លោកសម រង្ស៊ី សហស្ថាបនិកគណបក្សសង្គ្រោះជាតិ និងជាប្រធានចលនាសង្គ្រោះជាតិ បានស្នើសុំឱ្យពលរដ្ឋខ្មែរ-អាមេរិកាំង បង្កើនការជួបទាក់ទងជាមួយនឹងសមាជិកព្រឹទ្ធសភារបស់ខ្លួន ដើម្បីស្នើសុំឱ្យអនុម័តច្បាប់ចំនួនពីរសម្រាប់ដាក់ទណ្ឌកម្មរដ្ឋាភិបាលកម្ពុជា និងបក្សពួករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
នៅក្នុងពេលជួបជាមួយនឹងក្រុមអ្នកគាំទ្រខ្មែរ-អាមេរិកាំង នៅតំបន់រដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃពុធលោកសម រង្ស៊ី បានបញ្ជាក់ថា៖
«ឥឡូវនេះយើងត្រូវធ្វើចលនាហើយ។ គេកំពុងធ្វើច្បាប់ថ្មី។ គេសុំឱ្យយើងទាក់ទងជាមួយនឹងសមាជិកព្រឹទ្ធសភារបស់យើង តាមរដ្ឋនីមួយៗ សូមឱ្យទៅជួប សូមជំរុញឱ្យបោះឆ្នោតច្បាប់ហ្នឹងចេញឱ្យឆាប់ ដើម្បីដាក់ទណ្ឌកម្មហ៊ុន សែន បក្សពួកហ៊ុន សែន ឱ្យពួកហ្នឹងប្រយ័ត្ន កុំនៅជាមួយហ៊ុន សែនទៀត។ បើចង់ឱ្យរួចខ្លួន ខ្លួនឯងហើយចង់ឱ្យប្រទេសយើងនៅគង់វង្ស គឺចេញពីរបបហ៊ុន សែនមក។ អីចឹងច្បាប់ហ្នឹងត្រូវចេញឱ្យឆាប់»។
សកម្មជនសហគមន៍ខ្មែរ-អាមេរិកាំង កំពុងតែធ្វើសកម្មភាពជំរុញឱ្យសមាជិកព្រឹទ្ធសភាអនុម័តសេចក្តីព្រាងច្បាប់លេខ HR 5754 ដែលហៅថា «ច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» ដើម្បីដាក់ទណ្ឌកម្មជនដែលធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ច្បាប់នេះត្រូវបានរដ្ឋសភានៃសហរដ្ឋអាមេរិក អនុម័តកាលពីខែកក្កដា ហើយត្រូវបញ្ជូនទៅព្រឹទ្ធសភាអនុម័ត មុននឹងបញ្ជូនទៅការិយាល័យលោកប្រធានាធិបតីចុះហត្ថលេខាឱ្យទៅជាច្បាប់។
លោកហ៊ុន សែន និងបក្សពួកជិតស្និទ្ធជាង១០នាក់ និងកូនមួយចំនួន ក្នុងនោះមានលោកហ៊ុន ម៉ាណែត ក៏ត្រូវសភាជាតិបញ្ជូលឈ្មោះសម្រាប់ការដាក់ទណ្ឌកម្មផងដែរ។
សហគមន៍ខ្មែរក៏ជំរុញឱ្យព្រឹទ្ធសភាអនុម័តសេចក្តីព្រាងច្បាប់មួយទៀតគឺ S-2412ដែលតម្រូវឱ្យកម្ពុជាគោរពតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្នុងការប្រតិបត្តិតាមគន្លងលទ្ធិប្រជាធិបតេយ្យ។
លោក ខេន គីវ សកម្មជនខ្មែរអាមេរិកាំង នៅរដ្ឋម៉ារីឡែន និងជាអ្នកដឹកនាំចលនាឱ្យមានការចុះហត្ថលេខាលើញត្តិស្នើសុំទៅព្រឹទ្ធសភា បានបញ្ជាក់ប្រាប់វីអូអេថា៖
