លោក សម រង្ស៊ី៖ លោក​«មិន​ខ្វល់​»នឹង​ការចោទ​​ប្រកាន់​«​ប្រមាថ​ព្រះ​មហា​ក្សត្រ»​ ស្នើ​ដោយ​រដ្ឋមន្រ្តី​យុត្តិធម៌ទេ​

រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ខាងក្រៅ​រដ្ឋសភា​ក្នុង​ទីក្រុង​គូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ថ្ងៃ​ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

មេដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ លោក សម រង្ស៊ី បាន​ថ្លែង​ថា​ លោក​មិន​ខ្វល់​នឹង​ការ​ចោទ​ប្រកាន់​របស់​តុលាការ​រាជធានី​ភ្នំពេញ មក​លើ​រូប​លោកពី​បទ​«ប្រមាថ​ព្រះ​មហាក្សត្រ»ទេ ក្រោយ​មាន​ការស្នើសុំ​ពី​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ។

អ្នក​នាំ​ពាក្យ​របស់​តុលាការ​រាជធានី​ភ្នំពេញ លោក គុជ គឹម​ឡុង បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍កាល​ពី​ថ្ងៃ​ច័ន្ទ​ថាព្រះ​រាជ​អាជ្ញា​រង​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង បាន​សម្រេច​ចោទ​ប្រកាន់​លោក សម រង្ស៊ី ពី​«បទ​ប្រមាថ​ព្រះ​មហាក្សត្រ»​ តាម​មាត្រា​៤៣៧​(ស្ទួន)​នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​អាច​មាន​ទោស​ទណ្ឌជាប់​ពន្ធនាគារ​ទៅ​ដល់​៥ឆ្នាំ។

ឆ្លើយ​តប​នឹង​សំណួរ​របស់ ​VOA ​ទៅ​លើ​ការ​ចោទ​ប្រកាន់​របស់​តុលាការ​រាជធានី​ភ្នំពេញ លោក សម រង្ស៊ី មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ច័ន្ទ​តាម​សារ​អ៊ីមែល​ថា​៖ «ខ្ញុំ​មិន​ខ្វល់​[នឹង​ការ​ចោទ​ប្រកាន់​របស់​តុលាការ]​ទេ ពីព្រោះ​អ្វី​ដែល​ខ្ញុំ​និយាយ​នៅ​ក្នុង​ការ​បង្ហោះ​នេះ​បង្ហាញ​ពី​ការ​ពិត​យ៉ាង​ច្បាស់»។

កាល​ពីថ្ងៃ​សុក្រ​សប្តាហ៍​មុន រដ្ឋមន្រ្តី​ក្រសួង​យុត្តិ​ធម៌ លោក កើត រិទ្ធ បាន​ស្នើ​ឲ្យ​តុលាការ​រាជធានី​ភ្នំពេញ​ ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​លើ​លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ទាក់​ទង​នឹង​ការ​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ សម រង្ស៊ី រិះគន់​ការ​ចូល​ថវិកា​សម្រាប់​ទិញ​វ៉ាក់សាំង​ចាក់​បង្ការ​ជំងឺ​កូវីដ១៩។

រដ្ឋមន្រ្តី​យុត្តិធម៌​បាន​ដក​ស្រង់​សំណេរ​ពីហ្វេស​ប៊ុក​របស់​លោក សម រង្ស៊ី ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២០ មួយ​ប្រយោគ​ដែល​សរសេរ​ថា​«ឥឡូវ​នេះ ហ៊ុន សែន ស្ងាត់​ជ្រាប​ក្នុង​រឿង​នេះ ហើយ​គាត់​ត្រៀម​សង​លុយ​សប្បុរសជន ដែល​ចាញ់​បោក​គាត់ មាន​ទាំង​ស្តេច​ទីង​មោង​ផង​ដែរ»។

ព្រះ​មហាក្សត្រ​បាន​ព្រះ​រាជ​ទាន​ប្រាក់​ចំនួន​១​លាន​ដុល្លារ​អាមេរិក​ដល់​រដ្ឋាភិបាល​ផងដែរ​ សម្រាប់​ទិញ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​១៩។

ភ្លាមៗ​បន្ទាប់​ពី​ការ​ស្នើ​របស់​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ឲ្យ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​លើ​រូប​លោក លោក សម រង្ស៊ី បានបង្ហោះ​សារ​លើ​ហ្វេសប៊ុកថា​ នេះ​ជា​ការ​បញ្ចេញ​មតិ​របស់​លោក ហើយ​ថា​លិខិត​របស់រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ធ្វើ​តាម​បញ្ជា​របស់​នាយក​រដ្ឋមន្រ្តី។

