ទោះ​លោក Putin ឈ្នះ​ឆ្នោត​ប្រធានាធិបតី​រុស្សី​ឆ្នាំ ២០១៨ នេះ​ក៏​ដោយ ការ​ស្ទង់​មតិ​មុន​បោះ​ឆ្នោត​បង្ហាញ​ថា ការ​គាំទ្រ​រូប​លោក​មាន​ការ​ធ្លាក់​ចុះ

បុរសម្នាក់​ដើរកាត់​អេក្រង់​បង្ហាញ​លទ្ធផល​បឋម​ដែល​លោក​ប្រធានាធិបតីរុស្ស៊ី​ Vladimir Putin ជាប់​ឆ្នោតក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ នៅ​ទីស្តី​ការ​គណៈកម្មាធិការ​កណ្តាលរៀបចំ​ការបោះឆ្នោត​រុស្ស៊ីក្នុង​រដ្ឋធានីមូស្គូ​ ថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០១៨។

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ឈ្នះ​ការ​បោះ​ឆ្នោត​បន្ត​ដំណែង​ជា​ប្រធានាធិបតី​រុស្ស៊ី​បន្ត​ទៀត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី ១៨ ខែ​មីនា កន្លង​ទៅ​នេះ ទោះបីជា​ការ​ស្ទង់​មតិ​មុន​ការ​បោះ​ឆ្នោត​ដែល​បាន​ធ្វើ​ឡើង​ដោយ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​មតិ​សាធារណៈ​របស់​រដ្ឋាភិបាល​រុស្ស៊ី ដែល​ហៅ​ថា VtsIOM បាន​បង្ហាញ​ថា ប្រជាប្រិយ​ភាព​របស់​លោក Putin មាន​ការ​ធ្លាក់​ចុះ​ក៏​ដោយ។

សារព័ត៌មាន​ពាណិជ្ជកម្ម​ផ្សាយ​ជា​ភាសា​រុស្ស៊ី​ដ៏​គួរ​ឲ្យ​ទុកចិត្ត​មួយ បាន​រាយការណ៍​ថា នៅ​ចន្លោះ​ពាក់​កណ្ដាល​ខែ​មករា និង​ពាក់​កណ្ដាល​ខែ​កុម្ភៈ ប្រជាប្រិយភាព​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ធ្លាក់​ចុះ ១២ ភាគរយ​នៅ​តាម​បណ្ដា​ទីក្រុង​មួយ​ចំនួន​ដែល​មាន​ប្រជាជន​ជាង ១ លាន​នាក់​រស់នៅ។

សារព័ត៌មាន Vedomosti ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​មូស្គូ និង​ដែល​ជា​សារព័ត៌មាន​មួយ​ដែល​ធ្លាប់​ជា​សាជីវកម្ម​រួម​គ្នា​រវាង​សារព័ត៌មាន Dow Jones សារព័ត៌មាន the Financial Times និង​ក្រុមហ៊ុន​បោះពុម្ព​សារព័ត៌មាន The Moscow Times បាន​រាយការណ៍​ដូច្នេះ ផ្អែកលើ​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​មួយ​ដែល​បាន​ធ្វើ​ឡើង​ដោយ​មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​មតិ​សាធារណៈ ដែល​ហៅ​កាត់​ថា VTsIOM។ មជ្ឈមណ្ឌល VtsIOM នេះ គឺ​ជា​មជ្ឈមណ្ឌល​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ។

បើ​យោង​តាម​មជ្ឈមណ្ឌល VtsIOM ប្រជាប្រិយភាព​របស់​លោក Putin បាន​ធ្លាក់​ចុះ​ពី​ជិត ៧០ ភាគរយ​មក​នៅ​ជាង ៥៧ ភាគរយ​បន្តិច​តែ​ប៉ុណ្ណោះ​នៅ​តាម​បណ្ដា​ទីក្រុង​ធំៗ និង​ទីក្រុង​មួយ​ចំនួន​ដែល​តំបន់​ទាំង​នោះ​មាន​ប្រជាជន​សរុប​ស្មើ​នឹង​ប្រមាណ ២៥ ភាគរយ​នៃ​អ្នក​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត។

លោក​ Valery Fyodorov ប្រធាន​មជ្ឈមណ្ឌល VtsIOM បាន​បដិសេធ​ភ្លាមៗ​ចំពោះ​ភាព​ដែល​អាច​ជឿជាក់​បាន​នៃ​លទ្ធផល​របស់​ការ​ស្ទង់​មតិ​នេះ ដែល​ស្ថាប័ន​របស់​លោក​បាន​ផ្សព្វផ្សាយ​កាល​ពី​ចុង​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ ដែល​លទ្ធផល​នោះ​បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ប្រជាប្រិយ​ភាព​របស់​លោកPutin។

