លោក សម រង្ស៊ី នៅល្ងាចថ្ងៃអង្គារនេះ បានប្រាប់ VOA ថា លោកមានជំនឿថា រដ្ឋាភិបាលកម្ពុជា ជាអ្នកនៅពីក្រោយឃាតកម្មអ្នកវិភាគកែម ឡី បើទោះបីជាលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តឹងលោក សម រង្ស៊ី កាលពីថ្ងៃច័ន្ទ ចំពោះការលើកឡើងនេះយ៉ាងណាក៏ដោយ។
តាមរយៈសារអេឡិចត្រូនិច លោកបានបញ្ជាក់ប្រាប់ VOA តាមន័យដើមថា៖ «ខ្ញុំជឿថា រដ្ឋាភិបាល ជាអ្នកនៅពីក្រោយឃាតករ ដែលបានបាញ់សម្លាប់លោក បណ្ឌិតកែម ឡី ដូចក្នុងករណីការគប់គ្រាប់បែកក្នុងឆ្នាំ១៩៩៧ ដែលបានបណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច១៦នាក់ និងដូចក្នុងករណីឃាតកម្មលើលោក ជា វិជ្ជា ក្នុងឆ្នាំ២០០៤ និងករណីឃាតកម្មលើលោក ឈុត វុទ្ធី ក្នុងឆ្នាំ២០១២ អញ្ចឹងដែរ។ ទាំងអស់នេះ គឺជាអំពើភេរវកម្ម រៀបចំដោយរដ្ឋអំណាច»។
ដោយមិនបានបញ្ជាក់ពីភស្តុតាងដែលនាំឲ្យមានការសង្ស័យនេះ លោក សម រង្ស៊ី លើកឡើងថាអ្នកដែលហ៊ានតិះដៀលរដ្ឋាភិបាលខ្លាំងជាងគេ និងអ្នកនាំគ្រោះថ្នាក់ដល់រដ្ឋាភិបាល និងគណបក្សកាន់អំណាច គឺជាមុខសញ្ញានៃការវាយប្រហារ។
នៅក្នុងសារអេឡិចត្រូនិចដដែល លោក សម រង្ស៊ីសរសេរថា៖ «ជំនឿរបស់ខ្ញុំ ឈរលើលក្ខណៈសម្គាល់ដូចគ្នា ចំពោះការជ្រើសរើសមុខសញ្ញា និងការជ្រើសរើសរបៀបបាញ់សម្លាប់ជនរងគ្រោះ។ ម្យ៉ាងវិញទៀត មានតែរដ្ឋាភិបាលទេ ដែលមានមធ្យោបាយ និងមានលទ្ធភាពធ្វើការវាយប្រហារបែបនេះ ហើយរួចទៅបិទបាំងការពិត និងធានាឲ្យមាននិទណ្ឌភាពចំពោះជនដៃដល់ និងអ្នកនៅពីក្រោយ»។
លោក សម រង្ស៊ី ចោទជាសំណួរថា បើរដ្ឋាភិបាលមិនចង់ឲ្យលោក សម រង្ស៊ីចោទបែបនេះ ហេតុអ្វី បានជារដ្ឋាភិបាល មិនអនុញ្ញាតឲ្យមានការស៊ើបអង្កេតឯករាជ្យមួយ ដោយមានការចូលរួមពីអន្តរជាតិ និងអាចឲ្យប្រជាពលរដ្ឋជឿទុកចិត្តបាន។
ឆ្លើយតបទៅនឹងការពន្យល់បកស្រាយនេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បញ្ចាក់ប្រាប់ VOA ថាបើលោក សម រង្ស៊ីទទួលស្គាល់អំពើរបស់លោកក្នុងការបរិហាកេរ្តិ៍រដ្ឋាភិបាលកម្ពុជាហើយនោះ លោក សម រង្ស៊ីគួរតែចូលខ្លួនតទល់គ្នានឹងបណ្តឹងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅឯតុលាការ។
«ខ្ញុំខ្លាចថាគាត់ប្រកែកតា៎ តែបើគាត់ទទួលស្គាល់ទង្វើរបស់គាត់ហើយ គាត់ត្រូវដោះស្រាយតាមផ្លូវច្បាប់ ថាអាហ្នឹងស្ថិតក្នុងការទិតៀន ក្នុងន័យស្ថាបនា ឬមួយជាការបរិហារកេរ្តិ៍ ឬជាការលាបពណ៌។ អាហ្នឹងយើងទៅតទល់គ្នាតាមផ្លូវច្បាប់នៅតុលាការទៅ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាង ការអធិប្បាយរបស់លោក សម រង្ស៊ីប្រធានគណបក្សជំទាស់ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសនេះ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់លោក។ ហើយ លោក ហ៊ុន សែន កាលពីថ្ងៃច័ន្ទម្សិលមិញ បានប្តឹងទៅតុលាការឲ្យផ្តន្ទាទោសលោក សម រង្ស៊ី តាមផ្លូវច្បាប់ និងទាមទារសំណងជំងឺចិត្តចំនួន១០០រៀល។
លោកកែម ឡី ដែលជាអ្នកវិភាគនយោបាយមិនសំចៃមាត់ រងការបាញ់សម្លាប់ដោយខ្មាន់កំាភ្លើងកាលពីថ្ងៃទី១០ ខែកក្កដា នៅកណ្តាលទីក្រុងភ្នំពេញ៕