ក្រសួងយុត្តិធម៌របស់ប្រទេសកម្ពុជានៅថ្ងៃសុក្រនេះ បានចោទលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិថា កំពុងប៉ុនប៉ងធ្វើរដ្ឋប្រហារដើម្បីផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន។
ការចោទប្រកាន់នេះធ្វើឡើងដោយផ្អែកលើសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី ១៥ខែកញ្ញានេះ។ សេចក្តីថ្លែងការណ៍ដែលធ្វើពីសហរដ្ឋអាមេរិកបានរៀបរាប់អំពីការរៀបចំការធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី មកកាន់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ និយាយពីការរៀបចំថវិកាសម្រាប់ផ្តល់ជំនួយដល់កងកម្លាំងប្រដាប់អាវុធដែលសុខចិត្តផ្តាច់ខ្លួនពីរដ្ឋាភិបាល មកការពារពលរដ្ឋនៅថ្ងៃទី៩ខែវិច្ឆិកា និងបានអំពាវនាវឲ្យពលករកម្ពុជាដែលកំពុងបំពេញការងារនៅក្រៅប្រទេសឲ្យវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញដើម្បីចូលរួមជាមួយអតីតគណបក្សប្រឆាំងនេះ ដើម្បីឲ្យមាន «ការផ្លាស់ប្តូរជាវិជ្ជមាន»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌បានអះអាងក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃសុក្រនេះថា ការរៀបចំបែបនេះ«មិនមែនជារឿងលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សទេ» ប៉ុន្តែវាជា «ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ» ដែលអាចប្រឈមនឹងការដាក់ទោសពី១៥ទៅ៣០ឆ្នាំ។
អ្នកនាំពាក្យដដែលបានព្រមានថា ពលរដ្ឋដែលចូលរួមជាមួយចលនារបស់លោកសម រង្ស៊ី នឹងត្រូវចោទប្រកាន់ពី «បទល្មើសរួមគំនិតក្បត់» ដែលអាចទទួលរងការផ្តន្ទាទោសពី៥ទៅ១៥ឆ្នាំ។ ប៉ុន្តែប្រសិនបើអ្នកចូលរួមក្នុងចលនានោះជាមន្ត្រីរាជការ ទោសទណ្ឌអាចត្រូវជាប់ពន្ធនាគាររហូតដល់អស់មួយជីវិត៕