VOA​ មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក គង់ សំអុល រដ្ឋមន្រ្តី​ក្រសួង​ព្រះ​បរមរាជវាំង​បានទេ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ លោក ហ៊ុន សែន បាន​ថ្លែង​ថា លោក​មិន​បាន​រៃ​អង្គាស​ប្រាក់​ ដើម្បី​ទិញ​វ៉ាក់សាំង​ចាក់​បង្ការ​ជំងឺ​កូវីដ១៩​នោះ​ទេ គឺ​អ្នក​ជំនួញ និង​សាធារណ​ជនបាន​ចូលរួម​បរិច្ចាគដោយ​ខ្លួន​ពួក​គេ។ លោក​ថា​ ការ​បរិច្ចាគ​នេះគឺ​«បាន​បុណ្យ» ដោយសារ​វាជួយ​ជីវិត​មនុស្ស​។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា៖ «បើ​គេ​មិន​ច្បាស់​ជា​មួយ​ហ៊ុន សែន ទេ គេ​មិន​ចូល​ទេ។ ឥឡូវ​ឮ​សូរដូច​ជា​ពី​ណា​ គេ​ថា​ឲ្យ​ខ្ញុំ​យក​ទៅ​សង​លុយ​វិញ រាប់​ទាំង​យក​ទៅ[សងព្រះ​មហាក្សត្រ]​ ដែល​ហៅ​ព្រះ​ករុណា ជា​ស្តេច​ទីងមោង ឲ្យ​ទៅ​សង​ស្តេច​ទីងមោង។ វា​ទៅ​ជា​អញ្ចេះ​ទៅ​ទៀត»។

ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីត​ព្រះ​រាជ​លេខា​ផ្ទាល់​របស់​ព្រះ​បរម​រតន​កោដ្ឋ មាន​បន្ទូល​ប្រាប់​ VOA ថា​ ព្រះ​អង្គ​«​សោក​ស្តាយ​ខ្លាំង​ណាស់​»​ចំពោះ​ការ​ថ្លែង​របស់​លោក សម រង្ស៊ី ហើយ​ថា​លោក​«​មិន​ស័ក្តិ​សម​ជា​អ្នក​នយោបាយ»​នោះ​ទេ។

ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា៖ «ហើយ​អានេះ​ចោទ​ទទេ ដូចជា​អត់​មាន​ដំណោះ​ស្រាយ អត់​មាន​អី។ ហើយ​ឥឡូវ​ថា​ព្រះ​មហាក្សត្រ​ជា​ទីងមោង​ ដូច​លោក សម រង្ស៊ី លោក​បាន​លើក​ឡើង​អញ្ចឹង​។ ម្លោះ​ហើយ​ដំណោះ​ស្រាយ​វា​យ៉ាង​ម៉េច? លោក សម រង្ស៊ី ចង់​ប្រកាស​សាធារ​ណរដ្ឋ​ ឬ​យ៉ាង​ម៉េច? ព្រោះ​ដំណោះ​ស្រាយ ខ្ញុំ​ឃើញ​តែ​ប៉ុណ្ណឹង​ទេ។ បើ​សិន​ជា​ស្តេច​ទីងមោង បាន​ន័យ​ថា​ស្តេច​អត់​បាន​ការ។ បើ​សិន​ជា​ស្តេច​អត់​បាន​ការ ត្រូវ​តែប្រកាស​សាធារណ​រដ្ឋ​សារ​ជា​ថ្មី»។

ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែល​ធ្លាប់​មាន​អតីត​ភាព​ជាមួយ​គណបក្ស​សង្រ្គោះ​ជាតិ​មុន​ពេល​បក្ស​ត្រូវ​បាន​រំលាយ​ចោល មាន​បន្ទូល​បន្ថែម​ថា​ ជា​ធម្មតា ព្រះ​មហាក្សត្រ​មិនដែលស្នើ​វិធានការ​ផ្លូវ​ច្បាប់​លើលោក សម រង្ស៊ី ចំពោះ​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ណាមួយ​ដែល​ប៉ះពាល់​ព្រះ​អង្គ​ឡើយ។ ព្រះអង្គ​បន្ថែម​ថា​ ព្រះ​មហាក្សត្រ​ប្រហែល​ជា​«លោក​មាន​ការ​សោក​ស្តាយ»ដែល​លោក​ សម រង្ស៊ី បាន​ប្រើពាក្យ​បែប​នេះ។

