បន្ទាប់មកគុកទួលស្លែងបានក្លាយជាសារមន្ទីរជាតិទួលស្លែង។ រដ្ឋាភិបាលបានបង្កើតឲ្យមានការតាំងពិព័រណ៍មួយដើម្បីរំឭកអំពីអំពីគុកនេះ។
អ្នកស្រី ចាន់ គឹមស្រ៊ុន ពាក់អាវខ្មៅ សក់ខ្លីក្រោមត្រចៀកបន្តិច កំពុងបីកូនជាប់នឹងដៃប្រកបដោយទឹកមុខស្រពាប់ស្រពោន។ ស្លាកលេខអ្នកទោសព្យួរជាប់នឹងករបស់អ្នកស្រី។ ពួកខ្មែរក្រហមបានថតរូបអ្នកស្រីទុកដើម្បីបញ្ចូលក្នុងបញ្ជីអ្នកទោសនៃមន្ទីរស២១ ដែលគេស្គាល់ថាគុកទួលស្លែង។ រូបថតរបស់ជនរងគ្រោះរូបនេះត្រូវគេដាក់តាំងនៅចន្លោះរូបថតធំៗចំនួនពីរផ្ទាំងផ្សេងទៀត នៅក្នុងសាលតាំងពិព័រណ៍ក្នុងសារមន្ទីរជាតិទួលស្លែង។
ឈ្មោះជនរងគ្រោះសរុបចំនួន១៨០នាក់តំណាងឲ្យអ្នកទោសក្នុងគុកទួលស្លែងយ៉ាងតិច១២៣៨០នាក់ ដែលត្រូវបានសម្លាប់ ត្រូវបានគេផ្តិតលើផ្ទាំងសំពត់ប្លាស្ទិកក្នុងស៊ុមកញ្ចក់ក្បែរនឹងរូបថតអ្នកស្រីចាន់ គឹមស្រ៊ុន ដែលកំពុងបីកូនតូចមួយដេកលក់នៅលើដៃម្តាយ។ នៅក្នុងស៊ុមកញ្ចក់ម្ចាងទៀត មានពាក្យបួងសួងមួយផ្ទាំងរបស់ភ្ញៀវទេសចរណ៍ ដែលមានខ្លឹមសារជារួមចង់ឲ្យជនរងគ្រោះក្នុងគុកទួលស្លែងទាំងអស់ស្ថិតក្នុងសុគតិភព។
ទាំងនេះគឺជាទិដ្ឋភាពមួយចំនួនក្នុងពិធីតាំងពិព័រណ៍រយៈពេលពេញមួយឆ្នាំក្នុងសារមន្ទីរជាតិទួលស្លែង។ ពិធីតាំងពិព័រណ៌នេះបានបើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី១៩ខែសីហាក្រោមប្រធានបទ«៤០ឆ្នាំ៖ ការចង់ចាំជនរងគ្រោះស-២១» ដើម្បីរំឭកដល់ការបង្កើតសារមន្ទីរជាតិទួលស្លែង។ សាធារណជនអាចចូលទស្សនាការតាំងពិព័រណ៍នេះដោយសេរីនិងឥតគិតថ្លៃ។
លោក ហង្ស និស្ស័យ ប្រធានផ្នែកគម្រោង និងផែនការ និងជាអ្នកសម្របសម្រួលកម្មវិធីអប់រំ និងពិព័រណ៍នេះ ឲ្យដឹងថា ពិធីតាំងពិព័រណ៍នេះគឺដើម្បីបង្ហាញដល់សាធារណជនឲ្យដឹងពីកំណកំណើតនៃសារមន្ទីរជាតិទួលស្លែងនិងឧក្រិដ្ឋកម្មដែលបង្កឡើងដោយពួកខ្មែរក្រហមនៅទីនេះ។
«យើងដឹងហើយថា ប្រវត្តិសាស្រ្តខ្មែរក្រហមមានអ្នកស្រាវជ្រាវច្រើនណាស់ ស្ទើរតែទាំងអស់ហើយ។ ប៉ុន្តែចំពោះ ប្រវត្តិសារមន្ទីរដែលការកកើត ការរៀបចំ រហូតមកដល់៤០ឆ្នាំមានការងារអីខ្លះដែលយើងអនុវត្ត ខ្ញុំជឿថា នៅមានកន្លែងចំណុចចំណេះដឹងដែលកូនសិស្ស យុវជន និងប្រជាជនអាចមកមើលស្វែងរកបន្ថែមទៀត»។
សម្រាប់លោកហង្ស និស្ស័យពិព័រណ៍នេះក៏ដើម្បីឧទ្ទិសដល់ការរក្សាសារមន្ទីរជាតិទួលស្លែងជាកេរតំណែលសម្រាប់យុវជនជំនាន់ក្រោយផងដែរ ជាពិសេសវាទាក់ទងនឹងការគោរព ការចងចាំអំពីជនរងគ្រោះ។
