តម្លៃ​ប្រាក់​រុស្សី​នៅតែ​បន្ត​ធា្លក់​ថ្លៃ

ប្រជាពលរដ្ឋ​ដើរ​ឆ្លងកាត់​ផ្ទាំង​អត្រា​ប្តូរប្រាក់​នៅ​កណ្តាល​ទីក្រុង​ម៉ូស្គូ​ កាលពី​ថ្ងៃទី១​ ខែធ្នូ​ ឆ្នាំ២០១៤។

តម្លៃប្រាក់​រូប​របស់​រុស្ស៊ី ​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ថ្មី​មួយ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រាក់ដុល្លា​រសហរដ្ឋ​អាមេរិក​ និង​ប្រាក់​អឺរ៉ូ ​ទោះ​បី​ធនាគារ​កណ្តាល​របស់​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ​ បាន​បង្កើន​អត្រា​ការប្រាក់​ដ៏​សំខាន់​ម្តង​ទៀត​នៅ​ក្នុង​ការ​ខំប្រឹង​ប្រែងដើម្បី​ជំរុញ​សេដ្ឋ​កិច្ច​ដែល​កំពុង​រអាក់​រអួល​របស់​ប្រទេស​នោះ​ក៏ដោយ។

រូបិយប័ណ្ណ​រុស្ស៊ី ​មាន​តម្លៃ​៥៥​រូប​ក្នុង​មួយ​ដុល្លារ​ជាលើក​ទី​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ​ហើយក៏​បាន​ធ្លាក់​តម្លៃ​យ៉ាង​ខ្លាំង​បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រាក់​អឺរ៉ូ​ដែល​បាន​ប្រើ​ប្រាស់​នៅ​ក្នុង​ប្លុក​អឺរ៉ុប​ដែល​មាន​ប្រទេស​១៨​ជា​សមាជិក។

​តម្លៃ​ប្រាក់​រូប ​បាន​ធ្លាក់​ចុះ​ចំនួន​៤២​ភាគរយ​នៅ​ឆ្នាំ​នេះ។ ​សេដ្ឋកិច្ច​រុស្ស៊ី ​បាន​ទទួល​រង​ការ​ប៉ះពាល់​ដោយ​សារការ​ដាក់​ទណ្ឌ​កម្ម​ពី​សហរដ្ឋអាមេរិក​ និង​សហភាពអឺរ៉ុប ​ពី​ព្រោះ​តែ​អន្តរាគមន៍​របស់​ប្រធានា​ធិបតី​រុស្ស៊ី Vladimir Putin ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​ការ​គាំទ្រ​ក្រុម​ឧទ្ទាម​ដែល​លម្អៀង​ទៅរក​ប្រទេស​រុស្ស៊ីដែល​កំពុង​ប្រយុទ្ធ​ជាមួយ​កងទ័ព​រដ្ឋាភិបាល​អ៊ុយក្រែន​ ​ហើយ​ក៏​ដោយ​សារ​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង​យ៉ាង​ខ្លាំង ដែល​ជា​កត្តា​មួយ​ដ៏​សំខាន់​សម្រាប់​សេដ្ឋកិច្ច​រុស្ស៊ី៕