គណៈប្រតិភូ​កូរ៉េ​ខាងត្បូង​នឹង​ធ្វើ​ដំណើរ​ទៅ​កូរ៉េ​ខាងជើង​ដើម្បី​ពិភាក្សា​លម្អិត​ពី​កិច្ចប្រជុំ​កំពូល​រវាង​មេដឹកនាំ​ទាំង​ពីរ

លោក គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េ​ខាង​ជើង (រូប​ឆ្វេង) ថត​រូប​ជាមួយ​នឹង​លោក Moon Jae-in ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង នៅ​ក្នុង​អគារ Peace House នៅ​ភូមិ Panmunjom ក្នុង​តំបន់​ស​គ្មាន​យោធា ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨។

គណៈប្រតិភូ​ជាន់ខ្ពស់​របស់​កូរ៉េ​ខាងត្បូង​នឹង​ធ្វើ​ដំណើរ​តាម​ជើង​ហោះហើរ​ទៅ​កាន់​ប្រទេស​កូរ៉េខាងជើង​ក្នុង​សប្តាហ៍​នេះ ដើម្បី​ពិភាក្សា​អំពី​ការ​រៀបចំ​កិច្ចប្រជុំ​កំពូលមួយ​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ​នៅ​ក្នុង​ប្រទេស​កូរ៉េខាងជើង​ក្នុង​ខែ​នេះ ខណៈ​ដែល​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ក្រុង វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង ព្យុងយ៉ាង កាន់​តែ​ប្រសើរ​ឡើង។

លោក Moon Jae-in ប្រធានាធិបតី​កូរ៉េខាងត្បូង កាល​ពី​ថ្ងៃ​អាទិត្យ បាន​តែងតាំង​ទីប្រឹក្សា​សន្តិសុខ​កំពូល​របស់​លោក​ជា​បេសកជន​ពិសេស​ទៅ​កាន់​ប្រទេស​កូរ៉េខាងជើង​ដើម្បី​ពិភាក្សា​លម្អិត មុន​ពេល​ដែល​គម្រោង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ទីក្រុង ព្យុងយ៉ាង ​រវាង​លោក Moon និង​លោក គីម ជុងអ៊ុន មក​ដល់។

លោក Chung Eui-yong នាយក​ការិយាល័យ​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី នឹង​ដឹកនាំ​គណៈប្រតិភូ​មួយ​ដែល​មាន​សមាជិក​៥​នាក់ ទៅ​កាន់​រដ្ឋធានី​នៃ​ប្រទេស​កូរ៉េខាងជើង​នៅ​ថ្ងៃ​ពុធ​នេះ។ នេះ​បើ​យោង​តាម​លោក Kim Eui-kyeom អ្នក​នាំ​ពាក្យ​លោក Moon ដែល​បាន​ថ្លែង​ទៅ​កាន់​អ្នកកាសែត។

គណៈប្រតិភូ​ដែល​រួម​មាន​លោក Suh Hoon នាយក​ចារកម្ម​របស់​កូរ៉េខាងត្បូង​ផង​នោះ នឹង​ធ្វើ​ដំណើរ​តាម​ជើង​ហោះហើរ​ទៅ​កាន់​ទីក្រុង ព្យុងយ៉ាង តាមរយៈ​ផ្លូវ​ដែល​កម្រ​ធ្វើ​ដំណើរ​មួយ ឆ្លង​កាត់​ព្រំប្រទល់​រវាង​ប្រទេស​ទាំងពីរ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​មួយ​ថ្ងៃ​របស់​ពួកគេ។

ទស្សនកិច្ច​នេះ​នឹង​ក្លាយ​ជា​ទស្សនកិច្ច​លើក​ទី​ពីរ​របស់​លោក Chung ទៅ​កាន់​ប្រទេស​កូរ៉េខាងជើង​ចាប់​តាំង​ពី​ខែ មីនា មក នៅ​ពេល​ដែល​លោក​ដឹកនាំ​គណៈប្រតិភូ​ដែល​មាន​សមាជិក​៥​នាក់​ដូច​គ្នា​នេះ ដើម្បី​រៀបចំ​កិច្ចប្រជុំ​កំពូល​លើក​ដំបូង​រវាង​លោក Moon និង​លោក គីម៕