មេដឹកនាំគណបក្សជំទាស់ គឺលោក សម រង្ស៉ី បានព្យាយាមពន្យល់មន្ត្រីអាមេរិកកាំង អំពីគោលជំហរដែលលោកនិងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតវប្បធម៌សន្ទនាក្នុងការរួមគ្នាធ្វើការកែទម្រង់ប្រទេសជាតិ។
ក្នុងដំណើរទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោន លោកសម រង្ស៉ី ប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហាញពីការព្យាយាមពន្យល់មន្ត្រីអាមេរិកកាំងទាំងក្នុងរដ្ឋាភិបាល និងសភា ឲ្យបានយល់ពីការធ្វើកិច្ចការរួមគ្នារបស់លោកជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលគ្រប់គ្រងរដ្ឋាភិបាលកម្ពុជាជាង៣០ឆ្នាំ ហើយដែលមានប្រវត្តិមិនល្អផ្នែកសិទ្ធិមនុស្សនោះ។
ថ្លែងប្រាប់ក្រុមប្រជាពលរដ្ឋខ្មែរអាមេរិកកាំងកាលពីថ្ងៃព្រហស្បតិ៍ក្នុងទីក្រុង Gaithersburg រដ្ឋ Maryland ក្នុងពិធីទទួលទានអាហារពេលល្ងាច បន្ទាប់ពីជំនួបជាមួយមន្ត្រីអាមេរិកាំងដាច់ដោយឡែកៗពីគ្នានោះ លោក សម រង្ស៉ី បានអះអាងថា ពេលនេះលោកត្រូវព្យាយាមជម្រាបមន្ត្រីអាមេរិកាំងឲ្យយល់ពីការវិវត្តនយោបាយចុងក្រោយក្នុងប្រទេសកម្ពុជា។
«ដូច្នេះដំណាក់កាលនេះគឺបានពន្យល់ ហើយគេដូចជាយល់ ហាក់ដូចជាគេយល់ ហើយបើគេយល់ ហើយខ្ញុំមានទំនុកទុកចិត្តថា គេច្បាស់ជាគាំទ្រផ្លូវចិត្ត គាំទ្រផ្លូវនយោបាយ»។
Your browser doesn’t support HTML5
មេដឹកនាំគណបក្សជំទាស់រូបនេះ បានជួបជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសស.រ.អា.ជាច្រើនរូបរួមទាំងលោកឧបការីរដ្ឋមន្ត្រី Daniel Russel ហើយនឹងលោកឧបការីរងរដ្ឋមន្ត្រីការបរទេស Scot Marciel ទទួលបន្ទុកកិច្ចការអាស៊ីខាងកើត និងតំបន់បាស៊ីហ្វិក។ ក្រៅពីនោះ លោកបានជួបជាមួយលោក Ed Royce ប្រធានគណៈកម្មាការកិច្ចការបរទេសសភាអាមេរិកកាំងដ៏មានឥទ្ធិពលម្នាក់ ដែលធ្លាប់រិះគន់លោក ហ៊ុន សែន ឲ្យចុះចេញពីមុខតំណែងដោយសារមានការរំលោភបំពានសិទ្ធិមនុស្ស រំលោភបំពានដីធ្លី និងអំពើហិង្សាយ៉ាងធ្ងន់ធ្ងរក្នុងប្រទេសកម្ពុជា។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងការបញ្ចុះបញ្ចូលក្រុមមន្ត្រីអាមេរិកាំងក្នុងបេសកកម្មរបស់លោកក្នុងប្រទេសអាមេរិកនេះ លោកសម រង្ស៉ីបានថ្លែងថា ការរួបរួមគ្នាជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែនក្នុងវប្បធម៌សន្ទនាគឺមានគុណតម្លៃនៃការការពារសិទ្ធិមនុស្ស ការពារគោលការណ៍ច្បាប់ ការពារគោលការណ៍លទ្ធិប្រជាធិបតេយ្យគឺគ្មានអ្វីប្រែប្រួលចំពោះគោលការណ៍ដែលត្រូវលើកតម្កើងទេ។
«តែការបត់បែនផ្លូវនយោបាយនេះគឺដើម្បីឲ្យមានប្រសិទ្ធភាព ព្រោះបើយើងនៅតែប្រឈមមុខដាក់គ្នា យើងមិនបានសម្រេច។ យើងមិនអាចសម្រេចអ្វីជាវិជ្ជមានទេ នៅតែប្រឈមមុខ នៅតែចាប់ដាក់គុក នៅតែបាញ់សម្លាប់។ វាអត់មានធ្វើឲ្យប្រទេសយើងឈានទៅមុខ ការបោះឆ្នោតក៏មិនអាចធ្វើទៅបានត្រឹមត្រូវ មនុស្សនៅតែភ័យខ្លាច ហើយយើងក៏អត់មានមធ្យោបាយផ្សព្វផ្សាយគំនិត ហើយនឹងព័ត៌មាន ដែលមានប្រយោជន៍ជូនដល់សាធារណជនទេ»។