«យើងបានធ្វើកិច្ចការយ៉ាងសកម្មក្នុងកិច្ចការ ធ្វើញត្តិនេះ ជំរុញឱ្យច្បាប់ HR-5754និង S-2412 ដែលយើងជំរុញឱ្យចេញ ហើយពួកយើងមានជំនឿថាក្នុងអំឡុងពីរខែទៀតនឹងមានពន្លឺច្បាស់លាស់»។
លោក ខេន គីវ បានបន្ថែមថា សមាជិកសហគមន៍បានដាក់ញត្តិទៅសមាជិកព្រឹទ្ធសភានៅរដ្ឋចំនួន២០ ហើយរហូតមកដល់ពេលនេះ។
លោកបានបន្ថែមថា៖
«កាលពីអាទិត្យមុន យើងបានបញ្ជូន២០រដ្ឋហើយ។ គេផ្តល់សេចក្តីសង្ឃឹមមកយើងខ្លាំងមែនទែន។ ដូច្នេះជឿជាក់ថា២០រដ្ឋនេះ មាន៤០សមាជិកព្រឹទ្ធសភា ហើយបើសិនជាមិនបានទៀត យើងនឹងជំរុញកិច្ចការនេះនៅ២០រដ្ឋថែមទៀត»។
ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតជាតិកាលពីចុងខែកក្កដា ដោយមិនមានគណបក្សសង្គ្រោះជាតិចូលរួម ដែលនាំឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះយកអាសនៈសភាទាំងចំនួន១២៥ និងបង្កើតរដ្ឋាភិបាលកាលពីថ្ងៃទី៦ ខែកញ្ញានេះ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានស្នើឱ្យព្រះមហាក្សត្រលើកលែងទោស និងដោះលែងអ្នកទោសនយោបាយ និងសកម្មជនដីធ្លីសរុបទាំងអស់ចំនួន២០នាក់ បន្ទាប់ពីមានការតវ៉ាពីសហគមន៍អន្តរជាតិ និងការដាក់សម្ពាធជាច្រើនទាំងលើផ្នែកជំនួយអភិវឌ្ឍន៍ និងការទូត ក្នុងនោះមានការដាក់ទណ្ឌកម្មទិដ្ឋាការលើលោកហ៊ីង ប៊ុនហៀង មេបញ្ជាការអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសផងដែរ។
លោក យ័ប គឹមទុង ប្រធានសមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ ដែលមានមូលដ្ឋាននៅតំបន់រដ្ឋធានីវ៉ាស៊ីនតោន បានបញ្ជាក់ថា ការដោះលែងនេះក៏នឹងមិនទាន់ឱ្យសហគមន៍អន្តរជាតិ និងសហគមន៍ខ្មែរ-អាមេរិកាំងទទួលយកបានដែរ។
«ខ្ញុំជឿជាក់ខ្មែរសហគមន៍អន្តរជាតិ និងខ្មែរយើងនៅខាងក្រៅនេះពិបាកទទួលស្គាល់ ពិបាកអត់ឱនទោសបាន ទោះបីលែងអ្នកទោស១៤ ឬ១៦នាក់ហ្នឹងមក ក៏យើងថាទោសនេះធ្ងន់ណាស់លើកលែង តែធ្វើអីធំជាងហ្នឹង ដូចជាលោកហ៊ុន សែន ធ្វើការសម្រេចជួយជាតិទៅថ្ងៃមុខ គឺមិនមែនត្រឹមតែប៉ុណ្ណឹងទេ បានពួកយើងអស់ចិត្តអាចអត់ឱនឱ្យបាន»។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កំពុងជាប់ពន្ធនាគារនៅឡើយ ក្រោមការចោទប្រកាន់ពីបទក្បត់ជាតិ រីឯថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សនេះចំនួន១១៨នាក់ ក៏នៅរងការហាមឃាត់មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំផងដែរ៕