លោក Fyodorov បាន​បញ្ជាក់​ថា ការ​ស្ទង់​មតិ​បន្ថែម​របស់​មជ្ឈមណ្ឌល VtsIOM ដែល​បាន​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី ២ ដល់​ថ្ងៃ​ទី ៤ ខែ​មីនា បាន​បង្ហាញ​ថា ការ​ធ្លាក់​ចុះ​ប្រជាប្រិយភាព​របស់​លោក Putin ចំនួន ១២ ភាគរយ​នេះ គឺ​គ្រាន់តែ​ជា «ការ​ធ្លាក់​ចុះ​មិន​សូវ​សំខាន់ និង​បណ្ដោះ​អាសន្ន​តែ​ប៉ុណ្ណោះ»។

លោក​បាន​បន្ត​ថា៖ «កាល​ពី​ថ្ងៃ​ទី ១០ ខែ​មករា​កន្លង​ទៅ​នេះ ប្រជាប្រិយភាព​របស់​លោក Putinបាន​កើន​ឡើង​ដល់​ជិត ៧០ ភាគរយ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ វា​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ៥៧,១ ភាគរយ​វិញ។ កាល​ពី​ខែ​មិនា​កន្លង​ទៅ​នេះ ប្រជាប្រិយភាព​របស់​លោក Putinក្នុង​រដ្ឋធានី​មូស្គូ និង​ក្នុង​ទីក្រុង St. Petersburg មាន​ចំនួន ៦៣ ភាគរយ»។

មួយ​វិញ​ទៀត សារព័ត៌មាន Meduza ដែល​ជា​សារព័ត៌មាន​សរសេរ​ជា​ភាសា​រុស្សី​នៅ​ប្រទេស​ឡេតូនី​បាន​រាយការណ៍​ថា «ការ​ស្ទង់​មតិ​បាន​បង្ហាញ​ពី​និន្នាការ​ដដែល» នៃ​ការ​ធ្លាក់​ចុះ​ប្រជាប្រិយភាព​របស់​លោក Putin ចំនួន ១២ ភាគរយ «នៅ​តាម​បណ្ដា​ទីក្រុង​មួយ​ចំនួន​ដែល​មាន​ប្រជាជន​ចាប់​ពី ១ សែន ទៅ ៥ សែន​នាក់»។

សារព័ត៌មាន Meduza បាន​បញ្ជាក់​ថា៖ «អត្រា​គាំទ្រ​បេក្ខភាព​របស់​លោក Putin នៅតែ​ថេរ​ដដែល​នៅ​តាម​បណ្ដា​ទីក្រុង​ណា​ដែល​មាន​ប្រជាជន​ចន្លោះ​ពី ៥ សែន ដល់ ៩ សែន ៥ ម៉ឺន​នាក់ និង​នៅ​តាម​បណ្ដា​ទីប្រជុំជន និង​ភូមិ​តូចៗ​តែ​ប៉ុណ្ណោះ»។

សារព័ត៌មាន Meduza បាន​បន្ថែម​ទៀត​ថា មជ្ឈមណ្ឌល VtsIOM ក៏​បាន​រក​ឃើញ​ពី​ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​បោះឆ្នោត​ដែល​នៅ​ស្ទាក់ស្ទើរ​មិនទាន់​សម្រេចចិត្ត និង​ចំនួន​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​បេក្ខភាព​លោក Pavel Grudinin បេក្ខជន​មក​ពី​គណបក្ស​កុម្មុយនិស្ត នៅ​តាម​បណ្ដា​ទីក្រុង​ធំៗ​ផង​ដែរ។

លោក Nikolai Petrovអ្នក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកល​វិទ្យាល័យ Moscow's National Research University Higher School of Economics (NRUHSE) បាន​និយាយ​កាល​ពី​មុន​ពេល​បោះ​ឆ្នោត​ប្រធានាធិបតី​រុស្ស៊ី​ថា ទោះបីជា​ចំនួន​អ្នក​ចេញ​មក​បោះ​ឆ្នោត​ដែល​មាន​ចំនួន​មិន​ស្មើ​គ្នា​នៅ​តាម​បណ្ដា​ទីក្រុង និង​តំបន់​ជនបទ​នានា​ប្រហែល​ជា​មិន​អាច​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ក៏​ដោយ ក៏​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​នានា​អាច​ផ្ដល់​ផល​អាក្រក់​ដល់​កេរ្តិ៍​ដំណែល​នយោបាយ​របស់​លោក Putin។

