គណបក្ស​ប្រឆាំង​ប្រាប់​សង្គម​ស៊ីវិល​​​ថា មិន​ចង់​ឲ្យ​មាន​សេចក្តី​ព្រាង​ច្បាប់​អង្គការ​ទេ

  • នៅ វណ្ណារិន

ក្នុងកិច្ចប្រជុំពិសេសមួយនៅរដ្ឋសភាជាតិនៅ​ថ្ងៃច័ន្ទនេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​ប្រាប់​ដល់​អ្នក​តំណាង​សង្គម​ស៊ីវិលជាង​១០នាក់ថា គណបក្ស​របស់​លោក​គឺមាន​គោលដៅ​តែមួយ៖ គឺមិន​ចង់​ឲ្យ​ច្បាប់​នេះ​អនុម័ត​ទេ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥។ (រូបថត៖ ហ៊ាន សុជាតា/VOA)

ប្រធាន​គណបក្ស​ជំទាស់​ដែល​មាន​សំឡេង​ភាគ​តិច​នៅ​រដ្ឋសភា​គឺ​លោក​ សម រង្ស៊ី​ បាន​ថ្លែង​ថា ​ក្រុម​ការងារ ​និង​តំណាងគណបក្ស​សង្គ្រោះ​ជាតិ​នឹង​រិះរក​យុទ្ធវិធី ​ដើម្បី​ទប់ស្កាត់​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល មិន​ឲ្យមាន​ការ​អនុម័ត​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​សភា​នា​ពេល​ខាង​មុខ​នេះ។​

ថ្លែង​ទៅ​កាន់តំណាង​អង្គការ​សង្គម​ស៊ីវិល​ជាង​១០នៅក្នុង​ជំនួប​ពិសេស​មួយ​នៅ​ទី​ស្តីការ​រដ្ឋ​សភា​ នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ​ លោក​ សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​ថា ​គណបក្សរបស់​លោក​ដែល​មាន​សំឡេង​ភាគ​តិច​នៅ​ក្នុង​សភា​នឹង​ព្យាយាម​តស៊ូ​មតិ​គ្រប់​វិធី​ រួមទាំង​ប្រើ​ប្រាស់​វប្បធម៌​សន្ទនារវាង​លោក ​និង​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។​

«គោល​ដៅ​របស់​យើង​ គឺ​ដូច​គ្នា​ទេ​ គឺ​យើង​អត់​ចង់​ឲ្យ​ច្បាប់​ហ្នឹង​ចេញ​ទេ។​ ទី១​ យើង​ត្រូវ​តែ​ស្ទាប​ស្ទង់​មើល​ជំហរ​របស់​គេ​ បើ​ថា​ យើង​អាច​និយាយ​ពី​ដើមទី​ យើង​នឹង​និយាយ​តែ​ម្តង​ថា​ យើង​មិន​ចង់​ឲ្យ​ច្បាប់​នេះ​ចេញ​ទេ។ ​ចាំ​មើល​តើ​គេ​នឹង​និយាយ​យ៉ាង​ម៉េច?»។​

លោក​ សម រង្ស៊ី​ ហៅ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាលនេះ​ថា​ ជា​ការ​រឹត​បន្តឹងដំណើរ​ការ​ប្រជា​ធិបតេយ្យ​ និង​សេរីភាព​នៅ​កម្ពុជា។ ​ លោក​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា វិធី​សាស្ត្រ​ទាំង​នោះ​រួម​ទាំង​ ការ​និយាយ​ក្នុង​អង្គ​ប្រជុំ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ ការ​មិន​ចូល​រួម​ប្រជុំ​ក្នុង​សភា​ពេញ​អង្គ ​និង​ការ​ដើរ​ចេញ​ពី​ការ​ប្រជុំ​ជា​ដើម​ ​ប្រសិន​បើ​គណបក្ស​កាន់​អំណាច​ចចេស​ថា​ នឹង​ដាក់​ច្បាប់​ដ៏​ចម្រូង​ចម្រាស​នេះ​ចូល​ទៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​នោះ។​

«ទីពីរ​ បើ​យើង​ដឹង​ហើយ​ថា​ ឥឡូវ​គេ​ដាច់​ខាត ​អត់​ចង់​ថយ​ទេ។​ គេ​ចង់ឲ្យ​ច្បាប់​ហ្នឹង​ចេញ​ ខ្ញុំ​ត្រូវ​តែ​ពិគ្រោះ​យោបល់​ជា​មួយ​សហ​ការី​ខ្ញុំ​ជាមួយ​តំណាង​រាស្ត្រ​ទាំង​៥៥នាក់​ ដើម្បី​ធ្វើអ្វី​មាន​លក្ខណៈ​ប្រាដក​និយម​ ឲ្យ​មាន​លក្ខណៈ​សមរម្យ ​ឲ្យ​មាន​លក្ខណៈ​ទទួល​ខុស​ត្រូវ ឲ្យ​មាន​លក្ខណៈ​ថ្លៃថ្នូរ។​ ​តើ​ចូល​ប្រជុំ​ជជែក​ ឬ​មិន​ជជែក។​ ការ​ដើរ​ចេញ​ហ្នឹង​ ចាំ​ខ្ញុំ​ពិគ្រោះ​យោបល់​ទៀត»។​

កាល​ពី​សប្តាហ៍​កន្លង​ទៅ​ តំណាង​អង្គការ​ធំៗ​ទាំង​នេះ​ជាង​១០ក៏​ធ្លាប់​បាន​ធ្វើ​ការ​ជួប​សម្តែងក្តី​បារម្ភ​របស់​ខ្លួន​ជា​មួយ​លោក ​កឹម សុខា​ អនុ​ប្រធាន​ទី១​រដ្ឋសភា​ និង​ជាអនុ​ប្រធាន​គណបក្ស​ជំទាស់​ផង​ដែរ។​

