លោក ​សម រង្ស៊ី កំណត់​យក​ថ្ងៃ​ឯករាជ្យ​ជាតិ​ ៩ វិច្ឆិកា ​ត្រឡប់​ទៅ​កម្ពុជា​វិញ

រូបឯកសារ៖ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល ដែល​កំពុង​រស់នៅ​ភៀសខ្លួន​ក្នុង​ប្រទេស​បារាំង អង្គុយ​នៅ​រានហាល​នៃ​គេហដ្ឋាន​របស់​លោក​ក្នុង​ប្រទេស​បារាំង​នៅ​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៨។ (REUTERS/Philippe Wojazer)

មេដឹកនាំ​មួយរូប​គណបក្ស​សង្គ្រោះ​ជាតិដែល​ត្រូវ​រំលាយ​ហើយ​កំពុង​និរទេស​ខ្លួន​គឺ​លោក​សម រង្ស៊ី ​បាន​កំណត់​យក​ថ្ងៃ៩ ​ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ជា​ថ្ងៃ​ដែល​លោក​វិល​ត្រឡប់​ទៅកាន់​ប្រទេស​កម្ពុជា​វិញ ​ដើម្បី​អ្វីមួយ​ដែល​លោក​បាន​អះអាង​ថា​ នឹងស្តារ​ប្រជាធិបតេយ្យ​កម្ពុជា។ ​នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​បញ្ជាក់​ថា ការ​សម្រេច​នេះ​គឺ​កើត​ឡើង​ក្រោយ​ពី​កិច្ច​ប្រជុំ​គណៈ​អចិន្ត្រៃយ៍​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ការ​បញ្ជាក់​បន្ថែម​ពី​លោក​អេង ឆៃអ៊ាង ​អនុប្រធាន​គណបក្ស។

«បាទគឺ​ជា​ការ​ពិត ព្រោះ​យើង​ទើបតែ​ជួប​ប្រជុំ​គណៈអចិន្ត្រៃយ៍​គណបក្ស​ទើប​តែ​ជួប​ប្រជុំ​កាលពី​វេលា​ម៉ោង​១០ព្រឹក​មិញ​នេះ​ ម៉ោង​នៅក្នុង​ប្រទេស​កម្ពុជា​ហ្នឹង​ យើង​បាន​សម្រេច​ គឺ​ថា​យើង​នឹង​យក​ថ្ងៃទី៩ ​ខែវិច្ឆកា​ឆ្នាំ២០១៩​នេះ សម្រាប់​ការវិលត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ដឹកនាំ​ដោយ​លោក​ សម រង្ស៊ី​ ប្រធាន​ស្តីទី​គណបក្ស‍»។

នៅពេល​សួរពី​ការ​ចរចា​សម្រុះ​សម្រួល​នយោបាយ​ លោក​ ឆៃអ៊ាង​ មិនបាន​បញ្ជាក់​ចំៗ​ទេ​ តែ​ថា​នេះ​ជា​ការសម្រេច​ចិត្តវិល​ត្រឡប់​របស់​លោក​សម រង្ស៊ី ​ដោយ​ឥត​ងាករេ ហើយ​មិន​ខ្លាច​នឹង​ការ​ចាប់ខ្លួន​របស់​អាជ្ញាធរ​ទេ។​ លោក​ថា​ ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មិនមែន​ទៅច្បាំង​នោះ​ទេ គឺ​ទៅ​ដើម្បី​សម្រួល​ស្ថានការ​ណ៍​និងធ្វើ​ឲ្យ​កម្ពុជា​មាន​សន្តិភាព​ចាប់​ពីថ្ងៃ​៩ វិច្ឆិកា​តទៅ​ ដែល​ថ្ងៃនេះ​ជា​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ ​និង​ជា​ការ​ចង់​បាន​របស់​ពលរដ្ឋ​ខ្មែរ​ទូទៅ។​

ក្នុង​ប្រទេស​កម្ពុជា​វិញ​ រដ្ឋាភិបាល​បាន​តែង​តាំង​សមាសភាព​១៤រូប​ ដើម្បី​តាមដាន​ដំណឹង​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ដែល​ដឹក នាំ​ដោយ​លោក​ ហ៊ុយ វណ្ណះ​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ៕