ប្រធានាធិបតី​រុស្ស៊ី​ចោទ​រដ្ឋបាល​លោក​អូបាម៉ា​ថា​ផ្សព្វ​ផ្សាយ​ព័ត៌មាន​​មិនពិត​អំពី​លោក​ត្រាំ

ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​មូស្គូ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា។

ប្រធានាធិបតី​រុស្ស៊ី​ លោក​ ពូទីន ​ចោទ​រដ្ឋបាល​លោក​ អូបាម៉ា​ ថា​កំពុង​ប៉ុន​ប៉ងធ្វើ​ឲ្យ​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត ​ដូណាល់ ត្រាំ​ ទន់​ខ្សោយ​តាម​រយៈ​ការផ្សព្វ​ផ្សាយ​ព័ត៌មានមិនពិត​អំពី​លោក​ ត្រាំ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មានមួយ​នៅ​ក្នុង​ទីក្រុង​មូស្គូ ​កាល​ពី​ថ្ងៃ​អង្គារ ​លោក​ ពូទីន បាន​ថ្លែង​ថា​ការ​ផ្សព្វផ្សាយ​ឯកសារដែល​មិន​អាច​បញ្ជាក់​ថា​ជា​ឯកសារ​ពិត​ប្រាកដ កាល​ពី​សប្តាហ៍​មុន​ដែលចោទ​ប្រកាន់​លោក​ ត្រាំ​ ពាក់​ព័ន្ធ​នឹង​រឿង​ អាស្រូវ​ផ្លូវភេទ​នោះ ​ជា​ផ្នែក​មួយ​នៃ​ការ​ប្រឹង​ប្រែង​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ​ដើម្បី​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ភាព​ស្រប​ច្បាប់​របស់​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត ​ទោះ​ជា​លោក​បាន​ឈ្នះ​ឆ្នោត​យ៉ាង​ច្បាស់​លាស់​ក៏​ដោយ។​

លោក ពូទីន ​ថា​ជា​រឿង​ក្លែង​ក្លាយ ចំពោះ​ការ​ចោទ​ប្រកាន់​មួយ​នៅ​ក្នុង​ឯក​សារ​នោះ​ ដែល​ថា​លោក​ ត្រាំ​ បាន​ប្រព្រឹត្ត​សកម្មភាព​ផ្លូវ​ភេទ​នៅ​ក្នុង​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​មូស្គូ​កាល​ពីឆ្នាំ​២០១៣។

លោក ​Putin ​បាន​បន្ថែម​ថា ​ពួក​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ចោទ​ប្រកាន់​នេះ «អាក្រក់​ជាង​ពួក​អ្នក​រក​ស៊ី​ផ្លូវ​ភេទ»​ទៅ​ទៀត ហើយ​លោក​ចោទ​សួរ​ថា តើ​ហេតុ​អ្វី​បាន​ជា​លោក​ ត្រាំ ត្រូវការ​ស្រ្តី​ពេស្យា បើ​លោក​បាន​ជួប​បណ្តា​ស្រ្តីដែល​មាន​សម្ភស្ស​ស្អាត​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក​រួច​ហើយ​នោះ»៕