កាលពីចុងខែធ្នូ តុលាការព្រហ្មទណ្ឌអន្តរជាតិសម្រាប់ប្រទេសរវ៉ាន់ដា Rwanda ហៅថា ICTR បានបិទទ្វាររបស់ខ្លួនហើយ។ តុលាការនេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៤ ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីឆ្លើយតបទៅនឹងអំពើប្រល័យពូជសាសន៍លើពួកជនជាតិដើមភាគតិច Tutsi ជាង១លាននាក់ ហើយនិងក្រុម Hutu និយមកណ្ដាលដែលពាក់ព័ន្ធនឹងនយោបាយនោះ។
ប៉ុន្តែ២០ឆ្នាំក្រោយមក តុលាការ ICTR បានចោទប្រកាន់មនុស្ស៩៣នាក់ ដោយបានផ្ដន្ទាទោស៦១នាក់ និងដោះលែង១៤នាក់។
ក្រុមសកម្មជនសិទ្ធិមនុស្សនិយាយថា អំពើឧក្រិដ្ឋកម្មជាប្រវត្តិសាស្ត្រ ជាច្រើនរាប់ទាំងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ការសម្លាប់រង្គាល ហើយ និងអ្វីដែលយើងហៅសព្វថ្ងៃនេះថា ជាឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិផង នោះ មិនត្រូវបានគេផ្តន្ទាទោសទេ។
លោកស្រី Geraldine Mattioli-Zeltner ជានាយិកាផ្នែកតស៊ូមតិកិច្ចការយុត្តិធម៌អន្តរជាតិនៃអង្គការសិទ្ធិមនុស្ស Human Rights Watch ។ លោកស្រីនិយាយថា ការបង្កើតតុលាការព្រហ្មទណ្ឌអន្តរជាតិសម្រាប់ប្រទេសរវ៉ាន់ដា ហៅថា ICTR បាន បង្ហាញពីការផ្លាស់ប្ដូរប្រវត្តិសាស្ត្រក្នុងការគិតគូរ និងក្នុងច្បាប់អន្តរជាតិ។
«រឿងនេះ បង្ហាញពីការផ្លាស់ប្ដូរវប្បធម៌មួយ។ រហូតដល់ទសវត្សរ៍១៩៩០ មានឧក្រិដ្ឋកម្មជាច្រើនដែលត្រូវគេប្រព្រឹត្ត ហើយអ្នកទទួលខុសត្រូវទាំងឡាយ តែងតែអាចផុតពីការផ្ដន្ទាទោសបាន។ ដោយមានការបង្កើតឡើងនូវតុលាការនេះ មានសញ្ញាណដ៏រឹងមាំថា អំពើឃោរឃៅទាំងឡាយ នឹងមិនត្រូវគេអត់អោនឲ្យឡើយ»។
តុលាការនេះ បានបើកផ្លូវឲ្យមានការបង្កើតតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ក្នុងទីក្រុងឡាអេផងដែរ។ សព្វថ្ងៃតុលាការនេះ បានជះឥទ្ធិពលដល់កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលអន្តរកាលក្នុងប្រទេសសាធារណរដ្ឋអាហ្វ្រិកកណ្ដាល ក្នុងការបង្កើតតុលាការពិសេសមួយក្នុងប្រព័ន្ធតុលាការជាតិរបស់ខ្លួន ដើម្បីកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលត្រូវចោទប្រកាន់នៅទីនោះ។
ការណ៍នេះ បាននាំឲ្យមានការផ្លាស់ប្ដូរយុត្តាធិការអន្តរជាតិផងដែរ។ នេះ ជាតុលាការមួយក្នុងចំណោមតុលាការដំបូងដែលបានកាត់ទោសអំពើរំលោភផ្លូវភេទ ជាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។
វានាំឲ្យមានការប្រើយុត្តាធិការសកលកាន់តែច្រើនឡើងសម្រាប់កាត់ទោសឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
