ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងរស់នៅក្នុងប្រទេសបារាំង បានចាត់ទុកការចោទប្រកាន់របស់តុលាការបារាំងប្រឆាំងនឹងរូបលោកថាជា «ឱកាសមាសដ៏កម្រ» ដើម្បីឲ្យលោកអាចលាតត្រដាង «អំពើឧក្រិដ្ឋ» របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាគូប្រជែងនយោបាយរបស់លោក រាប់ទសវត្សរ៍មកហើយនោះ។
លោក សម រង្ស៊ី បានថ្លែងបែបនេះតាមបណ្តាញហ្វេសប៊ុករបស់លោក ក្រោយពីតុលាការប្រទេសបារាំងបានសម្រេចចោទប្រកាន់មេដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេសរូបនេះ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ កាលពីថ្ងៃព្រហស្បតិ៍។
លោក សម រង្ស៊ី ដែលមានសញ្ជាតិបារាំងដែរនោះ បានសរសេរថា៖ «ហ៊ុន សែន ធ្លាក់ចូលក្នុងអន្ទាក់ខ្ញុំហើយ! គាត់បានប្តឹងខ្ញុំពីបទបរិហាកេរ្តិ៍នៅចំពោះមុខតុលាការប្រទេសបារាំង។ ធ្វើដូច្នេះ គាត់ផ្តល់ឱកាសមាសដ៏កម្រឲ្យខ្ញុំ លាតត្រដាងអំពើឧក្រិដ្ឋរបស់គាត់ និងក្រុមគ្រួសារគាត់ នៅចំពោះមុខតុលាការឯករាជ្យមួយជាលើកទី១»។
លោក ហ៊ុន សែន និងលោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ដែលត្រូវជាកូនប្រសាររបស់លោក ហ៊ុន សែន និងជាកូនបង្កើតរបស់លោក ហុក ឡងឌី បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការប្រទេសបារាំងប្រឆាំងនឹងលោក សម រង្ស៊ី កាលពីឆ្នាំមុន ក្រោយពីអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិរូបនេះបានចោទប្រកាន់លោក ហ៊ុន សែន ថាជាអ្នកនៅពីក្រោយនៃការស្លាប់របស់អតីតអគ្គស្នងការនគរបាលជាតិលោក ហុក ឡងឌី នៅក្នុងការផ្ទុះឧទ្ធម្ភាគចក្រមួយគ្រឿង ដែលលោក ហុក ឡងឌីបានជិះពីភ្នំពេញឆ្ពោះទៅខេត្តស្វាយរៀង ក្នុងថ្ងៃបុណ្យឯករាជ្យជាតិរបស់កម្ពុជា គឺថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០០៨។
លោក សម រង្ស៊ី ក៏បានអះអាងដែរថា លោក ឌី វិជ្ជា ក៏បានរៀបចំគម្រោងការជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីសងសឹកចំពោះការស្លាប់ឪពុករបស់ខ្លួនដែរ៕