នៅក្នុងពិព័រណ៌នេះ មានការដាក់តាំងនូវរូបភាព រូបថត សំណេរ គ្រឿងសម្ភារៈផ្សេងៗដែលជាតឹកតាងបង្ហាញពីស្ថានភាពរបស់វិទ្យាល័យទួលស្លែងមុនឆ្នាំ១៩៧៥ មុនពួកខ្មែរក្រហមបានប្រែក្លាយសាលារៀននេះទៅជាមន្ទីរឃុំឃាំងនៅឆ្នាំ១៩៧៦។ មន្ទីរឃុំឃាំនេះត្រូវពួកខ្មែរក្រហមប្រើដើម្បីធ្វើទារុណកម្មជម្រិតសួរចម្លើយអ្នកទោសដែលពួកគេចោទថា បានក្បត់អង្គការខ្មែរក្រហម ឬចោទថា ជាចារកម្មរបស់ភ្នាក់ងារបរទេសប្រឆាំងនឹងរបបខ្លួន មុននឹងអ្នកទោសទាំងនោះត្រូវសម្លាប់នៅក្នុងគុកនេះ ឬយកទៅសម្លាប់ចោលនៅវាលពិឃាដបឹងជើងឯក។ រូបថតមួយចំនួនបង្ហាញពីការពុះខណ្ឌបន្ទប់រៀនទៅជាបន្ទប់តូចៗដើម្បីឃុំឃាំងអ្នកទោសដែលគ្មានកំហុស។
ក្រៅពីនោះមានរូបថតស្តីពីសកម្មភាពអភិរក្សឯកសារក្នុងបណ្ណសារដ្ឋាន និងរូបថតស្តីពីដំណើរការការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដែលគាំទ្រដោយអង្គការសហប្រជាជាតិ។
លោក Ing Phythanara ជនជាតិខ្មែរកាត់បាំរាំង ធ្លាប់បានមកទស្សនាសារមន្ទីរជាតិទួលស្លែងកាលពីជាង១០ឆ្នាំមុន។ លោកបាននឹករឭកពីការដែលលោកត្រូវបង្ខំចាកចេញពីកម្ពុជាពេលខ្មែរក្រហមចូលកាន់កាប់អំណាច។
«គឺជាការរំឭកកុំឲ្យភ្លេច។ មានមនុស្សខ្លះអាចមានចិត្តអាក្រក់មែនទែន ធ្វើបាបប្រជាជនខ្លួនឯង។ យើងមិនត្រូវភ្លេចទាំងអស់»។
លោក Jose Puente អ្នកទេសចរមកពីប្រទេសម៉ិចស៊ិក គិតថា ទួលស្លែងគឺជាកន្លែងរំឭកពីសោកនាដកម្មដែលបានកើតឡើង។
«ខ្ញុំគិតថា សារមន្ទីរនេះសំខាន់ និងទាក់ទាញអារម្មណ៍យ៉ាងខ្លាំង។ វាសំខាន់ពីព្រោះថា ហេតុផលនៅពីក្រោយសារមន្ទីរនេះគឺដើម្បីបង្ហាញថា ពេលខ្លះមនុស្សអាចមានភាពព្រៃផ្សៃ។ ហើយវាសំខាន់នៅក្នុងការមានកន្លែងរំឭកដូចនេះដើម្បីកុំឲ្យរឿងនេះកើតមានឡើងសារជាថ្មី»។
យូរៗម្តង អ្នកទស្សនាមួយឬពីរនាក់បានចូលមកកាន់បន្ទប់តាំងពិព័រណ៌។ យោងតាមរបាយការណ៍នៃការចុះបញ្ជីអ្នកទស្សនា មានអ្នកទស្សនាពិព័រណ៍ចំនួនជាង២០០នាក់ ប្រាំថ្ងៃក្រោយពីការបើកសម្ពោធជាផ្លូវការកាលពីទី១៩ខែសីហា។ ក្នុងចំណោមនោះភាគច្រើនគឺជាជនជាតិបរទេស ដោយសារពលរដ្ឋខ្មែរដែលបានទៅទស្សនានៅទីនោះមានចំនួនតិចតួច។
លោក Hadrien Cornut ជានិស្សិតពេទ្យអាយុ២៨ឆ្នាំមកពីក្រុងប៉ារីស ប្រទេសបារាំង។ លោកចាប់អារម្មណ៍អំពីដំណើរការកាត់ទោសខ្មែរក្រហមដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។
«វាជារឿងអាក្រក់ណាស់ ដែលប្រជាជនត្រូវរង់ចាំជិត៤០ឆ្នាំដើម្បីការកាត់ក្តីពួកខ្មែរក្រហម។ ប៉ុន្តែ ខ្ញុំចង់និយាយថា យឺតយ៉ាវក៏នៅតែល្អជាងមិនធ្វើសោះដែរ។ វាត្រូវតែមានការកាត់ក្តី បើមិនអ៊ីចឹងទេ គឺនឹងមានការបាត់បង់ភាពជឿជាក់លើមនុស្សជាតិ»។
ទោះជាយ៉ាងណា អតីតប្រធានគុកទួលស្លែងឈ្មោះ កាំង ហ្គេចអ៊ាវ ហៅ ឌុច ត្រូវអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(ECCC) ដែលគាំទ្រដោយអង្គការសហប្រជាជាតិផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតចំពោះការទទួលខុសត្រូវលើអំពើឃោរឃៅចំពោះជនស្លូតត្រង់ខ្មែរ៕