ព្រះ​អង្គ​បញ្ជាក់​ថា៖ «ខ្ញុំ​សូម​បញ្ជាក់​ម្តង​ទៀត​ថា​ ព្រះ​ករុណា​ សីហមុនី លោកជា​ព្រះ​អង្គ​មួយ​អង្គ​ដែល​កាន់​ព្រះ​ពុទ្ធសាសនា ដែល​លោក​បួស​បាន​៣​ដង។ ហេតុ​ដូច្នេះ លោក​មាន​ធម៌​មេត្តា​ករុណា ដូច្នេះ​ខ្ញុំ​មិន​ជឿ​ថា ​លោក​សប្បាយព្រះ​ទ័យ​ ពេល​ដែល​មាន​ក្តី មាន​ការ​ចោទ​ប្រកាន់​បែប​នោះ​។ លោក​ចង់​ឲ្យ​តែ ខ្មែរ​ស្រុះ​ស្រួល​គ្នា រួម​គ្នា សង្គម​ខ្មែរ​មាន​សុខដុមរមនា។ អាហ្នឹង​លោក​ចង់​បាន។ ដូច្នេះ​ខ្ញុំ​មិន​ជឿ​ថា​ លោក​អាច​នឹង​សប្បាយ​ព្រះ​ទ័យ ក្នុង​ការ​ដែលរាជ​រដ្ឋាភិបាល​ដាក់​ពាក្យ​បណ្តឹង​លើ​លោក សម រង្ស៊ី ទេ»។

លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​របស់​ក្រសួង​យុត្តិធម៌ មាន​ប្រសាសន៍​ថា ​ការ​ប្រមាថ​ដល់​អង្គ​ព្រះ​មហាក្សត្រ មិន​មែន​ជា​ការ​អនុវត្ត​សិទ្ធិ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​នោះ​ទេ តែ​លោក​ថា​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌ។ លោក​បន្ត​ថា ​រដ្ឋមន្រ្តី​ក្រសួង​យុត្តិ​ធម៌​អាច​មាន​សិទ្ធិ​បង្គាប់​បញ្ជា​ស្រប​តាម​បញ្ញត្តិ​មាត្រា​២៩​នៃ​ក្រម​នីតិវិធី​ព្រហ្ម​ទណ្ឌ​កម្ពុជា«ក្នុង​គោលដៅ​ការ​ពារ​សេចក្តី​ថ្លៃថ្នូរ និង​ព្រះ​កិត្តិនាម​របស់​អង្គ​ព្រះមហាក្សត្រ»។

លោក​បញ្ជាក់​ថា៖ «​ការ​ចេញ​អធិ​បញ្ជា​នេះ គឺ​ផ្អែក​ទៅ​លើ​បញ្ញត្តិ​ច្បាប់​ដែល​មាន​ជា​ធរមាន​ទាំង​ស្រុង មិន​មែន​ជា​ការ​រំលោភ​បំពាន​ទៅលើ​អំណាច​តុលាការ​ ដែល​ជា​ស្ថាប័ន​ឯករាជ្យ​នោះ​ទេ»។

លោក សម រង្ស៊ី ដែល​កំពុង​ជាប់​បណ្តឹង​មួយ​ចំនួន​នៅ​តុលាការ ធ្លាប់​ត្រូវ​បានកាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​៤​ឆ្នាំ​ម្តងរួច​មក​ហើយ​ ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ«ប្រមាថ​ព្រះមហាក្សត្រ» ដែល​កាល​នោះ​ទាក់ទង​នឹងការ​ប្រើ​ពាក្យ«ព្រះ​រាជសារ​ក្លែង​ក្លាយ»។

ចំណែក​មួយ​ករណី​ទៀត​ លោក សម រង្ស៊ី ត្រូវបាន​ចោទ​ប្រកាន់​ថា​«ប្រមាថ​ព្រះមហាក្សត្រ» ដែល​កាល​នោះ​លោក​បាន​ហៅ​ព្រះមហាក្សត្រ​ថា​ជា«ចំណាប់​ខ្មាំង និង​អាយ៉ង»​របស់​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន។

មាត្រា​ថ្មី​នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា ​ដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម បើក​ផ្លូវ​ឲ្យ​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​បុគ្គល​ណា ដែល​បរិហារកេរ្តិ៍ ប្រមាថ​ ឬគំរាម​កំហែង​អង្គ​ព្រះមហាក្សត្រ​គ្រប់​រូបភាព។ ការ​ចោទប្រកាន់​ពី​បទ​«ប្រមាថ​ព្រះមហាក្សត្រ»​អាច​ឲ្យ​បុគ្គល​នោះ​ជាប់​ពន្ធនាគារ​រហូត​ដល់​៥ឆ្នាំ៕