ជនជាតិរវ៉ាន់ដាទាំងឡាយដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋដែល ពាក់ព័ន្ធនឹងអំពើប្រល័យពូជសាសន៍ ត្រូវទទួលការកាត់ទោសក្នុងប្រទេស បែលហ្ស៊ិក បារាំង ហូឡង់ ន័រវែស និង ចក្រភពអង់គ្លេស។
ជនជាប់ចោទខ្លះ ត្រូវគេប្រគល់ទៅតុលាការក្នុងស្រុកនៃប្រទេសរវ៉ាន់ដា តែការណ៍នោះ កើតឡើងបន្ទាប់ពីរដ្ឋាភិបាលបានយល់ព្រមលុបចោលទោសប្រហារជីវិតតែប៉ុណ្ណោះ ហើយយល់ព្រមធ្វើកំណែទម្រង់ច្បាប់ផ្សេងទៀតក្នុងការដោះស្រាយក្តីបារម្ភ ចំពោះការជំនុំជម្រះប្រកបដោយយុត្តិធម៌និងការជឿជាក់។
កំណែទម្រង់ទាំងនោះ រួមមានការបង្កើតយន្តការក្នុងប្រព័ន្ធយុត្តិធម៌ជាតិ ដើម្បីធ្វើឲ្យប្រសើរឡើងនូវកិច្ចគាំពារសាក្សីជាដើម។
អង្គការសិទ្ធិមនុស្ស Human Rights Watch និយាយថា សំណុំរឿងខ្លះដែលត្រូវគេជំនុំជម្រះទោសក្នុងប្រទេសរវ៉ាន់ដា ត្រូវគេកាត់ទោសយ៉ាងយុត្តិធម៌ ទោះបីជាលោកស្រី Mattioli-Zeltner និយាយថា មានសំណុំរឿងខ្លះរងការរំខានផ្នែកនយោបាយក្តី។
តុលាការព្រហ្មទណ្ឌអន្តរជាតិសម្រាប់ប្រទេសររវ៉ាន់ដា ហៅថា ICTR មិនមែនត្រូវគេចូលចិត្តគ្រប់គ្នាទេ។
ក្រុមអ្នករិះគន់និយាយថា តុលាការនេះបានកាត់ទោសជនដៃដល់បានចំនួនតិចតួច ហើយមិនធ្វើនៅក្នុងប្រទេសរវ៉ាន់ដា ដែលនៅជិតក្រុមអ្នករងគ្រោះទេ តែបែរជាធ្វើក្នុងទីក្រុង Arusha នៅប្រទេសតង់ហ្សានីទៅវិញ។
ទោះជាយ៉ាងណា ជនជាប់ចោទជាច្រើន ត្រូវបានកាត់ទោសក្នុងប្រព័ន្ធតុលាការរវ៉ាន់ដា ហើយក្នុងតុលាការសហគមន៍ក្នុងស្រុក ដែលគេហៅថា Gacacas។
ក្រុមអ្នករិះគន់បាននិយាយថា ដំណើរការកាត់ទោសដែលមានរយៈពេលវែង ហើយចំណាយលុយច្រើនហួសនេះ គឺជាហេតុផលមួយដែលនាំឲ្យបិទតុលាការក្នុងពេលនេះ។
អង្គការសិទ្ធិមនុស្សនិយាយថា ខ្លួនមិនពេញចិត្តនឹងតុលាការនេះ ដែលពុំបាននាំសមាជិកនៃក្រុមដែលបានចូលឈ្លានពាន ហើយបានបញ្ចប់អំពើប្រល័យពូជសាសន៍មកកាត់ទោស។ ជនទាំងនោះភាគច្រើនជាក្រុមរណសិរ្សស្នេហាជាតិរវ៉ាន់ដា ដឹកនាំដោយជនជាតិ Tutsi (RPF) ។
លោកស្រី Mattioli-Zeltner និយាយថា តុលាការមានអំណាចស្រាវជ្រាវការចោទប្រកាន់ថា ក្រុមរណសិរ្សរវ៉ាន់ដា ដឹកនាំដោយជនជាតិ Tutsi (RPF) បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ប្រឆាំងនឹងក្រុមជនជាតិ Hutu។
អ្នកខ្លះគិតថា ជនជាតិ Hutu ខ្លះគឺជាអ្នកគាំទ្ររដ្ឋាភិបាល ប្រល័យពូជ សាសន៍ មានមូលដ្ឋាននៅតំបន់ Hutu ដែលក្រុមរណសិរ្សស្នេហាជាតិ រវ៉ាន់ដា ដឹកនាំដោយជនជាតិ Tutsi (RPF) បានទម្លាក់ពីអំណាច។
លោកស្រី Mattioli-Zeltner បាននិយាយថា តុលាការនេះបានស៊ើបអង្កេតឧក្រិដ្ឋកម្មខ្លះដែលគេចោទប្រកាន់ថាបានប្រព្រឹត្តដោយក្រុមរណសិរ្សរវ៉ាន់ដាដឹកនាំដោយជនជាតិ Tutsi (RPF) ដែរ តែបានបញ្ជូនតែសំណុំរឿងជាក់លាក់មួយប៉ុណ្ណោះទៅកាត់ទោសក្នុងប្រព័ន្ធតុលាការរវ៉ាន់ដា។
