លោក​សម រង្ស៊ី វិល​មក​ដឹកនាំ​បក្ស​សង្គ្រោះជាតិ​វិញ​នៅ​គ្រា​អន្តរកាល

រូបឯកសារ៖ លោក សម រង្ស៊ី អតីតប្រធានគណបក្ស​សង្គ្រោះជាតិ ថ្លែងទៅកាន់អ្នកគាំទ្របក្សនៅរាជធានីភ្នំពេញ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៣។

សេចក្តី​សម្រេច​របស់​សន្និសីទ​នេះ​ធ្វើ​ឡើង ក្រោយពី​ប្រតិភូ​នៃ​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​អ្នក​គាំទ្រ​លោក​សម រង្ស៊ី ដែល មកពី​ប្រទេស​ជាច្រើន បាន​ជួបប្រជុំ​គ្នា​រយ:ពេល​ពីរថ្ងៃ​នៅទីក្រុង​អាត្លង់តា រដ្ឋចរចា ដើម្បី​ស្វែងរក​វិធី​ស្តារ​គណបក្ស​សង្គ្រោះ​ជាតិ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ។

សន្និសីទ​ពិភពលោក​លើកទី១​របស់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅប្រទេស បាន​សម្រេច​អញ្ជើញ​លោក​សម រង្ស៊ី មក​ធ្វើជា​ប្រធាន​ស្តីទី​គណបក្ស​ដើម្បី​ដឹកនាំ​សកម្មភាព​នយោបាយ​ការទូត និង​រៀបចំ​គណបក្ស​ទាំងក្នុង​និង​ក្រៅប្រទេស ក្នុង​ពេល​ដែល​លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​ប្រឆាំង​នៅជាប់​ឃុំឃាំង​ក្នុង​លំនៅដ្ឋាន​នៅ​ឡើយ។

លោក​សម រង្ស៊ី ដែល​ជា​សហស្ថាបនិក​គណបក្ស​សង្គ្រោះជាតិ និង​ជា​អតីត​ប្រធាន បាន​ប្រាប់​ដល់​ក្រុម​អ្នកគាំទ្រ​ជាង​៤០០នាក់ ថា​លោក​សុខចិត្ត​មក​ដឹកនាំ​បណ្តោះ​អាសន្ន រហូត​ដល់​ពេល​លោក​កឹម សុខា ត្រូវ​ដោះលែង​ចេញពី​ការ​ឃុំឃាំង​ក្នុង​លំនៅដ្ឋាន។

លោក​បាន​បន្ថែម​ថា៖

«សម រង្ស៊ី និង​កឹម សុខា ជា​មនុស្ស​តែមួយ​ហ្នឹង ហើយ​ជា​ស្មារតី ជា​ពាក្យ​ស្លោក ជា​និមិត្ត​រូប។ ជា​ស្មារតី​នៃ​យើង​ទាំងអស់គ្នា​ធ្វើការ​ជាមួយគ្នា គឺ​គណបក្ស​សង្គ្រោះជាតិ​នៅ​រួបរួម​គ្នា​ជា​ធ្លុងមួយ ដោយសារ​តែ​កឹម សុខា-សម រង្ស៊ី មនុស្ស​តែ​មួយ»។

ការ​សម្រេច​អញ្ជើញ​លោក​សម រង្ស៊ី មក​ដឹកនាំ​វិញនេះ​ដោយ​ក្រុម​អ្នកគាំទ្រ​លោក​សម រង្ស៊ី យោង​លើ​ហេតុផល​មួយ​ចំនួន​ដែល​មាន​ដូចជា លោក​កឹម សុខា ជា​ប្រធាន​គណបក្ស​ត្រូវជាប់​ឃុំឃាំង ហើយ​មិនមាន​សេរីភាព​បញ្ចេញ​យោបល់ និង​ធ្វើ​សេចក្តី​សម្រេច ក្នុង​នាម​គណបក្ស​បាន។ ភាពចាំបាច់​ឱ្យ​មាន​មេដឹកនាំ​មួយ​រឹងមាំ និង​ច្បាស់លាស់​ដើម្បី​ដឹកនាំ និង​រៀបចំ​ផែនការ​យុទ្ធសាស្រ្ត​គណបក្ស និង​ធ្វើ​សេចក្តី​សម្រេច​សមស្រប​ឱ្យ​ទាន់​ពេលវេលា។ ប៉ុន្តែ ពួកគេ​បាន​បញ្ជាក់​យ៉ាង​ច្បាស់ថា លោក​កឹម សុខា នៅតែ​ជា​ប្រធាន​គណបក្ស​ដដែល ដរាបណា​លោក កឹម សុខា​ចេញ​ផុត​ពី​ការ​ឃុំឃាំង​នៅក្នុង​លំនៅដ្ឋាន​វិញ គឺ​តួនាទី​ប្រធាន​ស្តីទី​នេះ​នឹង​បាត់បង់​ដោយ​ស្វ័យប្រវត្តិ។