លោក Nikolai Petrov បាន​ប្រាប់ VOA ភាសា​រុស្សី​ថា៖ «ក្នុង​ស្ថានការណ៍​បែបនេះ រដ្ឋាភិបាល​រុស្ស៊ី កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក​មួយ។ ពីព្រោះ​អ្វី​ដែល​លោក​Putinចង់​បាន​ចុង​ក្រោយ​នោះ​គឺ​ចង់​ឲ្យ​មាន​គំលាត​ខុស​គ្នា​ខ្លាំង​នៃ​សំឡេង​ឆ្នោត ឬ​ក៏​ចំនួន​អ្នក​ចេញ​មក​បោះ​ឆ្នោត​ទាប​ខ្លាំង​បំផុត​នៅ​ក្នុង​រដ្ឋធានី​មូស្គូ ឬ​ក្នុង​ទីក្រុង St. Petersburgដែល​ជា​កន្លែង​ដែល​លោក​ពិបាក​រក​សំឡេង​គាំទ្រ​ឲ្យ​បាន​ច្រើន»។

លោក Nikolai Petrov បាន​បន្ថែម​ថា៖ «លោក Putin មិន​ត្រឹមតែ​កំពុង​ប្រជែង​ជាមួយ​នឹង​បេក្ខជន​ប្រធានាធិបតី​ផ្សេង​ទៀត​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​កំពុង​ប្រជែង​ជាមួយ​នឹង​ខ្លួន​លោក​ផ្ទាល់​ផង​ដែរ»។

លោក Nikolai Petrov បាន​ពន្យល់​ថា ការ​ប្រឹងប្រែង​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ឡើង​កាល​ពី​លើក​ចុង​ក្រោយ​របស់​លោក Putin បាន​ប្រឈម​នឹង​ការ​តវ៉ា​តាម​ដង​ផ្លូវ​ដ៏​ធំ​ជា​ច្រើន​នៅ​តាម​ទីក្រុង​ធំៗ។ លោក​បាន​បន្ត​ថា៖ «នៅ​ក្នុង​ស្ថានការណ៍​នេះ លោក Putin ត្រូវតែ​ធ្វើ​យ៉ាង​ណា​យក​ឈ្នះ​ខ្លួន​លោក​ឲ្យ​បាន ដើម្បី​ធានា​ឲ្យ​មាន​ភាព​ស្រប​ច្បាប់​ផ្នែក​នយោបាយ និង​ប្រជាប្រិយភាព​របស់​លោក​រយៈពេល​វែង»។

លោក Alexander Kynev អ្នកវិទ្យាសាស្ត្រ​សង្គម​នៃ​សាកលវិទ្យាល័យ NRUHSE បាន​បញ្ជាក់​ថា លោក Putin និង​ក្រុម​របស់​លោក បាន​ព្យាយាម​ធានា​យ៉ាង​ណា​ឲ្យ​លោក​បាន​ឈ្នះ​ឆ្នោត​ធ្វើ​ជា​ប្រធានាធិបតី​បន្ត​ទៀត បើ​ទោះបីជា​ការ​ស្ទង់​មតិ​បាន​បង្ហាញ​ថា ប្រជាប្រិយភាព​របស់​លោក​មាន​ការ​ធ្លាក់​ចុះ​ក៏​ដោយ។

លោក Alexander Kynev បាន​បន្ថែម​ថា ប្រសិន​បើ​ភាគរយ​នៃ​ការ​គាំទ្រ​លោក Putin មាន​អត្រា​ខ្ពស់​ខ្លាំង នោះ​វា​នឹង​ផ្តល់​ហានិភ័យ​លើ​ការ​គាំទ្រ​ចំពោះ​រូប​លោក​ទៅ​វិញ​ទេ ដោយសារតែ​អ្នក​គាំទ្រ​រូប​លោក​អាច​គិត​ថា មិន​ចាំបាច់​រវល់​ចេញ​ទៅ​បោះ​ឆ្នោត​នោះ។

ការ​ចង់​បាន​របស់​រដ្ឋាភិបាល​រុស្ស៊ី​ឲ្យ​មាន​អ្នក​ចេញ​មក​បោះឆ្នោត​ច្រើន ដើម្បី​បំពេញ​ភាព​ស្រប​ច្បាប់​សម្រាប់​ការ​ជ្រើសរើស​លោក Putin ឲ្យ​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​បន្ត​ទៀត ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​នានា​មុន​ពេល​ការ​បោះ​ឆ្នោត​ចូល​មក​ដល់​កាល​ពី​ថ្ងៃ​ទី ១៨ ខែ​មីនា​កន្លង​ទៅ​នេះ៕

ប្រែ​សម្រួល​ដោយ​ កោះ​ សុគន្ធី​