​អង្គការ​ធំៗ​ជាង​១០នោះ​ គឺ​ជា​តំណាង​អង្គការ​ជាង​៣០០ផ្សេង​ទៀត​ ដែល​ចូល​រួម​ធ្វើ​យុទ្ធនា​ការ​បញ្ឈប់ ​និង​ស្នើ​ឲ្យ​មាន​កិច្ច​ពិភាក្សា​យោបល់​ឲ្យ​បាន​ច្រើន​លើ​សេចក្តី​ព្រាង​ច្បាប់​មួយ​នេះ។ ​ អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​រួមមាន វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​ហៅ​កាត់​ថា​ NGO Forum​ អង្គការ​តម្លាភាព​កម្ពុជា​ TI មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ CCHR​ និង​អង្គការ​ Pact Cambodia​ ជា​ដើម។​

នៅ​ក្នុង​ជំនួប​ជាមួយ​លោក​ សម រង្ស៊ី ​តំណាង​អង្គការ​សំខាន់ៗ​ទាំងនោះ​ក៏​បាន​សម្តែង​ពី​ក្តី​បារម្ភ​ ចំពោះ​អ្វី​ដែល​សេចក្តី​ព្រាង​ច្បាប់​នេះ​និង​ធ្វើ​ការ​រឹតត្បិត​ដល់​ដំណើរ​ការ​របស់​ពួក​គាត់ ​រួម​ទាំង​ការ​ដំណើរ​ការ​ចុះ​បញ្ជី​ ការ​ដាក់​របាយ​ការណ៍​ និង​សកម្មភាព​ហិរញ្ញវត្ថុ​ ការ​រឹត​ត្បិត​ក្នុង​ការ​ចូលរួម​ក្នុង​ការ​អង្កេត​ការ​វិវឌ្ឍ​នៃ​លិទិ្ធ​ប្រជាធិបតេយ្យ និ​ង​នយោបាយ​នៅ​កម្ពុជា​ជា​ដើម។​

លោក ​ព្រាប កុល​ ប្រធាន​ប្រតិបត្តិ​របស់​អង្គការ​តម្លាភាព​កម្ពុជា​ TI​ បាន​ថ្លែង​បា្រប់​លោក​ សម រង្ស៊ី ថា​ បើ​ច្បាប់​នេះ​អនុម័ត​អង្គការ​តូចៗ ​និង​សមាគម​ថ្នាក់​មូល​ដ្ឋាន​ជាង​២៥០០០​នឹង​ប្រឈម​ការ​បិទ​ទ្វា​ ដែល​ធ្វើ​ប៉ះពាល់​ដល់​ដំណើរ​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​នៅ​ថ្នាក់​ជាតិ ​និង​ដំណើរ​ការ​ជំនួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

ទោះជា​យ៉ាង​ណា​ក៏ដោយ​ លោក ​ឈាង វុន​ អ្នក​នាំ​ពាក្យ​រដ្ឋសភា​ និង​ជា​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​កាន់​អំណាច ​បាន​ហៅ​ការ​សន្យា​របស់​លោក​ សម រង្ស៊ី ​ថា​ជា«​ការ​កេង​ចំណេញ​យក​ផល​ប្រយោជន៍​នយោបាយ​ពី​ប្រជារាស្ត្រ​ ទោះ​បីជា​គណបក្ស​ជំទាស់​នេះ​មិនអាច​បញ្ចប់​ដំណើរ​ការ​អនុម័ត​ច្បាប់​នេះ​ក៏​ដោយ។​

«ចុះ​បើ​ទប់ស្កាត់​បាន​ឲ្យ​ទប់​ទៅ។​ បើ​សិន​ជា​អ្នក​តំណាង​រាស្ត្រ​ដូច​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​មាន​អាសនៈ​អី​តែ​៥៥​ក្នុង​រដ្ឋ​សភា​ធ្វើ​ការ​តាម​ការ​ចង្អុល​បង្ហាញ​ ​វា​ខុស​នឹង​រដ្ឋធម្មនុញ្ញ​បាត់​ទៅ​ហើយ ​ដែល​គេ​ហាម​ឃាត់អាណត្តិ​បញ្ជា​គឺ​វា​ខុស​បាត់​ទៅ​ហើយ»។​

លោក​ ឈាង វុន ​បាន​ឲ្យ​ដឹង​ថា​ គណៈ​កម្មកា​អចិន្ត្រៃយ៍​រដ្ឋសភា​នឹង​ធ្វើការ​ប្រជុំ​នា​ថ្ងៃ​អង្គារ​ខាង​មុខ​នេះ​ ដើម្បី​សម្រេច​ថា​ គណៈ​កម្មា​ធិការ​ជំនាញ​ណា​មួយ​ជា​អ្នក​ទទួល​ការងារ​បន្ត​លើ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ។​

​សេចក្តី​ព្រាង​ច្បាប់​មួយ​នេះ​បាន​ទទួល​រង​ការ​រិះគន់​ជា​ច្រើន​ពីសំណាក់​អង្គការ​សង្គម​ស៊ីវិល ប្រទេស​ម្ចាស់​ជំនួយ​ និង​ទី​ភ្នាក់​ងារ​អភិវឌ្ឍន៍​របស់​អង្គការ​សហ​ប្រជាជាតិ​ផង​ដែរ​ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ ​និង​គម្រោង​អភិឌ្ឍន៍​ធំៗ​នៅ​ក្នុង​ប្រទេស​ដ៏​ក្រីក្រ​នេះ៕