ការសរសេរចំណងជើងថា លោកសម រង្ស៊ី ខឹង លោកហ៊ុន សែនរឿងព្រមសុខចិត្តចូលរួមជាសាក្សីក្នុងរឿងភ្នាល់ចូលស្រុកនៅថ្ងៃទី៩ ខែវិច្ឆិកា ត្រូវលោកសម រង្ស៉ី ចាត់ទុកថាជារឿងបំផ្លើសគ្មានតម្លៃ។ លោកថាលោកមិនបានខឹងទេ។ នេះបើតាមសារអេឡិចត្រូនិចដែល លោក សុខ ខេមរា អ្នកយកព័ត៌មាន VOA ទទួលបានពីលោកសម រង្ស៉ីនៅថ្ងៃអាទិត្យប៉ុន្មានម៉ោងមុននេះ (ម៉ោងនៅអាមេរិក)។
«ខ្ញុំមិនបានខឹងទេ។ វាគឺជារឿងគួរឲ្យអស់សំណើចចំពោះការប្រើពាក្យបែបនេះ។ លោកគួរពន្យល់ស្ថានការណ៍នេះតាមមធ្យោបាយវៃឆ្លាត និងត្រឹមត្រូវជាងនេះ»។ នេះបើតាមសាររបស់លោកសម រង្ស៉ី។
លោកសម រង្ស៉ីបានបន្ថែមថា
«ចំណងជើងនៃរបាយការណ៍របស់លោកដែលនិយាយថាខ្ញុំខឹង (លោក) ហ៊ុន សែនអំពីរឿងការភ្នាល់គឺជាការឆ្លុះបញ្ចាំងឲ្យឃើញពីការបំផ្លើសហួសការពិតដែលគ្មានតម្លៃ»។
លោកសម រង្ស៉ី បានពន្យល់ថាការបំផ្លើសការពិតគឺជាការចង់បង្ហាញរឿងរ៉ាវតាមមធ្យោបាយចង់បង្កើតឲ្យសាធារណជនចាប់អារម្មណ៍ ឬរំភើប ហើយបាត់បង់ភាពត្រឹមត្រូវ។
នៅក្រោយភ្លាមៗដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានព្រមចូលរួមធ្វើជាសាក្សីក្នុងរឿងភ្នាល់ជាមួយអ្នកធ្វើអត្ថាធិប្បាយគាំទ្ររដ្ឋាភិបាលម្នាក់នៃក្រុមមួយហៅថាអង្គព្រោកប្រាជ្ញរបស់លោកខាន់ សុវណ្ណដែលថាលោកហ៊ានភ្នាល់ដាក់លុយ១លានដុល្លារ បើលោក សម រង្ស៊ី ចូលមកស្រុកខ្មែរនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដូចការកំណត់ ហើយត្រូវប្រគល់លុយនៅក្នុងគុកនោះ VOA បានសុំធ្វើបទសម្ភាសន៍ជាមួយលោកសម រង្ស៉ីកាលពីម្សិលមិញ។ នៅក្នុងនោះនៅពេល VOA សួរលោកអំពីប្រតិកម្ម និងការសម្រេចចិត្តយ៉ាងណារឿងភ្នាល់នេះ និងការធ្វើសាក្សីរបស់លោកហ៊ុន សែន នោះ លោកសម រង្ស៉ីបានថ្លែងតាមការលើកដាក់សំឡេងវាយបកធ្ងន់ៗថា «រឿងអាយុជីវិតប្រទេសជាតិមិនអាចយកលុយទៅប្តូរបានទេ។ អ្នកណាដែលមានគំនិតថោកទាបបាតផ្សារ ឬភ្នាល់លុយទាក់ទងនឹងជីវិតប្រទេសជាតិ យើងកុំទៅថោកទាបជាមួយនឹងមនុស្សថោកទាប»។
លោកបន្ថែមថា «ខ្ញុំមិនទៅរវល់អារឿងភ្នាល់លុយកាក់អីទេ ប្រទេសយើងមិនមែនយកលុយកាក់យកមកទិញ យកមកប្តូរបានទេ។ ដូច្នេះកុំទៅរវល់ថោកទាបជាមួយមនុស្សថោកទាប»។
លោកអេង ឆៃអ៊ាងអនុប្រធានគណសង្គ្រោះជាតិ បានទូរស័ព្ទមកកាន់ VOA កាលអីថ្ងៃសៅរ៍ដែរដោយពន្យល់ថាការដាក់ចំណងជេីងរបស់VOA នោះ គឺជារឿងអវិជ្ជាមានសម្រាប់លោក សម រង្ស៉ីប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។ លោកថា លោកប្រធានសមរង្ស៉ីមិនដែលខឹងនឹងអ្នកណាទេ គាត់និយាយរិះគន់ក្នុងនាមជាអ្នកនយោបាយទេ។ លោក សម រង្ស៊ី ដែលមិនធ្លាប់អើពើនឹងការបបួលភ្នាល់ជាមួយលោក ខាន់ សុវណ្ណ នេះ បានអះអាងថា លោកមានបញ្ហាជាតិធំៗជាច្រើនត្រូវគិតគូ មិនមែនទៅរវល់ជាមួយរឿងគ្មានសារ:សំខាន់នោះទេ។ លោក សម រង្ស៊ី ប្រតិកម្មដូច្នេះ ក្រោយពេលលោកខាន់ សុវណ្ណ បានបង្កើតគំនិតភ្នាល់ជាមួយលោក សម រង្ស៊ី បើលោក សម រង្ស៊ី ពិតជាចូលមកកាន់ប្រទេសកម្ពុជាពីការនិរទេសខ្លួននៅក្រៅប្រទេសមែន។ លោក សម រង្ស៊ី ប្រកាសជាថ្មីនិងប្រើពាក្យគំរោះគំរើយវាយប្រហារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាជាជនក្បត់ជាតិ ដែលលោកថានឹងចូលទៅចាប់លោកហ៊ុនសែនដេីម្បីផ្តន្ទាទោស។ លោកថាលោកនឹងនៅតែវិលត្រឡប់ទៅកម្ពុជាវិញ នៅថ្ងៃ៩ ខែវិច្ឆិកា ចំថ្ងៃបុណ្យឯករាជ្យដែលសម្តេចឪបាន ដណ្តេីមពីបារាំងកាលពីឆ្នាំ១៩៥៣ ដោយគ្មានការរាថយទេ ទោះជាអាជ្ញាធរនិងលោកនាយករដ្ឋមន្ត្រីគំរាមចាប់លោកក្តី។ លោក សម រង្ស៉ីជាប់ក្តីច្រេីននៅតុលាការ ពីបទព្រហ្មទណ្ឌជាមួយក្រុមមេដឹកនាំគណបក្សកាន់អំណាចនៅតុលាការក្នុងប្រទេសនិងបរិហារកេរ្តិ៍នៅតុលាការបារាំង។