គ្រាប់កាំភ្លើងធំរបស់រុស្ស៊ីបានធ្លាក់ចំផ្សារទំនើបមួយកន្លែងនៅទីក្រុង Kostiantynivka នៃប្រទេសអ៊ុយក្រែននៅក្នុងតំបន់សមរភូមិមុខ Donetsk កាលពីថ្ងៃសុក្រដោយបានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏ ១៤នាក់ ហើយមនុស្ស៤៣នាក់ទៀតបានរងរបួស។ នេះបើតាមអភិបាលតំបន់នោះហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
រូបភាពមកពីទីកន្លែងនោះដែលត្រូវបានចែកចាយជាមួយការចុះផ្សាយរបស់លោកអភិបាល Vadym Filashkin នៅលើតេឡេក្រាមបានបង្ហាញផ្សែងពណ៌ខ្មៅខ្មួលខ្មាញ់ចេញពីអគារបាក់បែក។
លោក Andriy Yermak នាយខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែនបាននិយាយនៅលើបណ្តាញសង្គមXថា«ការវាយប្រហារលើផ្សារទំនើប នៅក្នុងក្រុង Kostiantynivka ជាសកម្មភាពភេរវកម្មមួយទៀតរបស់រុស្ស៊ី។ សង្គ្រាមប្រឆាំងជនស៊ីវិលជាអ្វីដែលពួកគេបានដឹង»។
លោកអភិបាលតំបន់បាននិយាយទៀតថាសេវាកម្មសង្គ្រោះបន្ទាប់បានបន្តកិច្ចប្រតិ បត្តិការជួយសង្គ្រោះ។ កងទ័ពរុស្ស៊ីបានកាន់កាប់ផ្នែកដ៏ធំនៃតំបន់ Donetsk។
តំបន់ដែលកាន់កាប់ដោយអ៊ុយក្រែនជាធម្មតាបានរងការបាញ់ផ្តក់និងការវាយប្រហារតាមអាកាសពីរុស្ស៊ី។
តំបន់នេះជាតំបន់មួយដែលមានការប្រយុទ្ធដ៏ក្តៅគគុកបំផុតមួយនៅពេលដែលរុស្ស៊ីដៅការវាយប្រហារតំបន់នានានៅក្នុងទិសដៅនៃក្រុង Pokrovsk ជាកន្លែងភស្តុភាដ៏សំខាន់នៅភាគខាងកើត៕