លោកស្រី បានបន្ថែមថា សម្ពាធនយោបាយ ទំនងជាស្ថិតនៅពីក្រោយការសម្រេចចិត្តនោះ។
«រដ្ឋាភិបាលរវ៉ាន់ដាបានបញ្ជាក់ច្បាស់ថា ខ្លួនអាចបញ្ឈប់កិច្ចសហការនៅគ្រប់សំណុំរឿងប្រល័យពូជសាសន៍ទាំងអស់ផ្សេងទៀត ប្រសិនជាតុលាការកាត់ទោសសំណុំរឿងយ៉ាងដូច្នេះ។
ដូច្នេះ តុលាការ ទំនងជាផ្តល់អាទិភាពយ៉ាងពិតៗ ដើម្បីធានាកិច្ចសហការជាបន្តពីរដ្ឋាភិបាលរវ៉ាន់ដា ក្នុងការកាត់ទោសសំណុំរឿងដែលមានស្រាប់ ជាជាងកាត់ទោសសំណុំរឿងនៃក្រុមរណសិរ្សរវ៉ាន់ដា ដឹកនាំដោយជនជាតិ Tutsi (RPF) »។
មនុស្ស៨នាក់ក្នុងចំណោម៩៣នាក់ ដែលត្រូវចោទប្រកាន់ដោយតុលាការ កំពុងគេចផុតពីយុត្តិធម៌។
លោកស្រី Mattioli-Zeltner បាននិយាយថា ប្រសិនជាជនទាំងនោះ ត្រូវគេរកឃើញ ៥នាក់ នឹងត្រូវគេប្រគល់ជូនទៅកាត់ទោសដោយប្រព័ន្ធយុត្តិធម៌ រវ៉ាន់ដា។
ប៉ុន្តែបីនាក់រួមទាំងអតីតរដ្ឋមន្ត្រីការពារជាតិផង នឹងត្រូវកាត់ទោសដោយអ្វី ដែលគេហៅថា ជាប្រព័ន្ធដោះស្រាយបញ្ហានៅសេសសល់ក្នុងតុលាការ ឬហៅថា Residual Mechanism ។
វាជាសំណល់ពីតុលាការព្រហ្មទណ្ឌអន្តរជាតិសម្រាប់ប្រទេសរវ៉ាន់ដា និងតុលាការមួយទៀតដែលនឹងបិទទ្វារផងដែរនោះ គឺតុលាការព្រហ្មទណ្ឌអន្តរជាតិសម្រាប់អតីតប្រទេសយូហ្គោស្លាវី។
តុលាការនេះ នឹងដោះស្រាយបញ្ហាសេសសល់មួយចំនួនរួមមានការប្តឹងឧទ្ធរណ៍ ការកាត់ទោសឡើងវិញ ដំណើរការពិនិត្យផ្ទៀងផ្ទាត់ និងការជួយដល់យុត្តាធិការតុលាការក្នុងស្រុក។
«យន្តការដោះស្រាយបញ្ហាសេសសល់ គឺជាសាលាក្ដីតូចមួយ មានបុគ្គលិក ២ឬ៣ នាក់ ហើយមានអំណាចក្នុងការដោះស្រាយកិច្ចការសេសសល់ពីតុលាការទាំងពីរ។ យន្តការដោះស្រាយបញ្ហាសេសសល់ ទទួលបន្ទុកបន្តការស្រាវជ្រាវរកជនសង្ស័យដែលគេចខ្លួន ហើយដោះស្រាយរាល់ការសម្រេចចិត្តទាំងឡាយណា ដែលជាតម្រូវការសម្រាប់ពេលអនាគត។ តុលាការទាំងនេះមាន ពិរុទ្ធជនខ្លះដែលកំពុងជាប់គុកពេលនេះ ដូច្នេះតុលាការ ត្រូវធ្វើការពិចារណា ថាតើជនជាប់ទោសទាំងនោះ អាចត្រូវដោះលែងមុនកាលកំណត់បានទេ ហើយមានសាក្សីជាច្រើនដែលកំពុងស្ថិតក្រោមកិច្ចការពារ ហើយតើសាក្សីណាដែលត្រូវស្ថិតក្រោមការគាំពារផ្នែកឃ្លាំមើល»។
ការចាប់ខ្លួនជាយថាហេតុចំពោះជនដែលកំពុងគេចពីការតាមចាប់ខ្លួនគឺមានន័យថា ជាជោគជ័យនៅទីបញ្ចប់ក្នុងកិច្ចប្រឹងប្រែងរបស់តុលាការ។
អង្គការសិទ្ធិមនុស្ស បានជំរុញឲ្យរដ្ឋនានាបន្តការតាំងចិត្តរបស់ខ្លួនក្នុងការនាំខ្លួនជនជាប់ពិរុទ្ធ ដែលកំពុងគេចខ្លួននៅឡើយនោះ មកកាត់ទោសរកយុត្តិធម៌៕
ប្រែសម្រួលដោយ លោក សុខ ខេមរា