOA ថាការលើកឡើងរបស់លោក សម រង្ស៊ី គ្រាន់តែជាសង្គ្រាមចិត្តសាស្រ្តនៃការអស់សង្ឃឹម ក្នុងគោលដៅប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដើម្បីកុំឲ្យបាត់សំឡេងរបស់លោក សម រង្ស៊ី ប៉ុណ្ណោះ។ លោកបន្ថែមថា រដ្ឋាភិបាលកម្ពុជា និងជនជាតិចិនដែលកំពុងស្ថិតនៅកម្ពុជា មិនមានការចាប់អារម្មណ៍នឹងសាររបស់លោក សម រង្ស៊ី នោះទេ។
លោកបញ្ជាក់ថា៖
«ជនជាតិចិនជាស្គាល់ច្បាស់ ស្គាល់ សម រង្ស៊ី ច្បាស់ ដោយសារគេយល់ឃើញថា ទាំងអស់គ្នាយល់ឃើញថា សម រង្ស៊ី គាត់លើកឡើងដើម្បីចង់ជាខ្ញុំបម្រើដាច់ថ្លៃដល់បរទេសតែប៉ុណ្ណោះ ឯបរទេសមួយចំនួនដែលមាននិន្នាការប្រឆាំងនឹងចិនតែប៉ុណ្ណឹង។ គាត់កំពុងស្វែងរកចៅហ្វាយរបស់គាត់។ ដូច្នេះយើងមិនឲ្យតម្លៃ ឬមិនចាប់អារម្មណ៍ទេ»។
ចាប់តាំងពីជនជាតិចិនជាច្រើនម៉ឺននាក់ ដែលមានទាំងអ្នកវិនិយោគ កម្មករ និងទេសចរ ចូលមកទស្សនា និងរស់នៅកម្ពុជា គេឃើញមានការផ្សព្វផ្សាយតាមសារព័ត៌មានក្នុងស្រុក និងបណ្ដាញសង្គម អំពីការកើនឡើងនូវបញ្ហាមួយចំនួនពាក់ព័ន្ធនឹងចោរកម្ម ករណីវាយតប់គ្នា បងតូចបងធំ និងការជួញដូរគ្រឿងញៀនដែលប្រព្រឹត្តដោយជនជាតិចិន ជាបន្តបន្ទាប់។
លោក មាស នី អ្នកសិក្សាពីការវិវត្តសង្គម និងជាអ្នកវិភាគនយោបាយឯករាជ្យ សុំមិនធ្វើអត្ថាធិប្បាយលើសារព្រមានរបស់លោក សម រង្ស៊ី។ ទោះយ៉ាងណាលោកថា រដ្ឋាភិបាលកម្ពុជាគួរយកចិត្តទុកដាក់លើបញ្ហាដែលកើតមានឡើងដោយសារការប្រព្រឹត្តិរបស់ជនជាតិចិន និងគួរដោះស្រាយរាល់ការត្អូញត្អែររបស់ប្រជាពលរដ្ឋ។
លោកមានប្រសាសន៍ថា៖
«សម្រាប់កម្ពុជាយើង បើសិនណាជាយើងមិនបានធ្វើបែបហ្នឹងទេហើយយើងគ្រាន់តែពលរដ្ឋតវ៉ារឿងដីធ្លីរបស់គាត់ ជាមួយជនជាតិចិន ជាមួយក្រុមហ៊ុនចិន ប៉ុន្តែយើងមិនបានដោះស្រាយឲ្យសមស្រប ហើយមានតែការគំរាម ការប្រើហិង្សារដូចជានៅក្រុងព្រះសីហនុ ដែលយើងឃើញកន្លងមកហើយនេះ អាហ្នឹងវានឹងបណ្តាលឲ្យមានការដុះដាលការរើសអើងកាន់តែធំទៀត ហើយជួនកាលការរើសអើងនេះ វាអាចនឹងរាលដាលនូវបញ្ហាសង្គមផ្សេងៗទៀត ដែលរដ្ឋាភិបាលពិបាកនឹងគ្រប់គ្រង»។
រដ្ឋាភិបាលកម្ពុជាត្រូវបានគេមើលឃើញថា កំពុងទំនាក់ទំនងជាមួយចិនយ៉ាងស្អិតរមួត ក្នុងរយៈពេលជិត១០ឆ្នាំចុងក្រោយនេះ ខណៈកម្ពុជាត្រូវបានប្រទេសកាន់លទ្ធិប្រជាធិបតេយ្យចោទថា កំពុងដើរបញ្ច្រាសលទ្ធិប្រជាធិបតេយ្យតាមរយៈការបង្ក្រាបដ៏ធ្ងន់ធ្ងរលើក្រុមជំទាស់ អង្គការសង្គមស៊ីវិល សារព័ត៌មានឯករាជ្យ និងការរំលាយគណបក្សសង្គ្រោះជាតិក្នុងឆ្នាំ២០១៧។ ការបង្ក្រាបទាំងនោះបានធ្វើឲ្យបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ទទួលជ័យជម្នះក្នុងការបោះឆ្នោត និងដឹកនាំប្រទេសដោយឯកបក្ស។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកំពុងងាកចេញពីប្រទេសកាន់លទ្ធិប្រជាធិបតេយ្យនិងចាប់ដៃយ៉ាងស្អិតល្មួតជាមួយប្រទេសចិនបានថ្លែងកាលពីពាក់កណ្តាលខែមករានេះថា ចិនគឺជាប្រទេសវិនិយោគធំជាងគេនៅកម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ស្ពានអាកាស និងវារីអគ្គិសនីជាដើម។ ហើយរហូតមកដល់ពេលនេះ ទំហំពាណិជ្ជកម្មកម្ពុជានិងចិនបានកើនឡើងដល់៥.៦០០លានដុល្លារ។
លោកនាយករដ្ឋមន្រ្តីដែលកាន់អំណាចជាង៣៤ឆ្នាំរូបនេះក៏បានបន្ថែមថា កម្ពុជាចង់ឲ្យទេសចរចិនកើនឡើងយ៉ាងហោចណាស់ប្រាំដងធៀបនឹងចំនួនទេសចរចិនក្នុងឆ្នាំ២០១៨ ដែលមានចំនួនត្រឹមតែ១,៩លាននាក់ ដើម្បីលើកស្ទួយវិស័យសេដ្ឋកិច្ចរបស់កម្ពុជា៕