ប្រធានគណបក្សជំទាស់លោក សម រង្ស៊ី មានជំនឿថា ការបោះឆ្នោតនាពេលខាងមុខនឹងនាំមកនូវការផ្លាស់ប្ដូរតាមលទ្ធិប្រជាធិបតេយ្យ បើទោះជាលោក និងលោក កឹម សុខា កំពុងជួបបញ្ហាក៏ដោយ។ ទោះជាយ៉ាងណាក្តី លោកបានអំពាវនាវជាថ្មីដល់សហគមន៍អន្តរជាតិ ត្រូវជួយធានាដំណើរការបោះឆ្នោតនាពេលខាងមុខថា នឹងប្រព្រឹត្តទៅប្រកបដោយសន្តិវិធី និងតាមគន្លងប្រជាធិបតេយ្យ។
ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសរំពឹងថា ការបោះឆ្នោតនៅឆ្នាំ២០១៨នឹងនាំមកនូវការផ្លាស់ប្ដូរមួយតាមបែបប្រជាធិបតេយ្យ និងដោយសន្តិវិធី តែលោកអំពាវនាវឱ្យសហគមន៍អន្តរជាតិត្រូវជួយធានាឱ្យមានការបោះឆ្នោតមួយដ៏ត្រឹមត្រូវ។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ BBC កាលពីថ្ងៃទី២២ ខែកញ្ញា លោក សម រង្ស៊ី បានមានប្រសាសន៍ថា ការបោះឆ្នោតនាពេលខាងមុខនឹងដំណើរការទៅប្រសើរជាងមុន ដោយសារតែកម្ពុជាមានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលល្អជាងមុន។ លោកថា ការបោះឆ្នោតនេះនឹងនាំឱ្យមានការផ្លាស់ប្ដូរមួយតាមបែបប្រជាធិបតេយ្យ។
លោក សម រង្ស៊ី មានប្រសាសន៍ជាភាសាអង់គ្លេស ហើយត្រូវបានប្រែសម្រួលជាខេមរភាសាថា៖
«ខ្ញុំគិតថា អ្វីៗមានទីបញ្ចប់។ របបផ្ដាច់ការទាំងអស់នឹងត្រូវបញ្ចប់ បន្ទាប់ពីការដឹកនាំរយៈពេលជាង៣០ឆ្នាំដោយគណបក្ស ឬរបបផ្ដាច់ការដដែលៗ។ ខ្ញុំគិតថា ប្រជាពលរដ្ឋកម្ពុជាសមនឹងទទួលបានអ្នកដឹកនាំដែលល្អជាងនេះ»។
ទោះជាមានការព្រមានពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលកន្លងមកពីលទ្ធភាពនៃការកើតមានសង្គ្រាម ប្រសិនបើគណបក្សប្រឆាំងឈ្នះឆ្នោតនោះ លោក សម រង្ស៊ី អះអាងថា គណបក្សលោកនឹងប្រឹងប្រែងឱ្យការផ្លាស់ប្ដូរនោះធ្វើទៅដោយសន្តិវិធី។ តែលោកថា៖«សហគមន៍អន្តរជាតិត្រូវតែធានាឱ្យមានដំណើរការនៃការបោះឆ្នោតមួយប្រកបដោយសន្តិវិធី និងតាមបែបប្រជាធិបតេយ្យ»។
លោក សម រង្ស៊ី បានប្រាប់ VOA បន្ថែមតាមរយៈសារអេឡិចត្រូនិច ឬអ៊ីម៉ែល នៅថ្ងៃអាទិត្យថា បើទោះជារូបលោក និងលោក កឹម សុខា មិនអាចចេញធ្វើយុទ្ធនាការឃោសនាក៏ដោយ ពលរដ្ឋកម្ពុជាផ្សេងទៀតដែលស្រឡាញ់ប្រជាធិបតេយ្យ យុត្តិធម៌ និងសេរីភាព នឹងជំរុញឱ្យមានការផ្លាស់ប្ដូរ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានប្រាប់ VOA នៅថ្ងៃអាទិត្យថា ដំណើរការនៃការបោះឆ្នោតនាពេលខាងមុខ នឹងធ្វើទៅប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ ដោយសារតែច្បាប់បោះឆ្នោត និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវបានធ្វើកំណែទម្រង់ស៊ីជម្រៅ។ លោកថា គណបក្សលោកនឹងបន្តឈ្នះការបន្តឆ្នោតនាពេលខាងមុខទៀត ដោយសារតែគណបក្សសង្គ្រោះជាតិគ្មានអ្វីទៅប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជានោះទេ។
«ឥឡូវមានអីឥឡូវនេះ? វាមិនខុសអីពស់បាក់ឆ្អឹងខ្នង ដាច់ក្បាលដាច់កន្ទុយទេ។ កាលនៅជុំគ្នា ប្រធានអនុប្រធានសមាជិកអីមួយចំនួននៅជុំគ្នានៅយកឈ្នះគណបក្សប្រជាជនកម្ពុជាមិនបានផង ហើយឥឡូវដាច់ក្បាលដាច់កន្ទុយហើយចឹង ទៅធ្វើម៉េចឥឡូវ?»។
លោក សុខ ឥសាន បន្ថែមថា ទោះបីជាការបោះឆ្នោតនឹងប្រព្រឹត្តទៅបានដោយល្អក្រោយកំណែទម្រង់ គ.ជ.ប ក៏ដោយ លោកមិនរំពឹងថា គណបក្សប្រឆាំងនឹងបញ្ឈប់ការតវ៉ារបស់ខ្លួននៅក្រោយការបោះឆ្នោតនោះទេ។
ទោះជាយ៉ាងណាក៏ដោយ លោកថា នឹងមិនមានការជាប់គាំងនយោបាយដូចក្រោយការបោះឆ្នោតឆ្នាំ២០១៣នោះទេ ដោយសារច្បាប់បោះឆ្នោតថ្មីបានចែងថា គណបក្សនយោបាយនឹងបាត់បង់អាសនៈរបស់ខ្លួន ប្រសិនបើមិនចូលប្រជុំតាមការកោះហៅរបស់ព្រះមហាក្សត្រ។
មេដឹកនាំទាំងពីររបស់គណបក្សប្រឆាំងគឺ លោក សម រង្ស៊ី និងលោក កឹម សុខា ត្រូវបានតុលាការកាត់ទោសកំបាំងមុខដាក់ពន្ធនាគារក្នុងរឿងក្ដីផ្សេងៗគ្នា។ បច្ចុប្បន្ន លោក សម រង្ស៊ី កំពុងនិរទេសខ្លួននៅក្រៅប្រទេសគេចពីការចាប់ខ្លួន ចំណែកលោក កឹម សុខា ស្នាក់នៅក្នុងទីស្នាក់ការគណបក្ស។
លោក សំ គន្ធាមី នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិក(NICFEC) យល់ថា ការបោះឆ្នោតនាពេលខាងមុខនឹងដំណើរការទៅដោយល្អ និងទុកចិត្តបាន។ លោកថា នៅមួយរយៈចុងក្រោយនេះ គណបក្សធំៗទាំងពីរហាក់ដូចជាស្ងប់ស្ងាត់ក្នុងវាយប្រហារគ្នា ដោយលោកសង្ឃឹមថា គណបក្សទាំងពីរនឹងជួបចរចាគ្នាដើម្បីដោះស្រាយ ហើយឈានដល់ការបង្កបរិយាកាសនយោបាយមួយដែលបើកឱ្យមានការប្រកួតប្រជែងដោយស្មើភាព។
លោកមានប្រសាសន៍ថា៖ «ខ្ញុំមើលដំណោះស្រាយនយោបាយហ្នឹងឈានទៅរកកិច្ចព្រមព្រៀងគ្នាហើយ សង្ឃឹមថាមេប្រធានគណបក្សទាំងអស់នឹងធ្វើការឃោសនារកសំឡេងឆ្នោតដោយស្មើភាពគ្នា»។
លោក សំ គន្ធាមី បន្ថែមថា ជាមួយនឹងដំណើរការនៃការបោះឆ្នោតដែលអាចទុកចិត្តបាន ហើយគណបក្សនយោបាយទាំងអស់អាចប្រកួតប្រជែងដោយស្មើភាពគ្នានោះនៅក្រោយការបោះឆ្នោត នឹងមិនមានវិបត្តិធ្ងន់ធ្ងរដូចក្រោយការបោះឆ្នោតកាលពីឆ្នាំ២០១៣នោះទេ៕