ថ្លែងប្រាប់ពលរដ្ឋខ្មែរនៅក្នុងប្រទេសអូស្ត្រាលីកាលពីម្សិលមិញ មេដឹកនាំមួយរូបគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយហើយកំពុងនិរទេសខ្លួនគឺលោកសម រង្ស៊ី បានបញ្ជាក់ជាថ្មីដោយផ្ទាល់មាត់ថាលោកនឹងធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកម្ពុជាវិញដូចការកំណត់និងសម្រេចរបស់គណៈ អចិន្ត្រៃយ៍គណបក្សលោកគឺយកថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាថ្ងៃដែលលោកវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ ដើម្បីអ្វីមួយដែលលោកបានអះអាងថា នឹងស្តារប្រជាធិបតេយ្យកម្ពុជា ការពារកុំ ឲ្យប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP បាត់បង់ ហើយនឹងជួយដល់ប្រជារាស្ត្រខ្មែរដោយផ្ទាល់ពីក្នុងប្រទេសវិញ។
លោកបាននិយាយថា៖
«ហើយសុំហែកទ្រូងជម្រាបជូនបងប្អូនចុះ ម្សិលមិញនេះគឺខ្ញុំបានធ្វើសេចក្តីសម្រេចមួយ សំខាន់ជាង គេបំផុតក្នុងជីវិតរបស់ខ្ញុំថាត្រឡប់ទៅស្រុកកំណើតរបស់យើងវិញទៅជួយប្រជារាស្ត្រខ្មែរឲ្យទាល់ តែបាន»។
មេដឹកនាំគណបក្សសង្គ្រោះជាតិរូបនេះបាននិរទេសខ្លួនអស់រយៈពេល៤ឆ្នាំហើយៗជាប់ពាក់ព័ន្ធនឹងរឿងក្តីក្តាំតុលាការជាច្រើនទល់ជាមួយនឹងក្រុមមន្ត្រីគណបក្សកាន់អំណាច ដែលពាក់ព័ន្ធនឹងបទចោទរឿងព្រហ្មទណ្ឌដែលអាជ្ញាធរតាមចាប់ខ្លួន តែមេដឹកនាំក្រុមជំទាស់វិញបានចាត់ទុកថាបទចោទទាំងនោះជារឿងនយោបាយនិងប៉ុនប៉ងបំបិទសំឡេងក្រុមជំទាស់។
លោក សម រង្ស៊ី នឹងបន្តដំណើររបស់លោក ទៅកាន់ប្រទេសអូស្ត្រាលី និងប្រទេសនូវែលសេឡង់ទៀតចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២៦ខែសីហា ដើម្បីស្វែងរកការគាំទ្រនយោបាយនិងជួបជាមួយពលរដ្ឋខ្មែរនៅទីនោះពិភាក្សាបញ្ហាស្ថានការណ៍នយោបាយកម្ពុជាចុងក្រោយ ជាពិសេសការវិលត្រឡប់ ទៅកាន់ប្រទេសកម្ពុជារបស់លោកនៅថ្ងៃទី៩ ខែវិច្ឆិកាដែលជាថ្ងៃខួបលើកទី៦៦ នៃទិវាឯករាជ្យជាតិ កម្ពុជា ដែលសម្តេចឪ ព្រះបរមរតនកោដ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានដណ្តើមពី ប្រទេសបារាំងកាលពីឆ្នាំ១៩៥៣ ហើយពលរដ្ឋកម្ពុជាគ្រប់គ្នាបានចងចាំពីស្នាព្រហស្ថនៃឯករាជ្យដែលកើតឡើងដោយសារ ឯកភាពជាតិ សាមគ្គីជាតិ ការបង្រួបប្រង្រួមជាតិជាប្រវត្តិសាស្ត្រនេះ៕