សេចក្តី​សម្រេច​របស់​សន្និសីទ​នេះ​ធ្វើ​ឡើង ក្រោយពី​ប្រតិភូ​នៃ​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​អ្នក​គាំទ្រ​លោក​សម រង្ស៊ី ដែល មកពី​ប្រទេស​ជាច្រើន បាន​ជួបប្រជុំ​គ្នា​រយ:ពេល​ពីរថ្ងៃ​នៅទីក្រុង​អាត្លង់តា រដ្ឋចរចា ដើម្បី​ស្វែងរក​វិធី​ស្តារ​គណបក្ស​សង្គ្រោះ​ជាតិ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ។

លោកសម រង្ស៊ី បាន​ផ្តល់​ហេតុផល​បី​ក្នុង​ពេល​ដែល​លោក​ថ្លែង​ទៅកាន់​អ្នកគាំទ្រ ក៏ដូចជា​ក្នុង​បទសម្ភាស​ជាមួយ​នឹង VOA Khmer អំពី​ការ​សម្រេច​ចិត្ត​នេះ​ថា ហេតុផល​ទីមួយ​ គឺ​លោក​ទទួល​យក​ដោយ​មិន​ឱ្យ​មាន​ការ​កែប្រែ​រចនា​សម្ព័ន្ធ​គណបក្ស​ទេ គឺ​ទុក​ដូច​មុន​ពេល​ដែល​តុលាការ​កម្ពុជា​បាន​សម្រេច​រំលាយ​កាលពី​ឆ្នាំ​មុន។ ជាពិសេស​លោក​កឹម សុខា នៅតែ​ជា​ប្រធាន​ដដែល។ ទីពីរ តួនាទី​បណ្តោះអាសន្ន​នេះ​នឹង​ចប់ នៅពេល​ដែល​លោក​កឹម សុខា រួច​ផុតពី​ការ​ឃុំឃាំង និង​ទីបី គឺ​ដើម្បី​បង្រួប​បង្រួម​ក្រុម​ដែល​មាន​និន្នាការ​គាំទ្រ​លោកកឹម សុខា និង​លោក​សម រង្ស៊ី ដើម្បី​ឱ្យ​ជ្រក​ក្រោម​ដំបូល​តែមួយ។

រូបឯកសារ៖ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលការរំលាយ ផ្តល់បទសម្ភាសន៍ដលសារព័ត៌មាន Reuters នៅខេត្តព្រៃវែង ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧។

លោក​សម រង្ស៊ី សង្ឃឹម​ថា អ្វី​ដែល​បាន​កើតមាន​ឡើង​នៅ​ទីក្រុង​អាត្លង់តា​នេះ គឺ​នឹង​ជួយ​ឱ្យ​លោក​កឹម សុខា មាន​សេរីភាព​ក្នុងពេល​ឆាប់ៗ​ខាងមុខ​នេះ។

លោក​បាន​បន្ថែម​ថា៖

«លោក​ហ៊ុន សែន ចាប់​លោក​កឹម សុខា ឃុំឃាំង​កុំ​ឱ្យ​លោក​កឹម សុខា ធ្វើអ្វី​កើត ហើយ​លោក​កឹម សុខា ធ្វើជា​ប្រធាន ហើយ​ប្រធាន​ត្រូវគេ​ចាប់​ឃុំឃាំង​មិនអាច​ធ្វើអ្វី​កើត​ទេ អីចឹង​គណបក្ស​គាំង។ អីចឹង​លោក​ហ៊ុន សែន មាន​ផល​ប្រយោជន៍​ទុក​លោក​កឹម សុខា ក្នុងការ​ឃុំឃាំង​របស់គាត់ ពីព្រោះ​ធ្វើ​ឱ្យ​គណបក្ស​សង្គ្រោះជាតិ​គាំង ប៉ុន្តែ​ចាប់ពី​ថ្ងៃនេះ​ទៅ​គណបក្ស​សង្គ្រោះជាតិ​ឈប់គាំង​ហើយ។ បើ​គណបក្ស​សង្គ្រោះជាតិ​ឈប់​គាំង ហើយ​ដំណើរការ​ទៅ​មុខ លោក​កឹម សុខា គ្មាន​ផលប្រយោជន៍​ឱ្យ​លោក​ហ៊ុន សែន ចាប់​ឃាត់​ទៀត​ទេ»។

លោក​សម រង្ស៊ី បញ្ជាក់​ថា លោក​នឹង​បន្ត​ទាមទារ​ឱ្យ​ដោះលែង​លោក​កឹម សុខា គឺ លោក​យល់​ថា ចំណាត់ការ​ប៉ុន្មាន​ថ្ងៃនេះ​ដែល​រដ្ឋាភិបាល​លោក​ហ៊ុន សែន បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​លើ​អង្គការ​សង្គម​ស៊ីវិល សហជីព និង​សារព័ត៌មាន​ជា​ការល្អ​ហើយ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​គឺ​ដោះលែង​លោក​កឹម សុខា បើក​សិទ្ធិ​នយោបាយ​ដល់​មន្ត្រី​ទាំង​១១៨នាក់។