សមាជិកសភាស.រ.អា.ធ្លាប់បានថ្កោលទោសនិងគំរាមកាត់ជំនួយដល់កម្ពុជា បន្តបន្ទាប់ដោយសារការរំលោភបំពានសិទ្ធិមនុស្ស ការរិតត្បិតសេរីភាពនយោបាយក្រុមជំទាស់ ការគៃបន្លំសន្លឹកឆ្នោតដែលប៉ះពាល់ដល់ប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរនោះ។
គណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជាកំពុងបន្តវប្បធម៌សន្ទនាក្នុងបំណងដោះស្រាយបញ្ហាជាតិធំៗជាមួយគ្នា ដូចជាបញ្ហាបូរណភាពទឹកដី បញ្ហាអន្តោប្រវេសន៍ បញ្ហាបោះឆ្នោតដោយសេរី បញ្ហាដីធ្លី បញ្ហាភាពក្រីក្រ បញ្ហាព្រៃឈើ បញ្ហាការដំឡើងប្រាក់ឈ្នួលកម្មករ បញ្ហាពង្រឹងប្រជាធិបតេយ្យ និងនីតិរដ្ឋជាដើម។ អត្ថាធិប្បាយរបស់លោកសម រង្ស៉ីទទួលបានការគាំទ្រខ្លះពីពលរដ្ឋខ្មែរអាមេរិកាំងដែលចូលរួមស្តាប់ការពន្យល់របស់លោក។
លោក Thomas Mey ជាពាណិជ្ជករម្នាក់រស់នៅក្នុងរដ្ឋម៉ារីឡែន ដែលបានចូលរួមស្តាប់ការបកស្រាយរបស់លោកសម រង្ស៉ីបានថ្លែងថា លោកគាំទ្រឲ្យភាគីខ្មែរត្រូវតែរួមគ្នានិងនិយាយគ្នា។
«ខ្ញុំសប្បាយចិត្តដែលគាត់បានមកនេះ ហើយគាត់ប្រាប់ពីការនិយាយគ្នា។ ពីដើមមកឮថា ខ្មែរយើងវ៉ៃគ្នា សម្លាប់គ្នាច្រើន តែឥឡូវដូចថា យើងនិយាយគ្នាវិញ។ ដូចតែស្រុកអាមេរិកកាំងអញ្ចឹង ទោះបីតែគេនៅក្រុមខុសគ្នា គេត្រូវតែនិយាយគ្នា។ អញ្ចឹងទៅខ្ញុំសប្បាយចិត្ត»។
ថ្លែងចំពោះជំហរអាមេរិកកាំងវិញ ដែលទំនងជាគេគាំទ្រវប្បធម៌សន្ទនាគ្នាដែរនោះ លោកបានបន្ថែមថា៖
«ខ្ញុំថា អាមេរិកាំងអាចគាំទ្របាន ព្រោះដូចថា យើងនិយាយគ្នា យើងឈប់វ៉ៃគ្នា យើងឈប់ប្រកួតគ្នា។ ខ្ញុំនិយាយអញ្ចឹងតែម្តង»។
លោក ប៉ាង ហ៊ាច រស់នៅក្នុងក្រុង Philadelphia រដ្ឋ Pennsylvania ដែលបានចូលរួមស្តាប់លោក សម រង្ស៉ី ផងដែរនោះ បានថ្លែងថា ការជួបជាមួយមន្ត្រីអាមេរិកកាំង ទាំងរដ្ឋាភិបាលនិងសភាជារឿងល្អ។
«ខ្ញុំសង្ឃឹមថា អាមេរិកាំងកាលណាគេនិយាយហើយគេជួយហើយ ឲ្យតែខ្មែរយើងចេះរួបរួមគ្នាដូចសព្វថ្ងៃហ្នឹង អញ្ចឹង»។
វប្បធម៌សន្ទនារវាងគណបក្សទាំងពីរដែលមានអាសនៈក្នុងសភានេះកើតឡើងក្រោយពេលដែលមានការតស៊ូមតិ ហើយបានបង្កជាអំពើហិង្សា ម្តងជាពីរដង ក្រោយពេលដែលគណបក្សទាំងពីរមិនចុះសម្រុងគ្នារឿងលទ្ធផលបោះឆ្នោត កាលពីខែកក្កដាឆ្នាំ ២០១៣ ដោយសារមានការចោទប្រកាន់ថា មានភាពមិនប្រកក្រតី មានការគែបន្លំសន្លឹកឆ្នោតយ៉ាងធ្ងន់ធ្ងរ។គណបក្សប្រជាជនកម្ពុជាឈ្នះអាសនៈចំនួន៦៨ និងគណបក្សសង្គ្រោះជាតិឈ្នះអាសនៈចំនួន៥៥ ក្នុងរដ្ឋសភាដែលមានចំនួនតំណាងរាស្ត្រសរុប ១២៣រូប ។
លោក សម រង្ស៊ី បានថ្លែងដែរថា ប្រទេសកម្ពុជាស្ថិតនៅលើផ្លូវបត់ហើយ ដែលតម្រូវឲ្យអ្នកនយោបាយទាំងអស់ត្រៀមរៀបចំប្រទេសជាតិ ជាពិសេសការផ្ទេរអំណាចដោយសន្តិវិធី ហើយបញ្ឈប់គំនិតចង់ចាញ់ឈ្នះតាមរយៈការកាប់សម្លាប់ បង្ហូរឈាម ហើយងាកបែរមកពិភាក្សាគ្នា រួបរួមគ្នាដើម្បីភាពរុងរឿងរបស់ប្រទេស ដូចសម័យអង្គរនោះ៕