លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលរស់នៅក្រៅប្រទេស អះអាងថា លោកនៅតែរក្សាទស្សនៈរបស់ខ្លួនក្នុងការលើកឡើងថា លិខិតរបស់ព្រះមហាក្សត្រដែលអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតគឺជាលិខិតក្លែងក្លាយ ហើយត្រូវបានធ្វើឡើងក្រោមការសម្លុតគាបសង្កត់ បើទោះជាតុលាការកោះហៅរូបលោកឲ្យចូលបំភ្លឺពាក់ព័ន្ធនឹងការលើកឡើងបែបនេះក៏ដោយ។
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហោះសារមួយទៀតលើបណ្តាញសង្គមនៅថ្ងៃពុធនេះ ដោយសរសេរថា លោកនៅតែជឿជាក់ថា លិខិតដែលព្រះមហាក្សត្រអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតនៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨គឺជាលិខិតក្លែងក្លាយ និងថា ជាលិខិតដែលមិនមានតម្លៃអាចយកជាការបាន។
លោកបន្ថែមក្នុងសម្រង់ន័យដើមថា៖
«លិខិតព្រះមហាក្សត្រ ចុះថ្ងៃ១៨ ឧសភា ២០១៨ ដែលអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមក្នុងការបោះឆ្នោតក្លែងក្លាយ ថ្ងៃទី២៩ កក្កដា ខាងមុខ គឺជាលិខិតក្លែងក្លាយ ឬក៏ជាលិខិតធ្វើឡើងក្រោមការសម្លុត និងគាបសង្កត់។ ខ្ញុំក៏នៅតែជឿជាក់ថា ព្រះមហាក្សត្រសព្វថ្ងៃ ជាចំណាប់ខ្មាំងក្នុងកណ្តាប់ដៃលោក ហ៊ុន សែន ដែលបង្ខំឲ្យព្រះអង្គគាំទ្ររបបក្បត់ជាតិសព្វថ្ងៃ»។
ការបង្ហោះសាររបស់លោក សម រង្ស៊ី ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពេលដែលព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាកោះហៅលោកឲ្យចូលបំភ្លឺនៅតុលាការ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ពាក់ព័ន្ធនឹងការប្រមាថព្រះមហាក្សត្រ។
បើតាមដីកាកោះចេញនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ និងទើបត្រូវបានផ្សព្វផ្សាយនាព្រឹកថ្ងៃពុធនេះ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅលោក សម រង្ស៊ី ក្នុងនាមជាជនសង្ស័យឲ្យចូលខ្លួនទៅតុលាការនៅម៉ោង៩ព្រឹក ដើម្បីសាកសួរពាក់ព័ន្ធនឹងការប្រមាថព្រះមហាក្សត្រ។
ដីកាកោះនោះសរសេរក្នុងន័យដើមថា៖
«អញ្ជើញឈ្មោះ សម រង្ស៊ី ជាជនសង្ស័យ [...] ដើម្បីសាកសួរពីដំណើររឿងលើករណីពាក់ព័ន្ធការប្រមាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តាមគណនីហ្វេសប៊ុកឈ្មោះសម រង្ស៊ីជាបន្តបន្ទាប់ពីខែមិថុនា ឆ្នាំ២០១៨»។
ដីកាកោះហៅចេញដោយលោក សៀង សុខ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាឲ្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ចំពោះលោក សម រង្ស៊ី ដោយថា លោកបានប្រមាថព្រះមហាក្សត្រ រឿងព្រះរាជសារក្លែងក្លាយ។
ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ បានចេញព្រះរាជសារមួយ ដោយព្រះអង្គអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ទៅបោះឆ្នោតជ្រើសរើសអ្នកដឹកនាំប្រទេស ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរុងរឿងគ្រប់វិស័យ ឲ្យបានគ្រប់ៗគ្នា និងសូមកុំឲ្យមានការព្រួយបារម្ភពីការគាបសង្កត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬគណបក្សនយោបាយណាមួយឲ្យសោះ។
ក្រោយពេលលោក សម រង្ស៊ី បង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោកដោយថា លិខិតរបស់ព្រះមហាក្សត្រគឺជាលិខិតក្លែងក្លាយ ភ្លាមៗនោះ ក្រសួងព្រះបរមរាជវាំងដែលជាផ្នែកមួយនៃរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី៨ ខែមិថុនា ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយ ទាត់ចោលការចោទប្រកាន់ថា មានការក្លែងបន្លំ ឬបង្ខំឲ្យព្រះមហាក្សត្រចេញព្រះរាជសារអំពាវនាវពលរដ្ឋខ្មែរទៅចូលរួមការបោះឆ្នោតនេះ។
លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងដែលហ៊ុមព័ទ្ធទៅដោយបណ្តឹងរបស់តុលាការកម្ពុជា តែងអំពាវនាវពីខាងក្រៅប្រទេស ឲ្យប្រជាពលរដ្ឋធ្វើពហិការកុំទៅចូលរួមការបោះឆ្នោត ប្រសិនបើគ្មានវត្តមានរបស់គណបក្សសង្រ្គោះជាតិ ដោយថា ការបោះឆ្នោតនោះជាការបោះឆ្នោតក្លែងក្លាយ។
ដោយឡែក លោក សុក សំអឿន មេធាវីជើងចាស់មួយរូប ដែលតែងការពារក្តីពាក់ព័ន្ធនឹងសិទ្ធិមនុស្ស សុំមិនធ្វើអត្ថាធិប្បាយច្រើនពាក់ព័ន្ធនឹងដីកាកោះហៅលោក សម រង្ស៊ី ដើម្បីសាកសួរពីបទប្រមាថព្រះមហាក្សត្រទេ ដោយលោកគ្រាន់តែប្រាប់ VOA យ៉ាងខ្លីថា ការលើកឡើងដែលថា សារលិខិតរបស់ព្រះមហាក្សត្រមិនមែនជាការប្រមាថនោះទេ។
លោកមានប្រសាសន៍ថា៖
«បើសិនថា គ្រាន់តែ "លិខិតហ្នឹង ដូចមិនជឿថា លិខិតរបស់ព្រះមហាក្សត្រលោកចេញទេ ប្រហែលជាលិខិតក្លែងក្លាយ" អាហ្នឹងគ្រាន់តែជាការគិត ការយល់របស់មនុស្សម្នាក់ទេតើ»។
ចាប់តាំងពីមាត្រាមួយចំនួនក្នុងក្រមព្រហ្មទណ្ឌត្រូវបានធ្វើវិសោធនកម្ម ដោយចែងពីការដាក់ទោសអ្នកដែលប្រមាថព្រះមហាក្សត្រ តាំងពីខែកុម្ភៈមកនោះ លោក សម រង្ស៊ីគឺជាជនទីបួនដែលត្រូវបានតុលាការកម្ពុជាកោះហៅពាក់ព័ន្ធនឹងការប្រមាថព្រះមហាក្សត្រ បន្ទាប់ពីអ្នកប្រើប្រាស់បណ្តាញសង្គមចំនួនបីរូបត្រូវបានចោទប្រកាន់កន្លងទៅ៕