ដំណោះ​ស្រាយ​បន្ទាន់​ដែល​លោក​សម រង្ស៊ី ដាក់ចេញ​សម្រាប់​ការ​ខ្វែង​គំនិតគ្នា​នៅក្នុង​ផ្ទៃក្នុង​គណបក្ស គឺ​ក្រោម​ពាក្យស្លោក​ថា «សម រង្ស៊ី​និង​កឹម សុខា ជា​មនុស្ស​តែមួយ»។ អ្នកណា​ដែល​គាំទ្រ​លោកកឹម សុខា គឺ​ដូច​គាំទ្រ​លោក​សម រង្ស៊ី ហើយ អ្នកណា​គាំទ្រ​លោក​សម រង្ស៊ី ក៏ដូច​គាំទ្រ​លោក​កឹម សុខា ហើយ​អ្នកណា​វាយប្រហារ​លោក​សម រង្ស៊ី គឺ​ដូចជា​វាយប្រហារ​លោក​កឹម សុខា និង​អ្នកណា​វាយប្រហារ​លោក​កឹម សុខា ក៏ដូចជា​វាយប្រហារ​លោក​សម រង្ស៊ី។ ជាពិសេស​ទៀត លោក​ស្នើ​ឱ្យ​អ្នក​ដែល​ចូលរួម​សន្និសីទ​នេះ​បោះដៃ​ទៅរក​អ្នក​ដែល​មិន​គាំទ្រ។

អង្គ​សន្និសីទ​នេះ​ក៏​ស្នើសុំ​លោកស្រី​មូរ សុខហួរ អនុប្រធាន​គណបក្ស​យក​សេចក្តីសម្រេច​របស់​ពួកគេ ដើម្បី ឆ្លង​យោបល់​និង​ការ​សម្រេច​ពី​គណ:កម្មាធិការ​អចិន្ត្រៃយ៍​របស់​បក្ស ប៉ុន្តែ​ពួកគេ​ដាក់​លក្ខខណ្ឌ​ថា ក្នុង​រយ:ពេល មួយសប្តាហ៍ បើ​មិនមាន​សេចក្តី​សម្រេច​អ្វី​ពី​គណ:កម្មាធិការអចិន្ត្រៃយ៍​ទេ គឺ​សេចក្តីសម្រេច​នេះ​នឹង​ចូលជា​ធរមាន។

ទំាង​លោក​អេង ឆៃអ៊ាង និង​លោកស្រី​មូរ សុខហួរ ដែលជា​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់ បាន​សម្តែង​ការគាំទ្រ​ដល់​សន្និសីទ​នេះ ហើយ​លោកស្រី​មូរ សុខហួរ បាន​បញ្ជាក់​បន្ថែម​ថា លោកស្រី​នឹង​បំពេញ​តាម​សំណើ​នេះ ហើយ​ឆ្លើយតប​ឱ្យ​ទាន់​ពេលវេលា។

សន្និសីទ​នេះ​ក៏​បង្ហាញ​ពី​ការ​មិន​ចុះ​សម្រុង​រវាង​អ្នកគាំទ្រ​លោកសម រង្ស៊ី និង​លោក​កឹម សុខា ផងដែរ​ដោយសារ​អ្នកគាំទ្រ​ក្រុម​លោក កឹម សុខា មិន​យល់ស្រប​នឹង​ការ​រៀបចំ​សន្និសីទ​នេះ​ទេ។

បើ​ទោះបី​ជា​កិច្ចប្រជុំ​នេះ​មាន​ការ​ចូលរួម​ពី​លោក​អេង ឆៃអ៊ាង និង​លោកស្រី​មូរ សុខហួរ ដែល​ជា​អនុប្រធាន​គណបក្ស ហើយ​សម្តែង​ការគាំទ្រ​សេចក្តីសម្រេច និង​សរសើរ​ដល់​អ្នក​ដែល​ចូលរួម​ប្រជុំ។ ប៉ុន្តែ សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃច័ន្ទ​នេះ ដែលមាន​ប្រើ​ត្រា​និង​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះជាតិ​ដែរ ហើយ ដែល​ផ្ញើ​ចេញ​ដោយ​ក្រុម​អ្នកគាំទ្រ​លោក​កឹម សុខា បន្ត​ថ្លែង​បដិសេធ​ការ​ជួប​ប្រជុំ​នេះ។

ប៉ុន្តែ​យ៉ាងណា​ក៏ដោយ សេចក្តី​ថ្លែងការ​នេះ​ចាត់ទុក​ថា អ្វី​ដែល​សម្រេច​បាន​នៅ​ទីក្រុង​អាត្លង់តា រដ្ឋចរចា គឺ​គ្រាន់តែ​ជា​«យោបល់​មតិ​របស់​មនុស្ស​មួយ​ក្រុម​ប៉ុណ្ណោះ»៕